ជាតិ
សង្គមជាតិ
សមាគមនគរបាល ចាត់ទុក​វីដេអូ​កំប្លែង​តួ​ប៉ូលិស​ដែល​ប្រើ​សម្តី​មិន​សមរម្យ ថាធ្វើឱ្យប៉ះពាល់​​កិត្តិយស​ប៉ូលិស​
18, Jun 2020 , 9:29 pm        
រូបភាព
រូបភាព​ Screenshot ពី​វិដេអូ​កំប្លែងរបស់​នាយពាក់​មីនៅ​លើ​កញ្ចក់​ទូរទស្សន៍
រូបភាព​ Screenshot ពី​វិដេអូ​កំប្លែងរបស់​នាយពាក់​មីនៅ​លើ​កញ្ចក់​ទូរទស្សន៍
ដោយ:
​ភ្នំពេញ​៖ សមាគមមិត្តនគរបាលជាតិកម្ពុជាចាត់ទុកវីដេអូកំប្លែង​មួយ ដែល​តួអង្គ​សម្តែង​ជា​ប៉ូលិស មិន​គោរព​ទៅតាម​បទដ្ឋាន​ស្តីពី​ឯកសណ្ឋាន​របស់​មន្ត្រីនគរបាល​ជាតិ​។ ម្យ៉ាងទៀត​ការប្រើប្រាស់​ពាក្យពេចន៍​មិន​សមរម្យ​នៅក្នុង​វីដេអូ​កំប្លែង​នោះ​ទៀតសោត ក៏បាន​ប៉ះពាល់​ដល់​សេចក្តីថ្លៃថ្នូរ​របស់​នគ​របាល​ជាតិ​ដែរ​។  សមាគមមិត្តនគរបាលកម្ពុជា ​ប្រតិកម្ម​បែបនេះ ចំពោះ​វីដេអូ​កំប្លែង​ដែលមាន​តារា​កំប្លែង​ដើរតួ​ជា​ប៉ូលិស​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ក្នុង​រឿង​«​បន្លំ​ចាប់​» ដែល​បាន​ចាក់ផ្សាយ​នៅលើ​កញ្ចក់​ទូរទស្សន៍ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​កាលពី​កន្លងៗ​ទៅ ។​

 
​លោក ប៉ែន វិបុល អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​អគ្គលេខាធិការនៃសមាគមមិត្តនគរបាលកម្ពុជា បានស្នើ​ឲ្យ​ក្រសួង​ព័ត៌មាន ត្រួតពិនិត្យ តាមដាន និង​កែលម្អ​ដល់​ស្ថានីយទូរទស្សន៍ បណ្តាញ​ផ្សព្វផ្សាយ រួមទាំង​សិល្បករ​មួយចំនួន ឲ្យ​សម្តែង និង​ចាក់​បញ្ចាំង​វីដេអូ គោរព​ទៅតាម​ឋានានុក្រម​របស់​នគរបាលជាតិ និង​ប្រើ​ពាក្យពេចន៍​ឲ្យ​បាន​សមរម្យ​។ 
 
​លោក ប៉ែន វិបុល បានបញ្ជាក់​នៅក្នុង​សំណើក្នុងនាមសមាគមមិត្តនគរបាលកម្ពុជា ​ទៅកាន់​ក្រសួង​ព័ត៌មាន​ដូច្នេះ​ថា​៖«​វីដេអូ​នោះ​ពិត​ជាមាន​ផលប៉ះពាល់ និង​ជះឥទ្ធិពល​មិនល្អ​ដល់​កិត្យានុភាព​របស់​កម្លាំង​នគរបាលជាតិ​ដែល​កំពុង​ខិតខំ​ប្រឹងប្រែង​បំពេញភារកិច្ច  ថែរក្សា​ការពារ​សន្តិសុខ  សណ្តាប់ធ្នាប់​សុវត្ថិភាព និង​ស្ថេរភាព​សង្គម ជូន​ជាតិ​មាតុភូមិ និង​ប្រជាពលរដ្ឋ​»​។  
 
​ទាក់ទង​នឹង​វីដេអូ​កំប្លែង​នេះ លោក មាស សុ​ភ័​ណ្ឌ អនុរដ្ឋលេខាធិការ​និងជាអ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ​ថា ក្រសួង​ព័ត៌មាន​បានទទួល​សំណើរ​ពី​សមាគម​មិត្ត​នគរបាលជាតិ  និង​សន្យា​ណែនាំ​ដល់​បណ្តា​ស្ថានីយទូរទស្សន៍ វិទ្យុ អង្គភាព​ផ្សព្វផ្សាយ​ផ្នែក​សោតទស្សន៍    និង​គ្រប់​បណ្តា​អង្គភាព​សារព័ត៌មាន ឲ្យ​យកចិត្តទុកដាក់​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​។ 
 
​អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​ព័ត៌មាន​រូបនេះ បាន​បញ្ចា​ក់ថា ក្រសួង​ព័ត៌មាន​មាន​តួនាទី​តែ​ត្រួតពិនិត្យ និង​ណែនាំ​លើ​ស្ថាប័ន​ទូរទស្សន៍ វិទ្យុ និង​ស្ថាប័ន​ព័ត៌មាន​ដែល​ផ្សព្វផ្សាយ​ប្រាសចាក​ពី​ក្រុម​សីលធម៌​។ ទាក់ទិន​នឹង​ការសម្តែង​ដែល​ប្រើពាក្យ​សំដី​មិន​សមរម្យ ក្រសួង​ព័ត៌មាន ទុក​តួនាទី​ឲ្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ជា​អ្នក​ណែនាំ​វិញ​។    
 
 
​លោក ឡុង ប៉ុណ្ណា​សិរី​វត្ថ អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​សង្កត់ធ្ងន់ថា កាលណា​អ្នកនិពន្ធ​ដែល​បាន​ឆ្លងកាត់​ការសុំ​ការអនុញ្ញាត​ពី​ក្រសួង​វប្បធម៌​មុននឹង​ចេញ​សម្តែង ឬ​ចាក់​បញ្ចាំង​ភាគ​យន្ត​វែង ឬ​ខ្លី​ណាមួយ នោះ​នឹងមិន​មានការ​រិះគន់ និង​វាយប្រហារ​មកលើ​ការសម្តែង និង​ភាពយន្ត​ឡើយ​។

លោក អះអាង​ដូច្នេះ ដោយ​លោក​សំអាងថា មុននឹង​ចាក់​បញ្ចាំង គឺ​ត្រូវមាន​ការឆ្លង​ត្រួតពិនិត្យ​ពី​គណៈកម្មាធិការ​ដែល​ចូលរួម​ពី​ក្រសួង​ព័ត៌មាន ក្រសួងមហាផ្ទៃ ក្រសួង​កិច្ចការនារី និង​ក្រសួង​ប្រៃសណីយ៍ សមាគម​សិល្បៈ និង​សមាគម​អ្នកនិពន្ធ  ត្រួតពិនិត្យ​ស្នាដៃ​ជាមុនសិន ដើម្បី​ជៀសវាង​កុំ​ឲ្យ​ខុស​បច្ចេកទេស និង​ក្បួនខ្នាត​ណាមួយ​។ 
 
​អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​និយាយ​ដូច្នេះ​ថា​៖«​យើង​ត្រួត​ពិនិត្យមើល​ទាំង​ការ​ស្លៀកពាក់ ដូច​ជាការ​ស្លៀកពាក់​ប៉ូលីស គឺ​យើង​មាន​ឯកសារ​។ បើសិនជា​គាត់​បាន​ឆ្លង​មក​យើង​មែន បើ​យើង​ឃើញថា​ខុស គឺ​យើង​កែលម្អ​វិញ​ហើយ​»​។  
 
​បើតាម​លោក ឡុង ប៉ុណ្ណា​សិរី​វត្ថ អ្នកនិពន្ធ ឬ​តារា​សម្តែង​ណា​ដែល​បង្ហាញ​ស្នាដៃ ឬ​សកម្មភាព ដែល​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​ស​ង្គ​ម ក្រសួង​វប្បធម៌​នឹង​កោះហៅ​ទៅ​ណែនាំ​ដោយ​សុំទោស​ជា​សាធារណៈ​។ តែបើ​បុគ្គល​នោះ នៅ​ប្រព្រឹត្ត​ច្រើនលើកច្រើនសា​ទៀត ក្រសួង​វប្បធម៌​នឹង​ចាត់វិធានការ​ផ្អាក​ការសម្តែង​របស់​ពួកគេ​ជា​បណ្តោះអាសន្ន​សិន​៕  
 

Tag:
 នគរបាលជាតិ​
  វីដេអូ​
 ​ចរាចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com