សង្គ្រាម​មហាអំណាច​ចិន និង​ឥណ្ឌា​មិនអាច​ផ្ទុះ​ឡើយ​....​តែ​ឥណ្ឌា​អាច​កំដរ​បាន បើ​ចាំបាច់
សង្គមអន្តរជាតិ​
អន្តរជាតិ
សង្គ្រាម​មហាអំណាច​ចិន និង​ឥណ្ឌា​មិនអាច​ផ្ទុះ​ឡើយ​....​តែ​ឥណ្ឌា​អាច​កំដរ​បាន បើ​ចាំបាច់
18, Jun 2020 , 7:39 pm        
រូបភាព
ទង់ជាតិឥណ្ឌា (ខាងឆ្វេង) និងទង់ជាតិចិន។ រូបភាព៖ India Today
ទង់ជាតិឥណ្ឌា (ខាងឆ្វេង) និងទង់ជាតិចិន។ រូបភាព៖ India Today
ការប៉ះទង្គិច​គ្នា​នៅតាម​ព្រំដែន​រវាង​ចិន និង​ឥណ្ឌា បាន​បង្ក​ឲ្យ​ប្រទេស​ទាំងពីរ​មាន​ភាព​តានតឹង​ជាថ្មី​។ យ៉ាងហោចណាស់ ទាហាន​ឥណ្ឌា​ចំនួន ២០​នាក់ បាន​បាត់​បង់ជីវិត​ដោយសារ​ការវាយប្រហារ​ដោយ​ដៃ និង​ដៃ​នេះ​។ ចំណែក​ខាង​ភាគី​ចិន ក៏មាន​ទាហាន​ស្លាប់​ដូចគ្នា ប៉ុន្តែ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង មិនបាន​បញ្ចេញ​តួលេខ​អ្នកស្លាប់ ឬ​ព័ត៌មាន​លម្អិត​របស់ខ្លួន​ឡើយ​។ ថ្វី​ការប៉ះទង្គិច​នៅតាម​ព្រំដែន​លើក​នេះ​បណ្តាល​ឲ្យ​ស្លាប់​ទាហាន​ឥណ្ឌា​ស្លាប់​ច្រើន និង​បង្ក​ភាព​តានតឹង​ខ្លាំង​ក៏ពិតមែន វា​ក៏​នៅតែ​មិនអាច​បញ្ឆេះ​ជម្លោះ​ទ្រង់ទ្រាយ​ធំ ឬ​សង្គ្រាម​រវាង​មហាអំណាច​គីឡូ​ធ្ងន់​នៅ​អាស៊ី​ទាំងពីរ ដូច​ការព្រួយបារម្ភ​មួយចំនួន​ឡើយ​។​

 
​ជាការ​ពិត ចិន និង​ឥណ្ឌា​មាន​ព្រំដែន​រួមគ្នា​ប្រវែង​សរុប ៣៤៨៨​គីឡូម៉ែត្រ ប៉ុន្តែ​ដូច​បណ្តា​ប្រទេស​ស្ថិតក្រោម​អាណានិគម​លោកខាងលិច​ជាច្រើន​ផ្សេងទៀត​ដែរ ព្រំដែន​ដ៏​វែង​មួយ​នេះ មិន​ត្រូវបាន​វាស់វែង ឬ​កំណត់​ជាមួយគ្នា​ឲ្យ​បាន​ជាក់លាក់​នៅឡើយ​ទេ​។ បញ្ហា​ចម្បង​នោះ​គឺ​នៅត្រង់ថា ឥណ្ឌា​បានទទួល​ស្គាល់​ខ្សែបន្ទាត់​ព្រំដែន McMahon (McMahon Line) ដែល​បាន​កំណត់ដោយ​អង់គ្លេស​ក្នុង​ឆ្នាំ ១៩១៤ ពេលដែល​មហាអំណាច​មួយ​នេះ​ត្រួតត្រា​លើ​ឥណ្ឌា​។ 
 
​យ៉ាងណាក៏ដោយ បក្ស​កុម្មុយនីស្ត​ចិន​ដឹកនាំ​ដោយ​លោក ម៉ៅ សេទុង ដែល​បាន​គ្រប់គ្រង​ចិនដីគោក​ចាប់ពី​ឆ្នាំ​១៩៤៩​មក​មិនដែល​ទទួលស្គាល់​ខ្សែបន្ទាត់​ព្រំដែន​ដែល​គូស​ដោយ​អង់គ្លេស​ឡើយ​។ រដ្ឋាភិបាល​ចិន បានទាមទារ​យក​ទឹកដី​នៅតាម​ព្រំដែន​ប្រមាណ​ជា ៩០០០០​គីឡូម៉ែត្រ​ក្រឡា​នៅ​រដ្ឋ​អា​រុ​ណា​ចាល់​ប្រា​ដែ​ស (Arunachal Pradesh) របស់​ឥណ្ឌា​ទាំងមូល និង​នៅតាម​តំបន់​ផ្សេងទៀត​។ ខណៈនោះ​ដែរ ឥណ្ឌា​ទាមទារ​វិញ​ទឹកដី​ដែល​ចិន​កំពុង​កាន់កាប់​នៅ​ខ្ពង់រាប អាក់​សៃ ឈិន (Aksai Chin) លើ​ជួរ​ភ្នំ​ហិ​ម៉ា​ល័យ​ជា​ផ្នែក​មួយ​នៃ​តំបន់​ឡា​ដាក់ (La Dakh)​។​


 នាយករដ្ឋមន្រ្តីឥណ្ឌានារិន្ទ្រា ម៉ូឌី (ខាងស្តាំ) និងប្រធានាធិបតីចិន ស៊ី ជិនភីង។ រូបភាព៖ Getty Image

​ខ្សែបន្ទាត់​ព្រំដែន​គ្រប់គ្រង​ជាក់ស្តែង Line of Actual Control (LAC) រវាង​ចិន និង​ឥណ្ឌា​
 
​ខ្សែបន្ទាត់​ព្រំដែន​គ្រប់គ្រង​ជាក់ស្តែង (LAC) គឺ​ការកំណត់​ព្រំដែន​ដែល​បែង​ចែកគ្នា ដោយ​ផ្អែកទៅលើ​ស្ថានភាព​គ្រប់គ្រង​រវាង​ចិន និង​ឥណ្ឌា​។ ការកំណត់​នេះ មិនមែនជា​ការកំណត់​ព្រំដែន​ជា​ផ្លូវការ​ឡើយ ប៉ុន្តែ​វា​ជាការ​ឯកភាពគ្នា​រវាង​ប្រទេស​ទាំងពីរ​តែប៉ុណ្ណោះ ថា​តើ​តំបន់​មួយណា​ជា​ដែនដី​របស់​ចិន ឬ​តំបន់​ណា​ជា​របស់​ឥណ្ឌា​។ យ៉ាងណាក៏ដោយ បញ្ហា​ចម្រូងចម្រាស់​លើ​ខ្សែបន្ទាត់​មួយ​នេះ​នៅតែ​បន្ត​កើតមាន ដ្បិតថា ឥណ្ឌា​យល់ថា ខ្សែបន្ទាត់​ព្រំដែន​រវាង​ចិន និង​ឥណ្ឌា​មាន​ប្រវែង​ដល់ ៣៤៨៨ គីឡូម៉ែត្រ​(​ប្រវែង​ព្រំដែន​សរុប​រវាង​ចិន និង​ឥណ្ឌា​) ខណៈ​ចិន​វិញ​គិតថា បន្ទាត់​ព្រំដែន​នេះ​មាន​ត្រឹមតែ ២០០០​គីឡូម៉ែត្រ​ប៉ុណ្ណោះ​។ 
 
​តាមពិតទៅ ខ្សែបន្ទាត់​គ្រប់គ្រង​ជាក់ស្តែង​ត្រូវបាន​បែង​ចែកជា ៣​តំបន់​ធំៗ​។ តំបន់​ទី​១​ស្ថិតនៅ​ផ្នែក​ខាងកើត ដែល​លាតសន្ធឹង​លើ​រដ្ឋ Arunachal Pradesh និង រដ្ឋ Sikkim របស់​ឥណ្ឌា​។ តំបន់​ទី​២ ស្ថិតនៅ​ផ្នែក​កណ្តាល ដែល​លាតសន្ធឹង​លើ រដ្ឋ Uttarakhand និង​រដ្ឋ Himachal Pradesh​។ តំបន់​ទី​៣ ស្ថិតនៅ​ផ្នែក​ភាគ​ខាងលិច ដែលមាន​នៅលើ​ទឹកដី​តំបន់​ឡា​ដាក់​។ 
 
​ខ្សែបន្ទាត់​ខណ្ឌ​ចែក​ព្រំដែន​ជាក់ស្តែង​នេះ ដំបូង​ឡើយ ត្រូវបាន​បង្កើតឡើង​ដោយ អតីត​នាយករដ្ឋមន្ត្រី​ចិន លោក ជូ អេ​ន​ឡាយ (Zhou Enlai) នៅក្នុង​លិខិត​ចំនួន​ពីរ​ដែល​លោក​បាន​ផ្ញើ​ទៅកាន់​សម​ភាគី​ឥណ្ឌា លោក ហ្សា​វ៉ា​ហា​ឡា​ល់ នេ​រុ​ហ៍ (Jawaharlal Nehru) ក្នុង​ឆ្នាំ​១៩៥៩​។ ក្នុង​លិខិត​នោះ អតីត​នាយករដ្ឋមន្ត្រី​ចិន បានបញ្ជាក់​ច្បាស់ៗ​ថា ខ្សែបន្ទាត់​ព្រំដែន​គ្រប់គ្រង​ជាក់ស្តែង​នេះ អនុលោម​តាម​ខ្សែបន្ទាត់ McMahon នៅ​តំបន់​ភាគ​ខាងកើត​។ បើតាម​កាសែត​ឥណ្ឌា India Express ខ្សែបន្ទាត់ ដែល​បែងចែក​តំបន់​ព្រំដែន​ភាគ​ខាងលិច​វិញ គឺ​ឈរលើ​ការគ្រប់គ្រង​ជាក់ស្តែង​របស់​ភាគី​ទាំងពីរ​។ 
 
​ក្នុង​ឆ្នាំ​១៩៥៩​ដដែល អំឡុងពេល​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​ឥណ្ឌា នេ​រុ​ហ៍ ទៅកាន់​ប្រទេស​ចិន លោក​ក៏បាន​ឆ្លៀត​សួរ​សំណួរ​ពី​បញ្ហា​ព្រំដែន និង​ខ្សែបន្ទាត់ McMahon ដែល​កំណត់ដោយ​ម្ចាស់​អាណានិគម​អង់គ្លេស​ដែរ​។ ប៉ុន្តែ​ជាការ​ឆ្លើយតប​ទៅនឹង​សំណួរ​របស់​នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក ជូ អេ​ន​ឡាយ បញ្ជាក់ថា ចិន​មិនដែល​ទទួលស្គាល់​ខ្សែបន្ទាត់ McMahon ដែល​គូស​ដោយ​អង់គ្លេស ក្នុង​ឆ្នាំ ១៩១៤ ឡើយ​។ 
 
​សង្គ្រាម​ព្រំដែន​រវាង​ចិន និង​ឥណ្ឌា​ក្នុង​ឆ្នាំ ១៩៦២
​នៅក្នុង​ឆ្នាំ ១៩៦២ យោធា​ចិន​ជាច្រើន​កងពល បាន​ចល័ត​មក​តំបន់​ជម្លោះព្រំដែន​ជួរមុខ ដោយ​ប្រឈមមុខ​ជាមួយ​ទាហាន​ឥណ្ឌា ជុំវិញ​បញ្ហា​ចម្រូងចម្រាស់​លើ​ការកំណត់​ព្រំដែន​ជាថ្មី​។ សង្គ្រាម​តាម​ព្រំដែន​អូសបន្លាយ​រយៈពេល​បួន​សប្តាហ៍​នេះ បាន​បង្ក​ឲ្យ​ទាហាន​ឥណ្ឌា​ជាច្រើន​នាក់​ស្លាប់​ជាង​ទាហាន​ចិន​។ របាយការណ៍​ខ្លះ​បញ្ជាក់ថា ទាហាន​ទាំងសងខាង​ដែល​ស្លាប់មាន​ជិត​ដល់ ២០០០​នាក់​ឯណោះ​។ នៅ បន្ទាប់មក ភាគី​ចិន​បាន​អះអាងថា យោធា​របស់ខ្លួន បាន​ដកទ័ព​ពី​ខ្សែបន្ទាត់​គ្រប់គ្រង​ជាក់ស្តែង​ចម្ងាយ ២០​គីឡូម៉ែត្រ​ហើយ​។ បញ្ហា​នេះ ត្រូវបាន​នាយករដ្ឋមន្ត្រី​ចិន ជូ អេ​ន​ឡាយ ផ្ញើលិខិត​មួយច្បាប់ ទៅ​នាយករដ្ឋមន្ត្រី​ឥណ្ឌា ដោយ​ពន្យល់ថា ខ្សែបន្ទាត់​ភាគ​ខាងកើត គឺ​យក​គំរូ​តាម​ខ្សែបន្ទាត់ McMahon ចំណែក LAC ក្នុង​តំបន់​ភាគ​ខាងលិច និង​កណ្តាល គឺ​យកតាម​ខ្សែបន្ទាត់​របស់​ចិន ដែល​អនុវត្ត​តាំងពី​បុរាណ​មក​។ 
 
​បញ្ហា​នៅ​មិនទាន់​ចប់​ឡើយ​ទេ​។ យោងតាម​ការចុះផ្សាយរ​បស់​កាសែត South China Morning Post នៅក្នុង​ឆ្នាំ ១៩៦៧ ទាហាន​ភាគី​ទាំងពីរ​បាន​ប៉ះទង្គិច​នៅតាម​ព្រំដែន​ជាថ្មី ដោយ​ការបាញ់​កាំភ្លើង​ធំ​ផ្លោង​ដាក់គ្នា​។ ហេតុការណ៍​នេះ បាន​បង្ក​ឲ្យ​ទាហាន​ឥណ្ឌា ៨០​នាក់​ស្លាប់ ហើយ​បង្ក​ឲ្យ​ទាហាន ចិន​ស្លាប់ និង​របួស​រហូតដល់ ៤០០​នាក់​ឯណោះ​។​
 
​ដល់​ឆ្នាំ​១៩៧៥ ឥណ្ឌា និង​ចិន បាន​ប៉ះទង្គិច​គ្នា​មួយ​ប្រ៉ា​វ​ទៀត​នៅ​តំបន់ Tulung La ក្នុង​រដ្ឋ  Arunachal Pradesh​។ ការប៉ះទង្គិច​លើក​នេះ បាន​បង្ក​ឲ្យ​ទាហាន​ឥណ្ឌា ៤​នាក់​ស្លាប់​។ អាច​ថា វា​ជា​ករណី​ប៉ះទង្គិច​គ្នា​តាម​ព្រំដែន​ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ចុងក្រោយ​គេ​បង្អស់​ក្នុង​ជម្លោះព្រំដែន​រវាង​ចិន និង​ឥណ្ឌា​ដែរ​។ 


 ព្រំដែន ដែលកំណត់ពីទីតាំងជម្លោះរវាងចិន និងឥណ្ឌា។ រូបភាព៖ Economist

​កិច្ចព្រមព្រៀង​លើ ខ្សែបន្ទាត់​ព្រំដែន​គ្រប់គ្រង​ជាក់ស្តែង (LAC)
 
​តាមរយៈ​សៀវភៅ​ចំណង​ថា How India Sees the World ដែល​សរសេរ​ដោយ លោក Shyam Saran ខ្សែបន្ទាត់​ព្រំដែន​កំណត់​ការ​នេះ​គ្រប់គ្រង​ជាក់ស្តែង​នេះ ត្រូវបាន​លើកឡើង​ជាថ្មី នៅក្នុង​ដំណើរ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​ចិន លី ផឹង (Li Peng) ទៅកាន់​ទឹកដី​ឥណ្ឌា ក្នុង​ឆ្នាំ​១៩៩១​។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក លី និង​សម​ភាគី​ឥណ្ឌា លោក ណា​រ៉ាស៊ី​មហា រ៉ាវ (Narasimha Rao) បានបង្ហាញ​ការឯកភាព​គ្នា​ដែរ​លើ​ការរក្សា​សន្តិភាព និង​ភាព​ស្ងប់ស្ងៀម​លើ​ខ្សែបន្ទាត់​ព្រំដែន​នេះ​។ 
​ក្នុង​ឆ្នាំ ១៩៩៣ មហាអំណាច​ឥណ្ឌា និង​ចិន ក៏បាន​ឈានទៅ​ប្រកាស​ពី​ជំហរ​គោរព​ខ្សែបន្ទាត់​ព្រំដែន​គ្រប់គ្រង​ជាក់ស្តែង​នេះដែរ​។ សញ្ញា​វិជ្ជមាន​មួយ​នេះ គឺ​កើតឡើង​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​ឥណ្ឌា ណា​រ៉ាស៊ី​មហា រ៉ាវ  ទៅកាន់​ទឹកដី​ចិន​។ ក្នុង​ដំណើរ​ទស្សនៈកិច្ច​នេះ មេដឹកនាំ​ចិន និង​ឥណ្ឌា​បាន​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​រក្សា​សន្តិភាព និង​ភាពស្ងប់ស្ងាត់ លើ​ខ្សែបន្ទាត់​រួម​។ 
 
​ការកើនឡើង​នៃ​ការប្រឈមមុខគ្នា​តាម​ព្រំដែន​រវាង​ចិន និង​ឥណ្ឌា​មួយ​ទស្សវត្សរ៍​ចុងក្រោយ​
 
​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ ការប្រទូសរ៉ាយ​និង​ការប្រឈមមុខ​ដាក់គ្នារ​វាង​ចិន និង​ឥណ្ឌា នៅតាម​ព្រំដែន តែង​កើតមាន​ជា​ញឹកញាប់​។ ជាក់ស្តែង ព្រឹត្តិការណ៍​ប្រឈមមុខ​ដាក់គ្នា​ដែល​កើតឡើង​នៅក្នុង​ឆ្នាំ ២០១៧ ដោយសារ​ចិន​ចាប់ផ្តើម​ឈូសឆាយ​សាងសង់​ផ្លូវ​នៅ​តំបន់ Doklam 
 ក៏ដូចជា​ការប៉ះទង្គិច​គ្នា​នៅ​ខែឧសភា​កន្លងទៅ រវាង​ទាហាន​ឥណ្ឌា និង​ចិន ដោយ​ការ​ប្រវាយប្រតប់​គ្នា និង​ការ​គប់​ដុំថ្ម​ដាក់គ្នា​។ ប៉ុន្តែ​បញ្ហា​នេះ បាន​ត្រឹម​បង្ក​ឲ្យ​ភាគី​ទាំងពីរ​រងរបួស​តែប៉ុណ្ណោះ​។ ហេតុការណ៍​នោះ បាន​កើតឡើង​នៅក្នុង​តំបន់ Naku La ក្នុង​រដ្ឋ Sikkim​។ 
 
​រហូតដល់​ថ្ងៃទី​៧ ខែមិថុនា ឥណ្ឌា និង​ចិន យល់ព្រម​ដោះស្រាយ​ជម្លោះ​នៅតាម​ព្រំដែន​ដោយ «​សន្តិវិធី​» បន្ទាប់ពី​មេបញ្ជាការ​យោធា ប្រទេស​ទាំង​ពីរបាន​ជួបចរចា​គ្នា​ស្វែងរក​ដំណោះស្រាយ​នៅ​តំបន់​ជួរ​ភ្នំ​ហិមាល័យ​។ 


កងសន្តិសុខប្រចាំព្រំដែនរបស់ឥណ្ឌា។ រូបភាព៖ AFP

​យ៉ាងណាក៏ដោយ ភាគី​ចិន មិនបាន​ដក​កងទ័ព​របស់ខ្លួន​ចេញពី​តំបន់​ជម្លោះ​ឡើយ បើទោះបីជា​មានការ​ព្រម​ព្រៀង​គ្នា​នៅក្នុង​ជំនួប​មេបញ្ជាការ​កងទ័ព​ប្រទេស​ទាំងពីរ​ក៏ដោយ​។ បើតាម​ការអះអាង​រប​ស់លោក Ajai Shukla វរសេនីយ៍ឯក​ឥណ្ឌា​ដែល​ចូលនិវត្តន៍​មួយរូប នៅក្នុង​សារព័ត៌មាន Business Standard កាលពី​ខែមិថុនា គ្មាន​ឡើយ​សញ្ញា​ដែល​បញ្ជាក់ថា កងទ័ព​ចិន​ដក​ចេញពី​តំបន់​ជម្លោះ​ឡើយ​។ កងទ័ព​ចិន បាន​បន្ត​ពង្រឹង​ការកាន់កាប់​របស់ខ្លួន​លើ​ទឹកដី​ប្រមាណ​ជា​៦០ គីឡូម៉ែត្រ​ក្រឡា​នៅ​តំបន់​ជម្លោះ ហើយ​វា​ក៏​ជា​សកម្មភាព​ខុសច្បាប់​ដែរ​។ ចំណែក​នៅ​តំបន់​ផ្សេងទៀត ចិន​បានដាក់​ពង្រាយ​រថពាសដែក លេណដ្ឋាន និង​រថយន្ត​សម្រាប់​ធ្វើសង្គ្រាម​ផ្សេងទៀត​។ 
 
​ការប៉ះទង្គិច​ចុងក្រោយ និង​បង្ក​ឲ្យ​មាន​ទាហាន​ឥណ្ឌា​ស្លាប់ ២០​នាក់​
 
​តាមរយៈ​ការប៉ះទង្គិច​ចុងក្រោយ​នៅតាម​ព្រំដែន​រវាង​ចិន និង​ឥណ្ឌា នា​យប់​ថ្ងៃទី​១៥ ខែមិថុនា យ៉ាងហោចណាស់​ទាហាន​ឥណ្ឌា​ចំនួន ២០​នាក់ បាន​ស្លាប់បាត់​បង់ជីវិត​។ ចំណែក​ទាហាន​ចិន ក៏មាន​អ្នកស្លាប់​ដែរ ប៉ុន្តែ​ទីក្រុង​ប៉េកាំង មិនបាន​បញ្ចេញ​តួលេខ ឬ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​អ្នកស្លាប់​ឡើយ​។ បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ការប៉ះទង្គិច​នេះ ជាការ​ប្រវាយប្រតប់​ដោយ​ដៃ និង​ដៃ​ប៉ុណ្ណោះ​។​
 
​ប៉ុន្តែ​ទោះជា​ប្រើប្រាស់​អាវុធ​ឬ​ដៃ​ក៏ដោយ ការប៉ះទង្គិច​គ្នា​នេះ​ធ្វើ​ឲ្យ​ភាគី​បន្ត​ចោទ​ដាក់គ្នា​។ តាម​ការអះអាង​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន ទាហាន​ឥណ្ឌា បាន​ឆ្លងកាត់​ខ្សែបន្ទាត់​ព្រំដែន​ប្រទេស​ទាំងពីរ​ចំនួន​ពីរដង ដោយ​ញុះញង់ និង​វាយប្រហារ​លើ​ទាហាន​ចិន​មុន​។ ចំណែក​អ្នកនាំពាក្យ​ក្រសួងការបរទេស​ឥណ្ឌា ឯណោះ​វិញ​បាន​តប​ថា ការប៉ះទង្គិច​នេះ កើតឡើង​ដោយសារតែ ភាគី​ចិន​ប៉ុនប៉ង​បង្កទំនាស់​ដោយ ចង់​ផ្លាស់ប្តូរ​ស្ថានភាព​បច្ចុប្បន្ន (Status Quo) នៅតាម​ខ្សែបន្ទាត់​ព្រំដែន​។​
 
​យ៉ាងណាក៏ដោយ បញ្ហា​មួយ​ដែល​បង្ក​ឲ្យ​ភាគី​ទាំងពីរ​ប៉ះទង្គិច​គ្នា នោះ​គឺ​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ និង​ផ្លូវ នៅលើ​តំបន់​ប្រប​មាត់ទន្លេ Galwan ដែល​ហូរ​ពី​តំបន់ Aksai Chin ដែល​ចិន​កំពុងកាន់​កាប់​មកដល់​តំបន់​ឡា​ដាក់​របស់​ឥណ្ឌា ដែល​តំបន់​ទាំងនេះ​ស្ថិតក្នុង​តំបន់​កា​ស្មៀ​រទាំង​អស់​។ វា​ជាការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ចុងក្រោយ​របស់​ឥណ្ឌា នៅតាម​ព្រំដែន​ដែល​កំពុង​ហ៊ុមព័ទ្ធ​ដោយ​ជម្លោះ​។ កន្លងមក​ចិន​ក៏បាន​ព្យាយាម​សាងសង់​ផ្លូវ​នៅលើ​តំបន់​ខាងលើ​ដែរ  ដោយ​មិនមាន​ការយល់ព្រម​ពី​ឥណ្ឌា​ជាមុន​ឡើយ​។ 
 
​សង្គ្រាម​រវាង​មហាអំណាច​ទាំងពីរ​មិនអាច​ផ្ទុះឡើង តែ​ឥណ្ឌា​ត្រៀមខ្លួន​កំដរ​ចិន​
​ជាការ​រំពឹងទុក ជម្លោះ​ទ្រង់ទ្រាយ​ធំ​ឬ​សង្គ្រាម​បង្ហូរឈាម​គ្នា​រវាង​មហាអំណាច​នុយក្លេអ៊ែរ​ទាំងពីរ នឹងមិន​អាច​កើតមានឡើង​ជាដាច់ខាត​។ ហេតុផល​សំខាន់​នោះ គឺ​ភាគី​ព្យាយាម​ថ្លឹងថ្លែង​ពី​ផលវិបាក​នៃ​ការប៉ះទង្គិច​គ្នា ជាពិសេស​ក្តី​វិនាសកម្ម​ទាំង​ផ្នែក​សេដ្ឋកិច្ច ការទូត និង​សង្គម​។ 
 
​ក្នុងករណី​ដែល សង្គ្រាម​ផ្ទុះ​មែន វា​នឹងមាន​រយៈពេល​យូរ ហើយក៏​វា​អាច​អូសទាញ​ភាគី​ដទៃទៀត​ឲ្យ​ចូលក្នុង​សង្គ្រាម​នេះ​ថែមទៀត​។ 
 
​គេ​អាច​មើលឃើញ​រួចទៅហើយ​ថា រដ្ឋាភិបាល​ប្រទេស​ទាំងពីរ បាន​យល់ព្រម​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី​នៅ​គ្រប់​កាលៈទេសៈ​ទាំងអស់​។ ក្នុង​កិច្ចសន្ទនា​តាម​ទូរ​សព្ទ​ជាមួយ​រដ្ឋមន្ត្រីការបរទេស​ឥណ្ឌា​លោក ស៊ូ​ប្រា​ម៉ា​យាំ ចេ​សាន់​កា (Subrahmanyam Jaishankar) រដ្ឋមន្ត្រីការបរទេស​ចិន លោក​វ៉ាង យី  (Wang Yi) បាន​បញ្ជាក់ថា ភាគី​ទាំងពីរ គួរតែ​ដោះស្រាយ​ភាព​តានតឹង តាមរយៈ​កិច្ចចរចា និង​រក្សា​សុវត្ថិភាព​តាម​ព្រំដែន​។ ក្នុង​កិច្ចសន្ទនា​ដដែល​នេះ រដ្ឋមន្ត្រីការបរទេស​ទាំងពីរ បាន​ឯកភាពគ្នា​សម្រួល និង​បន្ធូរបន្ថយ​ភាព​តានតឹង​តាម​ព្រំដែន ដោយ​ការទទួលខុសត្រូវ និង​មិន​ឲ្យ​មានការ​ប្រឈមមុខ​ដាក់​គ្នា កើនឡើង​ជាដាច់ខាត​។  បន្ថែម​ពីនេះ បន្ទាប់ពី​មានការ​ប៉ះទង្គិច​គ្នា​រវាង​ទាហាន​ប្រទេស​ទាំងពីរ​តាម​ព្រំដែន មេបញ្ជាការ​កងទ័ព​ចិន និង​ឥណ្ឌា ក៏បាន​ជួប​ពិភាក្សាគ្នា​រួចរាល់​ហើយ​ដែរ ដើម្បី​កាត់បន្ថយ​ភាព​តានតឹង​ជាមួយគ្នា​ដែរ​។ 
 
​បើទោះជា​ជម្លោះ​ប្រដាប់អាវុធ​ទ្រង់ទ្រាយ​ធំ​រវាង​ប្រទេស​ទាំងពីរ​នឹង​មិនអាច​កើតឡើង​ក្តី ឥណ្ឌា​ប្រកាស​ជាមុន​ហើយ​ថា ខ្លួន​អាច​កំដរ​ចិន​បាន​ដូចគ្នា​។ ថ្លែង​តាម​កញ្ចក់​ទូរទស្សន៍ នាយករដ្ឋមន្ត្រី​ឥណ្ឌា នា​រិ​ន្ទ្រា ម៉ូ​ឌី បាន​លើកឡើងថា ទីក្រុង​ញូ​វ​ដេលី ចង់​បានតែ​សន្តិភាព ប៉ុន្តែ​ខ្លួន​ក៏បាន​ត្រៀមខ្លួន​រួចជាស្រេច​ដែរ ប្រសិនបើ​កាលៈទេសៈ​តម្រូវ​។ បន្ថែម​ពីលើ​នេះ ប្រមុខ​រដ្ឋាភិបាល​ឥណ្ឌា​រូបនេះ​នៅ​ថ្ងៃទី​១៩ ខែមិថុនា នឹង​កោះប្រជុំ​គ្រប់​គណបក្ស​សំខាន់ៗ​ទាំងអស់ និង​អ្នកតំណាងរាស្ត្រ ដើម្បី​ជជែក​ពិភាក្សា និង​ដោះស្រាយ​បញ្ហា​ជម្លោះ​តាម​ព្រំដែន​ជាមួយ​ចិន​ដែរ​។ វិធានការ​យុទ្ធសាស្ត្រ​ដើម្បី​ទប់ទល់​កា​រស​ម្ញែង​សាច់ដុំ​របស់​ចិន​ក៏​ទំនងជា​នឹងត្រូវ​ដាក់ចេញ​ជា​បន្តបន្ទាប់​នៅពេល​ខាងមុខ​ដូចគ្នា​៕

Tag:
 ចិន​
  ឥណ្ឌា​
 ​ជម្លោះព្រំដែន
© រក្សាសិទ្ធិដោយ thmeythmey.com