COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
UCL ត្រឡប់ចូលប្រកួតវិញនៅថ្ងៃទី៧សីហា ដោយប្រកួតតែ១ជើងប៉ុណ្ណោះចាប់ពីវគ្គ១/៤ទៅ
× ពានរង្វាន់ Champions League នឹងត្រឡប់ចូលការប្រកួតវិញនៅថ្ងៃទី៧ ខែសីហា ក្រោយផ្អាក់ដោយសារវិបត្តិ COVID-19 តាំងពីពាក់កណ្តាលខែមីនាមក។ នេះបើតាមការបញ្ជាក់របស់សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) នៅថ្ងៃទី១៧ ខែមិថុនា ដោយបន្ថែមថា ចាប់ពីវគ្គ៨ក្រុមចុងក្រោយនឹងត្រូវលេងតែមួយជើងប៉ុណ្ណោះ ហើយប្រកួតទាំងអស់នឹងធ្វើនៅក្នុងក្រុង Lisbon ប្រទេសព័រទុយហ្គាល់រហូតដល់វគ្គផ្តាច់ព្រ័ត្រតែម្តង។
ការប្រកួតក្របខណ្ឌកំពូលអឺរ៉ុប វគ្គ១៦ក្រុមចុងក្រោយបានឈានដល់ជើងទី២ និងបញ្ចប់ទាំងជើងទី២មួយចំនួនអស់ហើយ ដោយក្នុងនោះម្ចាស់ការពារតំណែងជើងឯក Liverpool រួមទាំង Borussia Dortmund, Valencia និង Tottenham Hotspur បានធ្លាក់ត្រឹមវគ្គនេះហើយ ខណៈ Paris St Germain, Atletico Madrid, Atalanta និង RasenBallsport Leipzig បានកៅអីទៅវគ្គ ១/៤ ផ្តាច់ព្រ័ត្ររួចរាល់ហើយ។
Liverpool អស់សិទ្ធិទៅវគ្គបន្តដោយសារថ្វីជើងក្រុម Atletico Madrid ក្រោយបញ្ចប់ការប្រកួតទាំងពីរជើងក្នុងលទ្ធផល ៤-២ ខណៈ Dortmund ត្រូវក្រុមយក្សបារាំង Paris Saint-Germain ទម្លាក់ក្នុងលទ្ធផលទាំងពីរជើង ៣-២។ RasenBallsport Leipzig បានទម្លាក់ Spurs ត្រឹមវគ្គ១៦ក្រុមចុងក្រោយ ដោយលទ្ធផលទាំងពីរជើង ៤-០ ហើយ Atalanta ជាអ្នកបញ្ចប់ Valencia ដោយលទ្ធផលទាំងពីរជើង ៨-៤។
ដោយឡែកគូដែលនៅសេសសល់រួមមានជំនួបរវាង Manchester City ទល់ Real Madrid, Bayern Munich ជាមួយ Chelsea, Juventus និង Olympique Lyonnais និង Barcelona ជាមួយ Napoli ដែលនឹងធ្វើឡើងនៅថ្ងៃទី៧ ខែសីហាខាងមុខនេះ។ យ៉ាងណាក៏ដោយ កីឡដ្ឋានប្រកួតជើងទី២ សម្រាប់ក្រុមទាំងនេះនៅមិនទាន់ដឹងច្បាស់នៅឡើយទេ ដោយដឹងថានៅក្នុងប្រទេសព័រទុយហ្គាល់ប៉ុណ្ណោះ។
លោក Giorgio Marchetti អគ្គលេខាធិការរង UEFA បានប្រាប់បន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិដែលធ្វើឡើងដោយសន្និសីទជាវីដេអូថា ការប្រកួតវគ្គ ៨ ក្រុមចុងក្រោយ និងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនឹងត្រូវប្រកួតគ្នាតែចំនួនមួយជើងប៉ុណ្ណោះ។ ហើយទីតាំងប្រកួតចាប់ពីវគ្គនេះ គឺត្រូវលេងនៅកីឡដ្ឋាន Estádio do Sport Lisboa e Benfica របស់ Benfica និងកីឡដ្ឋាន Estádio José Alvalade របស់ Sporting CP។
ការប្រកួតជើងទី២ វគ្គ១៦ក្រុម នឹងធ្វើឡើងនៅថ្ងៃទី៧ និង៨ ខែសីហា។ វគ្គ៨ក្រុមចុងក្រោយនឹងចាប់ផ្តើមពីថ្ងៃទី១២-១៥ ខែសីហា នៅទីក្រុង Lisbon ហើយវគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រចាប់ពីថ្ងៃទី១៨-១៩ ខែសីហានៅ Lisbon និង វគ្គផ្តាច់ព្រ័ត្រនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែសីហា នាកីឡដ្ឋាន Estádio do Sport Lisboa e Benfica៕
Tag:
UEFA
UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com