COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
UCL ត្រឡប់​ចូល​ប្រកួត​វិញ​នៅ​ថ្ងៃទី​៧​សីហា ដោយ​ប្រកួត​តែ​១​ជើង​ប៉ុណ្ណោះ​ចាប់ពី​វគ្គ​១/៤​ទៅ​
18, Jun 2020 , 8:39 pm        
រូបភាព
​ពានរង្វាន់ Champions League នឹង​ត្រឡប់​ចូល​ការប្រកួត​វិញ​នៅ​ថ្ងៃទី​៧ ខែសីហា ក្រោយ​ផ្អាក់​ដោយសារ​វិបត្តិ COVID-19 តាំងពី​ពាក់កណ្តាល​ខែមីនា​មក​។ នេះ​បើតាម​ការបញ្ជាក់​របស់​សហព័ន្ធ​កីឡាបាល់ទាត់​អឺរ៉ុប (UEFA) នៅ​ថ្ងៃទី​១៧ ខែមិថុនា ដោយ​បន្ថែមថា ចាប់ពី​វគ្គ​៨​ក្រុម​ចុងក្រោយ​នឹងត្រូវ​លេង​តែមួយ​ជើង​ប៉ុណ្ណោះ ហើយ​ប្រកួត​ទាំងអស់​នឹងធ្វើ​នៅក្នុង​ក្រុង Lisbon ប្រទេស​ព័រ​ទុយ​ហ្គា​ល់​រហូតដល់​វគ្គ​ផ្តាច់ព្រ័ត្រ​តែម្តង​។​


​ការប្រកួត​ក្របខណ្ឌ​កំពូល​អឺរ៉ុប វគ្គ​១៦​ក្រុម​ចុងក្រោយ​បាន​ឈានដល់​ជើង​ទី​២ និង​បញ្ចប់​ទាំង​ជើង​ទី​២​មួយចំនួន​អស់ហើយ ដោយ​ក្នុងនោះ​ម្ចាស់​ការពារ​តំណែង​ជើងឯក Liverpool រួមទាំង Borussia Dortmund, Valencia និង Tottenham Hotspur បាន​ធ្លាក់​ត្រឹម​វគ្គ​នេះហើយ ខណៈ Paris St Germain, Atletico Madrid, Atalanta និង RasenBallsport Leipzig បាន​កៅអី​ទៅ​វគ្គ ១/៤ ផ្តាច់ព្រ័ត្រ​រួចរាល់​ហើយ​។​
 
Liverpool អស់សិទ្ធិ​ទៅ​វគ្គ​បន្ត​ដោយសារ​ថ្វី​ជើង​ក្រុម Atletico Madrid ក្រោយ​បញ្ចប់​ការប្រកួត​ទាំងពីរ​ជើង​ក្នុង​លទ្ធផល ៤-២ ខណៈ Dortmund ត្រូវ​ក្រុម​យក្ស​បារាំង Paris Saint-Germain ទម្លាក់​ក្នុង​លទ្ធផល​ទាំងពីរ​ជើង ៣-២​។ RasenBallsport Leipzig បាន​ទម្លាក់ Spurs ត្រឹម​វគ្គ​១៦​ក្រុម​ចុងក្រោយ ដោយ​លទ្ធផល​ទាំងពីរ​ជើង ៤-០ ហើយ Atalanta ជា​អ្នក​បញ្ចប់ Valencia ដោយ​លទ្ធផល​ទាំងពីរ​ជើង ៨-៤​។​
 
​ដោយឡែក​គូ​ដែល​នៅ​សេសសល់​រួមមាន​ជំនួប​រវាង Manchester City ទល់ Real Madrid, Bayern Munich ជាមួយ Chelsea, Juventus និង Olympique Lyonnais និង Barcelona ជាមួយ Napoli ដែល​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី​៧ ខែសីហា​ខាងមុខនេះ​។ យ៉ាងណាក៏ដោយ កីឡដ្ឋាន​ប្រកួត​ជើង​ទី​២ សម្រាប់​ក្រុម​ទាំងនេះ​នៅ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ ដោយ​ដឹងថា​នៅក្នុង​ប្រទេស​ព័រ​ទុយ​ហ្គា​ល់​ប៉ុណ្ណោះ​។​
 
​លោក Giorgio Marchetti អគ្គលេខាធិការរង UEFA បាន​ប្រាប់​បន្ទាប់ពី​កិច្ចប្រជុំ​គណៈកម្មាធិការ​ប្រតិបត្តិ​ដែល​ធ្វើឡើង​ដោយ​សន្និសីទ​ជា​វីដេអូ​ថា ការប្រកួត​វគ្គ ៨ ក្រុម​ចុងក្រោយ និង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នឹងត្រូវ​ប្រកួត​គ្នា​តែ​ចំនួន​មួយ​ជើង​ប៉ុណ្ណោះ​។ ហើយ​ទីតាំង​ប្រកួត​ចាប់ពី​វគ្គ​នេះ គឺ​ត្រូវ​លេង​នៅ​កីឡដ្ឋាន Estádio do Sport Lisboa e Benfica របស់ Benfica និង​កីឡដ្ឋាន Estádio José Alvalade របស់ Sporting CP​។​
 
​ការប្រកួត​ជើង​ទី​២ វគ្គ​១៦​ក្រុម នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​៧ និង​៨ ខែសីហា​។ វគ្គ​៨​ក្រុម​ចុងក្រោយ​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​១២-១៥ ខែសីហា នៅ​ទីក្រុង Lisbon ហើយ​វគ្គ​ពាក់កណ្តាល់​ផ្តាច់ព្រ័ត្រ​ចាប់ពី​ថ្ងៃទី​១៨-១៩ ខែសីហា​នៅ Lisbon និង វគ្គ​ផ្តាច់ព្រ័ត្រ​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៣ ខែសីហា នា​កីឡដ្ឋាន Estádio do Sport Lisboa e Benfica៕

Tag:
 UEFA
  UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com