អន្តរជាតិ
កាណាដា ខក​ឱកាស​អង្គុយ​កៅអី​ក្រុមប្រឹក្សាសន្តិសុខ ឯ​ឥណ្ឌា​ត្រូវ​ចូល​តុ​ជាមួយ​ចិន​ដែល​កំពុង​មិនត្រូវ​គ្នា
18, Jun 2020 , 9:59 pm        
រូបភាព
សាលមហាសន្និបាតអង្គការសហប្រជាជាតិ។ រូបភាព៖ Reuters
សាលមហាសន្និបាតអង្គការសហប្រជាជាតិ។ រូបភាព៖ Reuters
ប្រទេស​ចំនួន​៤ ដែល​មកពី​តំបន់​ខុសៗ​គ្នា ត្រូវបាន​គេ​បោះឆ្នោត​ជ្រើសរើស​ជា​សមាជិក​មិន​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សាសន្តិសុខ​របស់​អង្គការសហប្រជាជាតិ​(UN) នា​ថ្ងៃទី​១៧ ខែមិថុនា​។ ប្រទេស​ទាំងនោះ​មានដូចជា ឥណ្ឌា ម៉ិ​ក​ស៊ិ​ក ន័​រ​វែ​ស អៀរ​ឡង់​។ ចំណែក​កេ​ន​យ៉ា និង​ជី​ប៊ូ​ទី នឹងត្រូវ​ប្រជែង​គ្នា​នៅ​ជុំ​ទី​២​បន្តទៀត ដើម្បី​យក​កៅអី សម្រាប់​ទ្វីបអាហ្វ្រិក​។


 
​តាមរយៈ​ការបោះឆ្នោត​នៅ​មហាសន្និបាត​អង្គការសហប្រជាជាតិ ប្រទេស​ចំនួន​៥ ក្នុងចំណោម ៧​ប្រទេស ត្រូវបាន​គេ​ជ្រើសរើស​ជា​សមាជិក​មិន​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សាសន្តិសុខ​របស់​អង្គការសហប្រជាជាតិ​។ ឥណ្ឌា ដែល​គ្មាន​គូប្រជែង បានទទួល​សម្លេងគាំទ្រ ១៨៤ ក្នុងចំណោម​ប្រទេស​ចូលរួម​បោះឆ្នោត ១៩២​ប្រទេស​។ ចំណែក​ម៉ិ​ក​ស៊ិ​ក ដែល​គ្មាន​ប្រទេស​ប្រជែង ដូច​ឥណ្ឌា​ដែរ បានទទួល​សម្លេងគាំទ្រ ១៨៧​។ 
 
​ដោយឡែក សម្រាប់​កៅអី​លោកខាងលិច ដែលមាន​ចំនួន ២​កៅអី និង​មាន​ប្រទេស ៣​ចូលរួម​ដូចជា កាណាដា ន័​រ​វែ​ស អៀរ​ឡង់​។ មានតែ​ន័​រ​វែ​ស អៀរ​ឡង់​ទេ បាន​ឡើងទៅ​កក់​កៅអីអង្គុយ​នៅ​ក្រុមប្រឹក្សាសន្តិសុខ​។ ចំណែក​កាណាដា ដែល​កន្លងមក​បា​នប​ង្កើ​ន​កិច្ចខិតខំ​ការទូត​យ៉ាងខ្លាំង និង​ថែមទៀត​មាន​ការទូត​តន្ត្រី​ថែមទៀត បាន​ចាញ់​ការប្រកួតប្រជែង​នេះ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។​
 
​ចំណែក​ប្រទេស​កេ​ន​យ៉ា និង​ជី​ប៊ូ​ទី ដែល​តំណាង​ឲ្យ​កៅអី​នៅ​ទ្វីបអាហ្វ្រិក ត្រូវ​ឈានទៅដល់​ការបោះឆ្នោត​ជា​លើក​ទី​ពីរ បន្ទាប់ពី​កេ​ន​យ៉ា ទទួលបាន​សម្លេងគាំទ្រ​១១៣ និង​ជី​ប៊ូ​ទី ទទួលបាន​សម្លេង ៧៨​។ ប្រទេស​ដែល​អាច​ក្លាយជា​សមាជិក​មិន​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សាសន្តិសុខ​បាន ទាល់តែ​ទទួលបាន​សម្លេងគាំទ្រ ២​ភាគ​៣ ឬ សម្លេងគាំទ្រ​១២៨ ក្នុងចំណោម​សម្លេង ១៩៣​ប្រទេស​។ 
 
​នៅក្នុង​ថ្ងៃ​ដដែល​នេះ អ្នកការទូត​ជនជាតិ​តួ​ក​គី​លោក​Volkan Bozkir ក៏ត្រូវ​បាន​គេ​បោះឆ្នោត​ជ្រើសរើស​ជា ប្រធាន​មហាសន្និបាត​អង្គការសហប្រជាជាតិ ក្នុង​អាណត្តិ​ឆ្នាំ ២០២០ ដល់ ២០២១​ផងដែរ​។ 
 
​សូមបញ្ជាក់ថា ក្នុង​ក្រុមប្រឹក្សាសន្តិសុខ មាន​សមាជិក​ចំនួន ១៥​ប្រទេស​។ ១០​ប្រទេស គឺជា​សមាជិក មិន​អចិន្ត្រៃយ៍ និង ៥​ប្រទេស​ទៀត គឺជា​សមាជិក​អចិន្ត្រៃយ៍ ដែលមាន​សមាជិក​ដូចជា បារាំង អាមេរិក អង់គ្លេស រុស្ស៊ី និង​ចិន​។ ប្រទេស​សមាជិក​អចិន្ត្រៃយ៍ គឺមាន​សិទ្ធិអំណាច​វេតូ​៕

Tag:
 ​ឥណ្ឌា​
  ម៉ិ​ក​ស៊ិ​ក​
  ន័​រ​វែ​ស​
  អៀរ​ឡង់​
  UN
© រក្សាសិទ្ធិដោយ thmeythmey.com