កីឡាជាតិ
ជាតិ
យុទ្ធសាស្ត្រ​«​ទន់​រឹង​»​ជួយ​ឲ្យ​កីឡាករ ចាន់ រតនា ទទួលបាន​ជោគជ័យ​ក្នុង​វិស័យ MMA
19, Jun 2020 , 7:59 am        
រូបភាព
កីឡាករ ចាន់ រតនា ពេលទទួលបានជ័យជម្នះក្នុងការប្រកួត ONE Championship
កីឡាករ ចាន់ រតនា ពេលទទួលបានជ័យជម្នះក្នុងការប្រកួត ONE Championship
ដោយ:
​កីឡាករ​ម្នាក់ៗ​តែងតែមាន​យុទ្ធសាស្ត្រ​រៀងៗ​ខ្លួន​ក្នុងការ​វាយ និង​ផ្តួល​គូប្រកួត​។ ជាក់ស្តែង​អ្នកលេង​គុន​ចម្រុះ​ជួរមុខ​របស់​កម្ពុជា​ចាន់ រតនា ហាក់​ជោគជ័យ​ខ្លាំង​ជាមួយ​យុទ្ធសាស្ត្រ​«​ទន់​រឹង​» ដែលជា​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​គូប្រកួត​ឆាប់​ថមថយ​កម្លាំង​។ តាមរយៈ​យុទ្ធសាស្ត្រ​នេះ រតនា តែងតែ​ផ្តួល​គូប្រកួត​មិន​ឲ្យ​លើស​ទឹក​ទី​៣ នា​ការប្រកួត​គុន​ចម្រុះ​(MMA)​ប៉ុន្មាន​ប្រកួត​ចុងក្រោយ​នេះ​។ មុន​ឡើង​សង្វៀន​ប្រកួត​កីឡាករ​វ័យ​៣៤​ឆ្នាំ​រូបនេះ តែងតែ​ប្តេជ្ញា​ថា បើ​ដៃគូ​មិន​សន្លប់ គឺ​ខ្លួន​សន្លប់​។

 
«​ទន់​រឹង​» ជា​យុទ្ធសាស្ត្រ​មួយ ដែល​កីឡាករ ចាន់ រតនា តែង​ប្រើ​ក្នុងការ​ប្រកួត​គុន​ចម្រុះ នា​ព្រឹត្តិការណ៍ ONE Championship ហើយ​ទទួលបាន​លទ្ធផល​ល្អ​គួរ​ឲ្យ​កត់សម្គាល់​។ បើតាម​កីឡាករ​រូបនេះ យុទ្ធសាស្ត្រ​នេះ​ជា​បច្ចេកទេស​ដ៏​មាន​ប្រសិទ្ធិភាព​ក្នុងការ​ធ្វើ​ឲ្យ​ដៃគូ​ឆាប់​ចុះខ្សោយ​កម្លាំង និង​ធ្លាក់​ស៊ុះ​។​
 
 
​ពាក់ព័ន្ធ​នឹង​យុទ្ធសាស្ត្រ​នេះ រតនា បា​នប​ន្យ​ល់​យ៉ាង​ដូច្នេះ​ថា​៖«​នៅពេល​ដៃគូ​(​គូប្រកួត​)​គាត់​ចាប់​ខ្ញុំ​គាត់​ប្រើ​កម្លាំង​ខ្លាំង តែ​ខ្ញុំ​មាន​តិច​និ​ចមួយ​អាចធ្វើ​ឲ្យ​ដៃគូ​ឆាប់​ធ្លាក់​កម្លាំង ចំណុច​នេះហើយ ដែល​ជួយ​ឲ្យ​ខ្ញុំ​អាច​សន្ធប់​បុក​ដៃគូ​បញ្ចប់​មុន​ទឹក​ទី​៣​។ ត្រង់ចំណុច​នេះ​ខ្ញុំ​ពិបាក​ពន្យល់​ដែរ តែ​ខ្ញុំ​អាច​និយាយ​ត្រួសៗ គឺ​ខ្ញុំ​ប្រើ​ទន់​រឹង ព្រោះ​ពេល​ដៃគូ​គេ​ប្រឹង​ចាប់​យើង គេ​ប្រើ​កម្លាំង​រឹង​ច្រើនជាង​យើង ហើយ​ខ្ញុំ​នៅក្រោម​គេ​មិន​ប្រើ​កម្លាំង​រឹង​ច្រើន​ទេ គឺ​ខ្ញុំ​ប្រើ​ទន់​រឹង ដើម្បី​ឲ្យ​គេ​ប្រើ​កម្លាំង​ច្រើន​»​។ 
 
​កីឡាករ​មកពី​ខេត្តបន្ទាយមានជ័យ​រូបនេះ​បាន​បន្ថែមថា​៖«​នៅពេល​ខ្ញុំ​មានឱកាស ខ្ញុំ​រក​ច្រកចេញ ពេល​ខ្ញុំ​ងើបឡើង​បាន​ខ្ញុំ​វាយ​ទៀត ព្រោះ​ខ្ញុំ​ដឹងថា​ដៃគូ​ខ្ញុំ គាត់​ប្រើ​កម្លាំង​ច្រើន ដោយសារ​ពេល​យើង​បំបែក​គ្នា គឺ​គាត់​ត្រូវការ​ពេល​ដកដង្ហើម តែ​ខ្ញុំ​មិន​ឲ្យ​គាត់​ដកដង្ហើម​ទេ គឺ​ខ្ញុំ​បុក​ទៅទៀត ព្រោះ​ខ្ញុំ​នៅមាន​ដង្ហើម អ៊ីចឹង​ធ្វើ​ឲ្យ​ដៃគូ​យើង​ឆាប់​ធ្លាក់​ដង្ហើម​លឿន ដោយសារ​អត់​មាន​ពេល​ដកដង្ហើម ជាហេតុ​ធ្វើ​ឲ្យ​ស៊ុះ​ដៃគូ​របស់ខ្ញុំ​អស់រលីង​ត្រឹម​ទឹក​ទី​២»​។  
 
​ម្ចាស់​ក្លិប​សិល្បៈ​ក្បាច់គុន​រូបនេះ អះអាងថា រូបគេ​តែងតែ​ទទួលបាន​លទ្ធផល​ល្អ​ពី​ការប្រើ​យុទ្ធសាស្ត្រ​វាយបក​នៅពេល​គូប្រកួត​ថមថយ​កម្លាំង​មួយ​នេះ​។ ជាក់ស្តែង​យើង​សង្កេតឃើញថា បី​ប្រកួត​ចុងក្រោយ​របស់​កីឡាករ​វ័យ​៣៤​ឆ្នាំ​រូបនេះ រូបគេ​ទទួលបាន​ជ័យជម្នះ​ទាំងបី​ប្រកួត តាមរយៈ​ការ​ផ្តួល​ដៃគូ​ឲ្យ​បោះបង់​ការប្រកួត​ចំនួន​ពីរលើក និង​ឈ្នះ​ដោយ​ពិន្ទុ​មួយ​លើក​។ 
 
​ការសិក្សា​ពី​គូប្រកួត​តាមរយៈ​វីដេអូ​ប្រកួត ក៏​ជា​វិធីសាស្ត្រ​មួយ​របស់​កីឡាករ ចាន់ រតនា ផងដែរ​។ ព្រោះ​ការសិក្សា​នេះ​ធ្វើ​ឲ្យ​រូបគេ​អាច​ដឹង​ពី​កម្រិត​សមត្ថភាព​របស់​គូប្រកួត​ថា គេ​ខ្លាំង ឬ​ខ្សោយ​ត្រង់ចំណុច​ណា​។ «​សម្រាប់​ការប្រកួត​ធំៗ​ដូច MMA ការសិក្សា​ពី​ដៃគូ​វា​ជួយ​យើង​ច្រើន ព្រោះ​បើ​យើង​សិក្សា​ពី​ដៃគូ​បាន​យើង​អាចមាន​តែម​ច្រើន ហើយ​គេ​ក៏​សិក្សា​ពី​យើង​ដូចគ្នា​។ ប៉ុន្តែ​បើ​យើង​មិនបាន​សិក្សា​ពី​ចំណុចខ្សោយ ឬ​ចំណុចខ្លាំង​របស់​គូប្រកួត ជ័យជម្នះ​របស់​យើង គឺ​ស្ថិតក្នុង​ភាព​ហេងស៊យ​»​។ នេះ​ជាការ​លើកឡើង​របស់​កីឡាករ ចាន់ រតនា​។ 
 
​ការព្យាយាម​ហ្វឹកហាត់​ជាមួយ​ការរៀបចំ​ផែនការ និង​កំណត់​របប​អាហារ​ត្រឹមត្រូវ ក៏​កត្តា​រួមចំណែក​ដ៏​ធំ​ក្នុង​ភាពជោគជ័យ​របស់​កីឡាករ ចាន់ រតនា ផងដែរ​។ រតនា បាន​ចូលប្រឡូក​ក្នុង​វិស័យ​កីឡា​វាយ​ដាក់​ទ្រុង​នៅ​អំឡុង​ឆ្នាំ​២០០៥ និង​ធ្លាប់​ឡើង​សង្វៀន​ប្រកួត​បាន​ចំនួន​១០​លើក ក្នុងនោះ​ឈ្នះ​៧​លើក និង​ចាញ់​៣​លើក​។ 
 
​រូបគេ​ជា​កីឡាករ​កម្ពុជា​តែ​ម្នាក់​គត់ ដែល​បានឈ្នះ​បី​ប្រកួត​ជាប់​គ្នា ហើយ​ត្រូវបាន​ស្ថាប័ន ONE គ្រោង​ដាក់​ឲ្យ​ប្រកួត​ជាមួយ​កីឡាករ​កម្រិត A ជនជាតិ​ជប៉ុន ដែល​គ្រោង​ធ្វើឡើង​នៅ​អំឡុង​ខែមេសា ឆ្នាំ​២០២០ នេះ តែ​ត្រូវបាន​លើក​ពេល​ដោយសារ​ជំងឺ​កូ​វីដ​-១៩​។ បើតាម​កីឡាករ​រូបនេះ រូបគេ​អាច​នឹង​ឡើង​សង្វៀន​ប្រកួត​នៅ​អំឡុង​ខែសីហា ខាងមុខនេះ បើ​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩​មាន​ភាព​ធូរស្បើយ​៕  
 

Tag:
 ប្រដាល់​គុន​ខ្មែរ​
  ចាន់ រតនា​
  MMA
© រក្សាសិទ្ធិដោយ thmeythmey.com