ជាតិ
លោក ឡុង ឌី​ម៉​ង់​៖ អគ្គរាជទូត​គឺជា​«​ភ្នាក់ងារ​ផ្នែក​លក់​»​របស់​ប្រទេសជាតិ​
19, Jun 2020 , 8:29 am        
រូបភាព
លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ (រូបពីហ្វេសប៊ុកលោកផ្ទាល់)
លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ (រូបពីហ្វេសប៊ុកលោកផ្ទាល់)
ដោយ:
​លោក ឡុង ឌី​ម៉​ង់ បានលើកឡើង​ពី​សារសំខាន់​នៃ «​ការទូត​សេដ្ឋកិច្ច​» និង «​ការទូត​វប្បធម៌​» ដែល​ចាំបាច់​សម្រាប់​អ្នកការទូត​បច្ចុប្បន្ន​។ ក្នុង​បទ​សម្ភាស​តាម​ប្រព័ន្ធ​វីដេអូ Zoom ជាមួយ​សារព័ត៌មាន​ថ្មីៗ ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​សាធារណរដ្ឋ​កូរ៉េ បាន​បញ្ជាក់ថា អ្នកការទូត​មិនអាច​ផ្តោត​តែ​រឿង​នយោបាយ​នោះឡើយ ប៉ុន្តែ​ត្រូវ​ដើរតួនាទី​ដូចជា «​ភ្នាក់ងារ​លក់​» (Sale Agent) ស្រូប​ទាញ​វិនិយោគទុន និង​ធ្វើ​ឲ្យ​បរទេស​ស្គាល់​ខ្មែរ​កាន់តែច្រើន​។​

 
​ណែនាំ​អំពី​សក្តានុពល​កសិកម្ម​របស់​កម្ពុជា​ដល់​វិនិយោគិន​កូរ៉េ ឬ​ផ្ទុយទៅវិញ ណែនាំ​វិនិយោគិន​កូរ៉េ​ឱ្យ​ស្គាល់​គោលនយោបាយ និង​បរិយាកាស​វិនិយោគ​របស់​កម្ពុជា គឺជា​អ្វីដែល​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ លោក ឡុង ឌី​ម៉​ង់ បាន​ព្យាយាម​អនុវត្ត​រយៈពេល​៤​ឆ្នាំ​មកហើយ ចាប់តាំងពី​លោក​មកកាន់​តួនាទី​នេះ​។ 
 
​ជា​លំនាំ​ប្រពៃណី អ្នកការទូត​ត្រូវមាន​កិច្ចការ​នយោបាយ ប៉ុន្តែ​ចុងក្រោយ​នេះ ការផ្តោត​លើ​សេដ្ឋកិច្ច និង​វប្បធម៌ បានក្លាយ​ទៅជា​គោលនយោបាយ​ថ្មី​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​របស់​កម្ពុជា ក្នុងការ​លើកស្ទួយ​សេដ្ឋកិច្ច និង​មុខមាត់​ប្រទេសជាតិ​។ 
 
​ថ្លែង​ពី​ការិយាល័យ​របស់លោក​នៅ​ក្នុង​ទីក្រុង​សេ​អ៊ូ​ល តាមរយៈ​ប្រព័ន្ធ Zoom លោកបាន​បញ្ជាក់ថា តួនាទី និង​កាតព្វកិច្ច​ស្នូល​របស់​អ្នកការទូត​បច្ចុប្បន្ន គឺ​ត្រូវ​រក​ការវិនិយោគ​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​។ បន្ថែម​ពីលើ «​ការទូត​សេដ្ឋកិច្ច​» លោក​ឯកអគ្គរាជទូត​ក៏​សង្កត់ធ្ងន់​ពី​សារសំខាន់​នៃ «​ការទូត​វប្បធម៌​» ផងដែរ​។ ប្រធាន​បេសកកម្ម​ការទូត​របស់​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ អះអាង​យ៉ាង​ដូច្នេះ​៖ «​អ្នកការទូត​កម្ពុជា​គឺជា​អ្នក​ភ្នាក់ងារ​លក់​សម្រាប់​កម្ពុ​ជា​។ អ្នកការទូត [​បច្ចុប្បន្ន​] មិនអាច​ធ្វើ​កិច្ចការ​នយោបាយ​តែមួយ​មុខ​ឡើយ​»​។ 
 


​ 

​លោក ឡុង ឌី​ម៉​ង់ ទំនងជា​ចង់​ពន្យល់ថា ប្រធាន​បេសកកម្ម​ការទូត​មួយ គឺជា​អ្នកធ្វើ​បដិសណ្ឋាកិច្ច​ដ៏​ប៉ិនប្រសប់ និង​ជា​មគ្គុទេសក៍​ដ៏​ចំណាន​ដែល​អាច​រៀបរាប់ និង​ពិពណ៌នា​យ៉ាង​ចំណាន​អំពី​ប្រទេស​របស់ខ្លួន​ប្រាប់​ដល់​រដ្ឋាភិបាល ប្រជាជន និង​អ្នកវិនិយោគ​នៃ​ប្រទេស​សាមី​ម្ចាស់ផ្ទះ​។ ជា​ឯកអគ្គរាជទូត គឺ​មិន​ត្រឹមតែ​លក់​ផលិតផល របស់​ប្រទេស​ខ្លួនឯង​ទៅកាន់​ប្រទេស​ម្ចាស់ផ្ទះ​នោះឡើយ ប៉ុន្តែ​ក៏​អាច​លក់​ផលិតផល ឬ​ទាក់ទាញ​ទេសចរ និង​វិនិយោគិន​ពី​ប្រទេស​ដទៃទៀត តាមរយៈ​ជំនួប​ជាមួយ​ប្រធាន​បេសកកម្ម​ទូត​បរទេស​នានា​ទៀតផង​។ 
 
​លោក ឡុង ឌី​ម៉​ង់ បាន​ពន្យល់​យ៉ាង​ជឿជាក់ថា​៖«​នៅក្នុង​ប្រទេស​កូរ៉េ បើ​មាន​អ្នកណា​ចង់​ស្គាល់​អំពី​ប្រទេស​កម្ពុជា គេ​មិនអាច​ស្តាប់​អ្នកណា​ផ្សេង ក្រៅពី​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ប្រទេស​កូរ៉េ​នោះទេ​។ ដូច្នេះ បើសិនជា​យើង មិនមែនជា​អ្នករក​ទីផ្សារ ទាក់ទាញ​វិនិយោគិន​ឱ្យទៅ​បោះទុន​នៅក្នុង​ស្រុក​យើង​ទេ តើ​អ្នកណា​ជា​អ្នកធ្វើ​?»​។​
 
​មិន​ត្រឹមតែ​ធ្វើ​សេដ្ឋកិច្ច​នោះឡើយ ទន្ទឹមគ្នានេះ អតីត​អ្នកនាំពាក្យ​នៃ​សាលា​រាជធានី​ភ្នំពេញ​ដ៏​មាន​វោហា​កោសល្យ​រូបនេះ ក៏​គិតដល់​ការទូត​វប្បធម៌​ដែរ​។ ត្រង់ចំណុច​នេះ កូនច្បង​របស់​អ្នកការទូត​ជើងចាស់ លោក ឡុង វិ​សា​លោ បញ្ជាក់​ដូច្នេះ​ថា​៖«​យើង​ខ្លួនឯង​ហ្នឹងហើយ​ជា​អ្នក​ផ្សព្វផ្សាយ​វប្បធម៌ ប្រពៃណីជាតិ​របស់​យើង​ទៅ​ឲ្យ​គេ​ស្គាល់​»​។ 
 
​លោក ឡុង ឌី​ម៉​ង់ បាន​លើក​ឧទាហរណ៍​ករណី​ប្រទេស​ថៃ ដែល​គេ​ប្រើ «​ការទូត​ម្ហូបអាហារ (food diplomacy)» ហើយ​ដែល​លោក​អះអាងថា រដ្ឋាភិបាល​ថៃ​បាន​ចំណាយ​ហិរញ្ញវត្ថុ​ច្រើនណាស់​លើ​កិច្ចការ​ផ្សព្វផ្សាយ​នេះ​។ លោក​មានប្រសាសន៍ថា​៖«​អ្នកណា​មិន​ស្គាល់ តុង​យ៉ាំ​, Pad Thai, បុកល្ហុង​។ បើ​គេ​និយាយ​អំពី​មុខម្ហូប​៣​មុខ​នេះ គឺ​គេ​ស្គាល់​ប្រទេស​ថៃ​។ នេះ​គឺជា​លទ្ធផល​នៃ​ការធ្វើ​ការទូត​ម្ហូបអាហារ​»​។ 
 
​យោងតាម​ការផ្សព្វផ្សាយ​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ស្ថានទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ ថ្វីដ្បិតតែ លោក​ឯកអគ្គរាជទូត​បាន​ដឹកនាំ និង​ចូលរួម​បង្ហាញ​សិល្បៈ របាំ ម្ហូបអាហារ និង​វប្បធម៌​ខ្មែរ​ញឹកញាប់​ក៏ដោយ ប៉ុន្តែ​តាម​ពិសោធន៍​ផ្ទាល់ខ្លួន សកម្មភាព​ទាំងនេះ​នៅ​ពុំទាន់​គ្រប់គ្រាន់​នៅឡើយ​។ លោក​ទទួលស្គាល់ថា នេះ​គឺ​តួនាទី និង​ភារកិច្ច​ដ៏​ចម្បង​របស់​អ្នកការទូត​ក្នុងការ​ផ្សព្វផ្សាយ​វប្បធម៌ និង​ប្រពៃណី​កម្ពុជា​ឲ្យ​គេ​បាន​ស្គាល់​។​
 


 ទិដ្ឋភាពពេលសម្ភាសពីការិយាល័យសារព័ត៌មានថ្មីៗ នៅភ្នំពេញ

​សូមបញ្ជាក់​ដែរ ក្នុង​កិច្ច​សម្ភាស​ដែល​ឯកអគ្គរាជទូត​កម្ពុជា​អនុញ្ញាត​ផ្ដល់​ឲ្យ​អ្នកសារព័ត៌មាន​ថ្មីៗ ក៏​ទទួល​ចូលរួម​ពី​សំណាក់​និស្សិត​ជំនាញ​ទំនាក់ទំនង​អន្តរជាតិ​មួយក្រុម​មកពី​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ផងដែរ ។ តាមរយៈ​កម្រង​សំណួរ​និង​ចម្លើយ​ជាច្រើន និស្សិត​ឆ្នាំ​ទី​៤​នៃ​ដេ​ប៉ា​តឺ​ម៉​ង់​សិក្សា​អន្តរជាតិ (DIS) ទាំង​៣​នាក់​បាន​អះអាងថា ពួកគេ​បាន​រៀនសូត្រ​ពីបទ​ពិសោធន៍​អាជីព​ការទូត និង​កិច្ចការ​ប្រចាំថ្ងៃ​របស់​ស្ថានទូត​កម្ពុជា​នៅ​សាធារណរដ្ឋ​កូរ៉េ រួមទាំង​សមិទ្ធផល​និង​បញ្ហា​ប្រឈម​ផងដែរ​។ ចំណេះដឹង​និង​ឧ​ត្ត​ម្មា​នុ​វត្ត​ន៍​ទាំងនេះ នឹង​រួមចំណែក​ដល់​វិស័យ​សិក្សាធិការ​ក្នុង​ក្របខណ្ឌ​ទំនាក់ទំនង​អន្តរជាតិ​ក្នុងប្រទេស​កម្ពុជា ដែល​ចង់បាន​អ្នកការទូត​ជំនាន់​ថ្មី​ច្រើន​ទៀត ដើម្បី​ត្រៀម​សមត្ថភាព​ចេញ​ការពារ​ឧ​ត្ត​ម​ប្រយោជន៍​ជាតិ ប្រជាជន និង​រក​ប្រយោជន៍​ជូន​ប្រទេសជាតិ នៅក្រៅ​ប្រទេស​៕ 
 







ទិដ្ឋភាពពេលសម្ភាសជាមួយនិសិ្សតជំនាញទំនាក់ទំនងអន្តរជាតិមួយក្រុមមកពីសកលវិទ្យាល័យភូមិន្ទភ្នំពេញ

Tag:
 ស្ថានទូត​កម្ពុជា​
  ឡុង ឌី​ម៉​ង់​
  ការទូត​សេដ្ឋកិច្ច​
  ការទូត​វប្បធម៌
© រក្សាសិទ្ធិដោយ thmeythmey.com