ជាតិ
លោក មឿ​ន តុលា​៖ បញ្ហា​ក្រពះ អាចធ្វើឱ្យ​ពលរដ្ឋ​ចេញ​តវ៉ា​កាន់តែច្រើន​
18, Jun 2020 , 10:29 pm        
រូបភាព
សកម្មភាពការតវ៉ារបស់កម្មករ (រូបពីទំព័រហ្វេសប៊ុករបស់ សង់ត្រាល់, CFSWF, BWTUC)
សកម្មភាពការតវ៉ារបស់កម្មករ (រូបពីទំព័រហ្វេសប៊ុករបស់ សង់ត្រាល់, CFSWF, BWTUC)
​ភ្នំពេញ​៖ លោក មឿ​ន តុលា នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ហៅ​កាត់​ថា សង់​ត្រា​ល់ (CENTRAL) បង្ហាញ​ការព្រួយបារម្ភ​ពី​ការតវ៉ា​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ បើសិនជា​រដ្ឋាភិបាល​គ្មាន​ដំណោះស្រាយ​ណាមួយ​ឲ្យ​សមស្រប​និង​ទាន់ពេល​វា​លា ដល់ក​ម្មករ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ឬ​ជន​ងាយ​រងគ្រោះ​នោះទេ ។ តែ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អះអាងថា រដ្ឋាភិបាល​នឹង​ព្យាយាម​ដោះស្រាយ​បញ្ហាលំបាក​របស់​ពលរ​ដ្ឋ​។


​ថ្មីៗ​នេះ កម្មករ​ក្នុង​វិស័យ​កម្សាន្ត សំណង់ និង​កាស៊ីណូ មានការ​តវ៉ា​ជា​បន្តបន្ទាប់ ដើម្បី​ឲ្យ​រដ្ឋាភិបាល​ជួយឧបត្ថម្ភ​ដល់​ពួកគេ ដែល​កំពុង​ជួប​បញ្ហា​ជីវភាព​ខ្វះខាត​។ នេះ​បើតាម​អះអាង​របស់លោក មឿ​ន តុលា សង្កត់ធ្ងន់ថា ចំណាត់ការ​របស់​រដ្ឋា​ភិ​បាល​កន្លងមក មិនសូវមាន​ប្រសិទ្ធភាព​ឡើយ ក្នុង​ការជួយ​ដល់​ជន​ងាយ​រងគ្រោះ​ក្នុងអំឡុងពេល​រីក​រាលដាល​កូ​វីដ​-១៩​នេះ​។ 
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក មឿ​ន តុលា លើកឡើងថា កូ​វីដ​-១៩ ជា​វិបត្តិ​សកល បាន​ប៉ះពាល់​ដល់​មនុស្ស​គ្រប់គ្នា​។ ប៉ុន្តែ​លោក​សង្កេតឃើញថា អ្នក​ឆាប់​ទទួលរង​ហានិភ័យ​ជា​គេ គឺ​អ្នកមាន​ចំណូល​ទាប ដែល​បណ្ដាល​ឲ្យ​ពួកគាត់​ធា្ល​ក់​ទៅ​ក្រោម​បន្ទាត់​ក្រីក្រ​។ លោក មឿ​ន តុលា សង្កត់ធ្ងន់ថា ពលរដ្ឋ​នៅ​ខាង​វិស័យ​ផ្សេងៗ​កាន់តែច្រើន នឹង​អាច​ចេញ​តវ៉ា​និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​ជីវភាព​ពួកគេ​។ 
 
​នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស​រូបនេះ បាន​បញ្ជាក់ថា​៖ «​បើសិន​គ្មាន​ការឆ្លើយតប​ឲ្យ​ច្បាស់លាស់​ឬ​ត្រឹមត្រូវ​ពី​ខាង​រដ្ឋ​ទេ វា​ធ្វើ​ឲ្យ​អ្នក​ដែរ​ទទួលរង​គ្រោះ រង​ផលប៉ះពាល់​ទាំងអស់​ហ្នឹង គឺ​ចង់​ឬ​មិន​ចង់ ត្រូវតែ​សំណូមពរ​ឬ​លើក​ជា​សំណើរ​ទៅដល់​រដ្ឋ​ហើយ​។ ព្រោះ​ស្ថានភាព​ចំណូល​គាត់​បង់ពន្ធ​ចូល​រដ្ឋ​ដែរ អ្វី​ដែរ​ខ្ញុំ​បារម្ភ​ខ្ញុំ​បារម្ភ​ខ្លាច នឹង​អាចមាន​ការតវ៉ា​និង​ការទាមទារ​ពី​ខាង​វិស័យ​ផ្សេងៗ​ទៀត ក្រៅពី​វិស័យ​ប៉ុន្មាន ដែល​បានដាក់​ញត្តិ​ទាមទារ​ទៅ​ក្រសួង​កន្លងមក​»​។ 
 
​លោក មាស សុខ​សេន​សាន អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ឆ្លើយតប​ថា រដ្ឋាភិបាល​បាន​ខិតខំ​ជួយ​ដោះស្រាយ​បញ្ហា​ពលរដ្ឋ ជាពិសេស​ជន​ងាយ​រងគ្រោះ ដោយផ្ទាល់​និង​បន្ទាន់​ជា​បណ្ដើរៗ​ហើយ ទោះ​វា​មិនទាន់​ល្អ​១០០​ភាគរយ​ក្តី​។​
 
«​យើង​បានធ្វើ​ហើយ ដូចជា​បុគ្គលិក​កម្មករ ដែល​គាត់​បានទទួល​ផល​ពី​ការដោះស្រាយ គឺ​គាត់​បានទទួល​បណ្ដើរៗ​ហើយ នូវ​ប្រាក់បៀវត្ស​មួយផ្នែក​ជាមួយនិង​និយោជក ដែល​គាត់​ត្រូវមាន​កាតព្វកិច្ច​ត្រូវ​ជួយ​ដែរ​ហ្នឹង គឺ​យើង​បានធ្វើ​ហើយ​។ ឥឡូវ​ចុងខែ​នេះ​ទៀត រាជរដ្ឋាភិបាល​នឹង​ជួយ​ប្រជាជន​ក្រក្រី​ដែល​យើង​បាន​ស្រង់​ស្ថិតិ​មកហើយ​នេះ​»​។ នេះ​បើតាម​ការលើកឡើង​រប​ស់​អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច​។ 
 
​លោក មឿ​ន តុលា ក៏​មើលឃើញថា រដ្ឋាភិបាល​ក៏បាន​ប្រឹងប្រែង​ដែរ ក្នុង​ការជួយ​ដល់​អ្នក​បាត់បង់​ការងារ ,​ការ​ទប់​មិន​ឲ្យ​តម្លៃ​សាំង​ឡើង​ខ្ពស់ និង​ការបន្ធូរបន្ថយ​មួយចំនួន​ដល់​វិស័យ​ដែល​រងគ្រោះ​ក្នុងអំឡុងពេល​កូ​វីដ​-១៩​។ ប៉ុន្តែ​ការប្រឹងប្រែង​នេះ វា​មិនទាន់​គ្រប់គ្រាន់​នៅឡើយ​។​
 
​ជាក់ស្ដែង​ក្រុមកម្មករ​សេវាកម្ម​កម្សាន្ត​ប្រមាណ​៣០​នាក់ ,​កម្មករសំណង់​នៅ​ខណ្ឌទួលគោក និង​ឫស្សីកែវ​៧០​នាក់​(​តវ៉ា​រឿង​ថៅកែ​មិន​បើកប្រាក់​)​និង​បុគ្គលិក​ណាហ្គា វើ​លដ៍ (Naga World)​ជាង​២​ពាន់​នាក់ ក្នុងចំណោម​បុគ្គលិក​សរុប​នៃ​ផ្នែក​កាស៊ីណូ​ប្រមាណ​៣​ពាន់​នាក់ ចាប់តាំងពី​ថ្ងៃទី​១០ ដល់​១៧ មិថុនា​មក បាន​តវ៉ា និង​ដាក់​ញ្ញ​តិ​ទៅ​រដ្ឋាភិបាល ឱ្យជួយ​អន្តរាគមន៍​ឧបត្ថម្ភ​ថវិកា និង​បញ្ចុះ​ថ្លៃ​ផ្ទះជួល និង​ទឹក​ភ្លើង​ជាដើម ។​
 
​បើតាម​លិខិត​ឆ្លើយតប​របស់​រដ្ឋ​ម​ន្រី្ត​ក្រសួង​ការងារ លោក អ៊ិត សំហេង កាលពី​ថ្ងៃទី​១៥ មិថុនា បានលើកឡើង​ពី​គោលការណ៍​របស់​រដ្ឋាភិបាល ក្នុង​ការជួយ​ដល់​ពលរដ្ឋ​ក្រីក្រ តាម​កម្មវិធី​ជំនួយ​សង្គម និង​ជំរុញ​កំណើនសេដ្ឋកិច្ច​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​។ បើតាម​លោក អ៊ិត សំហេង កម្មវិធី​ជំនួយ​សង្គម​នេះ មាន​កញ្ចប់​ជំនួយ «​កម្មវិធី​សាច់ប្រាក់​ពលកម្ម​» ដែលមាន​ទំហំ​ថវិកា​១០០​លាន​ដុល្លារ ដើម្បី​បង្កើត​សមិទ្ធផល​សង្គម​-​សេដ្ឋកិច្ច តាមរយៈ​ការអនុវត្ត​គម្រោង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​តូចៗ​នៅតាម​មូលដ្ឋាន​។ បន្ថែម​ពីនេះ រដ្ឋាភិបាល​កំពុង​គិតគូរ​កម្មវិធី​ជំនួយ​សង្គម​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​គ្រួសារ​ក្រីក្រ និង​រងគ្រោះ​ដោយ​ជំងឺ​កូ​វីដ​-១៩​។​
 
​តែ​យ៉ាងណា​លោក មឿ​ន តុលា យល់ឃើញថា ការឆ្លើយតប​របស់​ក្រសួង​ការងារ ហាក់ដូចជា​មិនមាន​ភាពច្បាស់លាស់ ដែល​ធ្វើឱ្យ​ក្រុម​អ្នក​ទាមទារ មិនអាច​ស្ងប់ចិត្ត​ឡើយ ។ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស​រូបនេះ បង្ហាញ​ក្តី​ព្រួយបារម្ភ​ថា​៖ «​កាលណា​ផលប៉ះពាល់​កាន់តែ​អូសបន្លាយ​ទៅៗ មនុស្ស​មាន​បញ្ហា​រឿង​ក្រពះ​នេះឯង បើ​មាន​បញ្ហា​ក្រពះ​ហើយ ចង់​មិន​ចង់ អត់​ចាំបាច់​អ្នកណា​និយាយ​អី​ទេ ត្រូវតែ​រក​មធ្យោបាយ​។ ឥឡូវ​យើង​មើលឃើញ​សម្រាប់​ហើយ​ពលករ​ដែល​ត្រឡប់​មកពី​ថៃ​កន្លងមក ក៏មាន​អ្នក​ព្យាយាម​ឆ្លងដែន​ដោយ​ខុសច្បាប់​ទៅ​ថៃ ហើយ​ថៃ​ក៏​ខំ​បិទ​។ អ៊ីចឹង​វា​អត់​មាន​ជម្រើស ដូច្នេះហើយ​វា​ធ្វើ​ឲ្យ​ខ្ញុំ​បារម្ភ អាច​នឹងមាន​ការតវ៉ា​ជា​ទ្រង់ទ្រាយ​ធំ ដើម្បី​ឲ្យ​រដ្ឋាភិបាល​លោក​មាន​យន្ត​ការណ៍​ច្បាស់លាស់ ក្នុង​ការជួយ​ឧ​ប​ត្ត​ម្ភ​ដល់​ពួកគាត់​»​។  
 
​រដ្ឋាភិបាល​គួរតែ​កាត់បន្ថយ​ការចំណាយ​របស់​ពលរ​ដ្ឋ ដូចជា​ទឹក ភ្លើង​, ពន្យា​ពេល​សងបំណុល​ធនាគារ និង​ឧបត្ថម្ភ​ថវិកា​មួយចំនួន​ដល់​អ្នកគ្មានការងារ​ធ្វើ​។  លើសពីនេះ រដ្ឋាភិបាល​គួរតែ​ចេញ​កញ្ចប់​ថវិកា​ជួយ​ដល់​វិស័យ​អាជីវកម្ម​ខ្នាតតូច​និង​ម​ធ្យោ​ម ដើម្បី​ឲ្យ​អាជីវកម្ម​បន្តទៅ​មុខ​បាន ដោយសារ​អ្នកធ្វើអាជីវកម្ម​ប្រភេទ​នេះ មាន​ដើម​ទន់​និង​ប្រភព​ចំណូល​តិចតួច​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក មឿ​ន តុលា​៕
 
 

Tag:
 ជន​ងាយ​រងគ្រោះ​
  ការតវ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com