អន្តរជាតិ
លោក ប៉ុ​ម​ប៉េ​អូ ពន្លះ​អតីត​សហការី ប៊ូល​តុ​ន ដែល​ត្រៀម​ចេញ​សៀវភៅ​បើកក​កាយ​ផ្ទៃក្នុង​រដ្ឋបាល​លោក ត្រាំ
19, Jun 2020 , 9:44 am        
រូបភាព
រដ្ឋមន្រ្តីការបរទេសអាមេរិក ម៉ៃ ប៉ុមប៉េអូ និងអតីតទីប្រឹក្សាសន្តិសុខជាតិ ចន ប៊ូលតុន ។ រូបភាព AFP
រដ្ឋមន្រ្តីការបរទេសអាមេរិក ម៉ៃ ប៉ុមប៉េអូ និងអតីតទីប្រឹក្សាសន្តិសុខជាតិ ចន ប៊ូលតុន ។ រូបភាព AFP
​រដ្ឋមន្ត្រីការបរទេស​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ នៅ​ថ្ងៃទី​១៨ ខែមិថុនា បាន​រិះគន់​ខ្លាំងៗ​លើ​អតីត​សហការី​របស់លោក គឺ​អតីត​ទីប្រឹក្សា​សន្តិសុខ​ជាតិ ច​ន ប៊ូល​តុ​ន ដែល​និយាយ​ហែកកេរ្តិ៍​លោក​ក្នុង​សៀវភៅ​មួយ​ដែល​ចេញផ្សាយ​នៅ​សប្ដាហ៍​ក្រោយ​។ លោក ប៉ុ​ម​ប៉េ​អូ បាន​ហៅ​លោក ប៊ូល​តុ​ន ជា​មនុស្ស​កុហក និង​ជា​ជន​ក្បត់​ផងដែរ​។ រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ កំពុង​ព្យាយាម​រក​ផ្លូវ​ដើម្បី​ទប់ស្កាត់​ចេញផ្សាយ​សៀវភៅ​របស់លោក ប៊ូល​តុ​ន ។​

 
​សៀវភៅ «The Room Where It Happened» របស់លោក ច​ន ប៊ូល​តុ​ន អតីត​ប្រឹក្សា​សន្តិសុខ​ជាតិ​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ កំពុង​ធ្វើ​ឲ្យ​រញ្ជួយ​រដ្ឋបាល​ផ្ទៃក្នុង​រដ្ឋាភិបាល​អាមេរិក​។ រដ្ឋមន្ត្រីការបរទេស​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ ក៏បាន​ប្រតិកម្ម​ខ្លាំងៗ​ដាក់​អតីត​សហការី​របស់ខ្លួន​ផងដែរ​។ 
 
​ក្នុង​សេចក្ដីថ្លែងការណ៍​ថ្ងៃទី​១៨ ខែមិថុនា លោក ប៉ុ​ម​ប៉េ​អូ និយាយថា លោក ប៊ូល​តុ​ន កំពុង​ពង្រាយ​រឿង​កុហក​ជាច្រើន បង្វិល​ការពិត ហើយ​ធ្វើ​ឲ្យ​រឿង​មិនត្រូវ​ក្លាយជា​រឿង​ត្រូវ​វិញ​។ លោក​បន្ថែមថា​៖ «​ជា​រឿង​សោកស្ដាយ​ផង និង​គ្រោះថ្នាក់​ផង​ដែល​ការបង្ហាញ​វត្តមាន​ចុងក្រោយ​របស់លោក ប៊ូល​តុ​ន គឺជា​ជន​ក្ប​តម្នាក់​ដែល​បំផ្លាញ​អាមេរិក​តាមរយៈ​ការបំពាន​សេចក្ដីទុកចិត្ត​របស់​ប្រជាជន​។ សម្រាប់​មិត្តភក្តិ​ជុំវិញ​ពិភពលោក គ្រប់គ្នា​ដឹងថា លោក​ជា​កម្លាំង​នៃ​ភាពត្រឹមត្រូវ​។​»
 
​ប្រមុខ​ការទូត​រូបនេះ មិនទាន់បាន​អាន​សៀវភៅ​ដែល​រដ្ឋបាល​លោក ត្រាំ រក​ផ្លូវ​ដើម្បី​ទប់ស្កាត់​ពី​ការចេញផ្សាយ​នៅឡើយ​ទេ​។​
 
​យ៉ាងណាមិញ អ្វីដែល​ធ្វើ​ឲ្យ​លោក ប៉ុ​ម​ប៉េ​អូ ខឹង​ខ្លាំង​នោះ ទំនងជា​ចំណុច​ដែល​លោក ប៊ូល​តុ​ន សរសេរថា លោក ប៉ុ​ម​ប៉េ​អូ ដែលជា​មនុស្ស​ជំនិត​ម្នាក់​របស់លោក ត្រាំ និង​មិនដែល​និយាយ​អាក្រក់​អ្វី​ចំពោះមុខ​មេ​កើយ​របស់ខ្លួន ធ្លាប់​និយាយ​មិនល្អ​ក្រោយខ្នង​លោក ត្រាំ ។ កាសែត​អាមេរិក The New York Times ផ្សាយ​ដោយ​ស្រង់​ផ្នែក​នៃ​សៀវភៅ​ថា លោក ប៊ូល​តុ​ន បានទទួល​កំណត់ត្រា​មួយ​ពី​លោក ប៉ុ​ម​ប៉េ​អូ អំឡុងពេល​ជំនួប​រវាង​លោក ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង​នៅ​សិង្ហ​បុរី ដែល​សរសេរថា លោក ត្រាំ ពោរពេញ​ដោយ​គំនិត​ស្មោកគ្រោក (He is so full of shit)​។ 
 
​លោក ប៉ុ​ម​ប៉េ​អូ គឺជា​មន្ត្រី​ម្នាក់​ដែលមាន​តួនាទី​សំខាន់​ក្នុង​ការរៀបចំ​ជំនួប​មេដឹកនាំ​អាមេរិក និង​កូរ៉េខាងជើង​។ លោក​ធ្វើដំណើរ​បួន​ដង​ទៅកាន់​ទីក្រុង​ព្យុងយ៉ាង​ដើម្បី​ចរចា​ជាមួយ​កូរ៉េខាងជើង​ក្នុង​ឆ្នាំ​២០១៨ ដែល​បាន​បើកផ្លូវ​ដល់​ទំនាក់ទំនង​ល្អប្រសើរ​រវាង​អតីត​សត្រូវ​ទាំងពីរ​។ ប៉ុន្តែ​លោក ប៊ូល​តុ​ន បញ្ជាក់​ក្នុង​សៀវភៅ​របស់ខ្លួន​ថា មួយខែ​ក្រោយ​ជំនួប​នៅ​សិង្ហ​បុរី លោក ប៉ុ​ម​ប៉េ​អូ សារភាពថា លទ្ធភាព​ជោគជ័យ​ជាមួយ​កូរ៉េខាងជើង គឺ​សូន្យ​៕
 
 

Tag:
 អាមេរិក​
  ម៉ៃ ប៉ុ​ម​ប៉េ​អូ​
  ច​ន ប៊ូល​តុ​ន​
© រក្សាសិទ្ធិដោយ thmeythmey.com