ចិន ដោះលែង​ទាហាន​ឥណ្ឌា​ចំនួន​១០ បន្ទាប់ពី​មាន​កិច្ចចរចា​យោធា​
សង្គមអន្តរជាតិ​
អន្តរជាតិ
ចិន ដោះលែង​ទាហាន​ឥណ្ឌា​ចំនួន​១០ បន្ទាប់ពី​មាន​កិច្ចចរចា​យោធា​
19, Jun 2020 , 11:01 am        
រូបភាព
កងកម្លាំងសន្តិសុខតាមព្រំដែនរបស់ឥណ្ឌា កំពុងប្រចាំនៅលើផ្លូវ ដែលឆ្ពោះទៅតំបន់ Ladakh នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០។ រូបភាព៖ Reuters
កងកម្លាំងសន្តិសុខតាមព្រំដែនរបស់ឥណ្ឌា កំពុងប្រចាំនៅលើផ្លូវ ដែលឆ្ពោះទៅតំបន់ Ladakh នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០។ រូបភាព៖ Reuters
​ទាហាន​ឥណ្ឌា​ចំនួន ១០​នាក់ ដែល​ត្រូវបាន​ចិន​ចាប់ខ្លួន ក្នុងអំឡុងពេល​ប៉ះទង្គិច​គ្នា​នៅ​ជ្រលង Galwan នៃ​ព្រំដែន​ចិន​និង​ឥណ្ឌា​ក្នុងពេល​កន្លងទៅ ត្រូវបាន​ចិន​ដោះលែង​វិញ​ហើយ​។ ការដោះលែង​នេះ ធ្វើឡើង​បន្ទាប់ពី​ជំនួប​ចរចា​យោធា​របស់​ទីក្រុង​ញូវដែលី​និង​ទីក្រុង​ប៉េកាំង​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន  Press Trust of India នៅ​ថ្ងៃទី​១៩ ខែមិថុនា​។


 
​បន្ទាប់ពី​មាន​កិច្ចចរចា​យោធា​ទ្វេភាគី​រវាង​ចិន និង​ឥណ្ឌា​ជា​ច្រើនដង​ក្រោយ​ការប៉ះទង្គិច​នៅ​ថ្ងៃទី​១៥ ខែមិថុនា ទាហាន​ឥណ្ឌា​ចំនួន ១០​នាក់ ត្រូវបាន​ភាគី​ចិន​ដោះលែង​វិញ​នៅ​ថ្ងៃទី​១៨ ខែមិថុនា​។ យ៉ាងណាក៏ដោយ មាន​មិនបាន​រាយការណ៍​ថា តើ​ទាហាន​ឥណ្ឌា ប៉ុន្មាន​នាក់​ត្រូវបាន​ចិន​ចាប់ខ្លួន ក្នុងអំឡុងពេល​ប៉ះ​ប៉ះទង្គិច​នៅ​ជ្រលង Galwan ដែលជា​ចំណុច​ប្រទាញប្រទង់​តាម​ព្រំដែន​ឥណ្ឌា​-​ចិន​។ 
 
​ទាក់ទិន​នឹង​បញ្ហា​នេះ រដ្ឋាភិបាល​ឥណ្ឌា មិនបាន​និយាយ​អ្វី​ឡើយ ប៉ុន្តែ​យោធា​ឥណ្ឌា បានចេញ​សេចក្តីថ្លែងការណ៍​មួយ ដោយ​អះអាងថា គ្មាន​ឡើយ​ការបាត់​ខ្លួន​របស់​ទាហាន​ឥណ្ឌា ក្នុងការ​ប្រវាយប្រតប់​ជាមួយនឹង​ចិន នៅ​ជ្រលង Galwan នេះ​ទេ​។ 
 
​ការប៉ះទង្គិច​គ្នា​មួយ​ប្រាវ ទាហាន​ឥណ្ឌា​យ៉ាងហោចណាស់ ២០​នាក់ បាន​បាត់​បង់ជីវិត ចំណែក​ចិន​វិញ នៅតែ​មិន​បញ្ចេញ​តួលេខ​ទាហាន​ស្លាប់​របស់ខ្លួន​។ បន្ថែម​ពីលើ​នេះ ទាហាន​ឥណ្ឌា​ចំនួន ១៨​នាក់ ត្រូវបាន​រាយការណ៍​ថា កំពុងមាន​របួសធ្ងន់ និង​កំពុង​សម្រាក​ព្យាបាល​។ បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន Press Trust of India ការប៉ះទង្គិច​គ្នា​រវាង​ទាហាន​ចិន និង​ឥណ្ឌា នៅតាម​ព្រំដែន​នេះ មិន​ត្រឹមតែ​ប្រវាយប្រតប់​គ្នា​រវាង​ដៃ និង​ដៃ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នៅមាន​ដំបង​ដែកគោល និង​ដុំថ្ម​ផងដែរ​។ 
 
​ហេតុការណ៍​តាម​ព្រំដែន​នេះ ជនជាតិ​ឥណ្ឌា កំពុងមាន​កំហឹង​ជាមួយ​ចិន​យ៉ាងខ្លាំង​។ ប្រជាជន​ឥណ្ឌា​ខ្លះ បានធ្វើ​ពហិកា​ប្រើប្រាស់​ទំនិញ​របស់​ចិន ប្រជាជន​មួយចំនួនទៀត បាន​ដុត​ទង់ជាតិ​ចិន និង​រូប​ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ភីង ។ បន្ថែម​ពីលើ​នេះ ក្នុង​ពិធី​បុណ្យសព​របស់​ទាហាន​ឥណ្ឌា​ដែល​បាន​ស្លាប់​នៅ​ព្រំដែន​នេះ មាន​ជនជាតិ​ឥណ្ឌា​ជាច្រើន បាន​ទៅ​ចូលរួម​។ 
 
​សូមបញ្ជាក់ថា ជម្លោះ​រវាង​ចិន និង​ឥណ្ឌា​នៅតាម​ព្រំដែន ទំនងជា​បណ្តាលមកពី​បញ្ហា​ឥណ្ឌា​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ និង​ផ្លូវ នៅលើ​ជ្រលង Galwan ដែលជា​ទីតាំង​ជម្លោះ​មិន​ដាច់ស្រេច​។ បន្ទាប់ពី​ប៉ះទង្គិច​គ្នា ចិន និង​ឥណ្ឌា បាន​ចោទ​គ្នា​ទៅវិញទៅមក ថា​ជា​អ្នក​បង្ករឿង​៕ 

Tag:
 ឥណ្ឌា​-​ចិន
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម