មេទ័ពជើងគោក៖«សូមមើលកងប្រដាប់អាវុធ ក្នុងផ្លូវល្អខ្លះផង»
ជាតិ
សង្គមជាតិ
មេទ័ពជើងគោក៖«សូមមើលកងប្រដាប់អាវុធ ក្នុងផ្លូវល្អខ្លះផង»
19, Jun 2020 , 1:02 pm        
រូបភាព
លោក ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីប្រគល់រថយន្តយោធាទាំង២៩០គ្រឿងទៅឲ្យកងយោធពលខេមរភូមិន្ទ និងអគ្គស្នងការនគរបាលជាតិ នៅពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០
លោក ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីប្រគល់រថយន្តយោធាទាំង២៩០គ្រឿងទៅឲ្យកងយោធពលខេមរភូមិន្ទ និងអគ្គស្នងការនគរបាលជាតិ នៅពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០
ដោយ: ថ្មីៗ
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក ប្រើពេលជិតកន្លះម៉ោង ដើម្បីបកស្រាយឲ្យចប់សព្វគ្រប់ ពីរឿងទិញរថយន្តយោធា២៩០គ្រឿងពីក្រុមហ៊ុននៅប្រទេសចិន។ លោក សង្កេតឃើញថា ការទិញរថយន្តនេះ ទទួលបានការសាទរផង និងការរិះគន់ផង។



លោក ហ៊ុន ម៉ាណែត ដែលមានឋានៈជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទផងនោះ ហាក់ហួសចិត្ត ចំពោះមនុស្សមួយចំនួន ជាពិសេសអ្នកវិភាគនិងអ្នកមិនគាំទ្ររដ្ឋាភិបាល ដែលតែងតែមើលមកកងកម្លាំងប្រដាប់អាវុធក្នុងផ្លូវអាក្រក់ រហូតគ្រាន់តែកងកម្លាំងប្រដាប់អាវុធ ទិញរថយន្តថ្មី សម្រាប់បម្រើផលប្រយោជន៍ជូនប្រទេសជាតិនិងប្រជាជន ក៏ពួកគេ ទើសដែរ។

លោក បង្ហាញការងឿងឆ្ងល់ថា ហេតុអ្វីបានជាអ្នកខ្លះ សរសើរប្រទេសផ្សេង ដែលចាយលុយរាប់លានដុល្លារ បំពាក់អាវុធ និង ប្រើយន្តហោះទំនើបៗ ក្នុងវិស័យកងកម្លាំងប្រដាប់អាវុធ តែបែរជាមកវាយប្រហារកងកម្លាំងប្រដាប់អាវុធកម្ពុជា ដោយគ្រាន់តែមានរថយន្តថ្មីជិះ។ លោក ប្រាប់អ្នករិះគន់និងអ្នកវិភាគទាំងនោះថា គួរតែមានទស្សនៈជាតិនិយមខ្លះ។

ធ្វើជាអធិបតីក្នុងពិធីប្រគល់រថយន្តយោធាទាំង២៩០គ្រឿងទៅឲ្យកងយោធពលខេមរភូមិន្ទ និងអគ្គស្នងការនគរបាលជាតិ នៅពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ កូនប្រុសច្បងរបស់នាយករដ្ឋមន្រ្តីកម្ពុជារូបនេះ សំដៅទៅកាន់អ្នកវិភាគនិងអ្នករិះគន់ថា មិនគួរមើលមកកងកម្លាំងប្រដាប់អាវុធ «ក្នុងផ្លូវងងឹតពេក» នោះទេ។ លោក មានប្រសាសន៍ដូច្នេះថា៖«ខ្ញុំសូមបញ្ជូនសារ សូមឲ្យមើលកងប្រដាប់អាវុធ កងនគរបាលជាតិ កងទ័ព កងរាជអាវុធហត្ថ ក្នុងផ្លូវល្អខ្លះផង»។

លោក អត្ថាធិប្បាយថា រថយន្តទាំងអស់នោះ មិនមែនជារថយន្ត៥៧០ ឬជារថយន្តទំនើបប្រភេទផ្សេងទៀត សម្រាប់ឲ្យកងកម្លាំងប្រដាប់អាវុធជិះហ៊‌ឺហាឡើយ តែជារថយន្តសម្រាប់ដឹកជញ្ជូនកងកម្លាំងប្រដាប់អាវុធ និង សម្រាប់ជួយប្រជាពលរដ្ឋ ក្នុងភាពចាំបាច់ ដូចជា ជួបគ្រោះទឹកជំនន់ជាដើម។

ជាមួយគ្នានេះ លោក បានចំអកនិងរិះគន់ត្រឡប់ទៅវិញ ចំពោះអ្នកវិភាគថា មិនបានដឹងរឿងពិត ក្នុងការទិញរថយន្ត។ លោក ប្រាប់ពួកគេឲ្យដឹងថា ថវិកា ដែលទិញរថយន្តទាំងនោះ គឺជាការបរិច្ចាគរបស់សប្បុរសជន តាមការអំពាវនាវរបស់ប្រមុខរដ្ឋាភិបាល ដោយមិនបានប៉ះពាល់ថវិកាជាតិសូម្បីតែមួយរយរៀល។

លោក ក៏បានបំភ្លឺដែរ ចំពោះមន្ទិលសង្ស័យថា យកថវិកា ដែលសប្បុរសជនបរិច្ចាគ សម្រាប់ដោះស្រាយបញ្ហាកូវីដ-១៩ ទៅទិញរថយន្ត។ លោក អះអាងថា ថវិកា ដែលសប្បុរសជន បរិច្ចាគ សម្រាប់ទិញរថយន្ត មិនពាក់ព័ន្ធសោះឡើយ ទៅនឹងថវិកា ដែលសប្បុរសជន បរិច្ចាគ សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ លោក បន្តថា រថយន្តទាំងនោះ ត្រូវបានបញ្ជាទិញពីក្រុមហ៊ុនចិន តាំងពីពាក់កណ្តាលឆ្នាំ២០១៩មកម្ល៉េះ ពោលគឺមុនកន្លះឆ្នាំឯណោះ នៃការផ្ទុះជំងឺកូវីដ-១៩។

ចំណែក ការនិយាយរបស់អ្នកវិភាគនិងរិះគន់ថា រថយន្តទាំងនោះ គឺជាជំនួយរបស់ចិន ក៏លោក បានបំភ្លឺដែរ។ លោក តបថា បើជាជំនួយរបស់ចិនពិតមែន គឺមិនអាចលាក់បាំងបានឡើយ ហើយក៏គ្មានភាពចាំបាច់អ្វី ដែលត្រូវលាក់បាំងឬភូតកុហកថាមិនមែនដែរ។

ម្យ៉ាងទៀត បើជាជំនួយរបស់ចិន ហើយភាគីកម្ពុជា បែរជាប្រកាសថា ជារបស់ខ្លួនឯង ភាគីចិន ប្រាកដជាមិនយល់ព្រម ហើយលើកក្រោយ ភាគីចិន ប្រហែលជាលែងផ្តល់ជំនួយទៀតហើយ។ នេះជាហេតុផលបន្ថែមរបស់លោក។

លោក ជូនសារទៅអ្នកវិភាគបែបនេះថា៖«ស្តាប់ទៅ ពិចារណាទៅ ហ្នឹងហើយជាការពិត យើងគ្មានទៅលាក់ស្តីទេ»។

ជាមួយគ្នានេះ លោក បានពន្យល់ហេតុផល ទៅនឹងការទិតៀនថា ខណៈប្រទេសជាតិ កំពុងលំបាក ដោយសារជំងឺកូវីដ-១៩ បែរជាចំណាយថវិកា ទៅទិញរថយន្តទៅវិញ។ ហេតុផលរបស់លោក គឺ ថវិកា បានកក់ឲ្យក្រុមហ៊ុន តាំងពីពាក់កណ្តាលឆ្នាំ២០១៩ ហើយក្រុមហ៊ុន ក៏ចាប់ផ្តើមផលិតរថយន្ត ដូច្នេះ មិនអាចដកថវិកានោះវិញឡើយ។

លោក បញ្ជាក់ថា៖«បើយើងលុបបាន យើងលុបហើយ តែគេ មិនលុបទេ កក់ហើយ ចាំតែឲ្យវិញតើ»។

មិនត្រឹមតែបរិយាយពីរឿងទិញរថយន្តនោះទេ លោកមេបញ្ជាការកងទ័ពជើងគោក ថែមទាំងបានរំលេចពីគុណសម្បត្តិនានារបស់កងកម្លាំងប្រដាប់អាវុធ។ លោក ថ្លែងថា ក្នុងអំឡុងវិបត្តិជំងឺកូវីដ-១៩នេះ កងកម្លាំងប្រដាប់អាវុធ មិនត្រឹមតែមិនបានបំផ្លាញថវិកាជាតិទេ តែថែមទាំងបានចូលរួមថវិកា ក៏ដូចជាកាត់បៀវត្សរបស់ខ្លួន ចូលទៅក្នុងមូលនិធិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ទៀត។

បន្ថែមពីនេះ លោក បានរៀបរាប់ពីការលះបង់របស់កងកម្លាំងដាប់អាវុធ ក្នុងការការពារទឹកដី នៅពេលមានការឈ្លានពាន រួមទាំងការពារសន្តិសុខក្នុងផ្ទៃប្រទេស ដូចជា បង្រ្កាបចោរលួច-ចោរប្លន់ និង ជួយសង្គ្រោះប្រជាជន ដែលជួបគ្រោះអាសន្ន ដូចជា ទឹកជំនន់និងអគ្គិភ័យ ជាដើម។

ក្នុងសុន្ទរកថាជិតកន្លះម៉ោងនោះ លោកអគ្គមេបញ្ជាការង ក៏មានការផ្តាំផ្ញើទៅអ្នកវិភាគដែរថា គួរវិភាគ ដោយផ្អែកលើមូលដ្ឋានច្បាស់លាស់ ហើយបើមិនដឹង កុំតាំងខ្លួនជាអ្នកដឹង៕

Tag:
 ហ៊ុន ម៉ាណែត
  រថយន្តយោធា
© រក្សាសិទ្ធិដោយ thmeythmey.com