លោក សុខ ទូច​៖ ជាតិ​រីកចម្រើន គឺ​ត្រូវការ​អ្នកជំនាញ​ច្រើន ខណៈ​បណ្ឌិត​ខ្លះ ប៉ិន​តែ​ទ្រឹស្តី​ទេ​
ជាតិ
សង្គមជាតិ
លោក សុខ ទូច​៖ ជាតិ​រីកចម្រើន គឺ​ត្រូវការ​អ្នកជំនាញ​ច្រើន ខណៈ​បណ្ឌិត​ខ្លះ ប៉ិន​តែ​ទ្រឹស្តី​ទេ​
19, Jun 2020 , 4:01 pm        
រូបភាព
​ភ្នំពេញ​៖ ប្រទេសជាតិ​រីកចម្រើន គឺ​ត្រូវការ​អ្នកជំនាញ​ច្រើនជាង​បណ្ឌិត​។ នេះ​ជាការ​បញ្ជាក់​របស់លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភា ក្នុង​កិច្ចពិភាក្សា​តុមូល​ក្រោម​ប្រធានបទ​«​តើ​កម្ពុជា​ត្រៀមខ្លួន​អ្វីខ្លះ ដើម្បី​ស្ដារ​សេដ្ឋកិច្ច​ក្រោយ​កូ​វីដ​-១៩​បញ្ចប់​» នៅ​ថ្ងៃទី​១៩ មិថុនា​។​


​លោក សុខ ទូច បាន​បញ្ជាក់ថា ជាតិ​អភិវឌ្ឍន៍​ទៅបាន​លុះត្រា​តែមាន​អ្នកជំនាញ​ច្រើន​លើ​គ្រប់​វិស័យ ដើម្បី​ឆ្លើយតប​ឱ្យទាន់​សភាពការណ៍​ជាក់ស្ដែង​នៅក្នុង​សង្គម​។ បើតាម​លោក សុខ ទូច ការអភិវឌ្ឍ​ប្រទេស​មិនមែន​ចាំ​ទាល់តែ​ជា​បណ្ឌិត​ទេ ខណៈដែល​បណ្ឌិត​ខ្លះ ពូកែ​ទ្រឹស្តី​ប៉ុណ្ណោះ​។​
 
​សូម​ស្ដាប់​សំឡេង​លោក សុខ ទូច​៖




 
​ប្រធាន​រាជបណ្ឌិត្យសភា​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ថ្នាក់​ទី​១២ មិនមែន​មានន័យថា មាន​ជំនាញ​ទេ ហើយ​រៀន​បណ្ឌិត​ក៏​មិន​ប្រាកដថា ខ្លួន​អស្ចារ្យ​ដែរ​។ ស្រុក​ដែល​រីកចម្រើន គឺ​ស្រុក​ដែលមាន​ជំនាញ​បច្ចេកទេស​។​(​ចំណែក​) បណ្ឌិត​សម្បូរ​តែ​និយាយ​ទេ និយាយ​ច្រើន ទ្រឹស្តី​ច្រើន តែ​អនុវត្ត​មិនសូវ​ទេ​…​សម្បូរ​យកមុខ តែ​មិន​សម្បូរ​ធ្វើការ​ទេ​»​។​
 
​ត្រង់ចំណុច​នេះ​លោក សុខ ទូច ស្នើឱ្យ​ឪពុកម្ដាយ និង​អាណាព្យាបាល​ទាំងអស់ ជួយ​ជំរុញ​កូនៗ​ខ្លួន ឱ្យ​ប្រឹង​រៀនសូត្រ ។​ប៉ុន្តែ​បើ​ពួកគេ​រៀន​មិន​ចប់​នោះ អាណាព្យាបាល​ត្រូវ​ជំរុញ​ពួកគេ​ឱ្យ​រៀន​ជំនាញ ដែល​ពួកគេ​ស្រលាញ់ ដើម្បី​ជួយ​ដល់​ការអភិវឌ្ឍ​ប្រទេស​។ 
 
«​យើង​សព្វថ្ងៃ​បង្ខំ​មនុស្ស​ឱ្យ​(​រៀន​)​ចប់​ថ្នាក់បាក់ឌុប ឬ​គេ​ហៅថា សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយ​ស​ភូមិ វា​មិនមែន​អ៊ីចឹង​ទេ​។ នៅ​ស្រុក​គេ​អត់​សំខាន់​អាហ្នឹង​(​រឿង​រៀន​ចប់​)​ទេ …​។ នៅពេល​ចប់​ថ្នាក់​ទី​៩​ហើយ​គាត់​រៀន​មិនកើត ទៅមុខ​មិនកើត​ប្រាប់​គាត់​ទៅ ឪពុកម្ដាយ​ត្រូវ​ជំរុញ​ឱ្យ​គាត់​រៀន បើ​នៅ​ស្រុក​រុស្ស៊ី គេ​ហៅ​កម្មករ​ជំនាញ តែ​នៅ​កម្ពុជា បើ​ហៅ​កម្មករ​ជំនាញ​វា​អន់​ណាស់ យើង​ហៅ បឋម​វិជ្ជាជីវៈ យើង​រៀបចំ​ទៅ​។ កាលណា​គាត់​ថ្នាក់​ទី​១០ ទៅ​មិន​រួច យើង​ឱ្យ​គាត់​រៀន​មធ្យម​ឯកទេស ។ អ៊ីចឹង​ប្រទេស​កម្ពុជា ពេល​(​រៀន​)​ចប់ អត់​មាន​អ្នកណា​អត់​ជំនាញ​ទេ​»​។ នេះ​ជាការ​លើកឡើង​របស់លោក សុខ ទូច​។​
 
​បើតាម​លោក សុខ ទូច ស្ថាន​ប័ន​លោក ក៏​កំពុង​សហការ​ជាមួយ​ក្រសួងទេសចរណ៍ ដើម្បី​រៀបចំ​កម្មវិធីសិក្សា​ជំនាញ​ផ្នែក​ទេសចរណ៍ ដល់​យុវជន ដែល​បន្ត និង​បោះបង់ចោល​ការសិក្សា​ដែរ​។
​កន្លងមក​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​ធ្លាប់​ព្រួយបារម្ភ​ពី​គុណភាព​នៃ​ចំណេះដឹង និង​សមត្ថភាព​របស់​បេក្ខជន​បញ្ចប់​ថ្នាក់បណ្ឌិត​នៅ​កម្ពុជា​។ សម្ដេច បារម្ភ​ថា កម្ពុ​ជាមាន​បណ្ឌិត​ច្រើន ប៉ុន្តែ​មិនអាច​មាន​សមត្ថភាព​គ្រប់គ្រាន់ ក្នុង​ការបម្រើ​ផលប្រយោជន៍​ដល់​ប្រទេសជាតិ​។​

អត្ថបទទាក់ទង

 
​និស្សិត​បញ្ចប់​ការសិក្សា​នៅ​រាជបណ្ឌិត្យសភា ចាប់ពី​ឆ្នាំ​២០០១ ដល់​ឆ្នាំ​២០១៩ នេះ មាន​ចំនួន​៤១៦​នាក់ ក្នុងនោះ​បរិញ្ញាបត្រ​ជាន់ខ្ពស់ ៣០៨​នាក់ និង​ថ្នាក់បណ្ឌិត​១០៨​នាក់ ។​ហើយ​បច្ចុប្បន្ននេះ ក៏មាន​និស្សិត​៧៩៣​នាក់ កំពុង​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​២៤៧​នាក់ និង​ថ្នាក់បណ្ឌិត​៥៤៦​នាក់ នៅ​រាជបណ្ឌិត្យសភា​ដែរ​។ 
 
​ទាក់ទង​នឹង​បេក្ខភាព​បណ្ឌិត​នេះ សម្ដេច ហ៊ុន សែន បាន​ស្នើឱ្យ​រាជបណ្ឌិត្យសភា ពង្រឹង​លើ​ការវាយតម្លៃ​បេក្ខជន​ការពារ​និក្ខេបបទ​ថ្នាក់បណ្ឌិត​ឱ្យបាន​តឹងរឹង​បំផុត​៕

Tag:
 សុខ ទូច​
  សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com