អន្តរជាតិ
ប៉ូលិស​នូ​វែ​ល​សេ​ឡង់​ម្នាក់​ត្រូវ​បាញ់​ស្លាប់ អំឡុង​ត្រួតពិនិត្យ​យានយន្ត​តាមផ្លូវ​
19, Jun 2020 , 4:36 pm        
រូបភាព
ប្រភពរូប៖ Sky news
ប្រភពរូប៖ Sky news
ដោយ:
​ប៉ូលិស​នូ​វែ​ល​សេ​ឡង់ និយាយថា មន្ត្រីប៉ូលិស​ខ្លួន​ម្នាក់ ត្រូវបាន​បាញ់​ស្លាប់ និង​ម្នាក់ទៀត​ដែល​រងរបួស​ក្នុង​ទីក្រុង AuckLand អំឡុង​ត្រួតពិនិត្យ​យានយន្ត​តាម​ដងផ្លូវ​។ ជនសង្ស័យ​ដែល​បាញ់​ប៉ូលិស​បាន​រត់គេចខ្លួន​ក្នុង​រថយន្ត​មួយ តែ​ជាង​៤​ម៉ោង​ក្រោយ​ហេតុនេះ ប៉ូលិស​បាន​សម្រុកចូល​ផ្ទះមួយ និង​ចាប់​ឃាត់ខ្លួន​បុរស​២​នាក់​។ នេះ​បើតាម​ប្រភព​ក្នុងស្រុក nzherald.com.nz ។​

 
​ប៉ូលិស និយាយថា ពួកគេ​បានធ្វើ​ការងារ​ត្រួតពិនិត្យ​យានយន្ត​តាមផ្លូវ​ដូច​សព្វដង កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែមិថុនា ហើយ​នៅពេលនោះ មនុស្សម្នា​ក់បាន​បើក​ការបាញ់ប្រហារ​មកលើ​ពួកគេ មុនពេល​បើកឡាន​ចេញ​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ពួកគេ និយាយថា រថយន្ត​ជនសង្ស័យ ថែមទាំង​បើក​បុក​ម្នាក់​នៅ​កន្លែងកើតហេតុ​ម្នាក់​ផងដែរ​។ 
 
​ស្នងការ​ប៉ូលិស​នូ​វែ​ល​សេ​ឡង់ Andrew Coster និយាយថា វា​គ្មានអ្វី​កើតឡើង​ខុសធម្មតា​ឡើយ នៅពេល​រថយន្ត​ជនសង្ស័យ​នោះ​ចត​ឲ្យ​ប៉ូលិស​ត្រួតពិនិត្យ​។ លោក​ថា មន្ត្រីប៉ូលិស មិន​ទាំង​មាន​កាំភ្លើង​ជាប់​ខ្លួន​ផងដែរ​។ ជាធម្មតា​ប៉ូលិស​នូ​វែ​ល​សេ​ឡង់ ពុំ​ទម្លាប់​កាន់​កាំភ្លើង​ឡើយ តែ​ទុក​នៅក្នុង​រថយន្ត​។ 
 
​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក លោក Coster អះអាង​ដូច្នេះ​ថា​៖«​នេះ​គឺជា​ស្ថានភាព​ដ៏​គូរ​ឲ្យ​តក់ស្លុត​បំផុត​។ នេះ​គឺជា​ព័ត៌មាន​អាក្រក់​បំផុត​ដែល​ប៉ូលិស​និង​ក្រុមគ្រួសារ​ពួកគេ​ទទួលបាន​»​។ បើតាម​លោកស្នងការ Coster មន្ត្រីប៉ូលិស​ទី​២ កំពុង​សម្រាក​ព្យាបាល​ដោយមាន​របួសធ្ងន់ ខណៈ​ប្រជាជន​ម្នាក់​ដែល​នៅ​កន្លែងកើតហេតុ​នោះ ក៏​នៅ​មន្ទីរពេទ្យ​ដោយមាន​របួសស្រាល​។​
 
​ក្នុង​សេចក្តីថ្លែងការណ៍ អ្នកស្រី​នាយករដ្ឋមន្ត្រី Jacinda Ardern និយាយថា ព័ត៌មាន​នេះ គឺជា​រឿង​តក់ស្លុត​បំផុត​សម្រាប់​ប្រជាជាតិ​។ អ្នកស្រី​សង្កត់ធ្ងន់ថា​៖«​បាត់បង់​ប៉ូលិស​ម្នាក់​គឺ​បាត់បង់​មនុស្ស​ម្នាក់​ដែល​ធ្វើការ​បម្រើ​យើងទាំងអស់គ្នា ប៉ុន្តែ​ក៏​ជា​សមាជិកគ្រួសារ​យើង មនុស្ស​ដែល​យើង​ស្រលាញ់ និង​មិត្ត​»៕
 
 

Tag:
 នូ​វែ​ល​សេ​ឡង់​
  ប៉ូលិស​
  សន្តិសុខ​
  Auckland
© រក្សាសិទ្ធិដោយ thmeythmey.com