COVID-19
ជាតិ
កម្ពុជា​និយាយ​ទៅកាន់​អន្តរជាតិ​៖«​បន្ទោស​គ្នា បានត្រឹមតែ​កាត់បន្ថយ​កិច្ចប្រឹងប្រែង​ក្នុងការ​ប្រឆាំង​ជំងឺ​កូ​វីដ​ប៉ុណ្ណោះ​»
19, Jun 2020 , 8:39 pm        
រូបភាព
លោក ប្រាក់ សុខុន ប្រមុខការទូតកម្ពុជា ស្ថិតក្នុងកិច្ចប្រជុំជាន់ខ្ពស់ តាមរយៈ Video Conference នៅយប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០។ កិច្ចប្រជុំនេះ រៀបចំឡើងក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវរបស់ចិន ដើម្បីពិភាក្សាពីរួមគ្នាប្រឆាំងនឹងជំងឺកូវីដ-១៩។ (រូបពីក្រសួងការបរទេស)
លោក ប្រាក់ សុខុន ប្រមុខការទូតកម្ពុជា ស្ថិតក្នុងកិច្ចប្រជុំជាន់ខ្ពស់ តាមរយៈ Video Conference នៅយប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០។ កិច្ចប្រជុំនេះ រៀបចំឡើងក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវរបស់ចិន ដើម្បីពិភាក្សាពីរួមគ្នាប្រឆាំងនឹងជំងឺកូវីដ-១៩។ (រូបពីក្រសួងការបរទេស)
​ភាគី​កម្ពុជា មិន​ចង់​ឲ្យ​ប្រទេស​ណាមួយ​ឬ​សហគមន៍​អន្តរជាតិ យក​ជំងឺ​កូ​វីដ​-១៩ ទៅធ្វើជា​រឿង​នយោបាយ ហើយ​បង្កើត​ឲ្យ​មាន​ជម្លោះ​ជាមួយគ្នា​ឡើយ​។ ភាគី​កម្ពុជា យល់ថា ដំណាក់កាល​នេះ សហគមន៍​អន្តរជាតិ ត្រូវ​ពង្រឹង​សាមគ្គី ក្នុងការ​យកឈ្នះ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩​។


​លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស​កម្ពុជា បាន​យក​ឱកាស​នៃ​កិច្ចប្រជុំ​ជាន់ខ្ពស់ ពាក់ព័ន្ធ​នឹង​គោលនយោបាយ​ខ្សែក្រវាត់​និង​ផ្លូវ​របស់​ចិន និយាយ​ពី​កិច្ច​សហប្រតិបត្តិ​អន្តរជាតិ ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​-១៩​។ កិច្ចប្រជុំ​នេះ ផ្តោត​ខ្លាំង​លើ​ការ​រួមគ្នា​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩​។​
 
​ក្នុង​ប្រជុំ តាមរយៈ​ការតភ្ជាប់​វីដេអូ (Video Conference) កាលពី​យប់​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០២០ ដែល​ដឹកនាំ​ដោយ​លោក វ៉ាង យី រដ្ឋមន្ត្រី​បរទេស​ចិន និង​មានការ​ចូលរួម​ពី​ប្រទេស​ប្រមាណ​២០ រួមទាំង​អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក និង​តំណាង​អង្គការសហប្រជាជាតិ ប្រមុខ​ការទូត​កម្ពុជា បញ្ចេញ​ទស្សនៈ​ថា បើ​គ្មាន​កិច្ចសហប្រតិបត្តិការ​និង​សាមគ្គី​ភាពជា​អន្តរជាតិ​ទេ គឺ​មិនអាច​ទទួលបាន​ជ័យជម្នះ​លើ​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩​ឡើយ​។  
 
​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា ស្តីពី​លទ្ធផល​នៃ​កិច្ចប្រជុំ​ខាងលើ បាន​ស្រង់​សម្តី​របស់លោក​ប្រមុខ​ការទូត​កម្ពុជា ទៅ​សរសេរ​ដូច្នេះ​ថា​៖«​ការធ្វើ​នយោបាយ​ណាមួយ ទៅលើ​ការ​ផ្ទុះឡើង​នៃ​ជំងឺ​កូ​វីដ​-១៩ ឬ​ការលេង​ល្បែង​ស្តីបន្ទោស​គ្នា​ដាក់គ្នា គឺ​បានត្រឹមតែ​កាត់បន្ថយ​នូវ​កិច្ចខិតខំ​ប្រឹងប្រែង​អន្តរជាតិ ប្រឆាំងនឹង​ជំងឺ​រាតត្បាត​សាកល​នេះ​ប៉ុណ្ណោះ​»​។ 
 
​ជាមួយគ្នានេះ ក្នុងនាម​ជា​អ្នកតំណាង​ឲ្យ​រដ្ឋាភិបាល​កម្ពុជា លោក ប្រាក់ សុខុន ជំរុញ​សហគមន៍​អន្តរជាតិ ឲ្យ​គាំទ្រ​តួនាទី​របស់​អង្គការ​សុខភាព​ពិភពលោក ខណៈ​វិស័យ​សុខាភិបាល​តាម​បណ្តា​ប្រទេស​នានា កំពុង​រង​ការវាយប្រហារ​។ លោក លើក​ជា​យោបល់​ថា អង្គការ​សុខភាព​ពិភពលោក ត្រូវតែ​ទទួលបាន​មធ្យោបាយ​គ្រប់គ្រាន់ ដើម្បី​បំពេញបេសកកម្ម​បានកា​ន់​តែ​ល្អប្រសើរ​។​
 
​លោក​រដ្ឋមន្ត្រី បន្ថែមថា មកដល់ពេលនេះ ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ កំពុង​ធូរស្រាល​នៅតាម​ប្រទេស​មួយចំនួន ដូច្នេះ វា ជា​ពេលវេលា ដែល​ត្រូវ​ចាប់ផ្តើម​រិះរក​មធ្យោបាយ ដើម្បី​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ ក្រោយ​ជំងឺ​រាតត្បាត​ដ៏​អាក្រក់​នេះ កន្លងផុតទៅ​។​
 
​ប្រទេស​ក្នុង​តំបន់​អាស៊ាន ទើបនឹង​បើក​កិច្ចប្រជុំ​ជាមួយ​រុស្ស៊ី តាមរយៈ​ការតភ្ជាប់​វីដេអូ កាលពី​ថ្ងៃទី​១៧ ខែមិថុនា ដើម្បី​ពិភាក្សាគ្នា​ពី​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩​នេះដែរ​។ 
​គិត​ត្រឹម​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០២០ អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ នៅលើ​សាកលលោក កើនឡើង​ដល់​ជាង​៨,៥​លាន​នាក់​ហើយ ដោយ​អាមេរិក ឈរលើ​គេ​បង្អស់ ក្នុង​តារាង​នៃ​ប្រទេស​ដែលមាន​ជំងឺ​កូ​វីដ​-១៩ បន្ទាប់មក គឺ​ប្រេ​ស៊ី​ល រុស្ស៊ី ឥណ្ឌា អង់គ្លេស អេ​ស្ប៉ា​ញ​......៕ 

Tag:
 ប្រាក់ សុខុន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com