លោក សុខ ទូច ៖ ឈប់​លុប​បឹង​ទៅ​! ហើយ​គួរ​ទុក​បឹង កែច្នៃ​ទៅជា​តំបន់​ទេសចរណ៍​វិញ​
ជាតិ
សង្គមជាតិ
លោក សុខ ទូច ៖ ឈប់​លុប​បឹង​ទៅ​! ហើយ​គួរ​ទុក​បឹង កែច្នៃ​ទៅជា​តំបន់​ទេសចរណ៍​វិញ​
19, Jun 2020 , 5:20 pm        
រូបភាព
​ភ្នំពេញ​៖ ប្រធាន​រាជបណ្ឌិត្យសភា លោក សុខ ទូច ស្នើឱ្យ​រដ្ឋាភិបាល និង​អាជ្ញាធរ បញ្ឈប់​ការ​លុប​បឹង​នានា​ទៀត ដើម្បី​ទុក​ទីតាំង​នោះ កែច្នៃ​ទៅជា​តំបន់​ទេសចរណ៍ សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទៅលេង​កម្សាន្ត​។ លោក​ថ្លែង​បែបនេះ នៅក្នុង​កិច្ចពិភាក្សា​តុមូល​ក្រោម​ប្រធានបទ​«​តើ​កម្ពុជា​ត្រៀមខ្លួន​អ្វីខ្លះ ដើម្បី​ស្ដារ​សេដ្ឋកិច្ច​ក្រោយ​កូ​វីដ​-១៩​បញ្ចប់​» នៅ​ថ្ងៃទី​១៩ មិថុនា​។​



«​ឈប់​លុប​បឹង​ទៅ​!»​។ នេះ​ជាការ​លើកឡើង​របស់លោក សុខ ទូច ដែល​បាន​បន្ថែមថា បឹង​អាច​ផ្ដល់​សេដ្ឋកិច្ច​ដល់​កម្ពុជា តាមរយៈ​ការរៀបចំ​ទៅជា​កន្លែង​ទេសចរណ៍​។ បើតាម​លោក សុខ ទូច ការរក្សា​ទុក​បឹង វា​ក៏​អាចជួយ​រំដោះ​ជំនន់​ទឹកភ្លៀង នៅក្នុង​រាជធានី​ភ្នំពេញ​ផងដែរ​។​
 
​ប្រធាន​រាជបណ្ឌិត្យសភា​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖«​ប្រទេស​កូរ៉េ​មាន​ផ្ទៃដី​តូច​ជាង​ខ្មែរ មាន​ប្រជាជន​ដល់​ទៅ​៥២​លាន​នាក់ គេ​អត់​ទាន់​មាន​លុប​បឹង​ទេ​។ ខ្ញុំ​ជិះ​កាត់​បឹង​កប់​ស្រូវ​(​បឹង​តា​មោក​) ខ្ញុំ​ឃើញតែ​ចាក់ដី​(​លុប​បឹង​)​។ តើ​យើង​អាច​ទុក​បឹង​សម្រាប់​កែច្នៃ​វិស័យ​ទេសចរណ៍​បានដែរ​ទេ​? ខ្ញុំ​ដឹងថា ខ្ញុំ​និយាយ​ទៅ​វា​ប៉ះ​(​ដល់​ការអភិវឌ្ឍ​របស់​រដ្ឋ​) ប៉ុន្តែ​ត្រូវតែ​ទទួល​ការឈឺចាប់ ត្រូវតែ​ទទួលយក បើ​មិន​ទទួលយក​ហើយ បន្ត​លុប​បឹង​តទៅទៀត ហើយ​ពេល​ភ្លៀង​ឡើង​លិច​ភ្នំពេញ​។ ហេតុអ្វី​បាន​លិច​? ព្រោះ​វា​អត់​កន្លែង​ហូរ​»​។​
 
​សូម​ស្ដាប់​សំឡេង​លោក សុខ ទូច​៖




 
​លោក សុខ ទូច ដែល​ដឹងថា ការលើកឡើង​របស់លោក​នេះ វា​ប៉ះពាល់​ដល់​ការសម្រេច​របស់​រដ្ឋាភិបាល​នោះ យល់ឃើញថា ការអភិវឌ្ឍ​ជា​រឿង​ល្អ​មួយ ប៉ុន្តែ​បើ​ការអភិវឌ្ឍ​ដល់​សង្គម​នោះ ក៏ត្រូវ​មានការ​ពិចារណា​ផងដែរ​។ «​ស្រុក​គេ ទៅ​មើល​ថៃ គេ​មុន​បញ្ចូល​កាកសំណល់​ទៅក្នុង​ទន្លេ គេ​ត្រូវ​ស្ដុក​ឱ្យនៅ​កក​សិន (​រហូតដល់​)៣​ដំណាក់កាល ទើប​គេ​បង្ហូរ​ចូល​ទន្លេ​។ យើង​ក៏​ដូចគ្នា​ដែរ យើង​ត្រូវតែ​កែ​សង្គម​យើង ប្រទេស​យើងទាំងអស់គ្នា​។ ខ្ញុំ​រស់នៅ​មិនបាន​យូរ លោក​ក៏​រស់នៅ​មិនបាន​យូរ​ដែរ ប៉ុន្តែ​អ្វីដែល​យូរ​គឺ​កូន​របស់​យើង ពូជ​របស់​យើង យើង​ត្រូវ​រក្សា​ហើយ​»​។ នេះ​ជាការ​បន្ថែម​របស់លោក សុខ ទូច​។​
 
​កាលពី​ខែមេសា​កន្លងមក​សម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​កាត់​ផ្ទៃ​បឹង​តា​មោក​៣៤​ហិកតា​បន្ថែមទៀត ដោយ​ក្នុងចំណោម​៣៤​ហិកតា​នោះ គឺ​៣០​ហិកតា ត្រូវ​ផ្តល់​ទៅ​ឲ្យ​អ្នកស្រី គីម ហ៊ាង តំណាង​ក្រុមហ៊ុន គ្លូ​ប៊​ល ហៅ​ស៍ (​ខេ​ម​បូ​ឌា​)​។ នេះ​បើតាម​លិខិត​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ចុះ​នៅ​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០២០ ។​
 
​ផ្ទៃ​បឹង​តា​មោក ត្រូវបាន​កាត់​ចំនួន​៣​លើក​ហើយ ដែល​សរុប មាន​១២៩​ហិកតា ក្នុងចំណោម​ផ្ទៃ​បឹង​ទាំងមូល​ជាង​៣,២​ពាន់​ហិកតា​។ 
 
​គួរ​បញ្ជាក់ថា បឹង​ទាំង​២៦​នៅ​រាជធានី​ភ្នំពេញ រង​ការចាក់ដី​លុប​ទាំងអស់ ដោយ​ក្នុងនោះ បឹង​១៦ ត្រូវបាន​លុប​ទាំងស្រុង និង​បឹង​១០​ទៀត ត្រូវបាន​លុប​នៅ​ផ្នែក​ខ្លះ​។ ការ​លុប​បឹង​នេះ ធ្វើ​ឲ្យ​ផលប៉ះពាល់​ជីវចម្រុះ និង​បរិស្ថាន ហើយ​បង្ក​ឲ្យ​មាន​ទឹកជំនន់​។  លើសពីនេះ ពលរដ្ឋ​រាប់ពាន់​គ្រួសារ ប្រឈម​នឹង​ការគំរាមកំហែង រួមទាំង​បាត់បង់​លំនៅដ្ឋាន​។ នេះ​បើតាម​សមាគម​ធាងត្នោត ដែល​បានចេញ​របាយការណ៍​ស្ដីពី «​បឹង​ចុងក្រោយ​ក្នុង​រាជធានី​ភ្នំពេញ​»  កាលពី​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៩​។​
 
​របាយការណ៍​សរសេរ​ថា ម្ចាស់​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​រណប និង​បុរី​ជាច្រើន បាន​ចាក់ដី​ខ្សាច់​លុប​បឹង​និង​តំបន់ដីសើម​ក្នុង​រាជធាន​ភ្នំពេញ​ចាប់តាំងពី​ឆ្នាំ​២០០៣​មក​។ បើតាម​របាយការណ៍​ដ​ដែល បឹង​៦០​ភាគរយ និង​តំបន់ដីសើម​៤០​ភាគរយ ត្រូវបាន​ចាក់​លុប​។ 
 
​ផ្អែកលើ​របាយការណ៍រ​បស់​សមាគម​ធាងត្នោត បឹង​ទាំង​១៦ ដែល​ត្រូវបាន​លុប​ទាំងស្រុង គឺ បឹងត្របែក​១ នៅ​ខណ្ឌចំការមន​, បឹង​តា​ម៉ា​ត នៅ​ខណ្ឌដង្កោ​, បឹង​ស្ទោ​រ នៅ​ខណ្ឌ​ច្បារអំពៅ​, បឹង​ឈូក នៅ​ខណ្ឌ​ច្បារអំពៅ​, បឹង​សាឡាង នៅ​ខណ្ឌ​ទួល​គោល​, ប្រឡាយ​លូ​៥ នៅ​ខណ្ឌមានជ័យ​, ត្រពាំង​ឈូក នៅ​ខណ្ឌ​សែន​សុខ​, បឹង​ទួល​ពពែ នៅ​ខណ្ឌដង្កោ​, បឹង​រាជសីហ៍ នៅ​ខណ្ឌ​សែន​សុខ​, បឹង​ចិញ្ចឹម​ក្រពើ នៅ​ខណ្ឌ​សែន​សុខ​, បឹង​ឈូក នៅ​ខណ្ឌឫស្សីកែវ​, បឹង​ពោងពាយ នៅ​ខណ្ឌ​សែន​សុខ​, បឹង​អូរ​អង្កាម នៅ​ខណ្ឌឫស្សីកែវ​, បឹងកក់ នៅ​ខណ្ឌ​ទួល​គោល​, បឹង​សាឡាង នៅ​ខណ្ឌឫស្សីកែវ និង បឹង​ទទឹងថ្ងៃ នៅ​ខណ្ឌ​ជ្រោយចង្វារ​។ 
 
​ចំណែក បឹង​ទាំង​១០​ទៀត ដែល​បាន​ចាក់ដី​លុប​ផ្នែក​ខ្លះ គឺ បឹងត្របែក​២ នៅ​ខណ្ឌចំការមន​, បឹងទំពុន​១ និង​បឹងទំពុន​២ នៅ​ខណ្ឌមានជ័យ​, បឹង​ជើងឯក នៅ​ខណ្ឌដង្កោ​និង​ខណ្ឌមានជ័យ​, បឹង​តា​មោក ឬ​បឹង​កប់​ស្រូវ នៅ​ខណ្ឌ​ព្រែក​ព្នៅ​, បឹង​ខាំ​ពង នៅ​ខណ្ឌ​ជ្រោយចង្វារ​, បឹង​ប៉ា​យ៉ាប នៅ​ខណ្ឌឫស្សីកែវ​និង​ខណ្ឌ​សែន​សុខ​, បឹង​ឈូក នៅ​ខណ្ឌឫស្សីកែវ​, បឹង​ក្បាលដំរី នៅ​ខណ្ឌ​សែន​សុខ និង​បឹង​សំរោង នៅ​ព្រែក​ព្នៅ​៕
 

Tag:
 សុខ ទូច​
  ហេដ្ឋារចនាសម្ព័ន្ច
© រក្សាសិទ្ធិដោយ thmeythmey.com