COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
ប្រធានាធិបតីប្រេស៊ីលប្តូរច្បាប់ថ្មី លើប្រព័ន្ធផ្សព្វផ្សាយ និងឧបត្ថម្ភក្រុមបាល់ទាត់
× ក្លិបបាល់ទាត់នៅប្រេស៊ីលមានសេរីភាព ក្នុងការចរចាសិទ្ធិផ្សាយសម្រាប់ការប្រកួតក្នុងផ្ទះរៀងៗខ្លួន ដោយមិនចាំបាច់ត្រូវមានការផ្តល់ភ្លើងបៃតងពីគូប្រជែងរបស់ពួកគេឡើយ ក្នុងអំឡុងពេល COVID-19 នេះ។ នេះបើយោងតាមក្រឹត្យថ្មីដែលចេញដោយប្រធានាធិបតីប្រេស៊ីលនៅថ្ងៃទី១៨ ខែមិថុនា។ ក្រឹត្យច្បាប់នេះបញ្ចូលទាំងការឧបត្ថម្ភលើឯកសណ្ឋានក្រុមទៀតផង។
កាលពីមុន ដំណើរការប្រកួតអាចធ្វើបានបានទាល់តែនៅពេលក្រុមទាំងសងខាងព្រមព្រៀងគ្នារួចរាល់សិន។ នេះរាប់ទាំងការប្រកួតនៅទឹកដីកណ្តាលផងដែរ។
យ៉ាងណាក៏ដោយ ក្រឹត្តថ្មីដែលចេញដោយប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro បានលុបចោលបញ្ញត្តិនេះ។ ក្រឹត្យនេះក៏បដិសេធបញ្ញត្តិឆ្នាំ ១៩៩៨ ដែលហាមក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយពីការផ្សាយពាណិជ្ជកម្មលើឯកសណ្ឋានក្រុម និងធ្វើឲ្យមានភាពច្បាស់លាស់សម្រាប់កិច្ចព្រមព្រៀងឧបត្ថម្ភលើឯកសណ្ឋានថ្មី។
លើសពីនោះ ក្រឹត្យថ្មីនេះ ក៏អនុញ្ញាតឲ្យក្លិបអាចចុះហត្ថលេខាលើកីឡាករសម្រាប់កិច្ចសន្យារយៈពេល ៣០ ថ្ងៃ ពោលគឺធ្លាក់ចុះពីចំនួនអប្បបរមាដែលបានចែងកាលពីមុនក្នុងចំនួន ៩០ ថ្ងៃ។ កីឡាករក៏នឹងទទួលបាន ៥ ភាគរយនៃប្រាក់ចំណូលពីកម្មវិធីទូរទស្សន៍ផងដែរ។
ការសម្រេចនេះ បានកើតឡើងមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោក Bolsonaro ដែលជាអ្នកគាំទ្រកីឡាបាល់ទាត់ដ៏ងប់ងល់មួយរូប បានបង្ហាញមុខជាមួយផ្លាកសញ្ញារបស់ក្រុម Flamengo នៅលើបណ្តឹងរបស់លោក ចំថ្ងៃដែល Flamengo ចាប់ផ្តើមការប្រកួតលីគឡើងវិញ បន្ទាប់ពីផ្អាកដោយសារជំងឺ COVID-19 រយៈពេល៣ខែមក។
ប៉ុន្មានម៉ោងមុនការប្រកួតចាប់ផ្តើម Flamengo មិនទាន់ឈានដល់កិច្ចព្រមព្រៀងជាមួយគូប្រជែងរបស់ពួកគេ Bangu ឡើយ ជុំវិញការប្រកួតដែលនឹងត្រូវចាក់ផ្សាយតាមទូរទស្សន៍ ឬយ៉ាងណានោះ។ ជំនួបនេះ ត្រូវបានរិះគន់ដោយសំណាក់កីឡាករ និងក្លិប Bangu ដោយអះអាងថា ប្រេស៊ីលមិនទាន់ត្រៀមខ្លួនរួចរាល់សម្រាប់ការឡប់ចូលលីគវិញឡើយ។
គិតមកទល់ថ្ងៃទី១៩ ខែមិថុនានេះ ប្រេស៊ីលមានចំនួនអ្នកស្លាប់ដោយសារ COVID-19 ដល់ទៅជាង ៤៧០០០នាក់ ក្នុងចំណោមអ្នកឆ្លងជិត១លាននាក់។ ប្រេស៊ីលមានករណីឆ្លងជំងឺរាតត្បាតសកលនេះច្រើនជាងគេលំដាប់ទី២លើលោក បន្ទាប់ពីសហរដ្ឋអាមេរិកដែលឈរកំពូលតារាង៕
Tag:
ប្រធានាធិបតីប្រេស៊ីលប្តូរច្បាប់ថ្មី លើប្រព័ន្ធផ្សព្វផ្សាយ និងឧបត្ថម្ភក្រុមបាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com