គ្មាន​តម្រុយ​អំពី​សកម្មជន​ថៃ​ដែល​បាត់​ខ្លួន​ពីរ​សប្ដាហ៍​មកហើយ​
អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
គ្មាន​តម្រុយ​អំពី​សកម្មជន​ថៃ​ដែល​បាត់​ខ្លួន​ពីរ​សប្ដាហ៍​មកហើយ​
20, Jun 2020 , 1:25 pm        
រូបភាព
រូបឯកសារ៖ បាតុករ​ម្នាក់​នៅ​ខាងក្រៅ​ស្ថានទូត​ខ្មែរ​ក្នុង​ទីក្រុង​បាងកក នៅ​ថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២០ កាន់​រូប​សកម្មជន​ថៃ​លោក Wanchalearm Satsaksit ដែល​ត្រូវ​បានចាប់​ពង្រត់។
រូបឯកសារ៖ បាតុករ​ម្នាក់​នៅ​ខាងក្រៅ​ស្ថានទូត​ខ្មែរ​ក្នុង​ទីក្រុង​បាងកក នៅ​ថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២០ កាន់​រូប​សកម្មជន​ថៃ​លោក Wanchalearm Satsaksit ដែល​ត្រូវ​បានចាប់​ពង្រត់។
ដោយ: VOA
 
​គម្រប់​ពេល​ពីរ​សប្ដាហ៍​មកហើយ ក្រោយពី​មាន​របាយការណ៍​នៃ​ការចាប់​ពង្រត់​លោក Wanchalearm Satsaksit សកម្មជន​អាវ​ក្រហម​ថៃ​ពី​ទីតាំង​ក្បែរ​ខុន​ដូ​របស់លោក ក្នុង​រាជធានី​ភ្នំពេញ​នោះ មន្ត្រីជាន់ខ្ពស់​ទទួលបន្ទុក​ផ្នែក​សន្ដិសុខ​របស់​កម្ពុជា នៅតែ​មិនអាច​ផ្ទៀងផ្ទាត់​រកឃើញ​តម្រុយ​អ្វី​ឈានទៅ​បញ្ជាក់​ពី​ការបាត់​ខ្លួន និង​ស្វះ​ស្វែងរក​រូបលោក​នៅឡើយ​ទេ​។​

 
​សាក្សី​ដែល​បាន​អះអាងថា​ឃើញ​ករណី​ចាប់ពង្រត់​នេះ​ក្រុមគ្រួសារ និង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស (Human Rights Watch) បាន​លើកឡើងថា លោក Wanchalearm Satsaksit បាន​រត់គេច​ចេញពី​ប្រទេស​ថៃ​មក​រស់នៅក្នុង​ខុន​ដូ «​វិមាន​មេគង្គ​» ក្នុង​ខណ្ឌ​ជ្រោយចង្វារ តាំងពី​ឆ្នាំ ២០១៤ មក ដើម្បី​គេច​ពី​ការ​ធ្វើទុក្ខបុកម្នេញ​ផ្នែក​នយោបាយ​ពីរ​បប​យោធា​ថៃ​។​
 
​អ្នក​ដែល​អះអាងថា​បានឃើញ​ហេតុការណ៍ បាន​ប្រាប់ VOA ភ្លាមៗ​ក្រោយពេល​កើតហេតុ​ថា ពួកគេ​បានឃើញ​លោក Wanchalearm Satsaksit ដែល​ពាក់អាវ​ផ្កា​ស្លៀក​ខោខ្លី​ត្រូវបាន​ជន​មិន​ស្គាល់មុខ​បីនាក់​វាយដំ និង​ចាប់​បញ្ចូល​រថយន្ត ខណៈ​លោក​កំពុង​អង្គុយ​ទិញ​ប្រហិត​ទ ទួល​ទាន​នៅមុខ​ខុន​ដូ​របស់លោក កាលពី​អំឡុង​ម៉ោង ៤ រសៀល ថ្ងៃទី​៤ ខែមិថុនា​។​
 
​លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​កម្ពុជា បានឱ្យដឹង​កាលពី​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ថា សមត្ថកិច្ច​បាន​រកឃើញ​ថា ទិដ្ឋាការ (Visa) រស់នៅ​កម្ពុជា​របស់លោក Wanchalearm Satsaksit បាន​ផុតកំណត់ តាំងពី​ឆ្នាំ ២០១៧ និង​មិនបាន​សុំ​ពន្យារ​ថ្មី​ទេ ហើយ​ទី​ស្ថាន​ខុន​ដូ​ដែល​សមត្ថកិច្ច​បាន​សាកសួរ ក៏​មិនបាន​បង្ហាញថា មានឈ្មោះ​លោក​រស់នៅ​ដែរ​។​
 
​លោក​បាន​ប្រាប់ VOA តាម​ទូរស័ព្ទ​ថា​៖ «​អត់​មាន​តម្រុយ​ថ្មី​អី​ទេ ដល់​តែ​អ្នក​ខុន​ដូ​ថា​អត់​មាននៅ​ក្នុង​បញ្ជី​។ សំខាន់​ថា​អត់​មាននៅ​ក្នុង​បញ្ជី​ហើយ ទៅរក​ឯណា​ទៅ​?»
 
​មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​រូបនេះ​បាន​បន្ថែមថា ការស៊ើបអង្កេត​របស់​សមត្ថកិច្ច​កម្ពុជា​ក៏​មិនអាច​កំណត់​រកឃើញ​អត្តសញ្ញាណ និង​ទីតាំង​ទិសដៅ​នៃ​រថយន្ត​ម៉ាក Toyota Highlander ពណ៌​ក្រ​ម៉ៅ​ដែល​កាមេរ៉ា​សុវត្ថិភាព​ថ ត​បាន​នៅក្បែរ​ទីតាំង​ខុន​ដូ ក្នុង​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ នោះ​នៅឡើយ​។​
 
​លោក​បាន​ប្រាប់ VOA ថា​៖«​អ៊ីចឹង​យើង​សន្និដ្ឋានបានថា មនុស្ស​នេះ [Wanchalearm Satsaksit] មិនដឹង​បាត់​ពីថ្ងៃ​ណា​ឆ្នាំ​ណា ឬក៏​យ៉ាងណា​។ ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ និង​ក្រសួងមហាផ្ទៃ​នៅតែ​ស្វាគមន៍​ចំពោះ​រាល់​សាក្សី ឬក៏​ព័ត៌មាន​ទាំងឡាយណា ដែល​បញ្ជាក់​អំពី​ការពិត​នេះ​។ តើ​ឈ្មោះ​នេះ​នៅទីណា​»​។​
 
​សេចក្ដីសន្និដ្ឋាន​នេះ​ត្រូវបាន​បញ្ជូន​ជា​ដំណឹង​ត្រឡប់​ទៅវិញ​ស្ថានទូត និង​រដ្ឋាភិបាល​ថៃ​រួចហើយ តែ​លោក ខៀវ សុភ័គ មិនបាន​បញ្ជាក់ថា​ត្រូវបាន​បញ្ជូន​តាំងពី​ថ្ងៃ​ណា​នោះទេ​។ លោក​បាន​បន្ថែមថា​ព័ត៌មាន​ពី​ការសាកសួរ​សាក្សី​ដែល​លោក​មិន​បញ្ជាក់​ចំនួន និង​អត្តសញ្ញាណ​នោះ មិនទាន់​អាច​បញ្ជាក់​អំពី​ករណី​ចាប់ពង្រត់ និង​បាត់​ខ្លួន​នេះ​បាន​នៅឡើយ​ទេ​។​
 
​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​រូបនេះ​បានប្រកាសថា អ្នក​ដែលមាន​ដឹង​ដំណឹង ឬ​មាន​តម្រុយ​អំពី​ករណី​ចាប់ពង្រត់ និង​បាត់​ខ្លួន​នោះ អាច​ចូលមក​ផ្ដល់ព័ត៌មាន​បង្ហាញខ្លួន​ប្រាប់​សមត្ថកិច្ច​នៅ​រាល់​ប៉ុស្ដិ៍ ឬ​ការិយាល័យ​នគរបាល​ដែល​នៅ​ជិត ឬ «​បើសិនជា​ចាំបាច់ អញ្ជើញ​មក​អគ្គស្នងការដ្ឋាន​ន​គ​របាល​ជាតិ ដើម្បី​រាយការណ៍​ផ្ទាល់​តែម្ដង​»​។​
 
​ករណី​នៃ​ការបាត់​ខ្លួន​លោក Wanchalearm Satsaksit ក្នុងពេល​ពីរ​សប្ដាហ៍​នេះ ក៏​ត្រូវបាន​គណៈកម្មាធិកា​រ​ទទួលបន្ទុក​កិច្ចការ​នៃ​ការបាត់​ខ្លួន​ដោយ​បង្ខំ​របស់​អង្គការសហប្រជាជាតិ លើកសំណើ​កាលពី​ថ្ងៃទី​១០ ខែមិថុនា សុំ​ការបំភ្លឺ​និង​ការស្រាវជ្រាវ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ផងដែរ​។​
 
​អ្នកស្រី Vivian Kwok អ្នកនាំពាក្យ​នៃ​ការិយាល័យ​ឧត្ដមស្នងការ អ​.​ស​.​ប​. ទទួលបន្ទុក​សិទ្ធិមនុស្ស​បានបញ្ជាក់​ប្រាប់ VOA ថា សំណុំរឿង​លោក Wanchalearm Satsaksit ពិតជា​ត្រូវបាន​ចុះបញ្ជី​ជា «​ករណី​បន្ទាន់​» ដែល​តម្រូវឱ្យ​រដ្ឋ​ភាគី «​ស៊ើបអង្កេត​...​កំណត់​ទីតាំង​និង​ស្វែងរក​» អ្នក​ដែល​បាន​បាត់​ខ្លួន​ដោយ​បង្ខំ​។ អ្នកស្រី​បដិសេធ​មិន​អត្ថាធិប្បាយ​បន្ត​។​
 
​លោក ខៀវ សុភ័គ បាន​អះអាងថា​ចម្លើយ​តប​ទៅ អ​.​ស​.​ប​. ក៏​នឹង​មិនមាន​អ្វី​ខុសប្លែក​ពី​ចម្លើយ​ផ្ញើជូន​ស្ថានទូត​ថៃ​នោះដែរ​។ ក្រសួងការបរទេស​ថៃ​នៅ​បាងកក មិនបាន​ឆ្លើយតប​នឹង​សារ​អេឡិចត្រូនិក របស់ VOA ស្នើសុំ​ការបំភ្លឺ​ទេ គិត​ត្រឹម​ល្ងាច​ថ្ងៃ​សុក្រ​នេះ​។​
 
​លោក Phil Robertson អនុប្រធាន​ផ្នែក​កិច្ចការ​តំបន់​អាស៊ី​នៃ​ក្រុម​ឃ្លាំមើល​សិទ្ធិមនុស្ស (Human Rights Watch) ប្រាប់ VOA ថា បើសិនជា​រថយន្ត​ក្នុង​រូបភាព​ពិតជា​ពាក់​ស្លាក​លេខ​ក្លែងក្លាយ ដែល​មិនឃើញ​មាន​ក្នុង​បញ្ជី​មែន​នោះ នោះ​កិច្ចប្រឹងប្រែង​ស៊ើបអង្កេត​គួរតែ​ត្រូវ​បង្កើន​សន្ទុះ​ទ្វេដង​ថា  អ្នកណា​កំពុង​ប្រើ​លេខ​នេះ​។ លោក​បន្ថែមថា​កាមេរ៉ា​សុវត្ថិភាព​រាប់រយ​កន្លែង​ក្នុង​ទីក្រុង​ភ្នំពេញ គួរតែ​ត្រូវបាន​ត្រួតពិនិត្យ​តាមដាន​ដំណើរ​ទិសដៅ​រថយន្ត​នោះ​ចេញពី​ណា​ទៅណា​។​
 
​លោក Phil Robertson បាន​រិះគន់​ចំណាត់ការ​របស់​ក្រសួងមហាផ្ទៃ​កម្ពុជា​ថា ជា «​ទង្វើ​ព្យាយាម​បិទបាំង​» (Cover-Up) ហើយ​ដែល​តាំងពីដើម​ដំបូង​មក «​ពិតជា​មិនដែល​» ចង់​ស៊ើបអង្កេត​រឿងនេះ​នោះទេ​។ 
 
​សកម្មជន​ការពារ​សិទ្ធិមនុស្ស​រូបនេះ​បាន​ប្រាប់ VOA តាម​សារ​អេឡិចត្រូនិក កាលពី​ថ្ងៃ​សុក្រ​ថា​៖ «​ការស៊ើបអង្កេត​នេះ​គ្រាន់តែ​ជា​ឆាកកំប្លែង​។ ពួកគេ (​អាជ្ញាធរ​កម្ពុជា​) គ្រាន់តែ​ចង់រក​លេស ដើម្បី​បិទ​បញ្ចប់​រឿងនេះ​ឱ្យ​ផុត​លឿន​បំផុត តាម​ដែល​អាច​ធ្វើបាន ហើយ​អាច​ដើរចេញ​ដោះ​ខ្លួនគេ​ពី​សំណុំ​រឿងនេះ​»​។​
 
​កាលពី​ឆ្នាំ​២០១៩ រដ្ឋាភិបាល​កម្ពុជា​ធ្លាប់​រង​សម្ពាធ​ម្ដង​រួចមកហើយ បន្ទាប់ពី​មាន​សេចក្ដីរាយការណ៍​របស់​កាសែត​ហុងកុង The South China Morning Post ថា អតីត​នាយករដ្ឋមន្ត្រី​ថៃ លោកស្រី Yingluck Shinawatra បានគេច​ខ្លួន​ចេញពី​ការធ្វើ​ទុក្ខ​តាមផ្លូវ​ច្បាប់​មាន​ចរិត​នយោបាយ នៅ​ប្រទេស​ថៃ ឆ្លងកាត់​ប្រទេស​កម្ពុជា និង​កាន់​លិខិតឆ្លងដែន​កម្ពុជា​ទៀតផង​។​
 
​ទោះ​មិនបាន​បញ្ជាក់​សុក្រឹតភាព​នៃ​សេចក្ដីរាយការណ៍​ខាងលើ កាលពី​ឆ្នាំ​២០១៩ ដដែល រដ្ឋាភិបាល​កម្ពុជា​បាន​ចាត់វិធានការ​បញ្ឈប់​ការចេញលិខិត​ឆ្លងដែន​ផ្លូវការ និង​ការទូត​ដល់​បណ្ដា​ទីប្រឹក្សា និង​ជំនួយការ​រដ្ឋាភិបាល​ក​ម្ពុ​ជា ដែលមាន​សញ្ជាតិ​បរទេស​។ 
 
​កាលពី​ឆ្នាំ​២០១៧ ព្រឹត្តិប័ត្រ​បោះពុម្ពផ្សាយ​ឈ្មោះ The Southeast Asia Globe ធ្លាប់បាន​រាយការណ៍​ថា មាន​សមាជិក​សកម្មជន​អាវ​ក្រហម​ថៃ​មួយចំនួន​ដែល​ស្មោះស្ម័គ្រ និង​មាន​សមានចិត្ត​ជាមួយនឹង​អតីត​នាយករដ្ឋមន្ត្រី​ថៃ Thaksin Shinawatra បាន​ភៀសខ្លួន​មក​ជ្រកកោន​នៅ​ប្រទេស​កម្ពុជា ព្រោះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​មិត្តភាព​កម្រិត​បុគ្គល​ជាមួយនឹង​លោក Thaksin Shinawatra​។​
 
​អំឡុង​មាន​បញ្ហា​ប្រឈមមុខគ្នា​ដោយ​ប្រដាប់អាវុធ នៅ​តំបន់​ក្បែរ​ប្រាសាទព្រះវិហារ កាល​ពីមួយ​ទសវត្សរ៍​មុន លោក Thaksin Shinawatra ត្រូវបានតែងតាំង​ជាទី​ប្រឹក្សា​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ដែលជា​កាយវិការ​នាំឱ្យ​ក្រុម​រដ្ឋាភិបាល​បដិបក្ខរ​ប​ស់លោក នៅ​ក្រុង​បាងកក ដឹកនាំ​ដោយ​លោក Abhisit Vejjajiva ខឹងសម្បារ​ជាខ្លាំង​។ 
 
​លោក Thaksin Shinawatra ខ្លួនឯង​នា​គ្រានោះ​ក៏ត្រូវ​បានផ្ដល់​ការអនុញ្ញាតឱ្យ​ចេញចូល​ប្រទេស​កម្ពុជា និង​ធ្លាប់​ជួបជុំ​ក្រុម​អាវ​ក្រហម​រាប់ម៉ឺន​នាក់ ដែល​ឆ្លង​ពី​ថៃ​មក​ជំនុំ​លេង​បុណ្យចូលឆ្នាំ នៅ​ខេត្តសៀមរាប កាលពី​ឆ្នាំ ២០១២ ថែម​ទៀតផង​។ នៅ​ឆ្នាំ ២០១៣ កូនស្រី​លោក​អតីត​នាយករដ្ឋមន្ត្រី​ថៃ Somchai Wongsawat ដែល​ត្រូវជា​ក្មួយ​ស្រី​បង្កើត​របស់លោក Thaksin បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយនឹង​កូនប្រុស​លោក សៀង ណាំ មនុស្ស​ដ៏​មាន​ឥទ្ធិពល​ប្រចាំខេត្ត​សៀមរាប ជំនិត​នឹង​លោក ហ៊ុន សែន​។​
 
​តែ​ក្រោយពី​រដ្ឋប្រហារ​យោធា ឆ្នាំ ២០១៤ នៅ​បាងកក ទម្លាក់​រដ្ឋាភិបាល​បក្ស Pheu Thai ដែលមាន​លោក Thaksin Shinawatra នៅ​ពីក្រោយ​នោះ រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​បន្តិច​ម្ដងៗ បាន​កសាង​ទំនាក់ទំនង​យ៉ាងសកម្ម​ជាមួយនឹង​រដ្ឋាភិបាលយោធា​ថៃ ដែល​ស្និទ្ធ​នឹង​ព្រះបរមរាជវាំង និង​យោធា​ថៃ​។​
 
​ក្រុម​ការពារ​សិទ្ធិមនុស្ស​បាន​រាយការណ៍​អំពី​ករណី​ដែល​រដ្ឋាភិបាល​ថៃ​បាន​ជួយ​ចាប់បញ្ជូន​មកវិញ​នូវ​សកម្មជន​កម្ពុជា ដែល​រត់​ភៀសខ្លួន​ពី​ការ​តាម​ចាប់ចង​នៅ​កម្ពុជា រួមមាន​លោក រ៉ាត់ រ័ត្ន​មុនី អ្នកបកប្រែ​នៃ​ភាពយន្ត​ឯកសារ​ដ៏​ចម្រូងចម្រាស​របស់​ទូរ​ទស្សន៍​រដ្ឋ​រុស្ស៊ី RT និង​មេដឹកនាំ​សហជីព​អ្នកស្រី សម សុខា ជាដើម​។​
 
​រដ្ឋាភិបាល​លោក Prayut Chan-o-cha កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៩​កន្លងទៅ ក៏បាន​បដិសេធ​មិនឱ្យ​លោក សម រង្ស៊ី មេដឹកនាំ​បក្ស​ជំទាស់​នៅ​កម្ពុជា ចូល​សំចត​នៅ​ប្រទេស​ថៃ ដើម្បី​ឆ្លង​ចូលមក​កាន់​ប្រទេស​កម្ពុជា​វិញ​ដែរ​៕​

© រក្សាសិទ្ធិដោយ thmeythmey.com