ជាតិ
សង្គមជាតិ
អភិបាលខេត្តកណ្ដាល ទុកពេល៧ថ្ងៃ ឱ្យម្ចាស់ដេប៉ូខ្សាច់មួយ ដែលរំលោភដីវត្តព្រែកអញ្ចាញ រុះរើចេញ
× ភ្នំពេញ៖ អភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ បានទុកពេល៧ថ្ងៃ ឱ្យម្ចាស់ដេប៉ូខ្សាច់ ឈឿន ម៉ានី ដែលរំលោភដីវត្តព្រែកអញ្ចាញ រុះរើចេញពីវត្តរតនៈបុប្ផារាមហៅ(វត្តព្រែកអញ្ចាញ) ជាបន្ទាន់។ ការសម្រេចរបស់លោក គង់ សោភ័ណ្ឌ ធ្វើឡើងបន្ទាប់ពីរកឃើញថា ម្ចាស់ដេប៉ូមួយនេះ បានរំលោភកិច្ចសន្យាជួលដីវត្ត។
លោក គង់ សោភ័ណ្ឌ បានព្រមានថា បើម្ចាស់ដេប៉ូ មិនព្រមរុះរើចេញតាមការកំណត់ទេនោះ អាជ្ញាធរនឹងអនុវត្តតាមវិធានការច្បាប់។ ថ្លែងចំពោះមុខប្រជាពលរដ្ឋ និងអាជ្ញាធរ រួមទាំងភាគីពាក់ព័ន្ធ កាលពីថ្ងៃទី១៩ មិថុនា អភិបាលខេត្តកណ្ដាលរូបនេះ បានសង្កត់ធ្ងន់ដូច្នេះថា៖«ម្ចាស់ដេប៉ូ ឈឿន ម៉ានី រុះរើចេញជាបន្ទាន់ ក្នុងរយៈពេល៧ថ្ងៃ ប្រសិន បើមិនព្រមរុះរើឱ្យអស់ទេ គឺអាជ្ញាធរនឹងត្រូវរឹបអូសសម្ភារទៅសាលាស្រុកមុខកំពូលទាំងអស់ ហើយត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន»។
ជាមួយគ្នានេះលោក គង់ សោភ័ណ្ឌ ក៏សំណូមពរទៅកាន់ចៅអធិការ និងគណៈកម្មាធិការវត្តព្រែកអញ្ចាញ ឱ្យឈប់ជួលដីវត្តឱ្យបុគ្គល ឬម្ចាស់អាជីវកម្មណា ប្រកបរបររកស៊ីនៅបរិវេណវត្តទៀតឡើយ ព្រោះកុំឱ្យកើតមានជម្លោះជាថ្មី ជាពិសេសប៉ះពាល់ដល់ទីកន្លែងស្ងប់ស្ងាត់នៃវិស័យព្រះពុទ្ធសាសនា។
វិធានការដំណោះស្រាយនេះ បានកើតឡើងបន្ទាប់ពីពលរដ្ឋបាននាំគ្នាចេញតវ៉ាឱ្យម្ចាស់អាជីវកម្មខាងលើរុះរើចេញពីវត្តប៉ុន្មានថ្ងៃនេះ។ មូលហេតុដែលពលរដ្ឋ ចេញមុខតវ៉ានេះ ដោយសារតែដេប៉ូខ្សាច់ ឈឿន ម៉ានី រំលោភកិច្ចសន្យាលើការជួលដីវត្ត ចុះថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៥។ ក្នុងកិច្ចសន្យាជួលដីនេះ គឺមានការព្រមព្រៀងគ្នារវាងលោក ស៊ឹម ប៉ុន ជាគណៈកម្មាធិការអាចារ្យវត្ត ដោយបានឯកភាពគ្នាជួលដីនៅខាងមុខវត្តព្រែកអញ្ចាញ ឱ្យទៅឈ្មោះ ឈឿន ប៊ុនឆាន និង ឈឿន ម៉ានី ដើម្បីធ្វើអាជីវកម្មក្រួស-ខ្សាច់ រយៈពេល៣ឆ្នាំ។
ប៉ុន្តែម្ចាស់អាជីវកម្មរូបនេះ មិនបានអនុវត្តតាមកិច្ចសន្យាឡើយ ពោលគឺពួកគេនៅតែបន្តយកគ្រឿងចក្រទៅជីកដីវត្តជាប់មាត់ទន្លេរួច ដឹកយកទៅលក់ជារៀងរាល់ថ្ងៃ ទោះបីកិច្ចសន្យាត្រូវបានអស់សុពលភាពរយៈពេល ១១ខែកន្លងមកហើយ ខណៈគណៈកម្មាការវត្តសម្រេចឈប់ជួលដីឱ្យបន្ត ដើម្បីយកទីនោះទៅធ្វើជារមណីយដ្ឋានសាធារណៈជូនប្រជាពលរដ្ឋវិញ៕
Tag:
បូមខ្សាច់
គង់ សោភ័ណ្ឌ
© រក្សាសិទ្ធិដោយ thmeythmey.com