អ្នកស្រី ជា ញិ​ប វ័យ​៦៨​ឆ្នាំ ខំ​ធ្វើ​នំ​ខ្មែរ​លក់​ទាំង​ត្រដាប់ត្រដួស ដើម្បី​ចិញ្ចឹម​ចៅ​កំព្រា​៥​នាក់​
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អ្នកស្រី ជា ញិ​ប វ័យ​៦៨​ឆ្នាំ ខំ​ធ្វើ​នំ​ខ្មែរ​លក់​ទាំង​ត្រដាប់ត្រដួស ដើម្បី​ចិញ្ចឹម​ចៅ​កំព្រា​៥​នាក់​
20, Jun 2020 , 8:59 pm        
រូបភាព
​សៀមរាប​៖ មាន​អាយុ ៦៨​ឆ្នាំ អ្នកស្រី ជា ញិ​ប ត្រូវ​ចិញ្ចឹម​ចៅ​កំព្រា​៥​នាក់ តែម្នាក់ឯង ដោយ​ទីពឹង​លើ​របរ​ធ្វើ​នំត្នោត នំអាកោ និង​បង្អែម​លក់​។ លក់​នំ​១​ថ្ងៃ បាន​ប្រាក់ចំណេញ​ប្រមាណ​៣​ម៉ឺន​រៀល ជីដូន​មេម៉ាយ​រូបនេះ ត្រូវ​ចំណាយ​ទៅលើ​ថ្លៃ​ម្ហូប​ប្រចាំថ្ងៃ និង​ថ្នាំ​ព្យាបាល​រោគ ព្រមទាំង​ទុកឱ្យ​ចៅ​ទៅ​រៀន​ខ្លះ​ផង​។​

 
​ដើម្បី​ជ្រាប​ច្បាស់ សូម​លោកអ្នក​អញ្ជើញ​ស្ដាប់​បទ​យកការណ៍ ដែល​រៀបរៀង​ដោយ​កញ្ញា ប៉ូ សា​គុន ដូចតទៅ​៖



​អង្គុយ​លើ​គ្រែ​រនាប​ក្ដារ ក្នុង​សម្លៀកបំពាក់​ពណ៌​ស អ្នកស្រី ជា ញិ​ប ទើបតែ​ត្រឡប់​មកពី​វត្ត​នៅ​ថ្ងៃសីល​។ មកដល់​ផ្ទះ​មិនទាន់​ផ្លាស់​សម្លៀកបំពាក់​ទៅ​វត្ត​ចេញ​ផង ស្ត្រី​សម្បុរ​ស្រអែម មុខ​ជ្រួញ​ដោយ​អន្លើ កោរសក់​អស់​រូបនេះ រូតរះ​រៀបចំ​សម្ភារ​ដូចជា​ចានដែក ចានជ័រ មាន​តូច​មាន​ធំ ដាក់​តាម​លំដាប់​នៅ​ចំ​កណ្ដាល​គ្រែ​ដែល​នៅ​ជិត​ក្រោលគោ ដើម្បី​ទុកដាក់​ផ្លែ​ត្នោត​ទុំ​ដែល​បកសម្បក​រួច​។​
 
​ស្ថិតនៅ​ចំ​កណ្ដាល​ញាតិមិត្ត​ចាស់​ក្មេង ដែល​នៅ​ជិតជុំ រង់ចាំ​មើល​ពី​របៀប​ធ្វើ​ចាហួយត្នោត ជីដូន​មេម៉ាយ​អាយុ​៦៨​ឆ្នាំ​រូបនេះ មានមុខ​របរ​លក់​នំ​ខ្មែរ​បន្តិចបន្តួច ដើម្បី​ចិញ្ចឹម​ចៅស្រី​ប្រុស​៥​នាក់​។ ដៃ​បកសម្បក​ផ្លែ​ត្នោត​ទុំ​ដោយ​ប្រុងប្រយ័ត្ន ដើម្បី​កុំឱ្យ​ដោយ​សាច់​ចោល​ទៅ​សំបក​ច្រើន អ្នកស្រី ជា ញិ​ប មានប្រសាសន៍ថា គាត់​ត្រូវ​ក្រោក​ពី​ម៉ោង​២​ទៀបភ្លឺ ដើម្បី​រៀបចំ​ចម្អិន​នំអាកោត្នោត និង​នំ​ផ្សេងៗ​ទៀត ទុក​លក់​នៅពេល​ព្រឹក​។ 
   
អ្នក​ស្រី ជា ញិប រៀបចំ​ធ្វើ​ចាហួយត្នោត ដោយ​មាន​ញាតិ​មិត្តក្នុង​ភូមិឈរ​មើល​ផង 

​បើទោះបីជា​ត្រូវ​ចិញ្ចឹម​ចៅ​តែម្នាក់ឯង ដោយ​ត្រដាបត្រដួស​យ៉ាងណាក៏ដោយ ក៏​ស្ត្រី​ប្ដី​ស្លាប់ចោល​ជាង​១០​ឆ្នាំ​រូបនេះ នៅតែ​តស៊ូ​ឱ្យ​ចៅ​៣​នាក់​បាន​ចូលរៀន​ដែរ​។​«​ខ្ញុំ​លក់​លត ថ្ងៃ​ណាខ្លះ​ក៏​លក់​នំអាកោត្នោត ថ្ងៃ​ណាខ្លះ​ក៏​ធ្វើ​នំត្នោត​អង្ករ​គ្រប់​តែ​មុខ​។ នំ​ណា​ដែល​ធ្វើកើត ខ្ញុំ​ចេះតែធ្វើ​លក់​។ ទ្រាំ​ដើម្បី​ចៅ ឱ្យ​វា​មាន​អនាគត​នឹង​គេ​។ ខ្ញុំ​ខ្លាច​តែ​ចៅ​ដើរលេង ទៅ​ប៉ះ​ជួប​ក្រុម​អ្នក​ប្រើ​គ្រឿងញៀន ខ្ញុំ​ពិចារណា​បែបនេះ ទើបបានជា​ខ្ញុំ​ចេះតែ​ជេរ ចេះតែ​ថា ចេះតែ​វៃ​ចៅ​ខ្លះទៅ​»​។
 
​ត្រូវ​រែក​នំ​ដើរ​លក់ ពី​ផ្ទះមួយ​ទៅផ្ទះ​មួយ ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ ទាំង​ថ្ងៃ​ក្តៅ​ហួតហែង ពី​ម៉ោង​ប្រហែល​២​រសៀល រហូតដល់​ម៉ោង​ប្រហែល​៥​ល្ងាច ទើប​លក់​អស់ ជួន​ត្រូវ​លក់​ទាំង​ភ្លៀងរលឹម​ផល អ្នកស្រី ជា ញិ​ប អាច​រកប្រាក់​ចំណេញ​បាន​ប្រមាណ​តែ​៣​ម៉ឺន​រៀល​ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ​។ «​បើ​ថ្ងៃ​ណា​ខ្ញុំ​ធ្វើ​នំ​លក់​ច្រើន ក៏បាន​ប្រាក់ចំណេញ​ក្រែល តែបើ​ធ្វើ​តិច​ក៏បាន​តាមតិច​។ គេ​អាណិត​គេ​ចេះតែ​ជួយ​ទិញ​។ ថ្ងៃ​ខ្លះ ខ្ញុំ​ចំណេញ​បាន​៣​ម៉ឺន​រៀល​»​។​
 
​មិនមាន​ដី ហើយក៏​មិនមាន​ផ្ទះ​ផ្ទាល់ខ្លួន ស្ត្រី​វ័យ​ចំណាស់​ដែល​រស់នៅក្នុង​ឃុំ​សៀមរាប ស្រុក​សៀមរាប ខេត្តសៀមរាប​រូបនេះ ពឹង​អាស្រ័យ​នឹង​ផ្ទះ​របស់​ក្មួយ​ស្រី​ម្នាក់ ដោយ​ត្រូវ​ចំណាយ​ការចាយវាយ​ដោយ​ខ្លួនឯង​។ រកប្រាក់​បាន​បន្តិចបន្តួច ជីដូន​ចំណាស់​ត្រូវ​ចាយ​លើ​ម្ហូប​ពេញ​មួយថ្ងៃ​ដែលមាន​៣​ពេល ប្រមាណ​ជាង​១​ម៉ឺន​រៀល ត្រូវ​ទិញ​ថ្នាំ​ព្យាបាល​រោគ​ខ្លះ និង​ក្បិតក្បៀត​ប្រាក់​ខ្លះ​គ្រាន់​ទុក​ធ្វើបុណ្យ​។ ឧបាសិកា ដែលមាន​កូន​៤​នាក់​រូបនេះ បញ្ជាក់​ដោយ​សម្ដី​រដឺន​«​ប្រាក់​លក់បាន​ទុក​ទៅ​បុណ្យ ទុក​ចំណាយ​ផ្សេងៗ បានតែ​ទប់ទល់ មិនបាន​សល់​ទេ​។ បើ​ទៅ​ពឹង​កូន គ្រួសារ​គេ​អត់​ដែរ ធ្វើ​ម្ដេច​បាន​ជួយ​យើង​គ្រប់គ្រាន់​»​។ 
   
ផ្លែត្នោត សម្រាប់​ធ្វើ​នំ​ត្នោត

​បើទោះជា​ខំប្រឹងប្រែង​រកប្រាក់​យ៉ាងណាក៏ដោយ តែ​កម្លាំង​ចាស់​តែម្នាក់ឯង ត្រូវ​ផ្គត់ផ្គង់​ចៅ​៥​នាក់ មិនអាច​ធ្វើឱ្យ​ជីវភាព​ប្រសើរ​ឡើយ​។ ដូច្នេះហើយ ទើបបានជា​ជីដូន​មេម៉ាយ​រូបនេះ បង្ខំចិត្ត​ឱ្យ​ចៅស្រី​ច្បង​២​នាក់ ដែលមាន​អាយុ​១៩​ឆ្នាំ​ម្នាក់ និង​អាយុ​១៧​ឆ្នាំ​ម្នាក់ ទៅធ្វើ​ការ​នៅ​រាជធានី​ភ្នំពេញ​។ «​បើ​មិន​ចូលធ្វើការ​តើ​បាន​អ្វី​ហូប​? ចៅស្រី​បង​គេ​ទៅ​ធ្វើការ​នៅ​ភ្នំពេញ​យូរ​គ្រាន់​ហើយ ប៉ុន្តែ​ពេល​ទៅមុនៗ គេ​ផ្ញើ​ប្រាក់​ទៅឱ្យ​ឪពុក​គេ ព្រោះ​គេ​នៅ​ជាមួយ​ឪពុក​។ ទើបតែ​ខែ​មុននេះ​ទេ ដែល​ចៅ​ច្បង​បាន​ផ្ញើ​ប្រាក់​ឱ្យ​ខ្ញុំ​»​។​
 
​មានទឹក​មុខស្រងូត មើលទៅ​ផ្លែ​ត្នោត​ពណ៌​ក្រ​ម៉ៅ​មិនទាន់​បកសម្បក ដែល​នៅ​ជិត​ដៃ ស្ត្រី​កូនប្រុស​៣​ស្រី​១ ជា ញិ​ប ដែល​នៅ​ជា​ម្លប់​បាំង​ភ្លៀង បាំង​ខ្យល់ បាំង​កម្ដៅថ្ងៃ សម្រាប់​ចៅស្រី​ប្រុស​៥​នាក់ អះអាងថា គាត់​មិន​ហ៊ាន​ទៅសុំ​ស្នាក់អាស្រ័យ ជាមួយ​កូនបង្កើត​របស់គាត់​ឡើយ​។ ម្ដាយ​កម្សត់​រូបនេះ​ពន្យល់​៖«​កូនប្រុសៗ​បាន​ប្រពន្ធ គេ​បានកូន​១ បានកូន​២ គេ​នៅតែ​គ្នា​គេ គេ​ម្ដេច​មក​ខ្វល់​នឹង​យើង​។ គេ​ជួយ​ដែរ ខែ​បុណ្យទាន​គេ​ជួយ​១​ម៉ឺន ឬ​២​ម៉ឺន​អីហ្នឹង​។ បើ​ចង់​ឱ្យគេ​ជួយ​រាល់ថ្ងៃ គេ​មាន​អ្វី​ជួយ​យើង គេ​ខ្លាច​គ្រួសារ​គេ​អត់​ដែរ​។ ហើយ​ខ្ញុំ​ចិញ្ចឹម​ចៅ​ផង គេ​ដែល​អរ​នឹង​យើង​?»​។ 
   
ត្បាល់​កិន​ដែល​អ្នក​ស្រី​ ជា ញិប ប្រើ​សម្រាប់​កិន​ម្សៅ​ធ្វើ​នំរាល់​ថ្ងៃ​

​ងាក​មក​អ្នកស្រី ម៉ៅ គឹម​លី​ស អាយុ​៤២​ឆ្នាំ ជា​ក្មួយ​ស្រី​ដែល​ជួយ​យកអាសា​ម្ដាយមីង​កម្សត់ ឱ្យមក​រស់នៅ​លើផ្ទះ​ប្រក់​ក្បឿង ជ​ញ្ចាំ​ង និង​រនាប​ក្ដារ​វិញ​។ ភ្នែក​សម្លឹង​មើលទៅ​ម្ដាយមីង​ដែល​នៅ​អង្គុយ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ខ្លួន អ្នកស្រី គឹម​លី​ស ថា​គាត់​អាចជួយ​គ្រួសារ​ខ្វះ​ទីពឹង​ពំនាក់​នេះ​បាន​តិចតួច​ប៉ុណ្ណោះ​។ «​ខ្ញុំ​គិតថា គាត់​មិនមាន​ដី​មិន​មានផ្ទះ ខ្ញុំ​គិត​ទៅដល់​ការលំបាក ក្នុងដំណាក់កាល​ចុងក្រោយ​របស់គាត់ ពេលដែល​គាត់​ឈឺ​គឺ​យ៉ាប់​ហើយ​។ ហើយ​នៅពេល​មិនមាន​ទីលំនៅ ចៅ​មាន​គោលដៅ​មកពីណា​? បើ​យើង​មាន​ដី មានផ្ទះ​សំបែង នោះ​ទើប​ចៅ​មាន​គោលដៅ​។ ខ្ញុំ​អាចជួយ​គាត់​ត្រឹមតែ​អាហារ​បន្តិចបន្តួច​តែ​ប៉ុណ្ណឹង​ឯង​»​។​
 
​ជាធម្មតា​អ្នកស្រី ជា ញិ​ប ធ្វើ​នំអាកោត្នោត ឬ​នំ​អង្ករ​ត្នោត​លក់ នៅ​រដូវ​មាន​ត្នោត​ទុំ​។ ក្រៅពីនោះ អ្នកស្រី​ក៏ ធ្វើ​បង្អែម​លត និង​បង្អែម​មួយចំនួនទៀត​លក់​ដែរ​។ ទោះជា​យ៉ាងណា ការធ្វើ​នំ​និង​បង្អែម​ទាំង​អម្បាលម៉ាន​ខាងលើ ដូនចាស់​រូបនេះ មិន​ហ៊ាន​ធ្វើ​ច្រើន​ឡើយ ព្រោះ​ខ្លា​ចលក់​មិន​អស់​ខាតដើម​។ បើទោះបីជា​ជីវភាព​ក្រ​យ៉ាងណាក៏ដោយ ក៏​ជីដូន​ដែល​ដើរតួ​ជា​យាយ​ផង ជា​ម្ដាយ​ផង និង​ជា​ឪពុក​ផង​នេះ នៅតែ​ស្វះស្វែង​ឱ្យ​ចៅប្រុស​តូចៗ​៣​នាក់ នៅក្នុង​បន្ទុក ដែលមាន​អាយុ​១៤​ឆ្នាំ​ម្នាក់ អាយុ​១១​ឆ្នាំ​ម្នាក់ និង​អាយុ​៩​ឆ្នាំ​ម្នាក់ បាន​រៀនសូត្រ​សន្សំ​ចំណេះដឹង​ដែរ​៕ 

Tag:
 ជីវិត​
 ​ នំ​ខ្មែរ​
 ​ លក់ដូរ​
 ​ ចៅ​
 ​ យាយ​
 ​ ចិញ្ចឹម​
© រក្សាសិទ្ធិដោយ thmeythmey.com