ONE Championship
កីឡាជាតិ
ជាតិ
កីឡាករ ចាន់ រតនា​៖ ផឹកស្រា​ស្រវឹង​មួយថ្ងៃ នឹង​បំផ្លាញ​ការហ្វឹកហាត់​បី​សប្តាហ៍​
20, Jun 2020 , 9:30 pm        
រូបភាព
ដោយ:
​អ្នកលេង​គុន​ខ្មែរ និង​គុន​ចម្រុះ​ឆ្នើម​កម្ពុជា ចាន់ រតនា បាន​លើកឡើងថា គ្រឿង​ស្រវឹង​ជា​សារធាតុ​មួយ ដែល​កីឡាករ​គ្រប់រូប​គួរ​ជៀសវាង​។ ព្រោះ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង វា​បង្ក​ផលប៉ះពាល់​ខ្លាំង​ដល់​ការអភិវឌ្ឍន៍​សមត្ថភាព​កីឡាករ​។ កីឡាករ​គ្រប់រូប​ត្រូវ​រៀបចំ​ផែនការ​ហ្វឹកហាត់ និង​កំណត់​របប​អាហារ​ឲ្យ​បាន​ត្រឹមត្រូវ ប្រសិនបើ​ចង់​ជា​កីឡាករ​ឆ្នើម​មួយរូប​។

 
 
​កីឡាករ​គ្រប់រូប​គួរ​ជៀសវាង​បរិភោគ​គ្រឿង​ស្រវឹង ប្រសិនបើ​ចង់​ក្លាយជា​កីឡាករ​ឆ្នើម ដែលមាន​សមត្ថភាព​ខ្ពស់​។ ការ​ញ៉ាំ​គ្រឿង​ស្រវឹង​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព ប្រាជ្ញា ស្មារតី ប៉ុណ្ណោះ​ទេ ថែមទាំង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការអភិវឌ្ឍ​សមត្ថភាព​របស់​កីឡាករ​ទៀតផង​។ ប៉ុន្តែ​កីឡាករ​អាច​ញ៉ាំ​ស្រា​(Wine)​ក្នុង​កម្រិត​ណាមួយ​ក្រោយ​ញ៉ាំ​អាហារ ដែល​មិន​ប៉ះពាល់​ដល់​សុខភាព​។ 
 
 
​អ្នកលេង​គុន​ខ្មែរ​ជួរមុខ​របស់​កម្ពុជា​កីឡាករ ចាន់ រតនា បាន​និយាយថា ប្រសិនបើ​ញ៉ាំ​គ្រឿង​ស្រវឹង​មួយថ្ងៃ​កីឡាករ​គ្រប់រូប​ត្រូវការ​ពេល​៣​សប្តាហ៍ ដើម្បី​ហ្វឹកហាត់​ស្តារ​សមត្ថភាព​ឡើងវិញ​។ ក្នុងន័យនេះ ការហ្វឹកហាត់​បី​សប្តាហ៍​នឹង​ត្រឡប់​មករក​ភាព​ដើម​វិញ បើ​កីឡាករ​ញ៉ាំ​ស្រា​រហូតដល់​ស្រវឹង​ក្នុង​រយៈពេល​មួយថ្ងៃ​។ 
 
​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​កីឡាករ​វ័យ​៣៤​ឆ្នាំ​រូបនេះ​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​គ្រឿង​ស្រវឹង​ប៉ះពាល់​មែនទែន​! សម្រាប់​ស្រា​(Wine) យើង​អាច​ញ៉ាំ​១​កែវ​បាន​ក្រោយ​ញ៉ាំ​អាហារ​រួច តែ​អ្វីដែល​សំខាន់​គឺ​ប៊ី​យា​។ សម្រាប់​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​អ្នកជំនាញ​របស់ខ្ញុំ​គាត់​ថា យើង​ខិតខំ​ហ្វឹកហាត់​៣​អាទិត្យ តែ​យើង​ផឹក​ស្រវឹង​មួយថ្ងៃ វា​នឹងធ្វើ​ឲ្យ​ការហ្វឹកហាត់​របស់​យើង​៣​អាទិត្យ​កាត់​អស់​(​ត្រឡប់​ដូចដើម​)»​។ 
 
​សម្រាប់​កីឡាករ ចាន់ រតនា ដើម្បី​អភិវឌ្ឍន៍​ខ្លួន​ឲ្យ​ក្លាយជា​កីឡាករ​ឆ្នើម​១​រូប ទាមទារ​ឲ្យ​កីឡាករ​គ្រប់រូប​ខិតខំ​ព្យាយាម​ហ្វឹកហាត់​ជាមួយ​ការរៀបចំ​ផែនការ​ហ្វឹកហាត់ និង​កំណត់​របប​អាហារ​ឲ្យ​បាន​ត្រឹមត្រូវ​។ ជាពិសេស ត្រូវ​ជៀសវាង​បរិភោគ​អាហារ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព រាងកាយ និង​ការអភិវឌ្ឍ​សមត្ថភាព​។ 
 
«​ចង់​ធ្វើជា​កីឡាករ​វាយ​ដាក់​ទ្រុង​(MMA)​ឆ្នើម​១​រូប គឺ​សំខាន់​ត្រូវគោរព​ពេលវេលា​ហ្វឹកហាត់ របប​អាហារ​ដែល​យើង​ញ៉ាំ​ប្រចាំថ្ងៃ​កុំ​បណ្តោយ​ខ្លួន ទោះបី​យើង​អត់​វ៉ៃ​ក៏ដោយ យើង​កុំ​ញ៉ាំ​របស់ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព ធ្វើ​ឲ្យ​ខ្លួន​យើង​ធាត់ ឡើង​ជាតិ​ខ្លាញ់ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ពេល​យើង​ហ្វឹកហាត់​។ យើង​ត្រូវ​រៀបចំ​ផែនការ​ការហ្វឹកហាត់ និង​ញ៉ាំ​អាហារ​ឲ្យ​បាន​ត្រឹមត្រូវ​»​។ នេះ​ជាការ​លើកឡើង​របស់​កីឡាករ ចាន់ រតនា​។ 
 
​ក្រៅពី​គ្រឿង​ស្រវឹង កីឡាករ ក៏​គួរ​ជៀសវាង​បរិភោគ​អាហារ និង​ភេសជ្ជៈ ដែលមាន​ជាតិ​ខ្សាច់​ច្រើន និង​រសជាតិ​ផ្អែម និង​អាហារ​ដែល​អាក​ផ្ទុក​ក្នុង​ក្រពះ​បានយូរ​។ រតនា បាន​រៀបរាប់ថា​៖«​អាហារ​ដែល​គួរ​ជៀង​សវាង រួមមាន​អាហារ​ដែលមាន​ខ្សាច់​ច្រើន មាន​រសជាតិ​ផ្អែម​ខ្លាំង និង​របស់​ដែល​អាច​ផ្ទុក​ក្នុង​ពោះ​យើង​បាន​ច្រើន​ថ្ងៃ ដូចជា​មី​ទម្រាំ​រលាយ​វា​ត្រូវការ​ពេល​ប៉ុន្មាន​។ សម្រាប់​សាច់គោ​ញ៉ាំ​ពេល​យើង​ឈឺ​សាច់ដុំ គឺ​ល្អ តែ​ពេលខ្លះ​យើង​ញ៉ាំ​សាច់គោ ក៏​មិនល្អ​ដែរ នៅពេល​យើង​គ្មាន​ឈឺ​អ្វី​»​។ 
 
​កត្តា​ទាំងអស់​នេះហើយ ដែល​ជួយ​ឲ្យ​កីឡាករ ចាន់ រតនា ដែលមាន​វ័យ​រហូត​៣៤​ឆ្នាំ​អាច​រក្សា​កម្លាំង និង​សមត្ថភាព​ខ្លាំង​រហូតដល់​បច្ចុប្បន្ន​។ កត្តា​នេះ ក៏​រួមចំណែក​ជួយ​ឲ្យ​រូបគេ​ទទួលបាន​ជោគជ័យ​ទាំង​លើ​វិថី​គុន​ខ្មែរ និង​គុន​ចម្រុះ​។ ជាក់ស្តែង​កីឡាករ​រូបនេះ​ទទួលបាន​ជ័យជម្នះ​បី​ប្រកួត​ជាប់​គ្នា​នៅក្នុង​ព្រឹត្តិការណ៍ ONE Championship ក្នុងនោះ​ផ្តួល​គូប្រកួត​ឲ្យ​បោះបង់​ការប្រកួត​ចំនួន​ពីរលើក និង​ឈ្នះ​ដោយ​ពិន្ទុ​១​លើក​៕
 
 
 
  
 

Tag:
 ប្រដាល់​គុន​ខ្មែរ​
  ចាន់ រតនា​
  MMA
© រក្សាសិទ្ធិដោយ thmeythmey.com