COVID-19
ជាតិ
សង្គមជាតិ
រដ្ឋាភិបាល សម្រេច​មិន​យក​ថ្លៃ​អនុភាព​អគ្គិសនី ចំពោះ​គ្រឹះស្ថានសិក្សា​ដែល​រង​ប៉ះពាល់​ដោយសារ​កូ​វីដ​-១៩
20, Jun 2020 , 4:26 pm        
រូបភាព
ដោយ:
 ភ្នំពេញ​៖ ក្រសួង​រ៉ែ និង​ថាមពល សម្រេច​មិន​យក «​ថ្លៃ​អនុភាព​អគ្គិសនី​» ចំពោះ​គ្រឹះស្ថានសិក្សា​ណា​ដែល​រង​ប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ​-១៩ ចាប់ពី​ខែមិថុនា ដល់​ខែតុលា ឆ្នាំ​២០២០​។ ការអនុគ្រោះ​នេះ​ធ្វើឡើង ដើម្បី​សម្រួល​បន្ទុក​ដល់​គ្រឹះស្ថានសិក្សា​ដែល​ប្រើប្រាស់​ថាមពល​អគ្គិសនី​សម្រាប់​បន្ត​វឌ្ឍនភាព​នៃ​ការអប់រំ​។ 

 
 
​លោក វុ​ច​ទ័​រ ហ្សូ​នា អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា អគ្គិសនី​កម្ពុជា​នឹងមិន​យក​ថ្លៃ​អនុភាព​អគ្គិសនី​លើ​គ្រឹះស្ថានសិក្សា​ណា​ដែល​បាន​ផ្តល់ដំណឹង​មក​ក្រសួង​រ៉ែ និង​ថាមពល ពី​ផលប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ​-១៩​។ ការមិន​យក​ថ្លៃ​អនុភាព​នេះ គឺ​សំដៅលើ​ថ្លៃ​ផាកពិន័យ ប្រសិនបើ​ស្ថាប័ន​ទាំងនេះ​មិន​ប្រើប្រាស់​អគ្គិសនី​ទៅតាម​ទំហំ​ដែល​ព្រមព្រៀង​។ 
 
​លោក វុ​ច​ទ័​រ ហ្សូ​នា មានប្រសាសន៍​ដូច្នេះ​ថា​៖«​កន្លងមក​យើង​គិតថ្លៃ​អនុភាព​អគ្គិសនី​ផង និង​គិតថ្លៃ​ថាមពល​ដែល​កត់ត្រា​ដោយ​កុង​ទ័​រ​ផង​។ ឥឡូវ​យើង​គ្រាន់តែ​គិតថា​ថ្លៃ​កង់​ទ័​រ ឃើញ​ប៉ុន្មាន គឺ​យើង​គុណ​ថ្លៃ​ប៉ុណ្ណឹង​»​។ 
 
​បើតាម​អ្នកនាំពាក្យ និង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ថាមពល​នៃ​ក្រសួង​រ៉ែ និង​ថាមពល​រូបនេះ គ្រប់​វិស័យ​ឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម  និង​សេវាកម្ម   ដែល​មិន​ប្រឈម​នឹងត្រូវ​ព្យូ​រកា​រងារ​ក្នុងអំឡុង​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ តែ​បង្កើន​ការប្រើប្រាស់​ថាមពល​លើស​ចំនួន​ការប្រើប្រាស់​ថាមពល​ជាង​មុន​ដែល​ប្រៀបធៀប​នឹង​ខែមករា ដល់​ខែមីនា ក៏ត្រូវ​អនុគ្រោះ​បញ្ចុះតម្លៃ​អគ្គិសនី​ចំនួន​២៥​ភាគរយ​ចាប់ពី​ខែមិថុនា ដល់​ខែតុលា​ផងដែរ​។​
 
​ត្រង់ចំណុច​នេះ លោក ហ្សូ​នា ប្រាប់​ដូច្នេះ​ថា​៖«​ជាធម្មតា​គាត់​ប្រើ​អស់​១០០​គីឡូវ៉ាត់ម៉ោង ស្រាប់តែ​ពេល​កូ​វីដ​-១៩ គាត់​មិន​តែ​ប្រើ​ថយចុះ​ទេ គឺ​គាត់​ប្រើ​កើន​ជាង​មុន គឺ​គាត់​ប្រើ​ដល់​១៥០​គីឡូវ៉ាត់ម៉ោង​។ អ៊ីចឹង​អា​៥០​គីឡូវ៉ាត់ម៉ោង​ដែល​លើស​នេះ អ៊ីចឹង​យើង​គិតថ្លៃ​តែ​២៥​ភាគរយ​»​។​
 
​ក្រសួង​រ៉ែ និង​ថាមពល បានស្នើ​ឲ្យ​អគ្គិសនី​កម្ពុជា និង​អ្នក​ដែល​កាន់​អាជ្ញា​បណ្ណ​ធ្វើ​សេវាកម្ម​បញ្ជូន​រង និង​អ្នក​ចែកចាយ​អគ្គិសនី​ឯកជន  ត្រូវ​រួមគ្នា​អនុគ្រោះ និង​លើកទឹកចិត្ត​ដល់​គ្រប់​វិស័យ​ដើម្បី​ឲ្យ​បង្កើន​នូវ​ការប្រើប្រាស់​អគ្គិសនី​៕ 
 
 
 

Tag:
 អគ្គិសនី​
  ​គ្រឹះស្ថានសិក្សា​
 ​ ជំងឺ
© រក្សាសិទ្ធិដោយ thmeythmey.com