ជាតិ
២៥ខេត្ត/រាជធានី
​បន្ទាប់ពី​ស្រូវ ស្វាយចន្ទី​,​ពោតក្រហម និង​ដំឡូង​មី ជា​កសិផល​ដែល​ត្រូវបាន​ដាំ​ដុះ​ច្រើនជាងគេ​នៅ​កម្ពុជា​
20, Jun 2020 , 10:30 pm        
រូបភាព
ដោយ: ថ្មីៗ
​ដោយ​៖ ខន ណា​រី​
 
​ភ្នំពេញ​៖ កសិកម្ម ជា​វិស័យ​អាទិភាព​នៅ​កម្ពុជា ហើយ​ក្នុងនោះ​ដំណាំ​ស្រូវ ត្រូវបាន​ប្រជាកសិករ​ដាំ​ដុះ​ច្រើនជាងគេបង្អស់ ដោយបាន​គ្របដណ្តប់​ផ្ទៃដី ៣,៨៨ លាន​ហិកតា នៅក្នុង​ឆ្នាំ​២០១៩​។ នេះ​បើតាម​លោក ងិន ឆាយ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម ដែល​ថ្លែង​ក្នុង​សន្និសីទកាសែត​ស្ដីពី​«​សក្ដានុពល​នាំចេញ​កសិផល​កម្ពុជា ទៅកាន់​ទីផ្សារ​អន្តរជាតិ​ដែលមាន​ការទាក់ទង​ទៅនឹង​ភូតគាម​អនាម័យ​» នៅ​ទីស្ដីការគណៈរដ្ឋមន្ត្រី ថ្ងៃទី​១៧ ខែមិថុនា​។ 
 
​តាម​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​រូបនេះ បន្ទាប់ពី​ដំណាំ​ស្រូវ មាន​កសិផល​ចម្បង​៨​មុខ​ទៀត ដែល​ត្រូវបាន​ប្រជាកសិករ​ដាំ​ដុះ ក្នុងនោះ​មាន​ស្វាយចន្ទី ចំនួន​២២ ម៉ឺន​ហិកតា​, ពោតក្រហម​ជាង ២០ ម៉ឺន​ហិកតា​, ដំឡូង​មី ១៥ ម៉ឺន​ហិកតា​, ស្វាយ ១២ ម៉ឺន​ហិកតា​, ចេកអំបូង​លឿង ៤ ម៉ឺន​ហិកតា​, មាន​ប៉ៃលិន ១ ម៉ឺន​ហិកតា​, ម្រេច ៣ ពាន់​ហិកតា និង​ស្រកានាគ​ប្រមាណ ៥ ពាន់​ហិកតា​។​
 
​លោក ងិន ឆាយ បានបញ្ជាក់​នៅក្នុង​វេទិកា​នោះដែរ​ថា វិស័យ​កសិកម្ម នៅតែ​ជា​វិស័យ​មួយ​សំខាន់ ជួយ​ទ្រទ្រង់​ជីវភាព​រស់នៅ​របស់​ក​សិ​ករ ផ្ដល់​សន្តិសុខ​ស្បៀង និង​ការងារ​នៅ​ជនបទ ក៏ដូចជា​ចូលរួម​ទប់ស្កាត់​ការធ្លាក់ចុះ​នៃ​សេដ្ឋកិច្ចកម្ពុជា​ផងដែរ បើ​ទោះ​បច្ចុប្បន្ន​កម្ពុជា​ប្រឈម​នឹង​វិបត្តិ​កូ​វីដ​-១៩​ក្តី​។​
 
​សូមបញ្ជាក់ថា កាលពី​ឆ្នាំ​២០១៩ កម្ពុជា​បាន​នាំចេញ​កសិផល​ផ្លូវការ​ទៅ​ទីផ្សារ​អន្តរជាតិ​សរុប ៤,៨៧ លាន​តោន ក្នុងនោះ​នាំទៅ​សហគមន៍​អឺរ៉ុប​ជាង ២៦១​ពាន់​តោន បណ្ដា​ប្រទេស​អាស៊ាន​ជាង ៤ លាន​តោន ប្រទេស​ចិន ៤៣០ ពាន់​តោន និង​ទៅ​ប្រទេស​ផ្សេងៗ ១៣៥ ពាន់​តោន​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com