ជាតិ
សង្គមជាតិ
២៥ខេត្ត/រាជធានី
អ្នកជំនាញ​សេដ្ឋកិច្ច ៖​កម្ពុជា​ត្រូវ​ប្រើ​យុទ្ធសាស្ត្រ​ផលិត​កសិកម្មសរីរាង្គ ទើប​អាច​ប្រជែង​ជាមួយ​ប្រទេសជិតខាង​
20, Jun 2020 , 4:59 pm        
រូបភាព
​ភ្នំពេញ​៖ កម្ពុជា ត្រូវតែ​ប្ដូរ​យុទ្ធសាស្ត្រ​មក​ផលិត​កសិកម្មសរីរាង្គ​ឱ្យបាន​ច្រើន ទើប​អាច​ប្រកួតប្រជែង​ជាមួយ​ប្រទេសជិតខាង​បាន​។ លោក គី សេរី​វឌ្ឍន៍ បណ្ឌិត​សេដ្ឋកិច្ច នៃ​រាជបណ្ឌិត្យសភា បាន​ថ្លែង​បែបនេះ នៅក្នុង​វេទិកា​តុមូល​ពិភាក្សា ស្តីពី «​ការរៀបចំ​ខ្លួន​របស់​កម្ពុជា ដើម្បី​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ ក្រោយពេល​បញ្ចប់​ការរីក​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ » កាលពី​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០២០​នេះ​។​


​អ្នកជំនាញ​សេដ្ឋកិច្ច​រូបនេះ បាន​និយាយថា ផលិតផល​កសិកម្ម ដែល​កម្ពុជា​អាច​ប្រកួតប្រជែង​ទីផ្សារ ឈ្នះ​ប្រទេសជិតខាង ដូចជា ថៃ និង​វៀតណាម​នោះ គឺ​មានតែ​ផលិតផល​សរីរាង្គ​ទេ​។ ក្នុងន័យនេះ​លោក គី សេរី​វឌ្ឍន៍ បាន​សង្កត់ធ្ងន់ថា យុទ្ធសាស្ត្រ​ផលិតផល​កសិកម្ម​សេរី​រា​ង្គ គឺ​ដើម្បី​ផ្ដួល​ផលិតផល​ប្រើ​គីមី និង​ជាតិពុល​។ 
 
​បណ្ឌិត​សេដ្ឋកិច្ច​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​កសិកម្ម​របស់​កម្ពុជា មាន​ផ្ទៃដី​តូច ដូច្នេះ​យើង​មិនអាច​យកទៅ​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ថៃ និង​វៀតណាម​បានទេ​។ អ៊ីចឹង​បើ​យើង​និយាយ​អំពី​កម្រិត​ទិន្នផល ដើម្បី​យកមក​ប្រកួតប្រជែង​អត់​បានទេ​។ អ៊ីចឹង​កម្ពុជា​ត្រូវតែ​ប្តូរ​យុទ្ធសាស្ត្រ​មក​ធ្វើជា​ផ​លិ​ផល​សេរី​រា​ង្គ ដោយ​មិន​ប្រើ​គីមី ជា​ផ្នែក​ទីផ្សារ (Market Segment ) មួយ​ខ្ពស់ ខ​ស​ពី​ផ​លិ​ផល​ប្រទេស​នានា ដើម្បី​ផ្ឌ​ត់​ផ្គង់​វិស័យ​ទេសចរណ៍​។ (​ធ្វើ​បែប​)​នេះ ទើប​យើង​អាច​ក្លាយទៅជា​យុទ្ធសាស្ត្រ Product Difference Change ដើម្បី​ទាញ​ឱ្យ​កម្ពុ​ជាមាន​សក្ដានុពល​ក្នុងការ​ប្រកួតប្រជែង​»​។​
 
​សម្រាប់​លោក សេរី​វឌ្ឍន៍ បើ​កម្ពុជា​មិន​ប្រើ​យុទ្ធសាស្ត្រ​នេះ​ទេ កម្ពុជា​មិនអាច​ប្រកួតប្រជែង​ឈ្នះ​ប្រទេសជិតខាង​បានឡើយ ។ «​បើ​អត់​ធ្វើ​(​ផលិត​កសិកម្ម​សេរី​រា​ង្គ​)​បែបនេះ យើង​មិនមាន​សក្តានុពល​ប្រកួតប្រជែង​ទេ ព្រោះ​យើង​នៅ​ផលិត​ស្រូវ​ដូច​តែ​គេ​ដែរ យើង​លក់​មិន​ឈ្នះ​គេ បើ​យើង​ទិញ​ពូជ ទិញ​ជី ទិញ​ថ្នាំ​សម្លាប់សត្វ​ល្អិត​ពី​គេ​មក​»​។ នេះ​បើតាម​អ្នកជំនាញ​សេដ្ឋកិច្ច​។​
​បច្ចុប្បន្ននេះ ថៃ និង​វៀតណាម កំពុង​ជាប់​កាត់​ក្រហម ដោយ​មិនអាច​នាំចូល​ផលិតផល​កសិកម្ម​ទៅ​អឺរ៉ុប​បានទេ ខណៈដែល​ផលិតផល​កម្ពុជា ត្រូវបាន​អឺរ៉ុប​ទទួលស្គាល់​។ មុន​អឺរ៉ុប​ទទួលស្គាល់​នេះ កម្ពុជា​ក៏​ធ្លាប់​រង​ពិន័យ​កាត​លឿង​ព្រមាន​លើ​ផលិតផល ដែល​ប្រើប្រាស់​សារធាតុ​គីមី​ពុល​លើ​កម្រិត​ដែរ​។ ប៉ុន្តែ​ក្រោយពី​កម្ពុជា​អនុវត្តតាម​ស្ដង់ដារ​សុវត្ថិភាព​លើ​បន្លែ ផ្លែឈើ គ្មាន​ជាតិគីមី​របស់​អឺរ៉ុប រយៈពេល​៦​ឆ្នាំ​មក ទើប​កម្ពុជា​អាច​រួច​ផុតពី​ការពិន័យ​កាត​លឿង​នេះ​។ នេះ​បើតាម​លោក ងិន ឆាយ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែល​បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន ស្តីពី​៖«​សក្កា​នុព​ល​នា​ចេញ​កសិផល​កម្ពុជា ទៅកាន់​ទីផ្សារ​អន្តរជាតិ​ដែលមាន​ទាក់ទង​នឹង​ភូតគាម​អនាម័យ​» នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី​១៧ មិថុនា ឆ្នាំ​២០២០​។​
 
​កន្លងមក​ក្រសួងមហាផ្ទៃ​បានចេញ​លិខិត​មួយ បង្គាប់​ឱ្យ​រដ្ឋបាលខេត្ត​នៅជាប់​ព្រំប្រទល់​ប្រទេសជិតខាង​ទាំងអស់ ទប់ស្កាត់​ការនាំ​បន្លែ​-​ផ្លែឈើ​ដែលមាន​ជាតិគីមី​ពុល និង​ទំនិញ​ខូចគុណភាព​ចូល​។​
 
​ប៉ុន្តែ​ការចេញលិខិត​ហាមឃាត់​នេះ មិនទាន់​គ្រប់គ្រាន​ឡើយ​។​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុ​ជា (CCFC) បានទាមទារ​ឲ្យ​រដ្ឋាភិបាល​បង្កើត​ប្រព័ន្ធ​រាយការណ៍​បន្ទាន់​តាម​ទូរ​សព្ទ (Hot Line) ដើម្បី​ឲ្យ​ពលរដ្ឋ​អាច​រាយការណ៍​អំពី​ករណី​សង្ស័យ​ទៅលើ​មន្ត្រី ឬ​អាជ្ញាធរ​អនុញ្ញាត​ឲ្យ​នាំ​បន្លែ និង​ផ្លែឈើ​ដែលមាន​ផ្ទុក​សារធាតុ​គីមី​ពុល​ពី​បរទេស ចូល​កម្ពុជា​។​
​បើតាម​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុ​ជា ការអនុញ្ញាតឱ្យ​នាំយក​ទំនិញ​ខូចគុណភាព ជាពិសេស​បន្លែ និង​ផ្លែឈើ​ដែលមាន​សារធាតុ​គីមី​ពុល​ចូល​នោះ បានធ្វើឱ្យ​ប៉ះពាល់​សុខភាព និង​ជីវភាព​រស់នៅ​របស់​ព​ល​រដ្ឋ​ខ្មែរ​។ ជាមួយគ្នានេះ សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុ​ជា ក៏បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ត្រូវ​ចូលរួម​យុទ្ធនាការ «​ពហិកា​» ប្រើប្រាស់ ឬ​ទិញ​បន្លែ​-​ផ្លែឈើ នាំចូល​ពី​បរទេស​ដែលមាន​ផ្ទុក​សារធាតុ​គីមី​ពុល​ទាំងនោះ ដោយ​ត្រូវ​ងាក​មក​គាំទ្រ​ការប្រើប្រាស់​បន្លែ និង​ផ្លែឈើ​ក្នុងស្រុក ស្របតាម​គោលការណ៍​ធម្មជាតិ សុវត្ថិភាព និង​សរីរាង្គ​វិញ​។​
 
​ដើម្បី​ទប់ស្កាត់​ការ​នាំចូល​ផលិតផល​ពី​ខាងក្រៅ ហើយ​បង្កើន​ផលិតផល​ក្នុងស្រុក​នោះ កម្ពុជា​ត្រូវបង្កើត​បណ្ដាញ​សហគមន៍​ឱ្យបាន​ច្រើន ដើម្បី​បង្កើតជា​កម្លាំង​រួមគ្នា​មួយ សម្រាប់​បង្កើន​ទិន្នផល និង​ប្រកួតប្រជែង​ទីផ្សារ ដោយ​មិនឱ្យ​ខាតបង់ តាមរយៈ​ការទម្លាក់​តម្លៃ​ពី​ឈ្មួញ​ដូច​មុន​ឡើយ​។ ជាពិសេស​ការ​គាំពារ និង​បើក​ច្រក​ទីផ្សារ​ឱ្យ​ផលិតផល​ក្នុងស្រុក ប្រកួតប្រជែង​ជាមួយ​ផលិតផល​នាំចូល ដោយ​ក្រុមហ៊ុន​នោះ ក៏​ជា​ផ្នែក​មួយ​នៃ​ការលើកកម្ពស់​ផលិតផល​ក្នុងស្រុក​ដែរ​។ នេះ​បើតាម​លោក​លោក គី សេរី​វឌ្ឍន៍ បណ្ឌិត​សេដ្ឋកិច្ច​។ 
 
​អ្នកជំនាញ​សេដ្ឋកិច្ច​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖« ការរៀបចំ​សហគម​ឡើងវិញ គឺ​ដើម្បី​ជួយ​ឱ្យ​កសិករ​មាន​កម្លាំង​ផលិត​រួមគ្នា ហើយនឹង​ការផ្គត់ផ្គង់​ក្នុង​បរិមាណ​មួយ អាច​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​បាន និង​រួមចំណែក​កាត់បន្ថយ​ថ្លៃដើម​»​។​
 
​របាយការណ៍​របស់​ម​ជ្ឈ​មណ្ឌល​សិក្សា​គោលនយោបាយ (CPS) បានឱ្យដឹងថា កម្ពុជា​បន្ត​នាំចូល​បន្លែ​ពី​ប្រទេសជិតខាង​ប្រមាណ​២០០​ទៅ​៤០០​តោន​ក្នុង​មួយថ្ងៃ ក្នុងនោះ​មាន​៦០​ភាគរយ ជា​ប្រភេទ​បន្លែ​នាំចូល​ពី​ប្រទេស​វៀតណាម​។​ក្នុង​ទំហំ​បន្លែ​៦០​ភាគរយ នៃ​ការនាំ​ចូល​ពី​វៀតណាម គឺមាន​៥០​ភាគរយ ជា​បន្លែ​ដែល​កសិករ​កម្ពុជា​មិនសូវ​ដាំ​ដុះ ដូចជា​ការ៉ុត ដំ​ឡូ​បារាំង ស្ពៃបូកគោ ស្ពៃក្តោប ម្ទា​ស់​ផ្លោក និង​ផ្កា​ស្ពៃ ជាដើម​។ បើតាម​របាយការណ៍​ដ​ដែល កម្ពុជា​ខាតបង់​ទឹកប្រាក់​ប្រមាណ​១៥០​ដុល្លារ​ទៅ​២០០​លាន​ដុ​លា្ល​រ ក្នុង​មួយឆ្នាំ ដោយសារ​ការនាំ​ចូល​ប​ន្លែ​-​ផ្លែឈើ​ពី​ប្រទេសជិតខាង​នេះ​៕
 

Tag:
 គី សេរី​វឌ្ឍន៍
  កសិកម្ម​
  សេដ្ឋកិច្ច​
© រក្សាសិទ្ធិដោយ thmeythmey.com