ជាតិ
បទយកការណ៍ / បទសម្ភាសន៍
២៥ខេត្ត/រាជធានី
រដូវ​ប្រមូល​ផលដំណាំ​«​ល្ម៉ើ​»​មកដល់ ខណៈ​កសិករ​ស្រុក​បន្ទាយស្រី កំពុង​បារម្ភ​បញ្ហា​ទីផ្សារ​
20, Jun 2020 , 10:59 pm        
រូបភាព
 លោក​ ម៉ក់ យាង ជាកសិករដាំល្ម៉ើដំបូងគេ ក្នុងស្រុកបន្ទាយស្រី​
លោក​ ម៉ក់ យាង ជាកសិករដាំល្ម៉ើដំបូងគេ ក្នុងស្រុកបន្ទាយស្រី​
សៀមរាប​៖ មាន​ភូមិសាស្ដ្រ​អំណោយផល​ផ្នែក​កសិកម្ម ស្រុក​បន្ទាយស្រី​ត្រូវបាន​គេ​ស្គាល់​ថា អាច​ដាំ​ដុះ​ដំណាំ​ហូប​ផ្លែ​ជាច្រើន​ដែលមាន​ទិន្នផល​ល្អ និង​មានឱជារស​មិន​ចាញ់​តំបន់​ដទៃ​ក្នុងប្រទេស​កម្ពុជា​។ ថ្មីៗ​នេះ ស្រុក​នេះ​ក៏​បង្ហាញ​ពី​ផ្លែឈើ​មួយបែប​ទៀត​ដែល​មិន​ធ្លាប់មាន នោះ​គឺ​ដំណាំ​ល្ម៉ើ​។ លោក ម៉ក់ យាង ជា​កសិករ​ទី​១​ក្នុងស្រុក​បន្ទាយស្រី​ដែល​កំពុង​ប្រមូល​ផលដំណាំ​ល្ម៉ើ ដែលជា​ដំណាំ​មួយ​មានតម្លៃ​ទីផ្សារ​ល្អ​។ ដ្បិតថា​មាន​ទិន្នផល​មុនគេ​ក៏ពិតមែន តែ​កសិករ​រូបនេះ​នៅ​បារម្ភ​ពី​បញ្ហា​ទីផ្សារ ពេលដែល​ល្ម៉ើ​កើន​ផល ពិសេស​ជា​ដំណាំ​ហូប​ផ្លែ​ដែលមាន​តម្លៃ​ថ្លៃ ពេលនោះ​អាច​ទិន្នផល​ច្រើនជាង​អ្នកទិញ​ជាដើម​។​

 
​ព័ត៌មាន​ពិស្ដារ សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​អ្នកនាង អ៊ី​សា រ៉​ហា​នី ពី​ខេត្តសៀមរាប​ដូចតទៅ​




 
​ផ្ទៃដី​ចម្ការ​ល្វឹងល្វើយ លាត​សន្ធឹក​ស្ទើរ​ពេញ​ភូមិសាស្ដ្រ​ស្រុក​បន្ទាយស្រី ពិសេស​នៅ​តំបន់​ជើងភ្នំ​គូលែន​។ ជា​តំបន់​ដែលមាន​ភាព​អំណោយផល​ខ្លាំង​ផ្នែក​កសិកម្ម ប្រជាពលរដ្ឋ​បាន​ដាំ​ដុះ​នូវ​ដំណាំ​ជាច្រើន រាប់ទាំង​ប្រភេទ​ដំណាំ​ហូប​ផ្លែ និង​ប្រភេទ​បន្លែ​។ 
 
​លោក ម៉ក់ យាង ជា​កសិករ​ទីមួយ​ដែល​ជ្រើសរើស​ការដាំ​ដំណាំ​ល្ម៉ើ​។ ដំណាំ​ប្រភេទ​នេះ​កម្រ​មាន​កសិករ​ដាំ​ដុះ​ណាស់ ពិសេស​ក្នុងភូមិ​សាស្ដ្រ​ស្រុក​បន្ទាយស្រី ឬ​អាច​និយាយបានថា​ក្នុង​ខេត្តសៀមរាប ព្រោះ​ជា​ដំណាំ​ថ្មី ត្រូវការ​បច្ចេកទេស​ខ្ពស់ ការថែទាំ​ដិតដល់ ពិសេស​ត្រូវការ​ដើមទុន​ធំ​។ ឆ្នាំនេះ លោក ម៉ក់ យាង ទើប​ប្រមូល​ផល​ល្ម៉ើ​ឆ្នាំ​ដំបូង ដែល​ហុច​ផល​បាន​ច្រើន​គួរសម​។ 
 
​ក្រោយ​សិក្សា​រយៈពេល​មួយឆ្នាំ កសិករ​លោក ម៉ក់ យាង សម្រេច​នាំ​ពូជ​ល្ម៉ើ​ដែល​នាំចូល​ពី​ប្រទេសជិតខាង​មក​ដាំ​ក្នុងភូមិ​សាស្ដ្រ​ភូមិ​ស្គន់ ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។ ក្រោយ​ដាំ​រយៈពេល​៣​ទៅ​៤​ឆ្នាំ ល្ម៉ើ​ដែល​ស្ថិតក្នុង​ការដាំ​សាកល្បង​ប្រមាណ​២៥០​ដើម បាន​ហុច​ផល ហើយ​វា​បាន​ក្លាយជា​កសិផល​ថ្មី​មួយទៀត​សម្រាប់​ស្រុក​បន្ទាយស្រី​។ មានបទពិសោធន៍​ទៅលើ​ដំណាំ​ថ្មី​នេះ លោក ម៉ក់ យាង បាន​ចែករំលែក​ចំណេះដឹង​ទាក់ទង​នឹង​ការដាំ​ដំណាំ​ល្ម៉ើ​នេះ​ដល់​កសិករ​ដទៃទៀត​ដែល​ចង់​សាកល្បង​ដាំ​ដូច​លោក​ដែរ​។ លោក​ពន្យល់ថា ដំណាំ​នេះ​ត្រូវការ​ទឹក​ច្រើន និង​ត្រូវ​ការរៀបចំ​ដី​ឱ្យ​បានល្អ​មុន​ដាំ​ដុះ មិន​ដូច្នោះ​ទេ ធ្វើឱ្យ​ការចំណាយ​ទុន​កាន់តែច្រើន​។ លោក យាង ពន្យល់​បន្ថែម​៖« ភូមិសាស្ដ្រ​បន្ទាយស្រី​មាន​ភាព​អំណោយផល​ល្ម៉ើ តែ​ត្រូវការ​ទឹក​ឱ្យ​គ្រប់គ្រាន់ ល្ម៉ើ​កាន់តែ​ធំ​ត្រូវការ​ទឹក​កាន់តែច្រើន​។ ក្នុង​មួយ​ដើម​ស្រោច​ម្ដង​៥០០​ទៅ​៦០០​លីត្រ មួយ​សប្ដាហ៍​២​ដង អាស្រ័យ​យើង​រៀបចំ​ដី​។ ទឹកដី​ស្រុក​បន្ទាយស្រី បើ​មិនបាន​រៀបចំ​ដី​ឱ្យទៅជា​ប្រភេទ​កំ​ប៉ុស្ដិ៍​ទេ មួយថ្ងៃ​រំលង​មួយថ្ងៃ ដី​រឹង​។ បើ​ចេះ​រៀបចំ ដី​ធូរ​។ យើង​ពន្យារពេលបាន​២​ទៅ​៣​ថ្ងៃ ធូរ​លុយ​ច្រើន​»​។​
 
​ចំណែក​ការ​រៀច​បំ​ដាំ​វិញ កសិករ​វ័យ​៥០​ឆ្នាំ​រូបនេះ​ពន្យល់ថា រណ្ដៅ​កាន់តែ​ធំ កាន់តែ​ល្អ​សម្រាប់​ដំណាំ​ល្ម៉ើ​។ ចម្ការ​ល្ម៉ើ​លោក ម៉ក់ យាង ជីកដី​ជម្រៅ​មួយ​ម៉ែត្រ​ដោយ​ប្រើ​គ្រឿងចក្រ​ជំនួយ ហើយ​ក្នុង​រណ្ដៅ​នោះ​មាន​លាយ​លាមក​មាន់ គោ អង្កាម ស្លឹកឈើ​ច្របល់​ចូលគ្នា បង្ហាប់​ទុក​ប្រមាណ​២​ខែ​ទើប​ចាប់ផ្តើម​ដាំ​។ លោក ម៉ក់ យាង ណែនាំ​ឱ្យ​ដាក់​ឆ្អឹង​ផងដែរ ប្រសិនបើ​មាន ព្រោះ​ឆ្អឹង​មាន​ចំណែក​មួយ​ជួយ​ឱ្យ​ដី​មាន​ជីជាតិ​ល្អ​។​
 
​ក្រៅពី​មាន​បច្ចេកទេស​ដាំ​ត្រឹមត្រូវ​ហើយ​នោះ ការដាំដុះ​ដំណាំ​ល្ម៉ើ ក៏ត្រូវ​មាន​ដើម​ញី និង​ឈ្មោល​ដាំ​ចម្រុះ​គ្នា ទើប​មាន​ទិន្នផល​ល្អ​។ ត្រង់ចំណុច​នេះ​លោក ម៉ក់ យាង ពន្យល់ថា ចម្ការ​ល្ម៉ើ​មិនអាច​មានតែ​ដើម​ញី​មួយ​នោះទេ ព្រោះ​ដើម​ល្ម៉ើ​ញី​មិនសូវមាន​លំអងផ្កា​ច្រើន ដូច្នេះ​គេ​ត្រូវ​ដាំ​ដើម​ឈ្មូល​បន្ថែម ដើម្បី​យក​លំអង​ពី​ដើម​ឈ្មោល ទៅ​ដាក់​បន្ថែម​លើ​ដើម​ញី ដើម្បីឱ្យ​ដើម​ផ្លែ​កាន់តែច្រើន​។ លោក​រៀបរាប់​ទៀតថា រាប់​ចាប់ពី​ការដាក់​លំអង រហូត​១៥០​ថ្ងៃ​ទើប​គេ​អាច​ទទួលបាន​ផ្លែ​ល្ម៉ើ​ទុំ​ពិ​សារបាន​។​
 
​ទាក់ទង​នឹង​ការថែទាំ​វិញ  ដំណាំ​ល្ម៉ើ​ត្រូវការ​ការថែទាំ​ដិតដល់ ហើយ​ពេល​វា​ផ្លែ​គេ​ត្រូវ​ប្រ​លះ​ផ្លែ​វា​ចោល​ខ្លះ​ដើម្បីឱ្យ​ផ្លែ​ជាប់​ច្រើន​។ និយាយ​ពន្យល់​បណ្ដើរ ដៃ​កាន់​ធាង​ផ្លែ​ល្ម៉ើ​ទុំ​ដែល​ទើប​កាន់​ថ្មីៗ​បណ្ដើរ លោក ម៉ក់ យាង ប្រាប់ថា ការធ្វើ​ដូច្នេះ​អាចឱ្យ​ផ្លែ​រីក​មាឌ​បន្ដិច​ផងដែរ​។ ក្រៅពីនេះ គេ​ត្រូវ​ថែ​ធាង​ល្ម៉ើ​ដោយ​យក​ស្បៃ​ចង​ខ្ចប់ និង​ប្រភេទ​ថង់​ក្រដាស​ពីលើ​មួយ​ជាន់​ទៀត បង្ការ​ពី​សត្វល្អិត​ចូល​ទិច​។​
 
​ដ្បិតថា ការដាំដុះ​ដំបូង​គេ​នៅ​ស្រុក​បន្ទាយស្រី ធ្វើឱ្យ​កសិករ ម៉ក់ យាង ទទួលបាន​ការ​កោត​សរស​ច្រើនក្ដី តែ​កសិករ​រូបនេះ នៅ​បារម្ភ​ពី​បញ្ហា​ទីផ្សារ​នៅ​ថ្ងៃ​ខាងមុខ​។ បច្ចុប្បន្ន នៅពេល​ដំណាំ​ល្ម៉ើ​មិនទាន់​ហុច​ផល​បាន​ច្រើន ទីផ្សារ​នៅ​ល្អ តែ​លោក ម៉ក់ យាង បារម្ភ​ថា ពេល​ផល​ល្ម៉ើ​កាន់តែច្រើន អាច​នឹង​មិនសូវមាន​ទីផ្សារ ព្រោះ​គេ​មិនត្រូវ​ពឹង​តែ​លើ​ទីផ្សារ​ក្នុងស្រុក​បន្ដិចបន្ដួច​ដូច​ពេលនេះ​ទេ​។ លោក ម៉ក់ យាង បង្ហាញ​អារម្មណ៍​ផ្ទាល់ខ្លួន ទាក់ទង​នឹង​បញ្ហា​នេះ​យ៉ាង​ដូច្នេះ​ថា​៖« ទីផ្សារ​មិនទាន់​ច្បាស់​ទេ កន្លងមកនេះ​ល្ម៉ើ​យើង​ផ្លែ​ឆ្នាំ​ដំបូង​បាន​តិច​ដែរ អតិថិជន​ជួយ​គាំទ្រ​ទាំង​មិត្តភក្ដិ​មកដល់​កន្លែង ឱ្យ​តម្លៃ​យើង​ខ្ពស់ ឃើញថា​គ្មាន​បញ្ហា​ព្រោះ​យើង​ដាំ​តិច ដោយសារ​យើង​ដាំ​ជា​សរីរាង្គ​ផ្លែ​ផ្អែម​ខ្លាំង លក់​២០​ដុល្លារ (​ក្នុង​មួយ​គីឡូក្រាម​) ព្រោះ​សរីរាង្គ​ផ្លែ​តិច​ជា​ប្រើ​គីមី​»​។​
 
​ជុំវិញ​បញ្ហា​តម្លៃ​កសិកម្ម​នេះ អភិបាលស្រុក​បន្ទាយស្រី លោក ឃឹម ហ្វី​ណង់ ពន្យល់ថា ល្ម៉ើ​ជា​ដំណាំ​ថ្មី​ក្នុង​ខេត្តសៀមរាប ហើយ​ប្រជាជន​ដែលមាន​លទ្ធភាព​ទិញ​ក៏មាន​ច្រើន​។ ចំណុច​នេះ​លោក​អភិបាលស្រុក យល់ថា​ទីផ្សារ​ក្នុងស្រុក​អាចជួយ​ដោះស្រាយបាន​ក្នុង​ស្ថានការណ៍​នេះ​។ យ៉ាងណាមិញ លោក​អភិបាលស្រុក​មាន​សុទិដ្ឋិនិយម​ថា ដំណាំ​ល្ម៉ើ​ក្នុងភូមិ​សាស្ដ្រ​ស្រុក​បន្ទាយស្រី នឹងមាន​ភាពល្បីល្បាញ និង​ក្លាយជា​អត្តសញ្ញាណ​មួយទៀត​នៅ​ស្រុក​បន្ទាយស្រី បន្ទាប់ពី​ដំណាំ​តាសក់​ផ្អែម​។​
 
​ឆ្លងកាត់​ការសិក្សា​ស្វែងយល់​ផ្នែក​កសិកម្ម​ជាច្រើន អភិបាលស្រុក​បន្ទាយស្រី ក៏បាន​ណែនាំ​ដល់​កសិករ​គួរ​ដាំ​ដំណាំ​ប្រភេទ​ណា​ដែលជា​កសិផល​នាំចេញ​នៅនឹងកន្លែង ជាជាង​ពឹង​លើ​ទីផ្សារ​ខាងក្រៅ​។ លោក​ពន្យល់ថា ដំណាំ​ប្រភេទ​នេះ​មិនមាន​ហានិភ័យ​លើ​តម្លៃ ហើយ​ដាំ​ដុះ​ដំណាំ​ណា​ដែលជា​ប្រភេទ​ក​សិ​ទេសចរណ៍ ដែល​អាច​ទាក់ទាញ​ទេសចរ​មក​កម្សាន្ត​ក្នុង​ចម្ការ​ផ្ទាល់​។ លោក ហ្វី​ណង់ ចង់ឱ្យ​កសិកម្ម​និង​ទេសចរណ៍​ដើរ​ទន្ទឹមគ្នា​៕
 
  

Tag:
 ល្ម៉ើ​
  កសិកម្ម​
  បន្ទាយស្រី​
© រក្សាសិទ្ធិដោយ thmeythmey.com