សៀមរាប៖ មានភូមិសាស្ដ្រអំណោយផលផ្នែកកសិកម្ម ស្រុកបន្ទាយស្រីត្រូវបានគេស្គាល់ថា អាចដាំដុះដំណាំហូបផ្លែជាច្រើនដែលមានទិន្នផលល្អ និងមានឱជារសមិនចាញ់តំបន់ដទៃក្នុងប្រទេសកម្ពុជា។ ថ្មីៗនេះ ស្រុកនេះក៏បង្ហាញពីផ្លែឈើមួយបែបទៀតដែលមិនធ្លាប់មាន នោះគឺដំណាំល្ម៉ើ។ លោក ម៉ក់ យាង ជាកសិករទី១ក្នុងស្រុកបន្ទាយស្រីដែលកំពុងប្រមូលផលដំណាំល្ម៉ើ ដែលជាដំណាំមួយមានតម្លៃទីផ្សារល្អ។ ដ្បិតថាមានទិន្នផលមុនគេក៏ពិតមែន តែកសិកររូបនេះនៅបារម្ភពីបញ្ហាទីផ្សារ ពេលដែលល្ម៉ើកើនផល ពិសេសជាដំណាំហូបផ្លែដែលមានតម្លៃថ្លៃ ពេលនោះអាចទិន្នផលច្រើនជាងអ្នកទិញជាដើម។
ព័ត៌មានពិស្ដារ សូមស្ដាប់បទយកការណ៍ដែលរៀបរៀងដោយអ្នកនាង អ៊ីសា រ៉ហានី ពីខេត្តសៀមរាបដូចតទៅ
ផ្ទៃដីចម្ការល្វឹងល្វើយ លាតសន្ធឹកស្ទើរពេញភូមិសាស្ដ្រស្រុកបន្ទាយស្រី ពិសេសនៅតំបន់ជើងភ្នំគូលែន។ ជាតំបន់ដែលមានភាពអំណោយផលខ្លាំងផ្នែកកសិកម្ម ប្រជាពលរដ្ឋបានដាំដុះនូវដំណាំជាច្រើន រាប់ទាំងប្រភេទដំណាំហូបផ្លែ និងប្រភេទបន្លែ។
លោក ម៉ក់ យាង ជាកសិករទីមួយដែលជ្រើសរើសការដាំដំណាំល្ម៉ើ។ ដំណាំប្រភេទនេះកម្រមានកសិករដាំដុះណាស់ ពិសេសក្នុងភូមិសាស្ដ្រស្រុកបន្ទាយស្រី ឬអាចនិយាយបានថាក្នុងខេត្តសៀមរាប ព្រោះជាដំណាំថ្មី ត្រូវការបច្ចេកទេសខ្ពស់ ការថែទាំដិតដល់ ពិសេសត្រូវការដើមទុនធំ។ ឆ្នាំនេះ លោក ម៉ក់ យាង ទើបប្រមូលផលល្ម៉ើឆ្នាំដំបូង ដែលហុចផលបានច្រើនគួរសម។
ក្រោយសិក្សារយៈពេលមួយឆ្នាំ កសិករលោក ម៉ក់ យាង សម្រេចនាំពូជល្ម៉ើដែលនាំចូលពីប្រទេសជិតខាងមកដាំក្នុងភូមិសាស្ដ្រភូមិស្គន់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ក្រោយដាំរយៈពេល៣ទៅ៤ឆ្នាំ ល្ម៉ើដែលស្ថិតក្នុងការដាំសាកល្បងប្រមាណ២៥០ដើម បានហុចផល ហើយវាបានក្លាយជាកសិផលថ្មីមួយទៀតសម្រាប់ស្រុកបន្ទាយស្រី។ មានបទពិសោធន៍ទៅលើដំណាំថ្មីនេះ លោក ម៉ក់ យាង បានចែករំលែកចំណេះដឹងទាក់ទងនឹងការដាំដំណាំល្ម៉ើនេះដល់កសិករដទៃទៀតដែលចង់សាកល្បងដាំដូចលោកដែរ។ លោកពន្យល់ថា ដំណាំនេះត្រូវការទឹកច្រើន និងត្រូវការរៀបចំដីឱ្យបានល្អមុនដាំដុះ មិនដូច្នោះទេ ធ្វើឱ្យការចំណាយទុនកាន់តែច្រើន។ លោក យាង ពន្យល់បន្ថែម៖« ភូមិសាស្ដ្របន្ទាយស្រីមានភាពអំណោយផលល្ម៉ើ តែត្រូវការទឹកឱ្យគ្រប់គ្រាន់ ល្ម៉ើកាន់តែធំត្រូវការទឹកកាន់តែច្រើន។ ក្នុងមួយដើមស្រោចម្ដង៥០០ទៅ៦០០លីត្រ មួយសប្ដាហ៍២ដង អាស្រ័យយើងរៀបចំដី។ ទឹកដីស្រុកបន្ទាយស្រី បើមិនបានរៀបចំដីឱ្យទៅជាប្រភេទកំប៉ុស្ដិ៍ទេ មួយថ្ងៃរំលងមួយថ្ងៃ ដីរឹង។ បើចេះរៀបចំ ដីធូរ។ យើងពន្យារពេលបាន២ទៅ៣ថ្ងៃ ធូរលុយច្រើន»។
ចំណែកការរៀចបំដាំវិញ កសិករវ័យ៥០ឆ្នាំរូបនេះពន្យល់ថា រណ្ដៅកាន់តែធំ កាន់តែល្អសម្រាប់ដំណាំល្ម៉ើ។ ចម្ការល្ម៉ើលោក ម៉ក់ យាង ជីកដីជម្រៅមួយម៉ែត្រដោយប្រើគ្រឿងចក្រជំនួយ ហើយក្នុងរណ្ដៅនោះមានលាយលាមកមាន់ គោ អង្កាម ស្លឹកឈើច្របល់ចូលគ្នា បង្ហាប់ទុកប្រមាណ២ខែទើបចាប់ផ្តើមដាំ។ លោក ម៉ក់ យាង ណែនាំឱ្យដាក់ឆ្អឹងផងដែរ ប្រសិនបើមាន ព្រោះឆ្អឹងមានចំណែកមួយជួយឱ្យដីមានជីជាតិល្អ។
ក្រៅពីមានបច្ចេកទេសដាំត្រឹមត្រូវហើយនោះ ការដាំដុះដំណាំល្ម៉ើ ក៏ត្រូវមានដើមញី និងឈ្មោលដាំចម្រុះគ្នា ទើបមានទិន្នផលល្អ។ ត្រង់ចំណុចនេះលោក ម៉ក់ យាង ពន្យល់ថា ចម្ការល្ម៉ើមិនអាចមានតែដើមញីមួយនោះទេ ព្រោះដើមល្ម៉ើញីមិនសូវមានលំអងផ្កាច្រើន ដូច្នេះគេត្រូវដាំដើមឈ្មូលបន្ថែម ដើម្បីយកលំអងពីដើមឈ្មោល ទៅដាក់បន្ថែមលើដើមញី ដើម្បីឱ្យដើមផ្លែកាន់តែច្រើន។ លោករៀបរាប់ទៀតថា រាប់ចាប់ពីការដាក់លំអង រហូត១៥០ថ្ងៃទើបគេអាចទទួលបានផ្លែល្ម៉ើទុំពិសារបាន។
ទាក់ទងនឹងការថែទាំវិញ ដំណាំល្ម៉ើត្រូវការការថែទាំដិតដល់ ហើយពេលវាផ្លែគេត្រូវប្រលះផ្លែវាចោលខ្លះដើម្បីឱ្យផ្លែជាប់ច្រើន។ និយាយពន្យល់បណ្ដើរ ដៃកាន់ធាងផ្លែល្ម៉ើទុំដែលទើបកាន់ថ្មីៗបណ្ដើរ លោក ម៉ក់ យាង ប្រាប់ថា ការធ្វើដូច្នេះអាចឱ្យផ្លែរីកមាឌបន្ដិចផងដែរ។ ក្រៅពីនេះ គេត្រូវថែធាងល្ម៉ើដោយយកស្បៃចងខ្ចប់ និងប្រភេទថង់ក្រដាសពីលើមួយជាន់ទៀត បង្ការពីសត្វល្អិតចូលទិច។
ដ្បិតថា ការដាំដុះដំបូងគេនៅស្រុកបន្ទាយស្រី ធ្វើឱ្យកសិករ ម៉ក់ យាង ទទួលបានការកោតសរសច្រើនក្ដី តែកសិកររូបនេះ នៅបារម្ភពីបញ្ហាទីផ្សារនៅថ្ងៃខាងមុខ។ បច្ចុប្បន្ន នៅពេលដំណាំល្ម៉ើមិនទាន់ហុចផលបានច្រើន ទីផ្សារនៅល្អ តែលោក ម៉ក់ យាង បារម្ភថា ពេលផលល្ម៉ើកាន់តែច្រើន អាចនឹងមិនសូវមានទីផ្សារ ព្រោះគេមិនត្រូវពឹងតែលើទីផ្សារក្នុងស្រុកបន្ដិចបន្ដួចដូចពេលនេះទេ។ លោក ម៉ក់ យាង បង្ហាញអារម្មណ៍ផ្ទាល់ខ្លួន ទាក់ទងនឹងបញ្ហានេះយ៉ាងដូច្នេះថា៖« ទីផ្សារមិនទាន់ច្បាស់ទេ កន្លងមកនេះល្ម៉ើយើងផ្លែឆ្នាំដំបូងបានតិចដែរ អតិថិជនជួយគាំទ្រទាំងមិត្តភក្ដិមកដល់កន្លែង ឱ្យតម្លៃយើងខ្ពស់ ឃើញថាគ្មានបញ្ហាព្រោះយើងដាំតិច ដោយសារយើងដាំជាសរីរាង្គផ្លែផ្អែមខ្លាំង លក់២០ដុល្លារ (ក្នុងមួយគីឡូក្រាម) ព្រោះសរីរាង្គផ្លែតិចជាប្រើគីមី»។
ជុំវិញបញ្ហាតម្លៃកសិកម្មនេះ អភិបាលស្រុកបន្ទាយស្រី លោក ឃឹម ហ្វីណង់ ពន្យល់ថា ល្ម៉ើជាដំណាំថ្មីក្នុងខេត្តសៀមរាប ហើយប្រជាជនដែលមានលទ្ធភាពទិញក៏មានច្រើន។ ចំណុចនេះលោកអភិបាលស្រុក យល់ថាទីផ្សារក្នុងស្រុកអាចជួយដោះស្រាយបានក្នុងស្ថានការណ៍នេះ។ យ៉ាងណាមិញ លោកអភិបាលស្រុកមានសុទិដ្ឋិនិយមថា ដំណាំល្ម៉ើក្នុងភូមិសាស្ដ្រស្រុកបន្ទាយស្រី នឹងមានភាពល្បីល្បាញ និងក្លាយជាអត្តសញ្ញាណមួយទៀតនៅស្រុកបន្ទាយស្រី បន្ទាប់ពីដំណាំតាសក់ផ្អែម។
ឆ្លងកាត់ការសិក្សាស្វែងយល់ផ្នែកកសិកម្មជាច្រើន អភិបាលស្រុកបន្ទាយស្រី ក៏បានណែនាំដល់កសិករគួរដាំដំណាំប្រភេទណាដែលជាកសិផលនាំចេញនៅនឹងកន្លែង ជាជាងពឹងលើទីផ្សារខាងក្រៅ។ លោកពន្យល់ថា ដំណាំប្រភេទនេះមិនមានហានិភ័យលើតម្លៃ ហើយដាំដុះដំណាំណាដែលជាប្រភេទកសិទេសចរណ៍ ដែលអាចទាក់ទាញទេសចរមកកម្សាន្តក្នុងចម្ការផ្ទាល់។ លោក ហ្វីណង់ ចង់ឱ្យកសិកម្មនិងទេសចរណ៍ដើរទន្ទឹមគ្នា៕