ជាតិ
សង្គមជាតិ
ក្រសួងបរិស្ថាន ស្នើឱ្យ​គ្រប់​ទីតាំង​ទេសចរណ៍ ច្នៃ​គ្រំចំពុះទា​ធ្វើជា​ម្ហូប ដើម្បី​ទាក់ទាញ​ភ្ញៀវ និង​បង្កើន​ចំណូល​ពលរដ្ឋ​
20, Jun 2020 , 6:13 pm        
រូបភាព
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន និងប្រជានេសាទកំពុង​តែ​ប្រមូ​ល​ផល​គ្រំ ឬ​ខ្យងចំពុះទា រូបភាពពីក្រសួងបរិស្ថាន
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន និងប្រជានេសាទកំពុង​តែ​ប្រមូ​ល​ផល​គ្រំ ឬ​ខ្យងចំពុះទា រូបភាពពីក្រសួងបរិស្ថាន
ដោយ:
 
​ភ្នំពេញ​៖ លោក នេត្រ ភ​ត្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន ស្នើឱ្យ​ម្ចាស់​អាជីវកម្ម​ម្ហូបអាហារ និង​ស្នាក់នៅ គ្រប់​ទីតាំង​ទេសចរណ៍​ទាំងអស់ ច្នៃ​គ្រំចំពុះទា​ធ្វើជា​ម្ហូប ដើម្បី​ទាក់ទាញ​ភ្ញៀវ និង​បង្កើន​ចំណូល​ពលរដ្ឋ​។​

 
​លោក នេត្រ ភក្ត្រា ដែល​បាន​ទៅដល់​តំបន់ការពារធម្មជាតិ​ពាម​ក្រសោប ខេត្តកោះកុង ដែលជា​កន្លែង​ប្រភព​គ្រំ ឬ​ខ្យង​ចំពុះទា​នោះ បាន​បញ្ជាក់ថា គ្រំ​ប្រភេទ​នេះ គឺជា​ប្រភព​ចំណូល​យ៉ាងសំខាន់ ដែល​អាច​ឲ្យ​ពលរដ្ឋ​ចំនួន​៣៥០​គ្រួសារ ចិញ្ចឹម​លក់ ក្នុងតម្លៃ​ពី ២៥០០​រៀល ទៅ​៣​ពាន់​រៀល ក្នុង​មួយ​គីឡូ​ក្រោម​។ លោក នេត្រ ភក្ត្រា អះអាងថា ម្ហូបអាហារ​ដែល​ច្នៃ​ពី​គ្រំ ឬ​ខ្យង​ចំពុះទា គឺ​ផ្តល់​ឱជា​រស​ដ៏​ឈ្ងុយឆ្ងាញ់ ដែល​អាច​ឲ្យ​ម្ចាស់​សណ្ឋាគារ និង​ភោជនីយដ្ឋាន​នានា យកទៅ​ច្នៃ​ជា​ម្ហូបអាហារ ដើម្បី​ទាក់ទាញ​ភ្ញៀវ​។ 
 
​លោក នេត្រ ភក្ត្រា បាន​និយាយ​ដូច្នេះ​ថា​៖«​គ្រំចំពុះទា​ផលិតផល​ក្នុងស្រុក​មកពី​តំបន់ការពារធម្មជាតិ​ពាម​ក្រសោប​ក្នុង​ខេត្តកោះកុង និមិត្តរូប​នៃ​និរន្ត​ភាព​ធនធានធម្មជាតិ កើតចេញពី​សុខដុម​រមណីយ​កម្ម រវាង​ការបង្កើត​សេដ្ឋកិច្ច​មូលដ្ឋាន និង​ការអភិរក្ស​ដើម​កោង​កាង​។ ម្ហូប​ដ៏​ចាប់ចិត្ត​ផ្សាភ្ជាប់​រវាង​ការលើកកម្ពស់​ជីវភាព​ប្រជា​សហគមន៍ និង​ការអភិរក្ស​ដើម​កោង​កាង ដើម្បី​និរន្តរភាព​បរិស្ថាន​»​។​
 
គ្រំ ឬ​ខ្យងចំពុះទា  រូបភាពពីក្រសួងបរិស្ថាន

​បើតាម​លោក នេត្រ ភក្ត្រា ក្នុង​មួយឆ្នាំៗ ពលរដ្ឋ​ចំនួន​៧០​ភាគរយ​ដែលជា​អ្នក​ប្រាស្រ័យ​ផល​លើ​គ្រំ ឬ​ខ្យង​ចំពុះទា នៅ​តំបន់ការពារធម្មជាតិ​ពាម​ក្រសោប​ក្នុង​ខេត្តកោះកុង អាច​ចិញ្ចឹម​លក់​ចំនួន​១​ម៉ឺន​តោន សម្រាប់​នាំចេញ​ទៅ​ប្រទេស​ថៃ និង​វៀតណាម​។ តែ​យ៉ាងណា លោក នេត្រ ភក្ត្រា កត់សម្គាល់ថា នៅមាន​ពលរដ្ឋ​មួយចំនួន​មិន​ចាប់អារម្មណ៍​លើ​គ្រំ ឬ​ខ្យង​ចំពុះទា​ធ្វើជា​ម្ហូបអាហារ​ឡើយ​។ អាស្រ័យហេតុនេះ ក្រសួងបរិស្ថាន បានស្នើ​ឲ្យ​ពលរដ្ឋ​ងាក​មក​បរិភោគ​គ្រំ ឬ​ខ្យង​ចំពុះទា​។​
 
​អ្នកនាំពាក្យ​រូបនេះ​បាន​អះអាងថា អាកាសធាតុ​នៅ​កម្ពុជា​ចាប់ពី​ខែមិថុនា ដល់​ខែកក្កដា ឆ្នាំ​២០២០  នឹង​អំណោយផល​លើ​ការប្រមូល​ផល​គ្រំ ឬ​ខ្យង​ចំពុះទា ដែល​អាច​ឲ្យ​ពួកគេ​ប្រក​បរបរ​ចិញ្ចឹម​គ្រំ​ឬ​ខ្យង​ចំពុះទា ដើម្បី​ចូលរួម​លើកស្ទួយ​សេដ្ឋកិច្ច​គ្រួសារ​។​
 
​លោក វង់ ដា​រ៉ា ជា​អ្នក​ចិញ្ចឹម​គ្រំចំពុះទា ក្នុង​តំបន់​សហគមន៍​ពាម​ក្រសោប ខេត្តកោះកុង ដែល​ត្រូវបាន​ក្រសួងបរិស្ថាន​ស្រង់​សម្តី​ថា ចាប់ពី​ខែតុលា ដល់​ខែ​ឆ្នូ ប្រជា​នេសាទ ចាប់ផ្តើម​បោះបង្គោល​រាយ​ខ្សែ​ដើម្បី​ឲ្យ​គ្រំ​តោង ដើម្បី​ឲ្យ​វា​ពង​កូន តាម​លក្ខណៈ​ធម្មជាតិ​។ ក្រោយ​ពង​វា​ញាស់​៦​ខែ ចាប់ពី​ខែតុលា ដល់​ខែមេសា​ក្រោយមក ពលរដ្ឋ​អាច​ប្រមូល​ផល​គ្រំ​នោះបាន​ហើយ​។ បើតាម​លោក វង់ ដា​រ៉ា គ្រំ​ជា​ប្រភេទ​សត្វ​ដែល​ងាយ​នឹង​ចិញ្ចឹម ដែល​អាច​ច្នៃ​ជា​ម្ហូប​ស្លរ​ម្ជូរ​គ្រឿង ឆា​ក្រៀម ញាំ ឆា​ក្តៅ និង​ស្រុះ​ជាដើម​។ 
 
​បើតាម​លោក វង់ ដា​រ៉ា គ្រំចំពុះទា​មិនទាន់មាន​ទីផ្សារ​ខ្លាំង​នៅ​កម្ពុជា​ឡើយ​។ តែ​កម្ពុ​ជាមាន​ទីផ្សារ​នាំ​ចេញទៅ​ប្រទេស​ថៃ និង​វៀតណាម ដែល​លក់​ចេញ​ទៅវិញ​ក្នុងតម្លៃ​១​ពាន់​រៀល ទៅ​៣​ពាន់​រៀល​ក្នុង​មួយ​គីឡូ​ក្រោម​។ 
 
​លោក មាស រិទ្ធី អនុប្រធាននាយកដ្ឋាន​អភិរក្ស​សមុទ្រ និង​តំបន់ឆ្នេរ​នៃ​ក្រសួងបរិស្ថាន បាន​បញ្ជាក់ថា សម្រាប់ គ្រំ ឬ​ខ្យង​ចំពុះទា​នេះ មាន​វត្ត​មាននៅ​៣​តំបន់ ក្នុងនោះ​មាននៅ​ក្នុង​ខេត្តកោះកុង ដែល​ស្ថិតនៅ​ភូមិសាស្ត្រ​ដែនជម្រកសត្វព្រៃ​ពាម​ក្រសោប តំបន់​ទី​២ ស្ថិតនៅ​កោះ​កាង និង​តំបន់​ទី​៣ ស្ថិតនៅ​ចំណុច​ឡាំ​ដាំ ជាប់​នឹង​ឈូង​ជ្រោយ​ប្រស់​៕ 
 
 

 

Tag:
 គ្រំចំពុះទា​
 ​ ភ្ញៀវទេសចរ​
 ​ ម្ចាស់​សណ្ឋាគារ
© រក្សាសិទ្ធិដោយ thmeythmey.com