ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក ស៊ា សុផល​៖ ពលរដ្ឋ​ត្រូវ​ការជំរុញ​ពី​អាជ្ញាធរ ដើម្បីឱ្យ​ការងារ​បរិស្ថាន​មាន​ភាពល្អប្រសើរ​
21, Jun 2020 , 8:30 am        
រូបភាព
​សៀមរាប​៖ គេ​មើលឃើញថា ការ​ចោល​សំរាម​ពាសវាល​ពាសកាល នៅតែ​ក្លាយជា​បញ្ហា​ប្រឈម​សម្រាប់​សង្គម​។ ពលរដ្ឋ​នៅ​តិច​ណាស់​ដែល​យល់​បញ្ហា​នេះ ក្រៅពីនេះ​ពួកគេ​នៅ​យល់ថា ការងារ​បរិស្ថាន​គឺជា​ទំនួល​ខុសត្រូវ​របស់​អាជ្ញាធរ​ផ្តាច់មុខ​។ លោក ស៊ា សុផល ជា​អ្នក​បរិស្ថាន​មួយរូប​យល់ថា ដើម្បីឱ្យ​ពលរដ្ឋ​យល់​ពី​បញ្ហា​នេះ​កាន់តែច្រើន ទាម​ទាម​ការជំរុញ​លើកទឹកចិត្ត​ពី​អាជ្ញាធរ​មូលដ្ឋាន និង​ស្ថាប័ន​ពាក់ព័ន្ធ ពិសេស​ការអប់រំ​តាម​សហគមន៍​ឱ្យបាន​ជាប្រចាំ ទើប​ការងារ​បរិស្ថាន​នេះ​មាន​ភាពល្អប្រសើរ​ទៅបាន​។​

 
​ព័ត៌មាន​ពិស្ដារ សូម​ស្ដាប់​បទ​សម្ភាស​រវាង​អ្នកសារព័ត៌មាន​ថ្មីៗ ជាមួយ​លោក ស៊ា សុផល ប្រធាន​អង្គការ​មូលនិធិ​ទំពាំង​ស្នង​ឫស្សី ដូចតទៅ​





 
​រដ្ឋបាល​សង្កាត់​ចុង​ឃ្នៀ​ស ដោយមាន​ការគាំទ្រ​ពី​អង្គការ​មូលនិធិ​ទំពាំង​ស្នង​ឫស្សី បានរៀបចំ​កម្មវិធី​សម្អាត​បរិស្ថាន​រដូវ​ទឹក​ឡើង ក្នុង​បំណង​ប្រមូល​សំរាម​ប្លា​ស្ទិ​ក​មុន​ទឹកទន្លេ​សាប​ឡើង​លិច​ភូមិ​នាពេល​ឆាប់ៗ​ខាងមុខ​។ កម្មវិធី​ដែល​ធ្វើ​នៅ​ព្រឹក​ថ្ងៃទី​២០ មិថុនា មាន​អ្នកចូលរួម​ប្រមាណ​២០០​នាក់ ក្នុងនោះ​មាន​ក្រុមយុវជន​សង្កាត់ ក្រុម​អ្នកស្ម័គ្រចិត្ត​ពី​សណ្ឋាគារ និង​ក្រុមយុវជន​មេត្រីភាព​បរិស្ថាន​បឹង​ទន្លេសាប​។​
 
​សម្រាប់​លោក ស៊ា សុផល បញ្ហា​សំរាម​នៅតែ​ចោទ​សម្រាប់​សហគមន៍​ជាប់​បឹង​ទន្លេសាប ព្រោះថា​ពួកគេ​នៅ​ខ្វះ​ការអប់រំ និង​ការជំរុញ​ពី​អាជ្ញាធរ​ឱ្យ​គិតគូរ​ពី​បញ្ហា​នេះ​។ លោក សុផល គ្រោង​បង្កើត​គម្រោង​មួយ​ឈ្មោះថា «​គម្រោង​លើកកម្ពស់​ជីវភាព​សហ​គម​ន៍ អប់រំ​សុខភាព អនាម័យ និង​បរិស្ថាន​» ដោយ​គម្រោង​នេះ​នឹង​ជ្រើសរើស​គ្រួសារ​ក្រីក្រ បំណង​បង្កើន​ប្រាក់ចំណូល​ដល់​ពួកគេ ដោយ​ឱ្យ​ជា​កញ្ចប់​ថវិកា ហើយ​ឱ្យ​ពួកគេ​រៀបចំ និង​វេច​ខ្ចប់​ឬ​ញែក​កាកសំណល់​ឱ្យបាន​ត្រឹមត្រូវ​។ លោក សុផល បញ្ជាក់ថា គម្រោង​នេះ​នឹង​ចាប់​ផ្តើមដំបូង​នៅ​សហគមន៍​ពាម​តា​អួរ ស្ថិតនៅ​ឃុំ​មេ​ជ្រៃ ស្រុក​ពួក ខេត្តសៀមរាប​។​
 
​គួរ​បញ្ជាក់ថា កម្មវិធី​សម្អាត​បរិស្ថាន​រដូវ​ទឹក​ឡើង​នៅ​ឆ្នាំនេះ នឹងធ្វើ​ឡើង​នៅ​តំបន់​៣​សំខាន់ៗ មាន​សង្កាត់​ចុង​ឃ្នៀ​ស សហគមន៍​ឃុំ​កំពង់​ឃ្លាំង និង​សហគមន៍​មេ​ជ្រៃ​។ អង្គការ​មូលនិធិ​ទំពាំង​ស្នង​ឫស្សី បានជ្រើសរើស​សង្កាត់​ចុង​ឃ្នៀ​ស សម្រាប់​រៀបចំ​កម្មវិធី​សម្អាត​ធំ និង​មាន​មនុស្ស​ចូលរួម តែ​បាន​គោរព​តាម​គោលការណ៍​ណែនាំ​រស់​ក្រសួងសុខាភិបាល ក្នុងការ​រក្សា​គំលាត​២​ម៉ែត្រ​ពីគ្នា​។ ក្រៅពីនេះ គឺ​សហគមន៍​កំពង់​ឃ្លាំង និង​មេ​ជ្រៃ អង្គការ​បានផ្តល់​ជា​ថវិកា និង​កញ្ចប់​មនុស្ស ដើម្បីឱ្យ​អាជ្ញាធរ​ចុះ​ចែក និង​អប់រំ​ពី​បញ្ហា​អនាម័យ​ដល់​មូលដ្ឋាន​។​ល​៕
 
 
 
 

Tag:
 បរិស្ថាន​
  ទន្លេសាប​
© រក្សាសិទ្ធិដោយ thmeythmey.com