COVID-19៖ សម្ដេច ហ៊ុន សែន នឹង​ប្រកាស​កម្មវិធី​ផ្ដល់ប្រាក់​ជួយ​ជន​គ្រោះ​រងគ្រោះ និង​គ្រួសារ​ក្រីក្រ​នៅ​ថ្ងៃទី​២៤ មិថុនា​
COVID-19
ជាតិ
សង្គមជាតិ
COVID-19៖ សម្ដេច ហ៊ុន សែន នឹង​ប្រកាស​កម្មវិធី​ផ្ដល់ប្រាក់​ជួយ​ជន​គ្រោះ​រងគ្រោះ និង​គ្រួសារ​ក្រីក្រ​នៅ​ថ្ងៃទី​២៤ មិថុនា​
21, Jun 2020 , 10:30 am        
រូបភាព
​ភ្នំពេញ​៖ បើ​គ្មានអ្វី​ប្រែប្រួល​ទេ​! សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ប្រកាស​ដាក់ចេញ​ជា​ផ្លូវការ​នូវ​«​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ​និង​ងាយ​រងគ្រោះ ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩» នៅ​ថ្ងៃទី​២៤ មិថុនា​។​


​សម្ដេច ហ៊ុន សែន បាន​អះអាងថា រដ្ឋាភិបាល បាន​ខិតខំ​រិះរក​វិធី​នានា ដើម្បី​ជួយ​ប្រជាពលរដ្ឋ​ក្រីក្រ​ក្នុងស្ថានភាព​ចាំបាច់​មួយ​នេះ​។ «​ទោះបី​ខ្ញុំ​មិនបាន​ចុះទៅ​ជួប​បងប្អូន​កូនក្មួយ​ដោយផ្ទាល់​នៅតាម​មូលដ្ឋាន ឬ​តាម​រោងចក្រ​សហគ្រាស​នានា ប៉ុន្តែ​សេចក្តី​នឹករឭក​របស់ខ្ញុំ​តែងតែ​ដក់​ជាប់​នឹក​គិតដល់​បងប្អូន​ជនរួមជាតិ​គ្រប់ៗ​គ្នា​ជានិច្ច​»​។ សម្ដេច ហ៊ុន សែន បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​បែបនេះ​។​
 
​ជំងឺឆ្លង​កូ​វីដ​-១៩​កំពុង​រាតត្បាត​នៅ​ទូទាំង​ពិភពលោក គឺ​បានធ្វើឱ្យ​ប៉ះពាល់​យ៉ាងខ្លាំង​មកលើ​សេដ្ឋកិច្ចជាតិ​។ មិនតែប៉ុណ្ណោះ​វា ក៏​ធ្វើឱ្យ​ពលរដ្ឋ​មួយចំនួន​ត្រូវបាន​ផ្អាក​ការងារ ជាពិសេស​ប្រជាពលរដ្ឋ​ក្រីក្រ​នៅតាម​ជនបទ​ដាច់ស្រយាល ក៏​កំពុង​ជួបប្រទះ​ការខ្វះខាត​ម្ហូបអាហារ​ទៀតផង​។ នេះ​ជាការ​ប​បន្ថែម​របស់​ប្រមុខ​រដ្ឋាភិបាល​។​
 
​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​បន្ត​យកចិត្តទុកដាក់​ថែរក្សា​សុខភាព ចៀសវាង​ឆ្លង​មេរោគ​កូ​វីដ​-១៩ តាមរយៈ​ការប្រើប្រាស់​ម៉ាស​ពាក់​ការពារ​, លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ អាល់កុល ឬ​ទឹក​សម្លាប់​មេរោគ​ឱ្យបាន​ញឹកញាប់​ជាដើម​។ «​ចំពោះ​ក្រុមហ៊ុន និង​អ្នកគ្រប់គ្រង​នៅតាម​ទីកន្លែង​ដែលមាន​ការប្រមូលផ្តុំ​មនុស្ស​ច្រើន​ដូចជា​ផ្សារ ផ្សារ​ទំនើប សណ្ឋាគារ ភោជនីយដ្ឋាន ហាង​កាហ្វេ ជាពិសេស​ក្លីនិក និង​មន្ទី​ពេទ្យ​ព្យាបាល​ទាំង​រដ្ឋ​និង​ឯកជន ត្រូវមាន​ទឹក​អាល់កុល និង​ម៉ាស ដើម្បីឱ្យ​ពលរដ្ឋ​ឬ​អតិថិជន​ប្រើប្រាស់​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩​ពី​ម្នាក់​ទៅ​ម្នាក់ ព្រោះតែ​ការមើលស្រាល​និង​ការធ្វេសប្រហែស​»​។ នេះ​បើតាម​នាយករដ្ឋមន្ត្រី​។​
 
​គិត​ត្រឹម​ថ្ងៃទី​២១ ខែមិថុនា កម្ពុ​ជាមាន​អ្នក​ឆ្លង​ចំនួន​១២៩​នាក់ ក្នុងនោះ​ជាសះស្បើយ​ចំនួន​១២៧​នាក់ និង​សល់​ចំនួន​២​នាក់​ដែលជា​ជនជាតិខ្មែរ ដែល​បាន​វិលត្រឡប់​មកពី​ប្រទេស​ឥណ្ឌូណេស៊ី​ម្នាក់ និង​អ្នក​ដែល​វិលត្រឡប់​ពី​ប្រទេស​ម៉ាឡេស៊ី​ម្នាក់  ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com