COVID-19
ជាតិ
លោក ម៉ម ប៊ុនហេង៖ ពលរដ្ឋត្រូវកែប្រែទម្លាប់ មក«រស់នៅតាមបែបគន្លងថ្មី» វិញ ដើម្បីទប់ស្កាត់រលកទី២នៃកូវីដ-១៩
21, Jun 2020 , 11:40 am        
រូបភាព
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ស្នើឱ្យពលរដ្ឋកែប្រែទម្លាប់ចាស់ ហើយត្រូវរៀន«រស់នៅតាមបែបគន្លងថ្មី» វិញ ដើម្បីទប់ស្កាត់រលកទី២នៃកូវីដ-១៩។


 
«ពលរដ្ឋទាំងអស់ មិនត្រូវភ្លេចកិច្ចការពារខ្លួន ពីការចម្លងជំងឺកាចសាហាវនេះ»។ នេះជាការលើកឡើងរបស់លោក ម៉ម ប៊ុនហេង ដែលបានបន្ថែមថា ស្ថានភាពជំងឺកូវីដ១៩នៅលើពិភពលោកកំពុងបន្តរាតត្បាតខ្លាំងក្លានៅឡើយ។
 
ដោយមើលឃើញពីការធ្វេសប្រហែសរបស់ពលរដ្ឋបច្ចុប្បន្ន លោក ម៉ម ប៊ុនហេង បានក្រើនរំឭកឱ្យពលរដ្ឋកែប្រែទម្លាប់របស់ខ្លួន ដោយរស់នៅក្នុងភាពប្រុងប្រយ័ត្នជាប់ជានិច្ច។ រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី២១ មិថុនា យ៉ាងដូច្នេះថា៖«បុគ្គលគ្រប់រូបត្រូវរៀនសម្របខ្លួនរស់នៅរបស់ខ្លួនតាមបែបដែលហៅថា ការរស់នៅធម្មតាតាមបែបគន្លងថ្មី ដោយប្រកាន់យកការបន្តអនុវត្តន៍វិធានការការពារការចម្លងវីរុសកូវីដ១៩នេះឱ្យបានខ្ជាប់ខ្ជួន ជាមួយនឹងការប្រុងប្រយ័ត្ននូវរលកទី២នៃការចម្លងវីរុសដ៏កាចសាហាវនេះ ដែលអាចកើតឡើងគ្រប់ពេលវេលា គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង»។
 
លោក ម៉ម ប៊ុនហេង ក្រើនរំឭកឱ្យពលរដ្ឋ បន្តរក្សាអនាម័យ ដោយលាងដៃជាមួយសាប៊ូ ឬទឹកអាល់កុល ឬជែលឱ្យបានញឹកញាប់។ មិនតែប៉ុណ្ណោះ ពលរដ្ឋត្រូវពាក់ម៉ាស់ ឬប្រើក្រមា កន្សែង រួមទាំងក្រដាសជូតមាត់ ដោយខ្ទប់មាត់ និងច្រមុះ នៅពេលក្អកកណ្ដាស់។ ជាពិសេសអនុវត្តន៍គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គលឱ្យបានលើសពីមួយម៉ែត្រ កន្លះឡើងជាដើម។
 
នៅថ្ងៃទី២១ មិថុនានេះ កម្ពុជា មានអ្នកជំងឺកូវីដ-១៩ម្នាក់ទៀត បានជាសះស្បើយ គឺបុរសជនជាតិខ្មែរអាយុ២២ឆ្នាំ រស់នៅក្នុងខេត្តកំពង់ចាម ដែលវិលត្រឡប់ពីប្រទេសឥណ្ឌូណេស៊ី។ បច្ចុប្បន្នកម្ពុជា មានអ្នកជំងឺកូវីដ-១៩ ចំនួន១២៩នាក់(ស្ត្រី៣៩នាក់ និងបុរស៩០នាក់) ក្នុងនោះជាសះស្បើយចំនួន១២៧នាក់។ ចំណែកអ្នកជំងឺ២នាក់ ជាជនជាតិខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសឥណ្ឌូណេស៊ីម្នាក់ និងអ្នកដែលវិលត្រឡប់ពីប្រទេសម៉ាឡេស៊ីម្នាក់ ៕
 

Tag:
 ម៉ម ប៊ុនហេង
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com