ជាតិ
ពីនេះ ពីនោះ
ពាក្យ​«​បង​» និង​ពាក្យ​«​មេ​»​កំពុង​ពេញនិយម ហេតុអ្វី​?
21, Jun 2020 , 2:00 pm        
រូបភាព
​ភ្នំពេញ​៖ ក្នុង​រយៈពេល​ពីរ​បី​ឆ្នាំ​ចុង​ក្រោយនេះ នារី​ដែលមាន​អាយុ​ក្រោម​២០​ឆ្នាំ​ស្ទើរតែ​ទាំងអស់ ហៅ​បុរស​អាយុ​ជាង​៥០ ៦០ ឬ​៧០​ឆ្នាំ​ថា​«​បង​»​នៅពេល​បុរស​វ័យ​ចំណាស់​ទាំងអស់នោះ ដើរចូល​ហាង​កា​រ៉ា​អូ​ខេ ឬ​ចូល​ហាង​ផ្សេងៗ​របស់​ពួកគេ​។ នេះ​គឺជា​ពាក្យពេចន៍​ថ្មី​ដែល​ត្រូវបាន​ប្រើប្រាស់​ដោយ​ក្មេងស្រីៗ​ចំពោះ​មនុស្ស​ចាស់ៗ​ក្នុងន័យ​ពង្រីក​ទីផ្សារ​បន្ថែមទៀត​។ ស្របពេល​ជាមួយគ្នា ពាក្យ មេ ក៏​កំពុង​ពេញនិយម​ដែរ​។

 
​កាលពី​ដើមឡើយ នារី​ខ្មែរ មិន​ថា ក្មេង ឬ​ចាស់​ទេ តែងតែ​ហៅ បុរស​គ្រប់​វ័យ​ថា «​ពូ​» ពីព្រោះ ពាក្យ​ថា «​ពូ​»​មិន​បង្កប់​អត្ថន័យ​សេ្ន​ហា​។  តែ​នៅ​ក្នុងសម័យ​ជំនួញ​ប្រកួតប្រជែង​គ្នា​នេះ នារី​បម្រើ​សេវាកម្ម​ភាគច្រើន​ត្រូវបាន​ហៅ​កែ ឬ​ថ្នាក់ដឹកនាំ​ស្ថាប័ន​ជំនួញ​មួយចំនួន​ណែនាំ​អោយប្រើ​ប្រាស់​ពាក្យ «​បង​» ជំនួស​ពាក្យ «​ពូ​» ឬ​«​អ៊ំ​» វិញ​។ ពាក្យ «​បង​» សម្រាប់​អ្នកជំនួញ គឺជា​សម្តី​ទីផ្សារ​ដើម្បី​ទាក់ទាញ​អារម្មណ៍​អតិថិជន​។​
 
​ស្ត្រី​ដែល​ប្រើប្រាស់​ពាក្យ «​បង​» ជំនួស​ពាក្យ «​ពូ​» និង​«​អ៊ំ​» ហើយ​ត្រូវបាន​សម្ភាស​ដោយ​សារព័ត៌​មាន​ថ្មីៗ បាន​សារភាព​ប្រាប់ថា ពួកគេ​ប្រើប្រាស់​ពាក្យថ្មី​នេះ​(​ពូ​)​ដោយ​ផ្អែកលើ​មូលហេតុ​ពីរ​យ៉ាង​ធំ​។ ទី​១ ដោយសារ ការ​សំណូមពរ​ពី​ថៅកែ និង​ទី​២ ដោយសារ​ភ្ញៀវ​ចូលចិត្ត​អោយ​ហៅថា «​បង​» សម្រាប់​បុរស ឬ​«​អ្នក​បង​» សម្រាប់​ស្ត្រី​។ 
 
«​បើ​ពួក​ខ្ញុំ​ហៅ ពូ ឬ​អ៊ំ តាម​វ័យ​របស់​ពួកគេ ជួនកាល គេ​ស្តីបន្ទោស​អោយ​ខ្ញុំ​វិញ​ថា ពួកគេ​ហ្នឹង​ចាស់​ពេក​។ ពួកគេ​មិន​សប្បាយចិត្ត​ទេ​»​។ នេះ គឺជា​ការកត់សម្គាល់រ​បស់​ស្ត្រី​បម្រើសេវា​កម្ម​នានា​។ ហៅ «​បង​»​បាន​លុយ Tip ច្រើន ហៅ​«​ពូ​» ឬ​«​អ៊ំ​» ដាច់​លុយ Tip តែម្តង​។ 
 
​តើ មេ ទៅណា​ដែរ​? សូម​គោរព មេ​! សួស្តី មេ​! 
​ក្រៅពី​ពាក្យ បង​, ពាក្យ មេ ក៏​កំពុង​ពេញនិយម​ដែរ​។ ពាក្យ​នេះ ត្រូវបាន​ប្រើប្រាស់​ដោយ​បុរស​ម្នាក់​ទៅកាន់​បុរស​ម្នាក់ទៀត ដែល​បុរស​ទី​១ គិតថា បុរស​ទី​ពីរ មាន​ឋានៈ​ខ្ពស់ជាង​ខ្លួន​។ តាមពិត វា​ជា​ពាក្យ​ហៅ​ដើម្បី​លើកតម្កើង​បុគ្គល​ណា​ម្នាក់​។ អ្នក​ដែល​ចូលចិត្ត​ប្រើប្រាស់​ពាក្យ​នេះ ក៏​ទទួលបាន​លុយ​ធីប​មកវិញ​ច្រើន​គួរសម​ដែរ​។ 
​សរុបសេចក្តី​មកវិញ តើ​ពាក្យ មេ និង​បង ជា​ពាក្យ​ទីផ្សារ​ជំរុញ​ការលក់​ឬ​? 
 

© រក្សាសិទ្ធិដោយ thmeythmey.com