ជាតិ
ពីនេះ ពីនោះ
ពាក្យ«បង» និងពាក្យ«មេ»កំពុងពេញនិយម ហេតុអ្វី?
× ភ្នំពេញ៖ ក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះ នារីដែលមានអាយុក្រោម២០ឆ្នាំស្ទើរតែទាំងអស់ ហៅបុរសអាយុជាង៥០ ៦០ ឬ៧០ឆ្នាំថា«បង»នៅពេលបុរសវ័យចំណាស់ទាំងអស់នោះ ដើរចូលហាងការ៉ាអូខេ ឬចូលហាងផ្សេងៗរបស់ពួកគេ។ នេះគឺជាពាក្យពេចន៍ថ្មីដែលត្រូវបានប្រើប្រាស់ដោយក្មេងស្រីៗចំពោះមនុស្សចាស់ៗក្នុងន័យពង្រីកទីផ្សារបន្ថែមទៀត។ ស្របពេលជាមួយគ្នា ពាក្យ មេ ក៏កំពុងពេញនិយមដែរ។
កាលពីដើមឡើយ នារីខ្មែរ មិនថា ក្មេង ឬចាស់ទេ តែងតែហៅ បុរសគ្រប់វ័យថា «ពូ» ពីព្រោះ ពាក្យថា «ពូ»មិនបង្កប់អត្ថន័យសេ្នហា។ តែនៅក្នុងសម័យជំនួញប្រកួតប្រជែងគ្នានេះ នារីបម្រើសេវាកម្មភាគច្រើនត្រូវបានហៅកែ ឬថ្នាក់ដឹកនាំស្ថាប័នជំនួញមួយចំនួនណែនាំអោយប្រើប្រាស់ពាក្យ «បង» ជំនួសពាក្យ «ពូ» ឬ«អ៊ំ» វិញ។ ពាក្យ «បង» សម្រាប់អ្នកជំនួញ គឺជាសម្តីទីផ្សារដើម្បីទាក់ទាញអារម្មណ៍អតិថិជន។
ស្ត្រីដែលប្រើប្រាស់ពាក្យ «បង» ជំនួសពាក្យ «ពូ» និង«អ៊ំ» ហើយត្រូវបានសម្ភាសដោយសារព័ត៌មានថ្មីៗ បានសារភាពប្រាប់ថា ពួកគេប្រើប្រាស់ពាក្យថ្មីនេះ(ពូ)ដោយផ្អែកលើមូលហេតុពីរយ៉ាងធំ។ ទី១ ដោយសារ ការសំណូមពរពីថៅកែ និងទី២ ដោយសារភ្ញៀវចូលចិត្តអោយហៅថា «បង» សម្រាប់បុរស ឬ«អ្នកបង» សម្រាប់ស្ត្រី។
«បើពួកខ្ញុំហៅ ពូ ឬអ៊ំ តាមវ័យរបស់ពួកគេ ជួនកាល គេស្តីបន្ទោសអោយខ្ញុំវិញថា ពួកគេហ្នឹងចាស់ពេក។ ពួកគេមិនសប្បាយចិត្តទេ»។ នេះ គឺជាការកត់សម្គាល់របស់ស្ត្រីបម្រើសេវាកម្មនានា។ ហៅ «បង»បានលុយ Tip ច្រើន ហៅ«ពូ» ឬ«អ៊ំ» ដាច់លុយ Tip តែម្តង។
តើ មេ ទៅណាដែរ? សូមគោរព មេ! សួស្តី មេ!
ក្រៅពីពាក្យ បង, ពាក្យ មេ ក៏កំពុងពេញនិយមដែរ។ ពាក្យនេះ ត្រូវបានប្រើប្រាស់ដោយបុរសម្នាក់ទៅកាន់បុរសម្នាក់ទៀត ដែលបុរសទី១ គិតថា បុរសទីពីរ មានឋានៈខ្ពស់ជាងខ្លួន។ តាមពិត វាជាពាក្យហៅដើម្បីលើកតម្កើងបុគ្គលណាម្នាក់។ អ្នកដែលចូលចិត្តប្រើប្រាស់ពាក្យនេះ ក៏ទទួលបានលុយធីបមកវិញច្រើនគួរសមដែរ។
សរុបសេចក្តីមកវិញ តើពាក្យ មេ និងបង ជាពាក្យទីផ្សារជំរុញការលក់ឬ?
© រក្សាសិទ្ធិដោយ thmeythmey.com