អន្តរជាតិ
នយោបាយអន្តរជាតិ
ឥណ្ឌូណេស៊ី សុំឲ្យមិត្ត ឥណ្ឌា និងចិន ត្រលប់ទៅតុសន្ទនាវិញ
× រដ្ឋាភិបាលក្រុងហ្សាការតា បានទទូចឲ្យរដ្ឋាភិបាលក្រុងប៉េកាំង និងរដ្ឋាភិបាលញូដេលី ថយមួយជំហានមកវិញហើយត្របល់មកតុចរចាដោយសន្តិវិធី ខណៈការប្រឈមមុខគ្នារវាងភាគីទាំងពីរនៅតំបន់ព្រំដែន នឹងផ្តល់ត្រឹមតែការខាតបង់ទាំងសងខាង ក៏ដូចជាបង្កជាអស្ថិរភាពក្នុងតំបន់ផង។ ក្រុងហ្សាការតា ចង់ឃើញប៉េកាំង និងញូដេលី ចាប់ដៃគ្នាដើម្បីផ្តល់ប្រយោជន៍ដល់គ្នា និងគ្រប់ប្រទេសក្នុងតំបន់ផង។
តាមរយៈរដ្ឋមន្ត្រីក្រសួងការបរទេស លោកស្រី Retno Marsudi ឥណ្ឌូណេស៊ី បានទទូចឲ្យចិន និងឥណ្ឌាបន្ធូរបន្ថយភាពតានតឹង និងសាកល្បងបង្កើតលក្ខខណ្ឌនានាដើម្បីឈានដល់ការបើកកិច្ចសន្ទនា និងដោះស្រាយវិវាទតាមសន្តិវិធីវិញ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានឥណ្ឌូណេស៊ី Jakarta Globe នៅថ្ងៃ១៩ មិថុនា។
ប្រមុខការទូតឥណ្ឌូណេស៊ីរូបនេះ បានគូសបញ្ជាក់ថា ទំនាក់ទំនងល្អ និងផ្លែផ្ការវាងចិន និងឥណ្ឌា គឺជាសមិទ្ធផលមួយដ៏សំខាន់បំផុតសម្រាប់គ្រប់ប្រទេសនៅក្នុងតំបន់ប៉ាស៊ីហ្វិក និងពិភពលោក។ លោកស្រី បានទទួលស្គាល់ថា បញ្ហាព្រំដែនរវាងភាគីទាំងពីរ មានប្រវត្តិយូរណាស់មកហើយ ក៏ប៉ុន្តែក្នុងនាមជាមិត្តជិតស្និទ្ធទាំងចិន និងឥណ្ឌា ឥណ្ឌូណេស៊ី ចង់ឃើញភាគីទាំងពីររក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។
គួរជម្រាបបន្តិចថា ថ្មីៗនេះ កងទ័ពចិន និងឥណ្ឌា បានប៉ះទង្គិចគ្នាប្រដាប់អាវុធ នៅតាមបណ្តោយព្រំដែន Himalayas ដោយបានបណ្តាលឲ្យទាហានទាំងសងខាងបាត់បង់អាយុទៀតផង។ តាមការអះអាងពីភាគីចិន ការប៉ះទង្គិចនេះ ផ្តើមចេញបន្ទាប់ពីទាហានឥណ្ឌាបីរូប បានឆ្លងចូលព្រំដែនរបស់ចិន ហើយទាហានឥណ្ឌា ក៏បានមានចេតនាបង្ករឿងឲ្យមានការប៉ះទង្គិចគ្នាទៀតផង។
តាមពិតទៅ នេះ មិនមែនជាលើកទីមួយឡើយ ដែលកងទ័ពចិន និងឥណ្ឌាបានប៉ះទង្គិចគ្នា នៅតាមព្រំដែនមានវិវាទ រហូតដល់បណ្តាលឲ្យមានអ្នកស្លាប់នោះ។ តាម Jakarta Globe ក្នុងឆ្នាំ១៩៦២ ភាគីទាំងធ្លាប់មានការប៉ះទង្គិចគ្នាទ្រង់ទ្រាយធំមួយ នៅតំបន់វិវាទនេះ ដោយបានបណ្តាលឲ្យទាហានឥណ្ឌា ជាង ១៣០០នាក់ និងទាហានចិន ៧២២ នាក់បានស្លាប់៕
Tag:
ឥណ្ឌា
ចិន
ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com