អន្តរជាតិ
នយោបាយអន្តរជាតិ
កម្មវិធីចំណីអាហាររបស់អង្គការសហប្រជាជាតិ ប្រឈមនឹងការផ្អាក ដោយសារខ្វះជំនួយគាំទ្រ
× ភ្នាក់ងារជំនាញផ្នែកចំណីអាហាររបស់អង្គការសហប្រជាជាតិ នៅថ្ងៃ១៩ មិថុនាកន្លងទៅ បានព្រមានពីការផ្អាកប្រតិបត្តិការផ្តល់ជំនួយមនុស្សធម៌ទៅកាន់ប្រទេស និងប្រជាជន ដែលកំពុងតែជួបការលំបាកខ្លាំងរបស់ពិភពលោក ដោយសារតែកង្វះជំនួយមូលនិធិទ្រទ្រង់ពីភាគីពាក់ព័ន្ធ។
អ្នកនាំពាក្យរបស់កម្មវិធីចំណីអាហារពិភពលោករបស់អង្គការសហប្រជាជាតិ (UNWFP)លោកស្រី Elisabeth Byrs បានអះអាងថា ប្រសិនបើមូលនិធិសម្រាប់ទ្រទ្រង់ WFP មិនត្រូវផ្តល់ជូនគ្រប់គ្រាន់ត្រឹមដើមខែកក្កដានោះទេ ប្រតិបត្តិការដឹកជញ្ជូនចំណីអាហារទៅកាន់បណ្តាប្រទេសប្រមាណ១៣២ នឹងត្រូវរងផលប៉ះពាល់ និងប្រឈមនឹងការផ្អាកជាក់ជាពុំខាន។
តាមការចុះផ្សាយរបស់់មជ្ឈមណ្ឌលព័ត៌មានអង្គការសហប្រជាជាតិ កន្លងមកជាទូទៅ ភ្នាក់ងារជំនាញរបស់កម្មវិធីចំណីអាហារពិភពលោក ត្រូវដឹកជញ្ជូនជំនួយមនុស្សធម៌ផ្សេងទៅកាន់បណ្តាប្រទេសមានការលំបាកតាមរយៈជើងហោះហើរបន្ទាន់។ ក៏ប៉ុន្តែដោយសារវិបត្តិ Covid-19 ជើងហោះហើរត្រូវបានហាមឃាត់ និងការចូលរួមវិភាគទានពីបណ្តាភាគីពាក់ព័ន្ធមិនគ្រប់គ្រាន់ផង បានធ្វើឲ្យប្រតិបត្តិការរបស់ WFP កាន់តែប្រឈមមុខខ្លាំង ។
បើតាម លោកស្រីអ្នកនាំពាក្យរបស់ WFP វា នឹងបង្កឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរ ប្រសិនប្រតិបត្តិការនេះ ត្រូវបានផ្អាក ឬបញ្ឈប់។ ជាក់ស្តែង មន្ទីរពេទ្យនៅតាមបណ្តាប្រទេសកំពុងតែអភិវឌ្ឍន៍ នឹងត្រូវប្រឈមនឹងកង្វះសម្ភារវេជ្ជសាស្ត្រ ក៏ជាសម្ភារផ្សេងដើម្បីបម្រើការ និងផ្តល់សេវាជូនប្រជាជនដែលខ្វះខាត និងត្រូវការជំនួយបន្ទាន់ដើម្បីសង្គ្រោះអាយុជីវិតរបស់ពួកគេ។
ដើម្បីឲ្យការប្រតិបត្តិការដឹកជញ្ជូនទៅកាន់គោលដៅគ្រប់គ្រាន់រហូតដល់ចុងឆ្នាំនោះ លោកស្រី Elisabeth Byrs បានអះអាងថា WFP ត្រូវថវិការាប់ពាន់លានដុល្លារឯណោះ ក៏ប៉ុន្តែមកទល់ពេលនេះ WFP ទទួលជំនួយបានត្រឹមតែ១៤ភាគរយប៉ុណ្ណោះនៃថវិកា ដែលត្រូវការ។ ដូច្នេះភ្នាក់ងារជំនាញរបស់អង្គការសហប្រជាជាតិមួយនេះ គ្មានជម្រើសអ្វីក្រៅពីផ្អាកប្រតិបត្តិការរបស់ខ្លួននោះទេ ប្រសិនបើគ្មានជំនួយទ្រទ្រង់នោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com