លោក សុ​ផុន បង្រៀន​កូនស្រី​តូចៗ​ទាំង​៣ ឲ្យ​រឹងប៉ឹង និង​បណ្តុះ​គំនិត​បរិស្ថាន ដោយ​នាំ​ដើរ​ព្រៃភ្នំ​
ជាតិ
សង្គមជាតិ
២៥ខេត្ត/រាជធានី
លោក សុ​ផុន បង្រៀន​កូនស្រី​តូចៗ​ទាំង​៣ ឲ្យ​រឹងប៉ឹង និង​បណ្តុះ​គំនិត​បរិស្ថាន ដោយ​នាំ​ដើរ​ព្រៃភ្នំ​
21, Jun 2020 , 8:30 pm        
រូបភាព
ដោយ: ថ្មីៗ
ដោយ៖ ខន ណា​រី​

​ភ្នំពេញ​៖ លោក ឈន សុ​ផុន និង​ភរិយា បាន​នាំ​កូនស្រី​តូចៗ​ទាំង​៣​នាក់​របស់ខ្លួន​ដោយ​ម្នាក់​មាន​អាយុ​៩​ឆ្នាំ និង​កូនភ្លោះ​អាយុ​ទើប​៦​ឆ្នាំ​នោះ ឡើង​ភ្នំ​ខ្នង​ផ្សា កាលពី​ថ្ងៃទី​៦​ដល់ទី​៨ មិថុនា​កន្លងទៅ​។ លោក ឈន សុ​ផុន បាន​ប្រាប់ Thmey thmey25 មូលហេតុ​ដែល​លោក​នាំ​កូន​ឡើង​ភ្នំ​នេះ គឺ​ដើម្បី​ពង្រឹង​ផ្នែក​ស្មារតី បណ្តុះ​ចិត្ត​ស្រលាញ់​បរិស្ថាន​ដល់​ពួកគេ​។ លោក សុ​ផុន សង្ឃឹមថា កូនៗ​របស់គាត់​ចេះ​ទទួលខុសត្រូវ និង​ជម្នះ​ឧ​ប​ស្គ​នៅ​ចំពោះមុខ​ដោយ​ខ្លួនឯង ហើយក៏​អាច​លើកទឹកចិត្ត​ឲ្យ​ពលរដ្ឋ​ខ្មែរ​ដទៃទៀត លែង​រារែក​ចំពោះ​ដំណើរ​កម្សាន្ត​ផ្សងព្រេង ក៏ដូចជា​ទេសចរណ៍​ដើរ​ឡើង​ភ្នំ​ផងដែរ​។

 
​លោក ឈន សុ​ផុន បាន​ប្រាប់ Thmey thmey25  ថា​កត្តា​ដែល​ជំរុញ​ឲ្យ​លោក​នាំ​កូនៗ ឡើង​ភ្នំ​ខ្នង​ផ្សា​នេះ គឺ​ដើម្បី​ពង្រឹង​ផ្នែក​អារម្មណ៍​ស្មារតី បង្កើន​ការស្រលាញ់​បរិស្ថាន​ធម្មជាតិ​ដល់​ពួកគេ​។ លោក ឈន សុ​ផុន ពន្យល់ថា​៖ «​ការឡើង​ភ្នំ ត្រូវ​ប្រើ​កម្លាំង និង​ស្មារតី​ជា​ស្នូល ដូចនេះ​ដំណើរ​កម្សាន្ត​ឡើង​ភ្នំ គឺជា​ចំណុច​ចាប់ផ្តើម​ល្អ​បំផុត​មួយ​សម្រាប់​កុមារ ហើយ​វា​នឹង​ជួយ​ពួកគាត់​ឲ្យ​មាន​កាយសម្បទា​មាំមួន រហ័សរហួន ចេះ​ជួយ​លើទឹក​ចិត្ត​គ្នា ការពារ​គ្នា និង​បង្រៀន​គាត់​មិន​ឲ្យ​មានការ​ភ័យខ្លាច និង​ចេះ​ការពារ​ខ្លួន​ចំពោះ​សត្វល្អិត​មួយចំនួន​»​។ 
 
​សម្រាប់​លោក ឈន សុ​ផុ​ការបង្រៀន​កុមារ​ឲ្យ​ស្រឡាញ់​បរិស្ថាន​តែ​តាម​សៀវភៅ គឺ​មិនមាន​ប្រសិទ្ធភាព​គ្រប់គ្រាន់​នោះឡើយ ដូច្នេះ​ទើប​លោក នាំ​កូន​ឲ្យ​ទៅ​ឃើញ​ធម្មជាតិ និង​ជីវិត​រស់នៅ​របស់​សត្វ និង​ជីវចម្រុះ​ផ្សេងៗ​នៅ​តំបន់​ព្រៃភ្នំ​ដោយផ្ទាល់​។​
 
​លោក ឈន សុ​ផុន បាន​ឲ្យ​ដឹងថា នេះ​ជា​លើក​ទី​២​ហើយ ដែល​លោក​បាន​នាំ​កូនៗ ធ្វើដំណើរ​បែប​ផ្សងព្រេង​ដោយ​ការឡើង​ភ្នំ បន្ទាប់ពី​កាលពីពេល​កន្លងទៅ គ្រួសារ​របស់លោក សុ​ផុន បាន​ឡើងទៅ​ភ្នំ​អា​រ៉ែ​ង​។ ហើយ​លោក សុ​ផុន ចង់​ឲ្យ​កូនស្រី​ទាំង​៣​រូប​របស់ខ្លួន នឹង​អាច​ជំរុញ​ទឹកចិត្ត​ពលរដ្ឋ​ដទៃទៀត ដែល​ធ្លាប់តែ​រារែក ក្នុងការ​ធ្វើដំណើរ​កម្សាន្ត​បែប​ផ្សងព្រេង ក៏ដូចជា​ការឡើង​ភ្នំ​នេះ ឲ្យ​ចាប់ផ្តើម​ដំណើរ​របស់ខ្លួន​។ សម្រាប់​លោក ឈន សុ​ផុន ទេសចរណ៍​ក្នុងស្រុក មាន​សំខាន់​ណាស់ ក្នុងការ​លើកកម្ពស់ និង​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​។ មិនតែប៉ុណ្ណោះ លោក​ក៏​ចង់​ឲ្យ​កូនៗ ចេះ​ទទួលខុសត្រូវ និង​ជ​ន្នះ​ឧ​ប​ស្គ្គ ចំពោះ​ដំណើរ​ទៅកាន់​គោលដៅ​របស់​ពួកគេ​ផងដែរ​។ លោក សុ​ផុន បញ្ជាក់បន្ថែម​៖«​ផង​ទៀតថា​៖«​ខ្ញុំ​ប្រើ​វិធីសាស្ត្រ​ចិញ្ចឹម​កូន​បែប​សាមញ្ញ​បំផុត គឺ​បណ្តុះបណ្តាល លើកទឹកចិត្ត ស្រលាញ់ ការពារ ប្រុងប្រយ័ត្ន តែ​មិន​ឱបក្រសោប​។  ផ្តល់ឱកាស និង​បង្រៀន​ឲ្យ​មានការ​ទទួលខុសត្រូវ​ចំពោះ​ខ្លួនឯង​។ ខ្ញុំ​តែង​ប្រាប់​កូន​ជារឿយៗ​ថា កូន​ដួល កូន​ក្រោកឈរ កូន​ដើរ បើ​កូន​ធ្វើបាន​ដោយ​ខ្លួនឯង នោះ​ជាស​ម្ធិ​ផល​របស់​កូន​។ បើ​ត្រូវការ​ម៉ាក់​ប៉ា នោះ​ម៉ាក់​ប៉ា​នឹង​ជួយ​តាម​លទ្ធភាព​»​។​
 
​ដោយសារ​កូនៗ​នៅ​តូច ការធ្វើដំណើរ​ឡើង​ភ្នំ​ខ្នង​ផ្សា មិន​ងាយស្រួល​ប៉ុន្មាន​ឡើយ ដំណើរ​ឡើង​ភ្នំ ដែល​ប៉ះ​ចំពេល​មាន​ភ្លៀងរលឹម​ផង ធ្វើ​ឲ្យ​ផ្លូវ​ដើរ​ឡើង​រអិល ហើយ​ក្មេងៗ​មិនអាច​ធ្វើដំណើរ​បាន​យូរ​នោះទេ​។ ម្យ៉ាងទៀត​ការ​បន្ទោ​របង់  និង​ការ​គេង​ក្នុង​តង់​ដែល​តូចចង្អៀត គឺជា​រឿង​លំបាក​មួយ​ដែរ​។ ទោះជា​យ៉ាងនេះ​ក្តី កូនៗ របស់លោក​អាច​ដើរ​ឡើងដល់​កំពូលភ្នំ ដោយ​ចំណាយពេល ៤​ម៉ោង​កន្លះ គិតពី​ពេល​បញ្ចប់​ដំណើរ​តាម​គោយន្ត​។ 
 
«​ខ្នង​ផ្សា​» ជា​តំបន់​ទេសចរណ៍​ថ្មី​មួយ ដែល​កំពុង​ទាក់ទាញ​ទេសចរ​។ លោក ជា យុ​ទ្ធា អនុប្រធាន​ការិយាល័យ​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ ធ្លាប់បាន​ប្រាប់ Thmey thmey25​ថា ក្នុង​ខែឧសភា​កន្លងទៅ  មាន​ភ្ញៀវទេសចរ​ជិត​៥០០​នាក់ បាន​ទៅដល់​ទីនោះ​។​
 
​ដើម្បី​ទៅដល់​តំបន់​ទេសចរណ៍​«​ខ្នង​ផ្សា​»​គេ​ត្រូវ​ធ្វើដំណើរ​តាមផ្លូវ​ជាតិ​៤ ទៅកាន់​ទី​រួម​ខេត្តកំពង់ស្ពឺ រួច​ឆ្លងស្ពាន​ខេត្តកំពង់ស្ពឺ​ប្រមាណ​ជាង ១​គីឡូម៉ែត្រ បត់​ស្ដាំ​ប្រមាណ ១​គីឡូម៉ែត្រ រួច​បត់​ឆ្វេង​តាម​ស្លាក​សញ្ញា​ប្រាប់ផ្លូវ​ទៅ​ឱ​រ៉ា​ល់​។ ត្រូវធ្វើ​ដំណើរ​បន្ត​តាម​ច្រក​ឳ​រ៉ា​ល់​ប្រហែល ៥០​គីឡូម៉ែត្រ ដល់​រង្វង់​មូល​ឳ​រ៉ា​ល់ រួច​បន្តដំណើរ​ទៅមុខ​តាម​ផ្លូវលំ​ប្រមាណ ៣៥​គីឡូម៉ែត្រ ដោយ​ជិះ​កាត់ ទេ​ទឹក​ពុះ នឹង​ទៅដល់​ភូម​រលាក់​កងជើង ឃុំ​តា​សាល ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ដែលជា​ភូមិ​របស់​តំបន់​ទេសចរណ៍​ខ្នង​ផ្សា​៕
 














© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម