អន្តរជាតិ
​បច្ចេកវិទ្យា
តើ​រថយន្ត​អគ្គិសនី​ពិតជា​ល្អ​សម្រាប់​បរិស្ថាន​មែនឬ​?
21, Jun 2020 , 9:59 pm        
រូបភាព
​នៅពេលដែល​ការយល់ដឹង​អំពី​បម្រែបម្រួល​បរិស្ថាន​មានការ​កើន​ឡើងជា​លំដាប់​ទៅកាន់​ប្រជាជន​ទូទៅ​នៅ​ជុំវិញ​តំបន់​នានា​ក្នុង​ពិភពលោក និង​ទីផ្សារ​រថយន្ត​ដំណើរការ​ដោយ​ថាមពល​អគ្គិសនី​មានការ​កើន​ឡើងជា​លំដាប់ គេ​បាន​សង្កេតឃើញ​អត្រា​នៃ​ការ​ជាវ និង​ប្រើប្រាស់​រថយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី​ទាំងនោះ​ក៏​កំពុង​តែមាន​ប្រជាប្រិយ​ភាពជា​បណ្តើរៗ​ផងដែរ​។ តែបើ​យើង​ពិនិត្យមើល​វា​ឲ្យ​លម្អិត​បន្ថែមទៀត តើ​ការផលិត និង​ប្រើប្រាស់​រថយន្ត​អគ្គិសនី​ទាំងនោះ​ពិតជា​ជះឥទ្ធិពល​វិជ្ជមាន​ទៅកាន់​បរិស្ថាន​ធម្មជាតិ​មែនដែរ​ឬទេ​?

 
​រថយន្ត​អគ្គិសនី​មិន​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ទៅកាន់​បរិយាកាស​នោះទេ​។ រថយន្ត​ប្រភេទ​នេះ​បញ្ចេញ​​សំឡេង​តិចតួច និង​ងាយស្រួល​ក្នុងការ​ប្រើប្រាស់​ជាប្រចាំ​។ វា​ហាក់បីដូចជា​បង្ក​ផលចំណេញ​ទៅកាន់​បរិស្ថាន​ច្រើនជាង​រថយន្ត​ដទៃទៀត​ដែល​ប្រើប្រាស់​ឥន្ធនៈផូស៊ីល​។ 
 
​គេហទំព័រ DW ក៏បាន​លើកឡើង​ដែរ​ថា រដ្ឋាភិបាល​នៃ​ប្រទេស​ជាច្រើន​បាន​គាំទ្រ​ការប្រើប្រាស់​រថយន្ត​អគ្គិសនី ក្នុង​គោលបំណង​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់ និង​ការរក្សា​គុណភាព​ខ្យល់​ដកដង្ហើម​នៅតាម​ទីក្រុង និង​ទីប្រជុំជន​របស់​ពួកគេ​ឲ្យ​នៅបាន​ល្អ​។ ប្រទេស​អាល្លឺម៉ង់​ត្រៀម​នឹង​កាត់បន្ថយ​បរិមាណ​កាបូន​នៅក្នុង​បរិយាកាស​ប្រមាណ​ជា​៤០​ភាគរយ​ត្រឹម​ឆ្នាំ​២០២០​នេះ ដោយ​ប្រៀបធៀប​ជាមួយនឹង​កម្រិត​កាបូន​ក្នុង​បរិយាកាស​ពី​ឆ្នាំ​១៩៩៤​។ 
 
​ជាមួយគ្នានេះ គេ​ក៏​រំពឹង​ឲ្យ​មាន​វត្តមាន​យានយន្ត​អគ្គិសនី​ប្រមាណ​ជាមួយ​លាន​គ្រឿង​ដំណើរ​នៅលើ​ផ្លូវ​នៅ​ឆ្នាំ​ដដែល​នេះដែរ​។ ទោះបីជា​យ៉ាងនេះ​ក្តី រថយន្ត​អគ្គិសនី​មិនមែនជា​ដំណោះស្រាយ​ដែល​ល្អ​ប៉ុន្មាន​នោះទេ ដោយសារតែ​ហេតុផល​មួយចំនួន​។ រថយន្ត​អគ្គិសនី​ត្រូវការ​ថាមពល​អគ្គិសនី​ចេញពី​រោងចក្រ​ផលិត​​អគ្គិសនី ដែល​ជារួម​បានមកពី​ការ​ចម្រាញ់​ផូស៊ីល​ឥន្ធនៈ​។ 
 
​ដោយសារតែ​លក្ខណៈ​បច្ចេកទេស​នៃ​ការផលិត​ម៉ាស៊ីន​ដែល​ដំណើរការ​ដោយ​អាគុយ​អគ្គិសនី រថយន្ត​អគ្គិសនី​ភាគច្រើន​ត្រូវការ​ការចំណាយ​ខ្ពស់​ទៅលើ​ថវិការ និង​ថាមពល​ក្នុង​ការផលិត បើ​ប្រៀបធៀប​ជាមួយនឹង​រថយន្ត​ធម្មតា​ដែល​ប្រើប្រាស់​ផូស៊ីល​ឥន្ធនៈ​ដទៃទៀត​មាននៅ​ក្នុង​ទីផ្សារ​។ ការបញ្ចេញចោល​នូវ​អាគុយ​អគ្គិសនី​ទាំងនោះ​ដោយ​មិន​ប្រុងប្រយ័ត្ន​ក៏​អាច​បង្ក​គ្រោះថ្នាក់​ខ្លាំង​ដល់​បរិស្ថាន​ផងដែរ​។ នៅក្នុង​កាលៈទេសៈ​បច្ចុប្បន្ន បរិមាណ​កាបូន​ដែល​រថយន្ត​អគ្គិសនី​ប្រើប្រាស់​(​ដោយ​ប្រយោល​)​មានតម្លៃ​ប្រហាក់ប្រហែលគ្នា​ទៅនឹង​យានយន្ត​សាំង​ធម្មតា​ដែរ​។ នេះ​បើតាម​ការសិក្សា​ពី​វិទ្យាស្ថាន​ស្រាវជ្រាវ​នៃ​ថាមពល និង​បរិស្ថាន (Institute for Energy and Environmental Research – IFEU) ទីក្រុង Heidelberg ប្រទេស​អាល្លឺម៉ង់​។ 
 
​ទោះបីជា​រថយន្ត​អគ្គិសនី​មិន​បញ្ចេញ​ផ្សែង​ពុល​មែន តែ​អគ្គិសនី​ដែល​រថយន្ត​ទាំងនោះ​ទទួលបាន​មាន​ប្រភព​មកពី​រោងចក្រ​ផលិត​អគ្គិសនី​ដើរ​ដោយ​ថាមពល​ធ្យូងថ្ម ដែលជា​មូលហេតុ​នៃ​ការបំពុល​បរិយាកាស​មួយ​ចំបង​ផងដែរ​។ ចំពោះ​ប្រទេស​អាល្លឺម៉ង់ ជាង​ពាក់កណ្តាល​នៃ​ថាមពល​អគ្គិសនី​របស់​ខ្លួន​ត្រូវបាន​ផលិត​ចេញពី​រោងចក្រ​ថាមពល​ដើរ​ដោយ​ធ្យូងថ្ម ឬ​ឧស្ម័ន​ធម្មជាតិ​។ អ្នកប្រើប្រាស់​រថយន្ត​អគ្គិសនី​ម្នាក់​ត្រូវ​សាក និង​បើកបរ​រថយន្ត​អគ្គិសនី​របស់ខ្លួន​ដល់​ទៅ​ប្រមាណ​ជា​១០០​ពាន់​គីឡូម៉ែត្រ​ឯណោះ​ក្នុងការ​ទាញ​ផលចំណេញ​ពី​រថយន្ត​របស់ខ្លួន​ទៅលើ​រថយន្ត​សាំង​ក្នុងការ​ការពារ និង​កាត់បន្ថយ​ផ្សែង​ពុល​ពី​បរិស្ថាន​។ 
 
​ម្យ៉ាងវិញទៀត រថយន្ត​អគ្គិសនី​ត្រូវការ​ថាមពល​ច្រើនជាង​រថយន្ត​សាំង​ធម្មតា​ដល់​ទៅ​២​ដង​ក្នុង​ការផលិត​ចេញពី​រោងចក្រ​។ មូលហេតុ​ចំបង​គឺ​ការផលិត​អាគុយ​អគ្គិសនី​សម្រាប់​រថយន្ត​។ ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង​នៃ​អាគុយ​អគ្គិសនី​នៃ​រថយន្ត អាច​ប្រៀបធៀប​បាន​ទៅនឹង​ការបញ្ចេញ​កាបូនឌីអុកស៊ីត​ប្រមាណ​១២៥គីឡូក្រាម​។ ចំពោះ​អាគុយ​របស់ BMW i3 ដែលមាន​ទំហំ​រហូត​ទៅដល់​២២​គីឡូវ៉ាត់ម៉ោង នោះ​ការបញ្ចេញ​កាបូនឌីអុកស៊ីត​អាច​កើន​ទៅដល់​ជិត​៣​តោន​ឯណោះ​។ 
 
​មួយវិញទៀត អាគុយ​អគ្គិសនី​ត្រូវបាន​គេ​ផលិត​ចេញពី​សារធាតុ​រ៉ៃ​នៅ​ខាងក្រោម​ដី​មានដូចជា​ទង់ដែង កូ​បាល់ និង ណេ​អូ​ឌី​ម្យ៉ូ​ម​ជាដើម​។ ការជីក​យក​រ៉ៃ​ទាំង​នោះបាន​បំផ្លិចបំផ្លាញ​សណ្ឋាន​ដី បំពុល​ទឹក និង​ការកាប់​ព្រៃឈើ​ជាដើម​។ ការ​ចម្រាញ់​យក​សារធាតុ​អាលុយមីញ៉ូម​ចេញពី​រ៉ៃ​បុក​ស៊ីត (Bauxite Ore) ក៏​ជា​សកម្មភាព​មួយ​ដែល​ប្រើប្រាស់​ថាមពល​ខ្លាំងក្លា និង​បំផ្លាញ​បរិស្ថាន​ផងដែរ​។ 
 
​តែ​អ្វីដែល​សំខាន់​នោះ​គឺ​ការបង្កើត​រោងចក្រ​ថាមពល​អគ្គិសនី​ដែល​ដើរ​ដោយ​ថាមពលបៃតង ដូចជា​វា​រី​អគ្គិសនី វាយោ​ថាមពល ថាមពល​ពន្លឺព្រះអាទិត្យ ឬ​ថាមពល​កម្តៅ​ផែនដី​ជាដើម ដើម្បី​ផ្ទេរ​ថាមពលបៃតង​ទាំងនោះ​ទៅកាន់​រថយន្ត​អគ្គិសនី​ជាមួយនឹង​ផល​វិជ្ជមាន​សឹងតែ​ទាំងស្រុង​ទៅកាន់​បរិស្ថាន​ធម្មជាតិ​។ បើ​រថយន្ត​អគ្គិសនី​មួយ​ប្រើប្រាស់​អគ្គិសនី​ចេញពី​រោងចក្រ​ផលិត​ថាមពលបៃតង រថយន្ត​នោះ​នឹង​កាត់បន្ថយ​ដាន​កាបូន​ដល់​ទៅ​៦​ដង​តិច​ជា​រថយន្ត​សាំង​ធម្មតា​នៅពេល​ប្រើប្រាស់​។ ការផ្លាស់ប្តូរ​វិស័យ​ធំៗ​ទាំងនេះ​ត្រូវការ​ការស្រាវជ្រាវ ការយល់ដឹង​កាន់តែច្បាស់​ពី​ប្រជាជន​ទូទៅ រដ្ឋាភិបាល និង​បច្ចេកវិទ្យា​ទំនើប​ថ្មីៗ​ជាច្រើន​ទៀត​ក្នុងការ​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធិភាព​កាន់តែ​ប្រសើរ​ក្នុងពេល​អនាគត​៕

© រក្សាសិទ្ធិដោយ thmeythmey.com