ជាតិ
សង្គមជាតិ
២៥ខេត្ត/រាជធានី
ល្បីថា ម្រេចកង្កែប ប្រៀបដូចឋានសួគ៌តំបន់អារ៉ែង លោក រ័ត្នថា ជិះម៉ូតូពីព្រៃវែង ទៅមើលផ្ទាល់ភ្នែក
× កោះកុង៖ «ម្រេចកង្កែប» ជាតំបន់ទេសចរណ៍ផ្សងព្រេងដ៏ល្បីល្បាញមួយក្នុងរយៈពេលថ្មីៗនេះ ដោយសារមានភ្ញៀវទេសចរជាតិ-អន្តរជាតិ ជាច្រើនបានទៅទស្សនាសម្រស់ដ៏ស្រស់ត្រកាល និងបានផ្សិតយករូបភាពទេសភាពពពកកកពាសពេញខាងដើមឈើ ប្រៀបបាននឹងគំនូធម្មជាតិរស់រវើក ដែលភ្ញៀវទេសចរភាគច្រើនប្រៀបនឹងឋានសួគ៌តំបន់អារ៉ែង។ លោក ឆន រ័ត្នថា ភ្ញៀវទេសចរមកពីខេត្តព្រៃវែង បានជិះម៉ូតូជាមួយសមាជិកក្មេងៗ ៣នាក់ទៀត ដើម្បីមើលសម្រេស់ ម្រេចកង្កែប ដោយផ្ទាល់ ត្បិតថា រ័ត្នថា ធ្លាប់ឃើញតែរូបភាពតាមបណ្ដាញសង្គម។
សូមលោក-អ្នកនាង ទស្សនាវីដេអូសម្ភាសខ្លីរវាងលោក សែម វណ្ណា អ្នកសារព័ត៌មានថ្មីៗ២៥ និងលោក ឆន រ័ត្នថា ដូចតទៅ៖
លោក ឆន រ័ត្នថា ប្រាប់ពីមូលហេតុដូច្នេះថា៖ «ខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តខ្លាំង ព្រោះបានឃើញទេសភាពស្អាត។ ពេលខ្ញុំក្រោកឡើងឃើញពពកហូរកាន់តែស្អាត គឺហូរដូចទឹកអ៊ីចឹង។ ទិដ្ឋភាពទីនេះ ពិតជាស្រស់ស្អាត មិនធ្លាប់ឃើញ»។ លោកឆន រ័ត្នថា និងសមាជិករបស់លោក បានសម្រាកដោយតង់បោះនៅលើភ្នំម្រេចកង្កែបមួយយប់ ពីសេវាកម្មរបស់សហគមន៍ជនជាតិដើមភាគតិចជងនៅក្នុងឃុំជំនាប់ ស្រុកថ្មបាំង។
ភ្ញៀវទេសចរ ភាគចូលចិត្តឡើងភ្នំម្រេចកង្កែបជាក្រុម និងសម្រាកលើភ្នំម្រេចកង្កែប ដោយបោះតង់ តាមរយៈសេវាកម្មរបស់សហគមន៍ទេសចរណ៍ជនជាតិដើមភាគតិចជង ដែលមានមគ្គុទេសក៏ទេសចរណ៍សម្រាប់នាំផ្លូវ ព្រមទាំងមានអាហារពេលព្រឹក និងកាហ្វេ សម្រាប់ភ្ញៀវទេសចរ។
តំបន់ភ្នំម្រេចកង្កែបស្ថិតនៅជ្រលងអារ៉ែង ក្នុងឃុំជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុង។ ភ្ញៀវទេសចរ អាចធ្វើដំណើដោយមធ្យោបាយ ម៉ូតូ ដោយត្រូវចំណាយពេលប្រហែល៥០នាទី និងឡើងភ្នំដោយថ្មើរជើង ត្រូវចំណាយពេលប្រមាណ ២ម៉ោង ដើម្បីឡើងដល់កំពូលភ្នំម្រេចកង្កែប។ ភ្នំម្រេចកង្កែប មានចម្ងាយជិតស្នាក់ការសហគមន៍ជាងគេប្រមាណ១០ គីឡូម៉ែត្រពីស្នាក់ការសហគមន៍អេកូទេសចរណ៍តំបន់ស្ទឹងអារ៉ែង៕
Tag:
កោះកុង
ម្រេចកង្កែប
© រក្សាសិទ្ធិដោយ thmeythmey.com