​ឪពុកម្តាយ​ក្លាយជា​សិស្ស​ផង និង​ជា​គ្រូ​ផង​សម្រាប់​ការសិក្សា​អន​ឡាញ​របស់​កូនៗ​នា​អំឡុង​វិបត្តិ​កូ​វីដ​-១៩
COVID-19
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
​ឪពុកម្តាយ​ក្លាយជា​សិស្ស​ផង និង​ជា​គ្រូ​ផង​សម្រាប់​ការសិក្សា​អន​ឡាញ​របស់​កូនៗ​នា​អំឡុង​វិបត្តិ​កូ​វីដ​-១៩
22, Jul 2020 , 5:16 pm        
រូបភាព
កូនប្រុស របស់ លោក លាង វណ្ណ​ធី ដែល​កំពុងតែ​សិក្សា​តាម​កម្មវិធី​Zoom  ក្នុងសម័យ​ការអប់រំ​ឆ្ពោះទៅ​ការអប់រំ​តាមបែប​បច្ចេកវិទ្យា​ទំនើប​
កូនប្រុស របស់ លោក លាង វណ្ណ​ធី ដែល​កំពុងតែ​សិក្សា​តាម​កម្មវិធី​Zoom ក្នុងសម័យ​ការអប់រំ​ឆ្ពោះទៅ​ការអប់រំ​តាមបែប​បច្ចេកវិទ្យា​ទំនើប​
​ភ្នំពេញ​៖ វិបត្តិ​កូ​វីដ​-១៩ បានធ្វើ​ឲ្យ​មាតាបិតា​ដែលមាន​កូនតូចៗ​រវល់​ទ្វេដង ក្រៅពី​របរ​រកស៊ី ឬ​ការងារ​ប្រចាំថ្ងៃ ពួកគាត់​ត្រូវ​ចំណាយ​ពេលវេលា​បន្ថែម​ទៀត​លើ​ការអប់រំ​កូនៗ​។ តែ​ជាមួយគ្នានេះ ឪពុកម្តាយ​ក៏បាន​យល់ដឹង​បន្ថែម​ពី​វិស័យ​អប់រំ​បែប​ឌីជីថល និង​មានឱកាស​បង្កើន​ភាពស្និទ្ធស្នាល​បន្ថែមទៀត​ជាមួយ​កូនៗ​ផងដែរ​។ ទោះបីជា​យ៉ាងណាក៏ដោយ ឪពុកម្តាយ​មិន​ចង់​នៅ​ស្ថានភាព​បែបនេះ​រហូត​នោះដែរ ដោយ​បន់ស្រន់​ឲ្យ​វិបត្តិ​កូ​វីដ​-១៩​ឆាប់​ចប់ ដើម្បី​វិល​ទៅរក​ស្ថានភាព​ដើម ប៉ុន្តែ​រក្សា​នូវ​អ្វី​ដែលជា​ចំណុច​វិជ្ជមាន​ក្នុង​កាលៈទេសៈ​ដ៏​ស្មុគស្មាញ​នេះ​។​

​មាតា​ដៃ​មួយរយ​
 
​ទូរស័ព្ទដៃ​របស់​អ្នកស្រី ញាណ ម​ល្លីកា មិនសូវ​ស្ងាត់​ឡើយ ដោយ​សំឡេង​សារ​ចេញពី​ក្រុម​ជជែក​គ្នា​(chat) ក្នុង​បណ្តាញ​សង្គម បន្លឺ​ឡើងជា​ញឹកញាប់​។ សារ​ខ្លះ​ជា​ទំនាក់ទំនង​ផ្ទាល់ខ្លួន​ជាមួយ​មិត្តភក្តិ សាច់ញាតិ សារ​ខ្លះ​ពាក់ព័ន្ធ​នឹង​ការងារ​មុខ​ជំនួញ ប៉ុន្តែ​សារ​ដែល​នាំ​ឲ្យ​អ្នកស្រី​រវល់​កាន់តែខ្លាំង​នា​រយៈពេល​ចុងក្រោយ​នេះ គឺ​ជុំវិញ​ការសិក្សា​អន​ឡាញ​របស់​កូនស្រី​ពីរ​នាក់ ដែល​ត្រូវការ​អន្តរាគមន៍​ជាប្រចាំ​ពី​អ្នកស្រី​។​
 
​ស្ត្រី​អ្នកជំនួញ​វ័យ​ជិត​៤០​ឆ្នាំ​រូបនេះ បាន​អះអាងថា ក្រោយ​សាលា​ឯកជន​មាន​ដំណើរការ​កម្មវិធី​អន​ឡាញ​ទៅតាម​ការណែនាំ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា អ្នកស្រី​បានក្លាយ​ជា​គ្រូ​ផង និង​ជា​សិស្ស​ផង ដើម្បី​សម្រួល​ដល់​ការសិក្សា​របស់​កូនៗ នា​អំឡុងពេល​នៃ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩​។​
 
​អ្នកស្រី មល្លីកា បាន​រៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖«​កូនស្រី​ច្បង​របស់ខ្ញុំ​ដែល​រៀន​នៅ​ថ្នាក់​ទី​៩ មិនសូវ​ចោទ​ជា​បញ្ហា​នោះឡើយ ដោយសារ​នាង​អាច​ដោះស្រាយ និង​ចាត់ចែង​ការងារ​សាលា​បាន​ដោយ​ខ្លួនឯង ហើយ​ខ្ញុំ​គ្រាន់តែ​រំលឹក​បន្តិចបន្តួច​ប៉ុណ្ណោះ​។ ប៉ុន្តែ​សម្រាប់​កូនស្រី​ទី​ពីរ​ដែល​រៀន​ថ្នាក់​ទី​៥​វិញ ខ្ញុំ​ត្រូវ​ចំណាយពេល​រៀងរាល់ថ្ងៃ​ប្រមាណ​១២​ម៉ោង​ដើម្បី​តាមដាន​ការសិក្សា និង​គ្រប់គ្រង​ការប្រើប្រាស់​ទូរស័ព្ទ​រប​ស់គា​ត់ រួមទាំង​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​សាលា​ទាំង​ភាសា​ខ្មែរ និង​អង់គ្លេស​»​។ 
 
 
​ស្ត្រី​ដែលជា​ម្ចាស់​ហាង​លក់​រថយន្ត​មួយកន្លែង​នៅ​រាជធានី​ភ្នំពេញ​រូបនេះ បាន​បញ្ជាក់ថា ការសិក្សា​អន​ឡាញ​របស់​កូនៗ ពិតជា​ធ្វើ​ឲ្យ​អ្នកស្រី​រវល់​ជាង​ការរកស៊ី​ទៅទៀត ពេលខ្លះ​កំពុងតែ​ជាប់​ពិភាក្សា​ជាមួយ​អតិថិជន ក៏ត្រូវ​ផ្អាក​សិន​ផងដែរ​ដើម្បី​ងាក​ទៅ​ដោះស្រាយ​កិច្ចការ​សាលា​កូន​សិន​។ ចំពោះ​មេរៀន​ខ្លះ អ្នកស្រី មល្លីកា អាច​ពន្យល់ និង​ជួយ​ដោះស្រាយ​ឲ្យ​កូន​បាន​ភ្លាមៗ ប៉ុន្តែ​ចំពោះ​មេរៀន ឬ​កិច្ចការ​សាលា​ជាច្រើន​ទៀត អ្នកស្រី​ត្រូវ​ចំណាយពេល​ស្រាវជ្រាវ និង​សិក្សា​បន្ថែម​ផងដែរ​។​
 
​អ្នកស្រី ញាណ ម​ល្លីកា បាន​រៀបរាប់​ដូច្នេះ​ថា​៖«​មុនពេល​បង្រៀន គ្រូ​ដាក់​វីដេអូ​ឲ្យ​មើល​សិន ទើប​ដាក់​លំ​ហាត់​ឲ្យ​ធ្វើ​។ អ៊ីចឹង ខ្ញុំ​មើល​វីដេអូ​ហ្នឹងហើយ ទើប​ពន្យល់​បន្ថែម​ដល់​កូន​។ ទាក់ទង​នឹង​មេរៀន​ភូមិវិទ្យា ប្រវត្តិវិទ្យា គឺ​យើង​អាច​ចងចាំ​បាន តែបើ​វេយ្យាករណ៍ គឺ​យើង​ត្រូវតែ​មើល​ម្តងទៀត ដើម្បី​អាច​ពន្យល់​កូន​បាន ព្រោះ​យើង​រៀន​យូរ​ឆ្នាំ​ហើយ បើ​យើង​យក​អ្វីដែល​យើង​រៀន​ពីមុន​យកមក​ពន្យល់​គាត់ វា​អត់​ត្រូវ​តាម​មេរៀន​ដែល​គ្រូ​ពន្យល់​ក្នុង​សៀវភៅ​នោះទេ​»​។​


 កូនប្រុស​របស់ អ្នកស្រី  ហេង  សុខ​នី ដែលជា​បុគ្គលិក​នៅ​វិទ្យុ​អេ​ហ្វ​អឹម​១០២ កំពុងតែ​សិក្សា​តាម​អន​ឡាញ​ជាមួយនឹង​មិត្តភក្តិ​រួម​ថ្នាក់ ដោយ​ពន្យល់​មេរៀន​ពី​គ្រូ​ប្រចាំ​ថ្នាក់​តាម​កម្ម​វី​ធី​Zoom​
 
​ស្ថានភាព​ក៏​មិនសូវ​ខុសគ្នា​ប៉ុន្មាន​ឡើយ សម្រាប់​អ្នកស្រី ហេង សុខ​នី ដែលជា​បុគ្គលិក​នៅ​វិទ្យុ​អេ​ហ្វ​អឹម​១០២ តែងតែ​យក​កូនៗ​ទៅ​កន្លែងធ្វើការ​របស់ខ្លួន​ជា​រៀងរាល់ថ្ងៃ​។ បន្ថែម​លើ​ការងារ​ប្រចាំថ្ងៃ អ្នកស្រី​តែងតែ​ចំណាយពេល​ថ្ងៃត្រង់ និង​ក្រោយ​សម្រាក​ពី​ការងារ​ដើម្បី​សម្រួល​ដល់​ការសិក្សា​កូនប្រុស​ទាំងពីរ​របស់​ខ្លួន ដោយ​កូនច្បង​រៀន​ថ្នាក់​ទី​១ និង​កូន​បន្ទាប់​រៀន​កម្រិត​ម​ត្តេ​យ្យ​។​
 
«​ខ្ញុំ​ជួយ​បើក​ទូរស័ព្ទ និង iPad សម្រាប់​ពួកគេ ហើយ​នៅក្បែរ​ពួកគេ​ជានិច្ច​នៅពេលដែល​ពួកគេ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ខាង​សាលា​តាមរយៈ​កម្មវិធី Zoom»​។ នេះ​ជាការ​រៀបរាប់​របស់​អ្នកស្រី សុខ​នី ដោយ​បញ្ជាក់​បន្ថែមថា អ្នកស្រី​ខិតខំ​ចាត់ចែង​ពេលវេលា​យ៉ាងច្បាស់​លាស់​លើ​ការប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត​របស់​កូនៗ ដើម្បី​ទប់ស្កាត់​ការប្រើប្រាស់​ខុស​គោលដៅ​។ 
 
​សម័យកាល​កូ​វីដ​-១៩ ពិតជា​ឆ្លុះបញ្ចាំង​កាន់តែច្បាស់​ពី​ស្ថានភាព​ពិត​របស់​មាតា​ដៃ​មួយរយ ប៉ុន្តែ​លោកឪពុក​ក៏​មិនមែនជា​អ្នក​ដែល​នៅ​ទំនេរ​ពេក​នោះដែរ​។ លោក កាន់ គ​ន្ធី ដែល​រស់នៅ​រាជធានី​ភ្នំពេញ បាន​ចែក​កាលវិភាគ​ជាមួយ​ភរិយា​សម្រាប់​កំដរ​ការសិក្សា​អន​ឡាញ​របស់​កូនៗ​។ 
 
​ក្រោយ​មមាញឹក​ការងារ​ពេញ​មួយថ្ងៃ លោក គ​ន្ធី​តែងតែ​បន្ត​ពេលវេលា​នៅ​ពេលយប់​ដើម្បី​បង្រៀន​កូន​ទាំងបី​នាក់​ដែល​រៀន​ពី​ថ្នាក់​ម​ត្តេ​យ្យ ដល់​ថ្នាក់​ទី​៤​នៅ​សាលា​អន្តរជាតិ CIA​។ ទោះជា​រវល់​យ៉ាងណា ប៉ុន្តែ លោក គ​ន្ធី មិន​ត្អូញត្អែរ​នោះឡើយ ពីព្រោះ​នេះ​ជា​កាតព្វកិច្ច​ដែល​ឪពុកម្តាយ​ទូទៅ​ត្រូវ​រ៉ាប់រង​នា​អំឡុង​វិបត្តិ​កូ​វីដ​-១៩​។​
 
 
​យល់ដឹង​ច្រើន​ពី​ការអប់រំ​នា​សម័យកាល​ឌីជីថល​
 
​ក្រៅពី​ដើរតួ​ជា​គ្រូ អ្នកស្រី ម​ល្លីកា អះអាងថា ពេលខ្លះ​គាត់​ក៏ត្រូវ​ដើរតួ​ដូចជា​សិស្ស​ម្នាក់​ផងដែរ តាមរយៈ​ការស្រាវជ្រាវ​មេរៀន​ផ្សេងៗ ដែល​ធ្វើ​ឲ្យ​អ្នកស្រី​មើលឃើញ​ពី​ភាពខុសគ្នា​រវាង​ការអប់រំ​សម័យ​ខ្លួន​កាលពី​អំឡុង​ឆ្នាំ​១៩៩០ និង​សម័យកាល​បច្ចុប្បន្ន​។​
 
​សម្រាប់​អ្នកស្រី ហេង សុខ​នី ការប្រើប្រាស់​កុំព្យូទ័រ និង​ឧបករណ៍​បច្ចេកវិទ្យា​ផ្សេងៗ មិនមែនជា​រឿង​លំបាក​សម្រាប់​គាត់​ប៉ុន្មាន​ឡើយ ព្រោះ​វា​ជា​ផ្នែក​នៃ​ការងារ​ប្រចាំថ្ងៃ​របស់គាត់​។ អ្នកស្រី បាន​បញ្ជាក់ថា​៖«​ទោះ​មិន​ស្ទាត់ជំនាញ តែ​មិន​ពិបាក​ឡើយ ដោយសារ​ខ្ញុំ​ជា​អ្នកធ្វើការ តែបើ​ឪពុកម្តាយ​ដែល​អត់​ធ្វើការ គឺ​ពួកគាត់​អាច​ពិបាក ដូចជា​ការ​ដោ​ន​ឡូត​មេរៀន ព្រី​ន​ឯកសារ​ជាដើម​»​។​
 
​ជាក់ស្តែង លោក លាង វណ្ណ​ធី ដែលជា​អាណាព្យាបាល​មួយរូប​ទៀត​នោះ  លោក​មិន​ធ្លាប់មាន​បទពិសោធ​ន៍ប​ង្រៀ​ន​កូន ក៏ដូចជា​ការប្រើប្រាស់​ប​ច្ចេក​វិទ្យា​លើ​ការសិក្សា​អន​ឡាញ​នោះឡើយ ប៉ុន្តែ​នា​អំឡុង​កូ​វីដ​-១៩​នេះ លោក​បាន​សិក្សា​ឈ្វេងយល់​ច្រើន​ពី​បច្ចេកវិទ្យា​ឌីជីថល តាមរយៈ​ការជួយ​បង្រៀន​កូន​នៅផ្ទះ​។​
 
«​ខ្ញុំ​អត់​មានបទពិសោធន៍​បង្រៀន​កូន​ទេ ដូចជា​ម៉ោង​អង់គ្លេស​អ៊ីចឹង ខ្ញុំ​អត់​សូវ​ចេះ​អង់គ្លេស​ទេ   ហើយ​ការប្រើ​កុំព្យូទ័រ​ក៏​ខ្ញុំ​មិនចេះ​ដែរ​។ លោកគ្រូ​ប្រាប់​ពីសា​លាមក​អ៊ីចឹងទៅ ខ្ញុំ​ក៏​ដឹង​ពី​របៀប​ភ្ជាប់​យ៉ាងម៉េច ដើម្បី​រៀន​ជាមួយ​គាត់​។ ពេលនេះ មាន​អារម្មណ៍​ថា​ខ្លួន​ហាក់ដូចជា​ស្ទាត់ជំនាញ​គ្រាន់បើ​ដែរ​»​។ នេះ​ជាការ​រៀបរាប់​របស់លោក វណ្ណ​ធី ដែល​តែងតែ​ចំណាយពេល​៥​ម៉ោង​កំដរ​កូន​រៀន​អន​ឡាញ​ទៅតាម​កម្មវិធី​របស់​សាលា​។​
 
​បង្កើន​ភាពស្និទ្ធស្នាល និង​គ្រប់គ្រង​ពេលវេលា​កូនៗ​ច្បាស់​ជាង​មុន​
 
​គ្រួសារ សាលា និង​សហគមន៍ ជា​ធាតុ​ផ្សំ​នៃ​ការអប់រំ ប៉ុន្តែ​បើ​ផ្អែក​តាម​ស្ថានភាព​ជាក់ស្តែង ឪពុកម្តាយ​ដែល​មមាញឹក​ខ្លាំង​ក្នុង​ការងារ​ប្រចាំ​ថ្ងៃនោះ​គឺ​ពឹងផ្អែក​ស្ទើរតែ​ទាំងស្រុង​លើ​សាលារៀន​។ តាមរយៈ​ការសិក្សា​អន​ឡាញ​នា​អំឡុង​នៃ​ការ​រាតត្បាត​កូ​វីដ​-១៩​នេះ ឪពុកម្តាយ​ជាច្រើន​ទទួលស្គាល់ថា ខ្លួន​មាន​ភាពស្និទ្ធស្នាល និង​មាន​ទំនាក់ទំនង​ជាមួយ​កូនៗ បានល្អ​ប្រសើរ​ជាង​មុន​។​
 
​ការសិក្សា​តាម​អន​ឡាញ​នៅតែ​បន្ត​រហូតដល់​ថ្ងៃ​ដែល​ក្រសួង​អប់រំ​ប្រកាស​បើក​សាលារៀន​សាជាថ្មី​។ លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​ណែនាំ​ឲ្យ​អាណាព្យាបាល​សិស្ស​គ្រប់រូប ជាពិសេស​អាណាព្យាបាល​សិស្ស​ដែលមាន​កូនតូចៗ​រៀន​នៅ​ថ្នាក់​ម​ត្តេ​យ្យ ជួយ​បង្រៀន​កូន ដោយ​អង្គុយ​រៀន​ជាមួយ​កូនៗ និង​ត្រូវ​លើកទឹកចិត្ត​កូន​ដើម្បី​ឲ្យ​កូន​មាន​កម្លាំងចិត្ត​រៀន ដើម្បី​ឲ្យ​ការសិក្សា​របស់​ពួកគេ​ប្រកបដោយ​គុណភាព​។ 
 
​លោក​រដ្ឋមន្ត្រី ប្រាប់​ទៅ​ឪពុកម្តាយ​និង​អាណាព្យាបាល​ថា​៖«​កុំ​គិតថា​ខ្លួន​មិនចេះ ឬ​ចេះ​តិចជាង​កូន មិនអាច​ជួយ​កូន​បាន ប៉ុន្តែ​ត្រូវ​គិតថា​នៅពេលដែល​បាន​នៅក្បែរ​កូន​ពេល​កំពុង​រៀន គឺជា​ការលើកទឹកចិត្ត​ដ៏​ប្រពៃ​»​។ 
 
​លោក ឈ​ត ប៊ុន​ថង ប្រធាន​ទំនាក់ទំនង​ផ្នែក​វប្បធម៌ ទេសចរណ៍ និង​អប់រំ​នៅ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​កម្ពុជា​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​យ​ល់​ថា ការអប់រំ​តាមបែប​ឌីជីថល​នេះ ជា​ពេលដែល​ឪពុកម្តាយ និង​កូន​មាន​ពេលវេលា​ផ្តល់​ឲ្យ​គ្នា​ទៅវិញទៅមក​ច្រើនជាង​មុន​។ លោក​បាន​គូសបញ្ជាក់ថា​៖«​ពេល​រៀន​នៅផ្ទះ កូនៗ​អាច​នឹង​ជិតស្និទ្ធ​ជាមួយ​ឪពុកម្តាយ​។ បើសិនជា​ឪពុកម្តាយ​មិន​លះបង់​ពេលវេលា​ទេ គឺ​កូនៗ​ទាំងនោះ​នឹង​ជួប​ផល​លំបាក​ហើយ​»​។  
 
​គ្រប់​ពេលដែល​ឪពុកម្តាយ​បាន​នៅក្បែរ​កូន មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ពួកគាត់​យល់​ពី​កម្រិត​ចំណេះដឹង​កូន បង្កើត​ភាព​ស្និទ្ធ​សា្ន​ល​ជាមួយ​កូន​ប៉ុណ្ណោះ​ទេ​។ លើសពីនេះ ឪពុកម្តាយ​ក៏​ទទួលបាន​ចំណេះដឹង​ពី​ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា ដើម្បី​ជា​ទុន​អភិវឌ្ឍន៍​ខ្លួនឯង​ផងដែរ​។  
 
 
​លោក គ​ន្ធី បានកំណត់​ពេលវេលា​ជាក់លាក់​សម្រាប់​កូនៗ​លើ​ការប្រើប្រាស់​ទូរស័ព្ទដៃ ជាពិសេស​ការលេង​ហ្គេម​អន​ឡាញ ឬ​មើល​យូ​ធូប ដែល​លោក​មិន​រារាំង​ពួកគេ​ឲ្យ​បាន​១០០​ភាគរយ​នោះឡើយ​។​
«​ខ្ញុំ​ឃើញថា​ក្មេង​ឆ្លាត​ណាស់ វា​ចេះ​លេង​ហេ្គ​ម​អន​ឡាញ​។ តែ​ខ្ញុំ​ឲ្យ​ពួកគេ​លេង​តែ​ហ្គេម​ណា​ដែល​ជំនួយ​ដល់​ខួរក្បាល​។ ខ្ញុំ​ហាម​ពួកគេ​លេង​ហ្គេម​បែប​ហិង្សា ដែល​នាំ​ឲ្យ​ឆាប់​មួម៉ៅ​»​។   នេះ​ជាការ​លើកឡើង​របស់លោក គ​ន្ធី ដែល​ក្រៅពី​លោក​ទំនេរ​ពី​ការងារ រៀងរាល់ថ្ងៃ​ចុង​សប្តាហ៍ លោក​តែង​ជូន​កូន​ទៅ​កម្សាន្ត​លេង​នៅតាម​រមណីយដ្ឋាន​នានា​ដើម្បី​លំហែកាយ​ផងដែរ​។ 
 
 
​រីឯ​អ្នកស្រី សុខ​នី ឯណោះ​វិញ ក៏បាន​អះអាង​ផងដែរ​ថា​៖«​ពេលដែល​ខ្ញុំ​បង្រៀន​កូន​តាម​អន​ឡាញ យើង​យល់​ពី​កូន​ច្រើន យើង​ដឹងថា​កូន​ចេះ​នៅ​កម្រិតណា យើង​ស្អិតល្មួត​ជាមួយ​កូន​។ មែនទែនទៅ កូនតូចៗ​ដែល​នៅ​ជិត​ឪពុកម្តាយ គឺ​វា​ល្អ​ជាង​ពួកគាត់​នៅ​សាលា​។  ពេលដែល​យើង​នៅ​ជិត​កូន គឺ​យើង​អាច​ឈ្វេង​យល់ចិត្ត​កូន និង​មើល​អត្តចរិត​កូន យើង​មើល​ពេល​វា​ខឹង គឺ​យើង​អាច​គ្រប់គ្រង​បាន​ទាន់ពេល​។  នៅ​សាលា គ្រូ​ក៏មាន​វិធីសាស្ត្រ​ដែរ តែ​គ្រាន់តែ​យើង​អត់​សូវ​ដឹង គឺ​យើង​គ្រាន់តែ​ឮ​ពី​គ្រូ Report​មក​ប៉ុណ្ណោះ​»​។  
 
​ប៉ះពាល់​ដល់​របរ​ទទួល​ទាន​ប្រចាំថ្ងៃ​
 
​ក្នុងអំឡុងពេល​ឪពុកម្តាយ​ចំណាយពេល​វេលា​នៅ​ជាមួយ​កូន ឪពុកម្តាយ​ក៏ត្រូវ​ប្រឈម​បញ្ហា​មួយចំនួន​ផងដែរ​។  ពេលខ្លះ​ការចំណាយ​ពេល​នៅក្បែរ​កូន ក៏​ធ្វើ​ឲ្យ​អ្នកស្រី​ហេង សុខ​នី ប៉ះពាល់​ដល់​កិច្ចការងារ​មួយចំនួន​របស់​អ្នកស្រី​។ អ្នកស្រី​បាន​និយាយ​ដូច្នេះ​ថា​៖«​ជាទូទៅ​យើង​ធ្វើការ​ក្នុង​មួយថ្ងៃ​គឺ​ចំនួន​៨​ម៉ោង អ៊ីចឹង​ដល់ពេល​កូន​យើង​អត់​ទៅ​សាលា អ៊ីចឹង​យើង​ត្រូវ​ចំណាយពេល​ស្ទើរតែ​៤ ទៅ​៥​ម៉ោង​ក្នុង​មួយថ្ងៃ ហើយ​ពេលខ្លះ​ក៏​វា​ប៉ះពាល់​ដល់​ការងារ​ខ្លះ​ដែរ​»​។​
 
​សម្រាប់​លោក កាន់ គ​ន្ធី ដែល​ធ្លាប់​ស្នើសុំ​ឲ្យ​សាលា​បញ្ចុះតម្លៃ​លើ​ការសិក្សា​តាម​អន​ឡាញ​របស់​កូន​ទាំង​៣​នាក់​របស់លោក​កន្លង​មក បាន​រង​នូវ​វិបត្តិ​ធ្លាក់ចុះ​នូវ​ផ្នែក​ហរិញ្ញវត្ថុ ក្នុងអំឡុង​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ រហូតដល់​បច្ចុប្បន្ន​។ លោក បាន​រៀបរាប់​ដូច្នេះ​ថា​៖«​ប្រភព​ចំណូល​របស់ខ្ញុំ​គឺ​ប៉ះពាល់​ខ្លាំង​ក្នុងពេល​មាន​កូ​វីដ​-១៩​។ ដូច្នេះ​បាន​ខ្ញុំ​សម្រេច​ព្យួរ​ការសិក្សា​តាម​អន​ឡាញ​របស់​កូន​ម្នាក់​ដែល​រៀន​នៅ​ថ្នាក់​មេ​ត្តេ​យ្យ ក្នុងចំណោម​កូន​ទាំង​៣​របស់ខ្ញុំ​»​។ 
 
​ទាក់ទង​នឹង​ចំណុច​នេះ ប្រធាន​ទំនាក់ទំនង​ផ្នែក​វប្បធម៌ ទេសចរណ៍ និង​អប់រំ​នៅ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​កម្ពុជា​នៃ​រាជ្យ​បណ្ឌិត្យសភា​កម្ពុជា បាន​លើកឡើងថា ការ​កំដរ​កូន​រៀន​តាម​អន​ឡាញ​នេះ គឺ​មិនមែន​ទាមទារ​ឲ្យ​ឪពុកម្តាយ​ទាំងអស់​ចំណាយ​ពេលវេលា​នៅក្បែរ​កូន​រៀន​តាម​អន​ឡាញ ដោយ​ភ្លេច​បំពេញការងារ និង​ការប្រកបមុខរបរ​រ​ក​ស៊ី​នោះទេ​។ លោក ឈ​ត ប៊ុន​ថង បញ្ជាក់ថា ឪពុកម្តាយ​គួរ​ចំណាយ​ពេលវេលា ឬ​ឆ្លៀត​ពេលវេលា​ណាមួយ​នៅក្បែរ​កូន ដើម្បី​ផ្តល់​ភាពកក់ក្តៅ​ដល់​កូន​។   
 
​លោក​បាន​បន្តថា​៖«​ការ​ស្គាល់​កូន និង​ដឹង​ពី​ការសិក្សា​កូន វា​មិនចាំបាច់​តែ​ឪពុកម្តាយ​នៅ​ជាមួយ​កូន​នោះទេ​។ ឪពុកម្តាយ​ត្រូវ​ឧស្សាហ៍​ពិនិត្យ​សៀវភៅ​កូន សួរនាំ​កូន ឬក៏​មាន​ទំនាក់ទំនង​ជាមួយ​សាលា និង​គ្រូ​។ យើង​ក៏​អាច​ដឹង​ពី​ស្ថានភាព​របស់​កូន​ដែរ​»​។  
 
 
​បើតាម​លោក ឈ​ត ប៊ុន​ថង ឪពុកម្តាយ​ដែលមាន​កូនតូចៗ គឺជា​បុគ្គល​ដែល​ត្រូវ​ចំណាយ​ពេលវេលា​ឃ្លាំមើល​កូនជាង​ឪពុកម្តាយ​ដែលមាន​កូន​រៀន​នៅ​ថ្នាក់​អនុវិទ្យាល័យ​ឡើងទៅ​។ លោក​បាន​រៀបរាប់​ដូច្នេះ​ថា​៖«​កុមារ​ដែល​ត្រូវការ​ឪពុកម្តាយ​នៅក្បែរ និង​ត្រូវ​នៅ​ជួយ​គាត់​ច្រើន គឺ​កុមារ​ដែលមាន​វ័យ​តូចៗ ដែល​រៀន​ចាប់ពី​ថ្នាក់​ទី​១ រហូតដល់​ថ្នាក់​ទី​៦​។ សម្រាប់​កុមារ​អាយុ​កាន់តែច្រើន ក៏​ជាការ​កាត់បន្ថយ​បន្ទុក​របស់​ឪពុកម្តាយ​ដែរ​»​។ 
 
​លោក ហ៊ុយ ឃី ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​គោលនយោបាយ​នៃ​អង្គការ​សង្គ្រោះ​កុមារ (Save the Children) បាន​បញ្ជាក់ថា អង្គការ​របស់លោក​បាន​សហកា​រួមគ្នា​ជាមួយ​អង្គការ​ដៃគូ​ចំនួន​៦​ដែល​ផ្តោតលើ​ការអប់រំ​កុមារ និង​សិទ្ធិ​កុមារ​នៅ​កម្ពុជា​ដើម្បី​ស្ទង់​មតិ​កុមារ និង​សិស្ស​១០០០​នាក់​តាម​ប្រព័ន្ធ​ទូរស័ព្ទ​ក្នុងអំឡុង​ការ​រាតត្បាត​ពី​ជំងឺ​កូ​វីដ​-១៩​កន្លងមក​។ 
 
​ការស្ទង់មតិ បាន​បង្ហាញថា ឪពុកម្តាយ​ចំនួន​៧៤​ភាគរយ​មានចំណេះដឹង​តិចតួច​បង្រៀន​កូនតូចៗ ក្នុងនោះ មាន​ឪពុកម្តាយ​ចំនួន​៦០​ភាគរយ ដែល​បាន​ចំណាយពេល និង​យកចិត្តទុកដាក់​លើ​ការណែនាំ​កូន​រៀន​តាម​ផ្ទះ ហើយ​មាន​ឪពុកម្តាយ​៣០​ភាគរយ មិនបាន​បង្រៀន​កូន​ទាល់តែសោះ​។​
 
​រយៈពេល​ជិត​៤​ខែ​ហើយ​ដែល​គ្រឹះស្ថានសិក្សា​គ្រប់​កម្រិត​ចាប់ពី​ថ្នាក់​ម​តេ្ត​យ្យ​សិក្សា ដល់​ថ្នាក់​ឧ​ត្ត​មសិ​ក្សា ក៏ដូចជា​គ្រឹះស្ថានសិក្សា​បណ្តុះបណ្តាល​គ្រូ​ត្រូវ​បិទទ្វារ​។ បច្ចុប្បន្ន​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩​បាន​ធូរស្បើយ ដោយ​ក្រសួង​អប់រំ​បាន​ពិភាក្សា​ជាមួយនឹង​ក្រសួងសុខាភិបាល ក្រសួង​សេដ្ឋកិច្ច និង​ហរិញ្ញវត្ថុ​ដើម្បី​ស្នើសុំ​ទៅ​នាយករដ្ឋមន្ត្រី​កម្ពុជា ឲ្យ​បើក​សាលារៀន​ឡើងវិញ​នៅ​ខែសីហា សម្រាប់​ក្នុងដំណាក់កាល​ទី​១ សំដៅ​តែ​សាលារៀន​ដែលមាន​ស្តង់ដា​សុវត្ថិភាព​ខ្ពស់​ប៉ុណ្ណោះ ហើយ​ក្រសួង​នឹង​បន្ត​បើក​សាលា ក្នុងដំណាក់កាល​ទី​២ និង​ដំណាក់កាល​ទី​៣​ជា​បន្តបន្ទាប់​ទៀត​៕ 

Tag:
 ឪពុកម្តាយ​
 ​កុមារ​
 ​អប់រំ​
 ​បច្ចេកវិទ្យា
© រក្សាសិទ្ធិដោយ thmeythmey.com