ជាតិ
សង្គមជាតិ
២៥ខេត្ត/រាជធានី
ផ្ទុយពីការគិតទុក! លោក គុយ សេងលី ប្រមូលអស់ពីខ្លួនចំណាយលើការដាំទុរេន
× សៀមរាប៖ លោក គុយ សេងលី ត្រូវបានគេដឹងថា ជាកសិករដំបូងនៅក្នុងស្រុកបន្ទាយស្រី ដែលកំពុងប្រមូលផលដំណាំទុរេន។ លោក សេងលី មានទុរេនជិត២០០ដើម ដែលលោកដាំរយៈពេល៥ឆ្នាំមកហើយ។ ខុសពីការគិត ដែលថាទុរេនស្រួលដាំដូចដំណាំដទៃ លោក សេងលី បានលង់ខ្លួននិងអស់ដើមទុនជាច្រើនក្នុងការវិនិយោគដំណាំហូបផ្លែមួយនេះ។
និយាយដោយមិនលាក់លៀម ម្ចាស់ចម្ការទុរេនក្នុងស្រុកបន្ទាយស្រី លោក សេងលី ប្រាប់ថា លោកចំណាយលុយស្ទើរអស់ពីខ្លួនដើម្បីដាំដុះទុរេន១៧០ដើម នារយៈពេល៣ឆ្នាំដំបូង។ លោកបន្តថា ដោយមានចិត្តស្រឡាញ់ចង់បានចម្ការទុរេនពេលខ្លួនឯងចាស់ទៅ លោកក៏សម្រេចដាំវាដោយមិនបានសិក្សាអ្វីទាំងអស់ ដោយយល់ថា ទុរេនងាយស្រួលដាំដូចប្រភេទស្វាយកែវរមៀត និងស្វាយចន្ទីរជាដើម។ ពេលដាំឆ្នាំដំបូង កសិករវ័យ៥០ឆ្នាំរូបនេះបានជួបបញ្ហាភ្លាមៗ គឺមេរោគធ្វើទុក្ខលើដើមទុរេន។
ដោយសារស្ដាយដើមទុនដែលខំវិនិយោគ លោក សេងលី មិនបោះបង់ចម្ការទុរេននៅពេលនោះទេ លោកបានស្វះស្វែងសិក្សាពីបច្ចេកទេសដាំឡើងវិញ និងចុងក្រោយលោកអាចស្រោចស្រង់ចម្ការទុរេនបានវិញ។
និយាយក្នុងចម្ការទុរេនដែលកំពុងប្រមូលផល និងមានមនុស្សម្នាច្រើនចាប់អារម្មណ៍ខ្លះមកសួរនាំ និងថតរូបក្នុងចម្ការដែលស្ថិតនៅភូមិចំបក់៣ដើម ក្បែរជើងភ្នំគូលែន លោក សេងលី ប្រាប់ថា ការដាំទុរេនមានការលំបាកខ្លាំង ទាមទារការថែទាំដិតដល់ ហើយសម្រាប់ម្ចាស់ចម្ការថ្មីថ្មោងដូចរូបលោក គឺត្រូវការចំណាយច្រើនរាប់ទាំងការទិញដី បច្ចេកទេសដាំដុះ សម្ភារបច្ចេកទេសផ្សេងៗ។ លោកបន្ថែមថា សម្រាប់កសិករដែលមានដី និងឧបករណ៍កសិកម្មស្រាប់ អាចចំណាយតិចតួច តែក៏មិនអាចជៀសការចំណាយផ្សេងៗបានឡើយចាប់ពីពេលដាំ និងរហូតទុរេនបានផលហើយក៏ដោយ។
ចំពោះការប្រមូលផលឆ្នាំដំបូងនេះ លោក សេងលី ប៉ាន់ស្មានថា ចម្លារលោកអាចទទួលផលប្រហែលមួយតោន ក្នុងនោះលោកក៏ត្រៀមពង្រីកការដាំបន្ថែមសរុបជិតមួយម៉ឺនកូនទៀត ដើម្បីបង្គ្រប់ផ្ទៃដីសរុបជាង២ហិកតានេះ។
ក្រោយបានបទពិសោធន៍ឆ្លងកាត់ឧបសគ្គជាច្រើនទាក់ទងនឹងការដាំដុះទុរេនក្នុងស្រុកបន្ទាយស្រីនេះរួចមក លោក សេងលី ត្រៀមចែករំលែកបច្ចេកទេសដាំដល់កសិករដែលមានបំណងសាកល្បងដាំទុរេនដូចលោកដែរ។ កសិកររូបនេះមិនចង់ឱ្យកសិករផ្សេងទៀត ជួបបញ្ហាដែលលោកធ្លាប់ជួបទេ ហើយត្រៀមចែករំលែកវិធីសាស្ដ្រនានា ដើម្បីដាំទុរេនឱ្យបានជោគជ័យ៕
Tag:
ទុរេន
កសិកម្ម
បន្ទាយស្រី
© រក្សាសិទ្ធិដោយ thmeythmey.com