ជាតិ
នយោបាយជាតិ
សម្តេច ហ៊ុន សែន៖ ក្នុងបក្សប្រជាជន បេក្ខជននាយករដ្ឋមន្រ្តី មិនមែនមានតែ ហ៊ុន ម៉ាណែត ទេ មានច្រើនណាស់ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅលើក្បួនរថយន្តផ្សេងគ្នា នៅក្នុងថ្ងៃរម្លឹកខួប២០ឆ្នាំ នៃការបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក
× សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់សាធារណជនថា ក្នុងគណបក្សប្រជាជនកម្ពុជា មិនមែនមានតែលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់ខ្លួននោះទេ គឺនៅមានអ្នកដទៃនិងយុវជនផ្សេងទៀត ដែលមានលក្ខណសម្បត្តិអាចឈរឈ្មោះធ្វើជាបេក្ខជននាយករដ្ឋមន្រ្តីនាពេលអនាគត។
ក្នុងឱកាសចុះទៅពិនិត្យមើលការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី នៅឃុំស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ មេដឹកនាំកម្ពុជា ដែលកាន់តំណែងនាយករដ្ឋមន្រ្តីប្រមាណបីទសវត្សរ៍មកហើយនោះ បានបញ្ជាក់ដូច្នេះថា៖«នៅកម្ពុជា មិនមែនមានតែបេក្ខជន ហ៊ុន ម៉ាណែត មួយទេ។ ក្នុងគណបក្សប្រជាជន មានបេក្ខជនច្រើនណាស់។ ក៏ប៉ុន្តែក្នុងឋានៈជាឪពុក យ៉ាងណា ខ្ញុំគ្រាំទ្រកូនខ្ញុំ អប់រំកូនខ្ញុំ ឲ្យមានសមត្ថភាព។ បើមិនបានប៉ុនឪ ក៏បាន៨០ភាគរយ ឬ៩០ភាគរយរបស់ឪទៅចុះ»។
យ៉ាងណាក៏ដោយ លោក ហ៊ុន ម៉ាណែត ដែលបច្ចុប្បន្នមានឋានៈជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងទ័ពជើងគោក រួមទាំងអ្នកផ្សេងទៀត ត្រូវរង់ចាំដល់ទៅ១០ឆ្នាំទៀតឯណោះ ទើបអាចមានឱកាសឈរឈ្មោះប្រជែងយកតំណែងជានាយករដ្ឋមន្ត្រី។ សម្តេច ហ៊ុន សែន ប្រកាសជាថ្មីថា នឹងបន្តធ្វើជានាយករដ្ឋមន្រ្តីរយៈពេល១០ឆ្នាំទៀត។
ប្រធានគណបក្សកាន់អំណាចរូនេះ បកស្រាយបន្ថែមថា មុននឹងអាចក្លាយជាបេក្ខជននាយករដ្ឋមន្រ្តី លោក ហ៊ុន ម៉ាណែត ឬអ្នកផ្សេង ត្រូវទទួលបានការគាំទ្រពីផ្ទៃក្នុងគណបក្សជាមុនសិន ហើយបន្ទាប់មក ត្រូវឆ្លងកាត់ការឈ្នះឆ្នោត ទើបអាចក្លាយជានាយករដ្ឋមន្រ្តី។
ការអត្ថាធិប្បាយជាថ្មីអំពីរឿងនេះ គឺជាការប្រតិកម្មទៅនឹងអ្នកវិភាគ ដែលបន្តនិយាយថា សម្តេច ហ៊ុន សែន ប្រឹងប្រែងជ្រោមជ្រែងលោក ហ៊ុន ម៉ាណែត ឲ្យធ្វើជានាយករដ្ឋមន្រ្តី៕
Tag:
ហ៊ុន សែន
ហ៊ុន ម៉ាណែត
ផ្ទេរតំណែង
© រក្សាសិទ្ធិដោយ thmeythmey.com