នារីភាគច្រើនតែងជួបប្រទះអាការៈឃ្លានអាហារផ្អែម ឬប្រៃខ្លាំងខុសធម្មតាកំឡុងពេលមករដូវ។ គួរធ្វើបែបណាទៅ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗទប់ទល់បញ្ហានេះ ៖
១. ទទួលទានខ្លាញ់សុខភាពល្អ
ការរួមបញ្ចូលអាហារដែលមានផ្ទុកសម្បូរទៅដោយខ្លាញ់សុខភាពល្អដូចជាផ្លែបឺរ ត្រីសម្បូរខ្លាញ់ គ្រាប់ធញ្ញជាតិ យ៉ាអួរនឹងជួយឱ្យអ្នកឆាប់ឆ្អែត ហើយឆ្អែតបានយូរលែងឃ្លាងអាហារផ្អែមៗ ឬប្រៃទៀត។
២. ចៀសវាងអាហារធ្វើឡើងពីកាបូអ៊ីដ្រាតចម្រាញ់
នៅពេលអ្នកទទួលទានអាហារធ្វើឡើងពីកាបូអ៊ីដ្រាតកែច្នៃចម្រាញ់រួមមាននំស្រួយ នំឃុកគី ភីហ្សាជាដើមនោះកាបូអ៊ីដ្រាតច្រាញ់នឹងត្រូវបញ្ចេញទៅក្នុងលំហូរឈាមយ៉ាងលឿន ហើយកម្រិតនៃជាតិស្ករក្នុងឈាមក៏កើនឡើងខ្ពស់ធ្វើឱ្យអ្នកឆាប់ឃ្លានអាហារខុសធម្មតា។
៣. កម្រិតការទទួលទានអាហារមានផ្ទុកជាតិស្ករ
អ្នកមិនគួរទទួលទានអាហារដែលមានផ្ទុកសម្បូរទៅដោយជាតិស្ករច្រើនពេកទេ ក៏ព្រោះអ្នកកាន់តែទទួលទានប៉ុណ្ណាអ្នកកាន់តែឃ្លានផ្អែមៗខ្លាំងឡើងប៉ុននោះ។
៤. រួមបញ្ចូលជាតិសសៃកាន់តែច្រើនក្នុងរបបអាហារ
វិធីដ៏ប្រសើរបំផុតដើម្បីពន្យឺតការបញ្ចេញជាតិស្ករក្នុងលំហូរឈាមទប់សង្កត់អារម្មណ៍ឃ្លានខ្លាំងកំឡុងពេលមករដូវនោះ គឺរួមបញ្ចូលអាហារមានផ្ទុកសម្បូរទៅដោយជាតិសសៃក្នុងរបបអាហារ។
៥. ទទួលទានប្រូតេអ៊ីនគ្មានខ្លាញ់
រួមមានសាច់ទ្រូងមាន់ ផ្នែកពណ៌សនៃស៊ុត ត្រី សណ្ដែក គ្រាប់ធញ្ញជាតិនិងគ្រាប់ពូជជាដើមគួរត្រូវបានរួមបញ្ចូលក្នុងរបបអាហារផងដែរ។ នេះក៏ព្រោះតែប្រូតេអ៊ីនត្រូវការពេលយូរដើម្បីរំលាយដូច្នេះអ្នកនឹងមានអារម្មណ៍ឆ្អែតបានយូរ។
៦. ទទួលទានអាហារសម្បួរជាតិកាល់ស្យូម
កម្រិតនៃជាតិកាល់ស្យូមចុះទាបកំឡុងពេលមករដូវបណ្ដាលឱ្យចំណង់អាហាររបស់ស្ត្រីមួយចំនួនកើនឡើង។ នេះហើយជាមូលហេតុដែលអ្នកគួរព្យាយាមទទួលទានអាហារសម្បូរជាតិកាល់ស្យូម។
៧. រក្សាជាតិទឹកឱ្យបានគ្រប់គ្រាន់ក្នុងរាងកាយ
កុំភ្លេចទទួលទានទឹកឱ្យបានប្រមាណ ២ លីត្រក្នុងមួយថ្ងៃជាប្រចាំប្រសិនបើអ្នកចង់ទប់ស្កាត់អាការៈឃ្លានអាហារផ្អែមនិងប្រៃខ្លាំង។ ការធ្វើបែបនេះមិនត្រឹមតែនាំឱ្យក្រពះឆ្អែតប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយកម្ចាត់ជាតិពុលផ្សេងៗដែលបង្កបញ្ហាអតុល្យភាពអ័រម៉ូនផងដែរ។ជាលទ្ធផលអ្នកអាចចៀសផុតបញ្ហាឃ្លានខ្លាំងខុសប្រក្រតី។
៨. បន្លែបៃតង
ការទទួលទានបន្លែបៃតងជួយផ្ដល់ឱ្យរាងកាយនូវជាតិរ៉ែចាំបាច់បំផុតមួយកំឡុងពេលមករដូវ គឺជាតិដែក។ បន្លែបៃតងក៏ជាប្រភពដ៏ប្រសើរនៃជាតិសសៃដែលជួយឱ្យឆាប់ឆ្អែតនិងឆ្អែតបានយូរផងដែរ។ លើសពីនេះទៅទៀតបន្លែបៃតងមានផ្ទុកសម្បូរទៅដោយកាល់ស្យូម ម៉ាញ៉េស្យូម និងសារធាតុចិញ្ចឹមសំខាន់ៗផ្សេងទៀតដែលអាចសម្រាលអាការៈចុករមួលក្នុងពោះ៕
ត្រួតពិនិត្យដោយ www.health.com.kh