COVID-19
អន្តរជាតិ
ចិន ផ្អាក​នាំចូល​សាច់មាន់​ពី​អាមេរិក និង​បិទ​រោងចក្រ Pepsi ក្រោយ​ករណី​ឆ្លង COVID-19 កើនឡើង
22, Jun 2020 , 10:09 am        
រូបភាព
រូបភាព Xinhua
រូបភាព Xinhua
​នៅ​ថ្ងៃទី​២១ ខែមិថុនា ចិន បានសម្រេច​ចិត្ត​ហាមឃាត់​ការ​នាំចូល​សាច់មាន់​ពី​ក្រុមហ៊ុន​ដ៏​ធំ​មួយ​របស់​អាមេរិក និង​បញ្ជា​ឲ្យ​បិទ​រោងចក្រ​ផលិត Pepsi ក្នុង​ទីក្រុង​ប៉េកាំង ដើម្បី​ទប់ស្កាត់​ជំងឺ COVID-19 ។ វិធានការ​នេះ ធ្វើឡើង​ស្របពេល​អាជ្ញាធរ​ចិន កំពុង​ចាត់វិធានការ​លើ​វិស័យ​ចំណីអាហារ​ដែល​ត្រូវបាន​ជឿថា ជា​ច្រក​នាំ​ឲ្យ​មានការ​ហក់​ឡើងជា​ថ្មី​ជំងឺ COVID-19 ក្នុង​រដ្ឋធានី​ប៉េកាំង​។​

 
​ករណី​ឆ្លង​ជំងឺ COVID-19 នៅតែ​បន្ត​កើនឡើង​ដដែល ស្រប​ពេលដែល​អាជ្ញាធរ​ចិន​កំពុង​ញាប់ដៃ​ញាប់ជើង​ក្នុងការ​ទប់ស្កាត់​ការ​រាលដាល​។ មកទល់ពេលនេះ មនុស្ស​ច្រើនជាង​២២០​នាក់ បាន​ឆ្លង​ជំងឺ​នេះ ដែល​ត្រូវបាន​រកឃើញ​នៅ​ផ្សា​របោះ​ដុំ Xinfadi ដ៏​ធំ​ក្នុង​ទៅ​ក្រុង​ប៉េកាំង​។ ផ្សារ​នេះ មាន​ចំណែក​ដល់​ទៅ​ជាង​៧០​ភាគរយ​ក្នុងការ​ចែកចាយ​ផលិតផល​ស្រស់ៗ ពិសេស​ត្រី​សាល់​ម៉ុ​ន​ដែល​ចិន​ចាត់ទុកជា​ប្រភព​ចម្លង​ក្នុង​ទីក្រុង​។​
 
​វិធានការ​ជាច្រើន​ត្រូវបាន​អនុវត្ត​ជា​បន្តបន្ទាប់​ដើម្បី​ទប់ស្កាត់​ការឆ្លង​ពី​ខាងក្រៅ និង​ពី​ខាងក្នុង​។ បន្ទាប់​ពីលើ​ការបង្កើន​ការធ្វើ​តេស្ត​ទ្រង់ទ្រាយ​ធំ ចិន​បាន​ផ្អាក​ការ​នាំចូល​បណ្ដោះអាសន្ន​ផលិតផល​សាច់​មាត់​ពី​ក្រុមហ៊ុន Tyson Foods របស់​អាមេរិក បន្ទាប់ពី​ការផ្ទុះ​ករណី​ឆ្លង​ក្នុង​រោងចក្រ​នៅ​អាមេរិក​។ បើតាម​ការប្រកាស​រប​ស់អគ្គ​រដ្ឋបាល​គយ​ចិន​នៅ​ថ្ងៃទី​២១ ខែមិថុនា ផលិតផល​របស់​ក្រុមហ៊ុន​នេះ​ដែល​ត្រូវបាន​ចរាចរណ៍​រួចហើយ​លើ​ទីផ្សារ នឹងត្រូវ​រឹបអូស​មកវិញ​ទាំងអស់​។​
 
​ជាមួយគ្នានេះ រោងចក្រ​ផលិត Pepsi មាន​ទីតាំង​ក្នុង​ទីក្រុង​ប៉េកាំង ក៏​ត្រូវបាន​បិទទ្វារ​ដែរ បន្ទាប់ពី​កម្មករ​ក្នុង​រោងចក្រ​ត្រូវបាន​ធ្វើតេស្ត និង​មាន​លទ្ធផល​វិជ្ជមាន​ជំងឺ COVID-19 ។ នេះ​បើតាម​ការបញ្ជាក់​របស់​អ្នក​នាំ​ា​ពាក្យ​ក្រុមហ៊ុន​នេះ​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP មនុស្ស​៧០​នាក់​ដែលមាន​ទំនាក់ទំនង​ជាមួយ​ករ​ណី​ឆ្លង​នេះ ក៏ត្រូវ​បានដាក់​ឲ្យ​ស្ថិតក្រោម​ការត្រួតពិនិត្យ​ដែរ​។​
 
​លោក Gao Xiaojun មន្ត្រី​នៃ​គណៈកម្មការ​សុខាភិបាល​ទីក្រុង​ប៉េកាំង និយាយថា ការធ្វើ​តេស្ត​ត្រូវបាន​ធ្វើជា​ក្រុម ហើយ​មន្ត្រី​សុខាភិបាល​អាចធ្វើ​តេស្ត​លើ​មនុស្ស​មួយ​លាន​នាក់​ក្នុង​មួយថ្ងៃ​។ ស្របពេល​ការធ្វើ​តេស្ត​កំពុង​ធ្វើឡើង​នោះ ជំងឺ COVID-19 ក៏​បន្ត​រាលដាល​ដែរ​។ មន្ត្រី​សុខាភិបាល​ចិន​និយាយថា ករណី​ឆ្លង​ថ្មី ត្រូវ​រកឃើញ​ក្នុង​ខណ្ឌ Tongzhou របស់​ប៉េកាំង​ដែលជា​តំបន់​រដ្ឋបាល​មាន​អាគារ​ស្ថាប័នរដ្ឋ​សំខាន់​ជាច្រើន​។   
 
​ការកើនឡើង​ករណី​ឆ្លង​ពេលនេះ បង្ក​ជា​ក្ដីបារម្ភ​នៃ​រលក​ឆ្លង COVID-19 ទី​ពីរ ស្រប​ពេលដែល​វិធានការ​រឹតបន្តឹង​ជាច្រើន​ត្រូវបាន​បន្ធូរ ហើយ​បណ្ដាញ​គមនាគមន៍​ទីក្រុង​ប៉េកាំង​ក៏​ត​ភ្ជាប់​ទៅកាន់​តំបន់​ផ្សេងទៀត​ជាច្រើន​ផង​នោះ​។ យ៉ាងណាមិញ អ្នកជំនាញ​ជំងឺឆ្លង​ចិន​អះអាងថា ករណី​ឆ្លង COVID-19 នៅ​ប៉េកាំង​ស្ថិតក្រោម​ការគ្រប់គ្រង ទោះ​មាន​ករណី​ឆ្លង​បន្តបន្ទាប់​ក្ដី​៕  
 

Tag:
 ​ចិន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com