COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
EPL៖ Liverpool បានត្រឹមស្មើ Everton សម្រាប់ជំនួបដំបូងក្រោយត្រឡប់ចូលលីគវិញ
× Liverpool ក្រុមកំពុងនាំមុខក្នុងតារាង Premier League ប្រកួតស្មើជាមួយ Everton ខណៈ Chelsea ឈ្នះ Aston Villa សម្រាប់ជំនួបដំបូងក្នុងការវិលត្រឡប់ចូលប្រកួតលីគ ក្រោយផ្អាកជាង៣ខែដោយសារ COVID-19។
ក្នុងការជួបគ្នានៅកីឡដ្ឋាន Goodison Park នាថ្ងៃទី២១ ខែមិថុនា ម្ចាស់ផ្ទះ Everton បានបង្ហាញទម្រង់លេងល្អជាងក្រុមភ្ញៀវ ដោយគ្រប់គ្រងបាល់ច្រើនជាងដល់ទៅ ៧០-៣០។ បើត្រឹមតែគ្របគ្រងបាល់បានច្រើនឡើយ ក្រុមដែលដឹកនាំដោយអ្នកចាត់ការទូទៅលោក Carlo Ancelotti បានបង្កើតឱកាសក្នុងការសម្រេចទី ប៉ុន្តែត្រូវអ្នកចាំទី Alisson Becker តែងតែសង្គ្រោះបានផងដែរ។
សម្រាប់ជំនួបដំបូងរបស់ហង្សក្រហមក្នុងការប្រកួតលីគកំពូលសប្តាហ៍ទី៣០នេះ លោក Jurgen Klopp បានកោតសរសើរ Becker ក្នុងការជួយក្រុមដើម្បីទទួលបាន១ពិន្ទុបន្ថែមនេះ។ Liverpool បានកើនដល់៨៣ពិន្ទុ នាំមុខក្រុមលំដាប់ថ្នាក់ទី២ Manchester City ចំនួន២៣ពិន្ទុ ប៉ុន្តែ Man City នៅសល់មួយប្រកួតក្នុងដៃ។
Everton ឈរលេខរៀងទី១២ដដែល ដោយរកបាន៣៨ពិន្ទុពីការប្រកួត៣០លើក ស្របពេលក្រុមដែលចំណាយលើកីឡាករថ្លៃៗមួយនេះ មានគោលដៅចម្បងដើម្បីដណ្តើមកៅអីលេងក្នុងក្របខណ្ឌអឺរ៉ុបរដូវកាលក្រោយ។
ដោយឡែក Chelsea វិញ ក្នុងប្រកួតដំបូងនេះពួកគេបានយកឈ្នះ Aston Villa ដោយការវាយបកក្នុងលទ្ធផល ២-១។ ជ័យជម្នះនេះ បានធ្វើឲ្យក្រុមដែលដឹកនាំដោយអ្នកចាត់ការទូទៅលោក Frank Lampard កាន់តែកក់ក្តៅសម្រាប់តំណែងក្នុង Top 4 ដើម្បីទទួលបានកៅអី Champions League រដូវកាលក្រោយ។
៣០ប្រកួត តោខៀវរកបាន៥១ពិន្ទុ ឈរនៅលេខរៀងទី៤ក្នុងតារាងលីគកំពូលអង់គ្លេស ដោយនាំមុន Manchester United ដែលនៅលេខ៥ចំនួន៥ពិន្ទុ។ Man Utd, Wolves, Sheffeld United និង Tottenham Hotspur សុទ្ធតែជាក្រុមត្រូវប្រជែងយកតំណែង Top 4 រៀងៗខ្លួន។
Aston Villa ដែលបន្តបរាជ័យ២ប្រកួតកន្លងមក មិនអាចគេចផុតពីតំបន់ត្រូវកាត់ចោលឡើយ។ Aston រកបាន២៦ពិន្ទុ ឈរចំណាត់ថ្នាក់ទី១៩ ខណៈ AFC Bournemouth លេខ១៨ មាន២៧ពិន្ទុ ហើយ Norwich City នៅបាតតារាងមាន២១ពិន្ទុ៕
Tag:
Premier League
Liverpool
Chelsea
© រក្សាសិទ្ធិដោយ thmeythmey.com