សង្គមអន្តរជាតិ​
អន្តរជាតិ
លោក ត្រាំ មិនទាន់​ដាក់ទណ្ឌកម្ម​លើ​ចិន​រឿង​បំពាន​សិទ្ធិមនុស្ស​នៅ​ស៊ីន​ជាំ​ង ព្រោះ​គិតគូរ​ពី​ពាណិជ្ជកម្ម​
22, Jun 2020 , 2:09 pm        
រូបភាព
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ចាប់ដៃប្រធានាធិបតីចិន ស៊ី ជិនភីង នាជំនួបនៅជប៉ុន។ រូបភាព Xinhua
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ចាប់ដៃប្រធានាធិបតីចិន ស៊ី ជិនភីង នាជំនួបនៅជប៉ុន។ រូបភាព Xinhua
ដោយ:
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់​ត្រាំ បាន​ថ្លែងប្រាប់​ក្នុង​កិច្ច​សម្ភាស​មួយ​ថា លោក​ពន្យារពេល​មិនទាន់​ដាក់ទណ្ឌកម្ម​លើ​មន្ត្រីជាន់ខ្ពស់​ចិន​ពាក់ព័ន្ធ​លើ​ការ​ធ្វើទុក្ខបុកម្នេញ​លើ​ជនជាតិភាគតិច​មូស្លីម​វី​ហ្គ័​រ នៅ​តំបន់​ស៊ីន​ជាំ​ង ដោយ​ខ្លាច​ប៉ះពាល់​ដល់​ការចរចា​ពាណិជ្ជកម្ម​។​

 
« យើង​កំពុង​ស្ថិតនៅក្នុង​កិច្ចចរចារ​ពាណិជ្ជកម្ម​យ៉ាង​ធំ​មួយ​។ ហើយ​ខ្ញុំ​ទើបតែ​សម្រេច​កិច្ចសន្យា​លក់ទំនិញ​តម្លៃ​ជាង​២៥០​ពាន់​លាន​ដុល្លារ​។ ហើយ​ដូចដែល​អ្នកឃើញ​ហើយ​ចិន​ទិញ​ច្រើនណាស់​»​។ នេះ​ជាការ​អះអាង​របស់លោក ដូ​ណា​ល់ ត្រាំ នៅក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន Axios នៅ​ថ្ងៃទី​២១ ខែមិថុនា ទាក់ទង​មូលហេតុ​ដែល​លោក​មិនទាន់​ដាក់​បញ្ជា​ឲ្យ​ក្រសួង​រតនាគារ​ដាក់ទណ្ឌកម្ម​លើ​មន្ត្រី​បក្ស​កុម្មុយនីស្ត​ចិន​ពាក់ព័ន្ធ​នឹង​ការរំលោភ​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​សិទ្ធិ​ជនជាតិ​វី​ហ្គ័​រ​នៅ​ស៊ីន​ជាំ​ង​។ 
 
​កា​ពន្យារពេល​ដាក់ទណ្ឌកម្ម​នេះ ត្រូវបាន​គេ​យល់ឃើញថា ដើម្បី​ជៀសវាង​ភាព​រកាំរកូស​សារជាថ្មី​ក្នុង​ការធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ចិន ក៏ដូចជា​ការអនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់កាល​ទី​១​ផងដែរ​។ នៅក្នុង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់កាល​ទី​១ ដែល​ចរចា​បានសម្រេច​ក្នុង​ឆ្នាំ​២០១៩ និង​ដែល​បាន​ចូល​ជា​ធរមាន​ក្នុង​ខែកុម្ភៈ​ឆ្នាំ​២០២០​នេះ ចិន​យល់ព្រម​បង្កើន​ការទិញ​ទំនិញ និង​សេវា​ពី​អាមេរិក​ឲ្យ​បាន​យ៉ាងតិចណាស់​២០០​ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល​២​ឆ្នាំ​។​
 
​សូមបញ្ជាក់ថា លោក​ត្រាំ បាន​ចុះហត្ថលេខា​លើ​ច្បាប់​ដែល​ដាក់ទណ្ឌកម្ម​លើ​មន្ត្រី​ចិន​ដែល​ពាក់ព័ន្ធ​នឹង​ការធ្វើ​ទុក​បុក​ម្នេញ និង​រំលោភសិទ្ធិ​ជនជាតិភាគតិច​មូស្លីម​វី​ហ្គ័​រ​នៅ​ថ្ងៃទី​១៧ ខែមិថុនា​។ ប៉ុន្តែ លោក​ត្រា​អះអាងថា ចំណាត់ការ​ក្នុងការ​ដាក់ទណ្ឌកម្ម​ជា​សិទ្ធិ​របស់លោក​។ 
 
​ទោះបីជា​លោក​ត្រាំ​មិនទាន់​ដាក់ទណ្ឌកម្ម​ដូច​ជាការ​បង្កក​ទ្រព្យសម្បត្តិ​យ៉ាងណាក្តី ក្រសួងការបរទេស និង​ក្រសួងពាណិជ្ជកម្ម​អាមេរិក​តាំងតែ​ពី​ខែកញ្ញា​ឆ្នាំ​២០១៩​មក បានដាក់​ទណ្ឌកម្ម​រឹត​ត្បិត​ការនាំ​ចូល​ពី​ក្រុមហ៊ុន​រដ្ឋ​ចិន​ចំនួន​២១ និង​ក្រុមហ៊ុន​ចំនួន​១៦​ផ្សេងទៀត​ដែលជា​ប់​ពាក់ព័ន្ធ​ការរំលោភ​សិទ្ធិមនុស្ស​នៅ​ភាគ​ខាងលិច​ចិន​។ បន្ថែម​ពីនេះ អាមេរិក​ក៏បាន​រឹតបន្តឹង​ការផ្តល់​ទិដ្ឋាការ​ដល់​មន្ត្រី​បក្ស​កុម្មុយនីស្ត​ចិន​ដែល​ជាប់​ពាក់ព័ន្ធ​បញ្ហា​នេះ​ផងដែរ​។​
 
​ជនជាតិភាគតិច​មូស្លីម​វី​ហ្គ័​រ​ចំនួន​ច្រើនជាង​១​លាន​នាក់ ត្រូវបាន​អង្គការសហប្រជាជាតិ​ប៉ាន់​ស្មានថា ត្រូវបាន​គេ​ចាប់​បង្ខាំង​ក្នុង​ជំរំ​ជាច្រើន​។ ក្រសួងការបរទេស​អា​មេ​រិ​ក បាន​ចោទ​ចិន​ថា​បំពាន​សិទ្ធិ និង​ធ្វើ​ទារុណកម្ម​លើ​ជនជាតិ​វី​ហ្គ័​រទាំង​នោះ​។ ចិន​វិញ បាន​ទាត់ចោល​នូវ​ការចោទប្រកាន់​ទាំងឡាយ​ដោយ​អះអាងថា ជំរំ​ទាំងអស់នោះ​សម្រាប់​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ប្រឆាំង​ក្រុម​ជ្រុលនិយម​។​
 
​ប៉ុន្តែ​នៅក្នុង​សៀវភៅ The Room Where It Happened របស់លោក ច​ន ប៊ូល​តុ​ន អតីត​ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់លោក ត្រាំ បានសរសេរថា លោក​ត្រាំ បាន​ស្វែងរក​ជំនួយ​ពី​លោក​ប្រធានាធិបតី​ចិន​ឲ្យ​លោក​អាច​ជាប់ឆ្នោត​អាណត្តិ​ទី​២​។ មិនតែប៉ុណ្ណោះ លោក ប៊ូល​តុ​ន ក៏បាន​ចោទថា លោក ត្រាំ ខ្លួន​ឯ​ផ្ទាល់ ដែលជា​អ្នក​លើកទឹកចិត្ត​ឲ្យ​លោក​ស៊ី ជិន​ភីង បន្ត​សាងសង់​ជំរំ​ទាំងនោះ​។ លោក ត្រាំ ក៏ដូចជា​រដ្ឋមន្ត្រីការបរទេស ម៉ៃ ប៉ុ​ម​ប៉េ​អូ និង​ទីប្រឹក្សា​ពាណិជ្ជកម្ម Peter Navarro សុទ្ធតែ​ចេញមុខ​បដិសេធ​៕

Tag:
 ចិន​
  អាមេរិក​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com