ភ្នំពេញ៖ យ៉ាងហោចណាស់ មានសត្វទន្សោង១០ក្បាលបានងាប់ដោយសារការជាប់អន្ទាក់ និងការបរបាញ់ គិតចាប់ពីដើម ឆ្នាំ២០២០មក។ នេះបើតាមលោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន។ សត្វទន្សោងទាំង១០ក្បាលនោះ មាន៦ក្បាលងាប់នៅដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន, ៣ក្បាលងាប់នៅតំបន់ជាប់នឹងដែនជម្រកសត្វព្រៃភ្នំព្រេច និងដែនជម្រកសត្វព្រៃលំផាត់ និង១ក្បាលទៀតងាប់នៅក្នុងខេត្តកំពង់ស្ពឺ។
កាលពីថ្ងៃទី២០ មិថុនា គេបានប្រទះឃើញសាកសពស្អុយរលួយ របស់សត្វទន្សោងឈ្មោល ១ក្បាល នៅដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន ក្នុងខេត្តឧត្តរមានជ័យ។ នេះជាសត្វទន្សោងទី៦ ដែលបានងាប់ នៅដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ននេះ ក្នុងនោះទន្សោងញី៣ក្បាល ឈ្មោល៣ក្បាល។ នេះបើតាមលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថាន ដែលបានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានតាមបណ្តាញតេលេក្រាម(Telagram)។
តាមលោក ភក្ត្រា តាំងពីដើមឆ្នាំ២០២០មក យ៉ាងហោចណាស់មានសត្វទន្សោង១០ក្បាលហើយ ដែលបានងាប់ដោយសារជាប់ទន្ទាក់ និងការបរបាញ់។ ក្រៅពីទន្សោង៦ក្បាលនេះ កន្លងមក គេបានប្រទះឃើញសត្វទន្សោង ៣ក្បាលទៀតងាប់ នៅក្នុងតំបន់ជាប់នឹងដែនជម្រកសត្វព្រៃភ្នំព្រេច និងដែនជម្រកសត្វព្រៃលំផាត់ ក្នុងខេត្តមណ្ឌលគិរី និង១ក្បាលទៀត ងាប់នៅក្នុងខេត្តកំពង់ស្ពឺ។
ជុំវិញបាត់បង់ជីវិតសត្វកម្រជាបន្តបន្ទាប់នេះ អ្នកនាំពាក្យក្រសួងបរិស្ថាន ទទួលស្គាល់ថា ការលួចបរបាញ់សត្វ និងការដាក់អន្ទាក់ចាប់សត្វព្រៃ នៅតែបន្តកើតមាន ហើយការដាក់អន្ទាក់ គឺជាឃាតកលាក់មុខ ដែលបានបន្តសម្លាប់សត្វព្រៃ ជារៀងរាល់ថ្ងៃ។
លោក នេត្រ ភក្ត្រា អះអាងប្រាប់សារព័ត៌មានថ្មីៗដូច្នេះ នាដំណើរទស្សនកិច្ច និងស្វែងយល់ការ ងារអភិរក្សដែនជម្រកសត្វព្រៃគូលែន ព្រហ្មទេព និងឆែប នៅខេត្តព្រះវិហារ កាលពីថ្ងៃទី១០មិថុនា ឆ្នាំ២០២០កន្លងទៅ។
លោក នេត្រ ភក្ត្រា បន្តដូច្នេះ៖«ការបរបាញ់សត្វ[ព្រៃ នៅតែកើតមាន ហើយអ្វីដែលយើងធ្វើគឺការពង្រឹងការអនុវត្តច្បាប់។ មានការតែពង្រឹងច្បាប់មួយទេ នឹងផ្តល់នូវប្រសិទ្ធភាពខ្ពស់ ហើយយើងបានធ្វើការអប់រំ យើងបានធ្វើការណែនាំ បានចំនួនហើយ។ អ៊ីចឹង ដំណើរដែលយើងត្រូវការអនុវត្តបន្តទៀត ដើម្បីប្រសិទ្ធភាព គឺការអនុវត្តច្បាប់។ ដូច្នេះ ជនខិលខូច ឬអ្នកប្រព្រឹត្តខុស ទៅបរបាញ់សត្វ ទៅសម្លាប់សត្វ ទៅដាក់អន្ទាក់សត្វ ឬការជួញដូរសត្វព្រៃខុសច្បាប់... សូមកុំនិយាយថា ខ្ញុំអត់បានដឹងច្បាប់ ហើយសូមកុំនិយាយថា ប្រភេទសត្វព្រៃទាំងអស់ហ្នឹង ខ្ញុំអត់ដឹងថាសត្វព្រៃទាំងអស់ហ្នឹង ជាប្រភេទសត្វកម្រដែលត្រូវអភិរក្សទេ»។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន កំពុងផ្ដល់បទសម្ភាសឱ្យក្រុមអ្នកសារព័ត៌មានដែនជម្រកសត្វព្រៃឆែប ក្នុងស្រុកឆែប ខេត្តព្រះវិហារ កាលពីថ្ងៃទី ១០ មិថុនា ឆ្នាំ២០២០
តាមលោក នេត្រ ភក្ត្រា ជនដែលសម្លាប់ បរបាញ់ ដាក់អន្ទាក់ ជួញដូរសត្វព្រៃ ឬប្រព្រឹត្តិសកម្មភាពផ្សេងៗខុសច្បាប់លើសត្វព្រៃ ក្រៅពីត្រូវព្រមានពីអាជ្ញាធរហើយ ក៏ត្រូវរងការពិន័យចន្លោះពី១០ម៉ឺន ទៅ១លានរៀលដែរ។ លើសពីនេះ ជនល្មើស នឹងជាប់ពន្ធនាគារ ពី១ខែ ដល់១ឆ្នាំ ឬពី១ឆ្នាំ ដល់៥ឆ្នាំ អាស្រ័យលើទំហំល្មើសដែលមាននៅក្នុងច្បាប់ ស្តីពីការការពារតំបន់ធម្មជាតិ។ លោក នេត្រ ភក្ត្រា បានអះអាងបន្ថែមដូច្នេះ៖«នេះជាវិធានការម៉ឹងម៉ាត់ ដែលយើងត្រូវអនុវត្ត ដើម្បីប្រសិទ្ធភាព ក្នុងការអភិរក្ស ឱ្យបានគង់វង្សនៅសត្វព្រៃរបស់យើង»។
ក្នុងរយៈពេល៤ខែដើមឆ្នាំ២០២០ (ខែមករាដល់ខែមេសា) មន្ត្រីឧទ្យានរក្សនិងសហគមន៍តំបន់ការពារធម្មជាតិនានា បានដោះអន្ទាក់បានជាង១ម៉ឺនអន្ទាក់ពីតំបន់ការពារធម្មជាតិ និងកាំភ្លើង កាំភ្លើងកែច្នៃ និងស្នាតេះ ដែលប្រើសម្រាប់ការបរបាញ់សត្វជាង ៣០០ ដើមត្រូវបានដកហូត។ ដោយឡែក កាលឆ្នាំ២០១៩ មានអន្ទាក់ជាង២ម៉ឺន ត្រូវបានមន្ត្រីឧទ្យានរក្ស និងប្រជាសហគមន៍ ដោះចេញពីតំបន់ការពារធម្មជាតិ ដើម្បីការពារសត្វព្រៃដែលកំពុងរស់នៅ។
យោងតាមរបាយការណ៍សិក្សារបាយប្រជាជនសត្វទន្សោង កម្ពុជាមានសត្វទន្សោង ចន្លោះពី ២,៧០០ ទៅ ៥,៧០០ក្បាល។ ចំនួននេះបានធ្វើឱ្យកម្ពុជា ជាកន្លែងដែលមានវត្តមានសត្វទន្សោងច្រើនជាងគេនៅលើពិភពលោក ខណៈចំនួនសត្វទន្សោង សរុបនៅលើពិភពលោកត្រូវបានគេប៉ានស្មានថា មានចន្លោះពី ៥,៩០០ ទៅ ១១,០០០ ក្បាលតែប៉ុណ្ណោះ។
លោក នេត្រ ភក្ត្រា បាននិយាយ «ទន្សោង»ជាប្រភេទសត្វកម្រជិតផុតពូជនៅលើពិភពលោក ហើយកម្ពុជាមានមោទកភាពដែលប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវចូលរួមការពារនិងអភិរក្សសត្វព្រៃឱ្យបានគង់វង្សដោយនិយាយថាទេចំពោះការជួញដូរសត្វព្រៃ ការបរិភោគសាច់សត្វព្រៃ និងកុំបរនិងចាប់សត្វព្រៃ៕