សង្គមអន្តរជាតិ​
អន្តរជាតិ
កូរ៉េខាងជើង រៀបចំ​ខិត្តប័ណ្ណ​រាប់លាន​ត្រៀម​បង្ហោះ​ទៅ​កូរ៉េខាងត្បូង​
22, Jun 2020 , 9:39 pm        
រូបភាព
ខិត្តប័ណ្ណដែលកូរ៉េខាងជើងធ្លាប់បាចសាច នៅឆ្នាំ២០១៧។រូបភាព NK News
ខិត្តប័ណ្ណដែលកូរ៉េខាងជើងធ្លាប់បាចសាច នៅឆ្នាំ២០១៧។រូបភាព NK News
ដោយ:
​កូរ៉េខាងជើង នៅ​ថ្ងៃទី​២២ ខែមិថុនា​នេះ បាន​និយាយថា ខ្លួន​បាន​ត្រៀម​រួចរាល់​នូវ​ប៉េងប៉ោង​រាប់ពាន់ និង​ខិត្តប័ណ្ណ​រាប់លាន​សន្លឹក​ដើម្បី​រៀបចំ​បង្ហោះ​ទៅកាន់​កូរ៉េខាងត្បូង​ដែល​នេះ​ជា​វិធានការ​តប​នឹង​កូរ៉េខាងត្បូង​ដែល​អនុញ្ញាត​ឲ្យ​ជនភៀសខ្លួន​កូរ៉េខាងជើង​បង្ហោះ​ខិ​ត្ត​បណ្ណ​ឆ្លង​ព្រំដែន​។ វិធានការ​នេះ​ធ្វើឡើង​បន្ទាប់ពី​កូរ៉េខាងជើង​បានសម្រេច​ពង្រាយ​ទាហាន​ចូល​តំបន់​គ្មាន​កងទ័ព​ផងដែរ​។ នេះ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA ។


​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA បាន​ផ្សាយ​យ៉ាង​លម្អិត​ថា ការរៀបចំ​ដ៏​ធំ​បំផុត​ក្នុងការ​បាច​ខិត្តប័ណ្ណ​ប្រឆាំង​សត្រូវ ជិត​រៀបចំ​រួចរាល់​អស់ហើយ​។ KCNA បាន​បន្ថែមទៀតថា កន្លែង​បោះពុម្ព និង​ចែក​ផ្សាយ​ទាំងអស់​នៅ​កូរ៉េខាងជើង​បាន​ផលិត​ខិត្តប័ណ្ណ​គ្រប់​ទម្រង់​ចំនួន ១២​លាន​សន្លឹក ដែល​បង្ហាញ​ពី​កំហឹង និង​សេចក្តី​ស្អប់​របស់​ប្រជាជន​កូរ៉េ​គ្រប់​ជាន់ថ្នាក់​។ 
 
​មិនតែប៉ុណ្ណោះ ប៉េងប៉ោង​ជាង​៣​ពាន់​ដែលមាន​អាច​ពង្រាយ​ខិត្តប័ណ្ណ​ចូល​យ៉ាងជ្រៅ​ក្នុង​ដី​កូរ៉េខាងត្បូង​បាន​ត្រៀម​រួចរាល់​អស់ហើយ​។ បើតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េខាងជើង​ដដែល ទាល់តែ​កូរ៉េខាងត្បូង​ស្គាល់​ពី​ភាពឈឺចាប់ និង​ភាព​រំខាន​នៃ​ការ​កម្ទេចចោល​ខិត្តប័ណ្ណ ទើប​កូរ៉េខាងត្បូង​ចោល​ទម្លាប់​អាក្រក់​មួយ​នេះ​។​
 
​ចំណែកឯ​កូរ៉េខាងត្បូង​វិញ តាមរយៈ​ក្រសួង​បង្រួបបង្រួម​កូរ៉េ បាន​ទទូច​ឲ្យ​ទីក្រុង​ព្យុងយ៉ាង លុបចោល​នូវ​ផែនការ​នេះ​ជាបន្ទាន់ និង​ចាត់ទុកថា​ជា​អំពើ​គួរ​ឲ្យ​សោកស្តាយ​ផងដែរ​។ កូរ៉េខាងត្បូង​ក៏បាន​ព្រមាន បង្ក្រាប​យ៉ាង​តឹងតែង​ដល់​សកម្មជន​ក្នុង​ទឹកដី​ខ្លួន បើ​នៅតែ​ចចេស​បាចសាច​ខិត្តប័ណ្ណ​ប្រឆាំង​កូរ៉េខាងជើង​ទៀត​។​
 
​ទំនាក់ទំនង​អន្តរ​កូរ៉េ បាន​ជាប់គាំង​ជាច្រើន​ខែក្រោយ​ជំនួប​ពិភាក្សា​គ្មាន​ផ្លែផ្កា​នៅ​ទីក្រុង​ហាណូយរ​រវាង​លោក គីម ជុង​អ៊ុន និង​លោក ដូ​ណា​ល់​ត្រាំ ហើយ​ទំនាក់ទំនង​កាន់តែ​តាន់តឹង​នា​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ​។ បើទោះបីជា​លោក មូ​ន ចេ​អ៊ី​ន ជា​អ្នក​សម្រប​ស​ម្រ​ល​ជួយ​ឲ្យ​មាន​ជំនួប​រវាង​លោក ត្រាំ និង​លោក គីម ក្តី ក៏​កូរ៉េខាងជើង​បាន​បន្ទោស​លោក មូ​ន​ថា មិនបាន​ជួយ​បញ្ចុះបញ្ចូល​អាមេរិក​ឲ្យ​បន្ធូរ​ទណ្ឌកម្ម​។​
 
​អ្នកវិភាគ​មើលឃើញថា សកម្មភាព​បង្កហេតុ​របស់​កូរ៉េខាងជើង​នេះ មានបំណង​ជំរុញ​ឲ្យ​កូរ៉េខាងជើង និង​អាមេរិក​ធ្វើ​សម្បទាន​មក​ឲ្យ​ខ្លួន​។ បន្ថែម​ពីនេះ សកម្មភាព​របស់​កូរ៉េខាងជើង មានការ​រៀបចំ​យ៉ាង​ប្រុងប្រយ័ត្ន ដោយ​ចេញ​សេចក្តី​ព្រមាន​ចេញ​មកពី​ច្រើន​ប្រភព​ដូចជា​ថ្នាក់ដឹកនាំ រដ្ឋាភិបាល និង​កងទ័ព មុននឹង​ចេញ​សកម្មភាព​អ្វីមួយ​៕
 

Tag:
 កូរ៉េខាងជើង​
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com