សង្គមអន្តរជាតិ
អន្តរជាតិ
កូរ៉េខាងជើង រៀបចំខិត្តប័ណ្ណរាប់លានត្រៀមបង្ហោះទៅកូរ៉េខាងត្បូង ខិត្តប័ណ្ណដែលកូរ៉េខាងជើងធ្លាប់បាចសាច នៅឆ្នាំ២០១៧។រូបភាព NK News
× កូរ៉េខាងជើង នៅថ្ងៃទី២២ ខែមិថុនានេះ បាននិយាយថា ខ្លួនបានត្រៀមរួចរាល់នូវប៉េងប៉ោងរាប់ពាន់ និងខិត្តប័ណ្ណរាប់លានសន្លឹកដើម្បីរៀបចំបង្ហោះទៅកាន់កូរ៉េខាងត្បូងដែលនេះជាវិធានការតបនឹងកូរ៉េខាងត្បូងដែលអនុញ្ញាតឲ្យជនភៀសខ្លួនកូរ៉េខាងជើងបង្ហោះខិត្តបណ្ណឆ្លងព្រំដែន។ វិធានការនេះធ្វើឡើងបន្ទាប់ពីកូរ៉េខាងជើងបានសម្រេចពង្រាយទាហានចូលតំបន់គ្មានកងទ័ពផងដែរ។ នេះយោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ។
ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានផ្សាយយ៉ាងលម្អិតថា ការរៀបចំដ៏ធំបំផុតក្នុងការបាចខិត្តប័ណ្ណប្រឆាំងសត្រូវ ជិតរៀបចំរួចរាល់អស់ហើយ។ KCNA បានបន្ថែមទៀតថា កន្លែងបោះពុម្ព និងចែកផ្សាយទាំងអស់នៅកូរ៉េខាងជើងបានផលិតខិត្តប័ណ្ណគ្រប់ទម្រង់ចំនួន ១២លានសន្លឹក ដែលបង្ហាញពីកំហឹង និងសេចក្តីស្អប់របស់ប្រជាជនកូរ៉េគ្រប់ជាន់ថ្នាក់។
មិនតែប៉ុណ្ណោះ ប៉េងប៉ោងជាង៣ពាន់ដែលមានអាចពង្រាយខិត្តប័ណ្ណចូលយ៉ាងជ្រៅក្នុងដីកូរ៉េខាងត្បូងបានត្រៀមរួចរាល់អស់ហើយ។ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងដដែល ទាល់តែកូរ៉េខាងត្បូងស្គាល់ពីភាពឈឺចាប់ និងភាពរំខាននៃការកម្ទេចចោលខិត្តប័ណ្ណ ទើបកូរ៉េខាងត្បូងចោលទម្លាប់អាក្រក់មួយនេះ។
ចំណែកឯកូរ៉េខាងត្បូងវិញ តាមរយៈក្រសួងបង្រួបបង្រួមកូរ៉េ បានទទូចឲ្យទីក្រុងព្យុងយ៉ាង លុបចោលនូវផែនការនេះជាបន្ទាន់ និងចាត់ទុកថាជាអំពើគួរឲ្យសោកស្តាយផងដែរ។ កូរ៉េខាងត្បូងក៏បានព្រមាន បង្ក្រាបយ៉ាងតឹងតែងដល់សកម្មជនក្នុងទឹកដីខ្លួន បើនៅតែចចេសបាចសាចខិត្តប័ណ្ណប្រឆាំងកូរ៉េខាងជើងទៀត។
ទំនាក់ទំនងអន្តរកូរ៉េ បានជាប់គាំងជាច្រើនខែក្រោយជំនួបពិភាក្សាគ្មានផ្លែផ្កានៅទីក្រុងហាណូយររវាងលោក គីម ជុងអ៊ុន និងលោក ដូណាល់ត្រាំ ហើយទំនាក់ទំនងកាន់តែតាន់តឹងនាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ បើទោះបីជាលោក មូន ចេអ៊ីន ជាអ្នកសម្របសម្រលជួយឲ្យមានជំនួបរវាងលោក ត្រាំ និងលោក គីម ក្តី ក៏កូរ៉េខាងជើងបានបន្ទោសលោក មូនថា មិនបានជួយបញ្ចុះបញ្ចូលអាមេរិកឲ្យបន្ធូរទណ្ឌកម្ម។
អ្នកវិភាគមើលឃើញថា សកម្មភាពបង្កហេតុរបស់កូរ៉េខាងជើងនេះ មានបំណងជំរុញឲ្យកូរ៉េខាងជើង និងអាមេរិកធ្វើសម្បទានមកឲ្យខ្លួន។ បន្ថែមពីនេះ សកម្មភាពរបស់កូរ៉េខាងជើង មានការរៀបចំយ៉ាងប្រុងប្រយ័ត្ន ដោយចេញសេចក្តីព្រមានចេញមកពីច្រើនប្រភពដូចជាថ្នាក់ដឹកនាំ រដ្ឋាភិបាល និងកងទ័ព មុននឹងចេញសកម្មភាពអ្វីមួយ៕
Tag:
កូរ៉េខាងជើង
កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com