ជាតិ
សុខភាព
តើ​គួរ​ពត់​តម្រង់​ធ្មេញ ក្នុង​វ័យ​ណា​ទើប​មាន​ប្រសិទ្ធ​ភាពល្អ​?
22, Jun 2020 , 9:59 pm        
រូបភាព
​ភ្នំពេញ​៖ ការពត់​តម្រង់​ធ្មេញ មានមុខ​ងារ​ជួយ កែប្រែ​ងាំ​ធ្មេញ​ខុស​ប្រក្រតី​ដូចជា បញ្ហា​ចង្កា​វែង​ជ្រុល ចង្កា​ខ្លី​ជ្រុល ដែល​ធ្វើឱ្យ​ពិបាក​ទំពា​អាហារ ដកដង្ហើម និង​ជួយ​បង្កើន​សម្រស់​ស្នាមញញឹម​ផងដែរ​។ បច្ចុប្បន្ន​ការពត់​តម្រង់​ធ្មេញ កំពុង​ពេញនិយម​នៅ​កម្ពុជា ជាពិសេស​សម្រាប់​យុវវ័យ ប៉ុន្តែ​លោក​-​អ្នកដឹង​ទេ​ថា តើ​គួរ​ពត់​តម្រង់​ធ្មេញ ក្នុង​វ័យ​ណា​ទើប​ទទួលបាន​ប្រសិទ្ធ​ភាពល្អ​?


​ដើម្បី​ជ្រាប​ច្បាស់​សូម​អញ្ជើញលោក​-​អ្នកនាង​ទស្សនា​បទ​សម្ភាស​នៃ​នាទី​សុខភាព រវាង កញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មាន​ថ្មីៗ និង ទន្ត​បណ្ឌិត យឹម សេដ្ឋា​វុ​ឌ្ឍ ឯកទេស​ពត់​តម្រង់​ធ្មេញ និង​ជា​ប្រធាន​ក្រុមគ្រូពេទ្យ​នៃ​គ្លីនិក​ធ្មេញ​អេ​វើ​ប្រាយ ដូចតទៅ​៖ 
 
 
​លោក​ទន្ត​បណ្ឌិត យឹម សេដ្ឋា​វុ​ឌ្ឍ ឯកទេស​ពត់​តម្រង់​ធ្មេញ បាន​លើកឡើងថា វ័យ​ដែល​ពត់​តម្រង់​ធ្មេញ​ល្អ​នោះ គឺ​នៅ​ចន្លោះ ពី​អាយុ​១១ ដល់​១៤​ឆ្នាំ ព្រោះ​ជា​វ័យ​កំពុង​លូតលាស់​លឿន និង​អញ្ចាញ​ដុះ​បំពេញ​ចន្លោះ​ធ្មេញ​បានល្អ​ក្រោយពេល​ពត់​ធ្មេញ​។ លោក​ទន្ត​បណ្ឌិត​ឯកទេស​ពត់​តម្រង់​ធ្មេញ រូបនេះ​បាន​ពន្យល់​ដូច្នេះ​ថា​៖« បើសិនជា​គាត់​ធ្វើការ​ពត់​តម្រង់​ធ្មេញ​នៅ​អាយុ​១១​ដល់​១៤​ឆ្នាំ ឆ្អឹង​របស់គាត់​ងាយស្រួល​ឱ្យ​ធ្មេញ​ដើរ​បាន​លឿន មួយវិញទៀត​បើសិនជា មានការ​កែទម្រង់​ឆ្អឹង គឺ​យើង​អាច​កែ​បាន ប៉ុន្តែ​បើសិន លើស​អាយុ​ហ្នឹង​គាត់​កែ​បានតែ​ធ្មេញ ឆ្អឹង​កែ​លែងកើត​ហើយ​»​។ 
 
​បើតាម​ប្រធាន​ក្រុមគ្រូពេទ្យ​គ្លីនិក​អេ​វើ​ប្រាយ លោក​ទន្ត​បណ្ឌិត យឹម សេដ្ឋា​វុ​ឌ្ឍ ទោះបីជា​អាយុ​ចន្លោះ​ពី​១១​ដល់​១៤​ឆ្នាំ ជា​វ័យ​ដែល​សមស្រប​ក្នុងការ​ពត់​តម្រង់​ធ្មេញ​ក៏ពិតមែន ប៉ុន្តែ​ការពត់​តម្រង់​ធ្មេញ មិន​កំណត់​លើ​អាយុ​នោះទេ ឱ្យតែ​អ្នកជំងឺ​មាន​ឫសធ្មេញ​ល្អ​,​អញ្ចាញធ្មេញ​ល្អ និង​មិនមាន​បញ្ហា​រលាក​អញ្ចាញ​ជាដើម​។​
 
​ដោយឡែក​សម្រាប់​វ័យ​ចាប់ពី​២០​ឆ្នាំ​ឡើងទៅ ដំណើរការ​នៃ​ការពត់​តម្រង់​ធ្មេញ​នៅតែមាន​ប្រសិទ្ធភាព​ធម្មតា គ្រាន់តែ​ល្បឿន​នៃ​ការពត់​ធ្មេញ​អាច​យឺត​តិចតួច និង​អញ្ចាញធ្មេញ​មិនអាច​ដុះ​ណែន​ល្អ​ក្រោយ​ការពត់​តម្រង់​ធ្មេញ​ប៉ុណ្ណោះ​៕

© រក្សាសិទ្ធិដោយ thmeythmey.com