ច្បាប់សន្តិសុខជាតិហុងកុងនឹងអនុញ្ញាតឲ្យទីភ្នាក់ងាររបស់ទីក្រុងប៉េកាំងតាំងមូលដ្ឋាននៅក្នុងទីក្រុងហុងកុង។ បើសិនបើគ្មានការប្រែប្រួលទេ ទីភ្នាក់ងារនេះ នឹងត្រូវដឹកនាំដោយប្រធានប្រតិបត្តិក្រុងហុងកុង និងមានការឃ្លាំមើលពីរដ្ឋាភិបាលក្រុងប៉េកាំង។ នេះបើតាមការចុះផ្សាយរបស់កាសែតហុងកុង South China Morning Post នៅថ្ងៃទី២១ ខែមិថុនា។
បន្ទាប់ពីកើនឡើងនូវមន្ទិលសង្ស័យ និងការទិតៀនច្រើនលើសេចក្តីស្នើច្បាប់សន្តិសុខជាតិហុងកុង កាសែតរដ្ឋចិនចាប់ផ្តើមបញ្ជេញព័ត៌មានលម្អិតមួយចំនួន។ ចំណុចសំខាន់មួយគឺ ការរៀបចំឲ្យមានទីភ្នាក់ងារថ្មីដែលដឹកនាំដោយរដ្ឋាភិបាលតំបន់ និងស្ថិតក្រោមការចង្អុលបង្ហាញពីក្រុងប៉េកាំង។
ទីភ្នាក់ងាររដ្ឋាភិបាលនោះ នឹងត្រូវតាំងមូលដ្ឋាននៅក្នុងក្រុងហុងកុង ហើយវាមានឈ្មោះថា«ការិយាល័យស្នងការសន្តិសុខជាតិនៃសាធារណរដ្ឋប្រជាមានិតចិន ទទួលបន្ទុកដែនដីរដ្ឋបាលពិសេសទីក្រុងហុងកុង»។ ស្នងការសន្តិសុខជាតិដែលបង្កើតឡើងតាមសេចក្តីស្នើច្បាប់នេះនឹងទទួលបន្ទុកត្រួតពិនិត្យច្បាប់សន្តិសុខជាតិដោយផ្ទាល់។
ទីភ្នាក់ងារព័ត៌មានចិន Xinhua ចុះផ្សាយថា ក្រោមគម្រោងរបស់ទីក្រុងប៉េកាំង ស្ថាប័នចិនថ្មីនេះមានតួនាទីចម្បងវិភាគពីស្ថានភាពសន្តិសុខក្រុងហុងកុង និងត្រួតពិនិត្យ ក៏ដូចជាតាមដាន សម្របសម្រួល និងគាំទ្រ កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលទីក្រុងហុងកុង។ បន្ថែមពីលើនេះ គណៈកម្មការមួយនេះក៏មានតួនាទីប្រមូលព័ត៌មានសម្ងាត់ និងដោះស្រាយបញ្ហាពាក់ព័ន្ធផ្សេងទៀតដូចគ្នា។
ក្រៅពីតួនាទី និងភារៈកិច្ច សេចក្តីព្រាងច្បាប់សន្តិសុខជាតិនេះក៏បានចែងផងដែរ ពីការតែងតាំងសមាជិកដែលដឹកនាំស្នងការសន្តិសុខជាតិនេះ។ វានឹងត្រូវដឹកនាំដោយប្រធានប្រតិបត្តិទីក្រុងហុងកុងលោកស្រី Carrie Lam និងត្រួតពិនិត្យដោយរដ្ឋាភិបាលក្រុងប៉េកាំងផ្ទាល់។
ទីប្រឹក្សាមួយក្រុម ដែលតែងតាំងដោយរដ្ឋាភិបាលចិន ក៏ជាសមាជិកនៃស្ថាប័នមួយនេះដែរ។ ចំណែកប្រធានប្រតិបត្តិក្រុងហុងកុងវិញ មានសិទ្ធិតែងតាំង ចៅក្រមមួយក្រុម ដើម្បីទទួលបន្ទុកលើសំណុំរឿង ដែលទាក់ទងនឹងច្បាប់សន្តិសុខជាតិ។ នេះបានសេចក្តីថា ប្រធានប្រតិបត្តិ ក៏អាចតែងតាំងចៅក្រមបរទេសដែរ។
រដ្ឋបាលពិសេសក្រុងហុងកុង គឺជាអ្នកអនុវត្តច្បាប់នេះ លើកលែងតែករណីមួយចំនួនតូចប៉ុណ្ណោះ ដែលរដ្ឋាភិបាលកណ្តាល មានសិទ្ធិលូកដៃចូល។ ក្នុងករណីនេះ មានដូចជាករណីសង្គ្រាម និងករណីហុងកុងស្ថិតក្នុងភាពអនាធិបតេយ្យជាដើម។ នៅក្នុងច្បាប់មូលដ្ឋានស្តីពីតំបន់រដ្ឋបាលពិសេសហុងកុង មាត្រា១៨ ក៏ចែងពីលក្ខខណ្ឌនេះដែរ។
យ៉ាងណាក៏ដោយ សេចក្តីស្នើច្បាប់ហុងកុងនេះ មិនត្រូវបានគេបញ្ចេញពីទណ្ឌកម្មសម្រាប់ដាក់ទោសជាផ្លូវការលើជនល្មើសនៅឡើយទេ។ បើតាមលោក Tam Yiu-chung អ្នកតំណាងទីក្រុងហុងកុង ដែលជាសមាជិកគណៈអចិន្ត្រៃយ៍សភាប្រជាជនចិន បានលើកឡើងថា ច្បាប់នេះ អាចដាក់ពន្ធនាគារជនល្មើសរហូតដល់ ១០ឆ្នាំ។
ជាការពិត សេចក្តីស្នើច្បាប់នេះកំពុងក្លាយជាបញ្ហាចម្រូងចម្រាសយ៉ាងខ្លាំង។ បើតាមទីប្រឹក្សាមួយចំនួនដែលមានទំនោរទៅក្រុងប៉េកាំង ច្បាប់សន្តិសុខជាតិហុងកុង មានសំខាន់សម្រាប់ក្រុងប៉េកាំង ក្នុងការបង្កើតប្រព័ន្ធការពារពីរជាន់នៅក្នុងទីក្រុងហុងកុង ដើម្បីការពារសន្តិសុខជាតិ និងរក្សាសណ្តាប់ធ្នាប់សាធារណៈ។
ផ្ទុយពីការលើកឡើងរបស់ទីប្រឹក្សាដែលមានទំនោរទៅរករដ្ឋាភិបាលចិន លោក Johannes Chan Man-mun អតីតប្រធាននាយកដ្ឋាននីតិសាស្ត្រនៅសកលវិទ្យាល័យហុងកុង បានអះអាងថា ពាក្យ«តាមដាន» ដែលជាតួនាទីមួយរបស់ទីភ្នាក់ងារសន្តិសុខជាតិចិន គឺវាលើសពីផ្តល់យោបល់ទៅទៀត។ ក្នុងន័យនេះ លោកបានពន្យល់ថា វាជាគឺជាការផ្តល់យោបល់ ដែលរំពឹងថារដ្ឋបាលក្រុងហុងកុងត្រូវធ្វើតាម ហើយរដ្ឋបាលហុងកុង មិនអាចមិនគោរពតាមបានឡើយ។ បញ្ហានេះ វាប្រៀបដូចជាទីភ្នាក់ងារសន្តិសុខជាតិ មានអំណាចជាងប្រធានប្រតិបត្តិក្រុងហុងកុងទៅទៀត។
សូមបញ្ជាក់ថា មុនពេលកិច្ចប្រជុំបិទបញ្ចប់នាថ្ងៃទី២០ ខែមិថុនា គណៈអចិន្ត្រៃយ៍នៃសភាប្រជាជនចិន បានប្រកាសបើកថ្ងៃប្រជុំម្តងទៀត ដោយចាប់ផ្តើមពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមិថុនា។ ក្នុងកិច្ចប្រជុំលើកក្រោយនេះ គេរំពឹងថា គណៈអចិន្ត្រៃយ៍នៃសភាប្រជាជនចិន នឹងអនុម័តសេចក្តីសើ្នច្បាប់សន្តិសុខជាតិហុងកុង៕