សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនបដិសេធឡើយថា ដែលថា សេដ្ឋកិច្ចកម្ពុជា រងការប៉ះពាល់ ដោយសារជំងឺកូវីដ-១៩ តែថា ការប៉ះពាល់សេដ្ឋកិច្ចនេះ មិនមែនតែកម្ពុជានោះទេ គឺប្រទេសជាច្រើនលើពិភពលោក ក៏ប៉ះពាល់ដែរ។
សម្រាប់ឆ្នាំ២០២០នេះ រដ្ឋាភិបាលកម្ពុជា វាយតម្លៃថា កំណើនសេដ្ឋកិច្ចកម្ពុជា អាចនឹងធ្លាក់ចុះ១,៩ភាគរយ។ នេះបើតាមប្រសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រី ដែលថ្លែងក្នុងឱកាសចុះទៅពិនិត្យមើលការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី នៅឃុំស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០។ សម្តេច ចាត់ទុកការធ្លាក់ចុះផ្នែកសេដ្ឋកិច្ចនេះ ថា «មិនធ្លាប់កើតមាននៅកម្ពុជាក្នុងរយៈពេលជាង២០ឆ្នាំកន្លងមក»។
ប្រមុខរដ្ឋាភិបាល បានលើកឡើងពីការវាយតម្លៃរបស់ភាគីពាក់ព័ន្ធនានា ដូចជា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ធនាគារអភិវឌ្ឍអាស៊ី (ADB) និង ធនាគារពិភពលោក (WB) ជាដើម ថា សេដ្ឋកិច្ចកម្ពុជា អាចធ្លាក់ចុះពីរង្វល់១,៥ភាគរយ ទៅ ២,៩ភាគរយ ក្នុងឆ្នាំ២០២០។
បើតាមសម្តីរបស់មេដឹកនាំកម្ពុជា កំណើនសេដ្ឋកិច្ចកម្ពុជា ធ្លាក់ចុះតិចជាងគេ បើធៀបនឹងបណ្តាប្រទេសមួយចំនួន ដូចជា សិង្ហបុរី បានប្រកាសទុកជាមុនថា កំណើនសេដ្ឋកិច្ចខ្លួន អាចនឹងធ្លាក់ចុះ៧ភាគរយ ខណៈប្រទេសខ្លះទៀត ប្រកាសថា អាចនឹងធ្លាក់ចុះដល់ទៅ១០ភាគរយ។
ទោះសេដ្ឋកិច្ចកម្ពុជា ត្រូវប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ហើយចំណូលរដ្ឋ ធ្លាក់ចុះក្តី តែសម្តេច ហ៊ុន សែន ប្រាប់ទៅអ្នកប្រឆាំងនិងវិភាគថា រដ្ឋាភិបាលកម្ពុជា នៅតែមានលទ្ធភាពបើកបៀវត្សជូនមន្ត្រីរាជការដដែល។ សម្តេចនាយករដ្ឋមន្ត្រី ប្រកាសដូច្នេះថា៖«កូវីដ-១៩ មិនអាចសម្លាប់រដ្ឋាភិបាល ហ៊ុន សែន បានទេ»។
ប្រមុខរដ្ឋាភិបាល បន្ថែមថា សាច់ប្រាក់ជាង៣,៥ពាន់លានដុល្លារ ដែលសន្សំទុកដោះស្រាយលើបញ្ហាកូវីដ-១៩ មិនទាន់ប៉ះពាល់នៅឡើយទេ។ ប្រមុខរដ្ឋាភិបាល និយាយថា រដ្ឋាភិបាល នៅមានថវិកាប្រមាណ២០ពាន់លានដុល្លារទៀត ដែលជាទុនអន្តរជាតិ។
មុនជំងឺកូវីដ-១៩ផ្ទុះឡើង កំណើនសេដ្ឋកិច្ចកម្ពុជា (GDP ) កើនឡើងដល់៧,៥ភាគរយ។ បើឆ្នាំ២០២០ កំណើនសេដ្ឋកិច្ចកម្ពុជា ធ្លាក់ចុះ១,៩ភាគរយ ដូចការព្យាកររបស់រដ្ឋាភិបាលមែន កំណើនសេដ្ឋកិច្ចកម្ពុជា នឹងនៅសល់៥,៦ភាគរយ តែបើធ្លាក់ដល់ទៅ២,៩ភាគរយ ដូចការព្យាកររបស់ស្ថាប័នជំនាញ ដូចធនាគារពិភពលោក ជាដើម កំណើនសេដ្ឋកិច្ចកម្ពុជា នឹងនៅសល់ត្រឹម៤,៦ភាគរយ។
កាលពីចុងខែឧសភា ឆ្នាំ២០២០ ធនាគារពិភពលោក ចេញរបាយការណ៍ព្យាករថា ឥទ្ធិពលនៃការរាតត្បាតជំងឺកូវីដ១៩ អាចនឹងធ្វើឲ្យភាពក្រីក្រនៅកម្ពុជា ក្នុងឆ្នាំ២០២០ កើនឡើងពី ៣ ទៅ ១១ភាគរយបន្ថែមទៀត ខណៈបច្ចុប្បន្នភាពក្រីក្រកម្ពុជា ស្ថិតក្នុងរង្វង់ប្រមាណ១២ភាគរយ។
ធនាគារពិភពលោក មើលឃើញថា ការរាតត្បាតនៃជំងឺកូវីដ១៩ កំពុងបង្កការប៉ះទង្គិចយ៉ាងដំណំទៅលើវិស័យសំខាន់ៗ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ដូចជា វិស័យទេសចរណ៍ វិស័យឧស្សាហកម្មនាំចេញ និង និង វិស័យសំណង់ ជាដើម ដែលតំណាងឲ្យជាង៧០ភាគរយនៃកំណើនសេដ្ឋកិច្ច និងផ្តល់ការងារប្រមាណ៤០ភាគរយ នៃការងារសរុប ក្នុងប្រទេសកម្ពុជា។
ដោយសារមូលហេតុនេះ ក្នុងឆ្នាំ២០២០ កំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹងទុកថា «នឹងមានល្បឿនយឺតបំផុតមិនដែលធ្លាប់ជួបប្រទះតាំងពីឆ្នាំ១៩៩៤មក» ដោយវានឹងថមថយមកដល់រវាង ១ភាគយ ដល់ ២,៩ ភាគរយ។ នេះជាការទាញសេចក្តីសន្និដ្ឋានរបស់ធនាគារពិភពលោក។
ធនាគារពិភពលោក បន្តថា ការប៉ះពាល់វិស័យទាំងនេះ ធ្វើឲ្យការងាររបស់មនុស្សយ៉ាងហោចណាស់ «ជាង១,៧លាននាក់» ស្ថិតក្នុងហានិភ័យ។
ពេលជំងឺកូវីដ-១៩ ផ្ទុះឡើង រដ្ឋាភិបាលកម្ពុជា បានដាក់ចេញវិធានការជាច្រើន ជាមួយនឹងការត្រៀមថវិកាពី៨រយលានដុល្លារ ទៅដល់ជាង៣ពាន់លានដុល្លារ ដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ច និងបញ្ហានានា៕