COVID-19
ជាតិ
មេ​សហជីព​១៣​ស្ថាប័ន ស្នើ​ឲ្យ​ក្រសួង​ការងារ បើកប្រាក់​អតីតភាព​ការងារ​ដល់ក​ម្មករ​
22, Jun 2020 , 4:18 pm        
រូបភាព
លោក ប៉ាវ ស៊ីណា កំពុងផ្ដល់បទសម្ភាសន៍ដល់ក្រុមសារព័ត៌មាននៅព្រឹកថ្ងៃទី២២ មិថុនា ពេលយកលិខិតទៅដាក់នៅក្រសួងការងារ។ (រូបពីទំព័រហ្វេសប៊ុករបស់លោក ប៉ាវ ស៊ីណា)
លោក ប៉ាវ ស៊ីណា កំពុងផ្ដល់បទសម្ភាសន៍ដល់ក្រុមសារព័ត៌មាននៅព្រឹកថ្ងៃទី២២ មិថុនា ពេលយកលិខិតទៅដាក់នៅក្រសួងការងារ។ (រូបពីទំព័រហ្វេសប៊ុករបស់លោក ប៉ាវ ស៊ីណា)
​ភ្នំពេញ​៖ មេ​សហជីព​មកពី​១៣​ស្ថាន​ប័ន បានដាក់​លិខិតស្នើ​ឲ្យ​រដ្ឋ​ម​ន្រី្ត​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​និយោជក​បើកប្រាក់​អតីតភាព​ការងារ​ឆ្នាំ​២០១៩ និង​ឆ្នាំ​២០២០ ដល់​កម្មករ​នៅ​អំឡុងពេល​ជំងឺ​កូ​វីដ​-១៩​។ មេ​សហជីព​ពី​១៣​ស្ថាន​ប័ន បាន​ជួបជុំគ្នា​ដាក់​លិខិត​នៅ​ក្រសួង​ការងារ នៅ​ថ្ងៃទី​២២ មិថុនា​។



​លោក អាត ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅ​ព្រឹក​ថ្ងៃទី​២២ មិថុនា​នេះ​ថា ប្រាក់​អតីតភាព​នេះ ជា​ផ្នែក​មួយ​សំខាន់​ណាស់ សម្រាប់​កម្មករ​ក្នុង​ការជួយ​ដោះស្រាយ​បញ្ហា​ជីវភាព​ប្រចាំថ្ងៃ នៅក្នុង​អំឡុងពេល​កូ​វីដ​-១៩​។ លោក អាត ធន់ ស្នើ​ឲ្យ​ក្រសួង​ការងារ​ពិចារណា​ឡើងវិញ ពី​ភាពខុសគ្នា រវាង​ការខ្វះខាត​របស់​កម្មក​រ និង​និយោជក​។ លោក ថ្លែងថា​៖ «​កម្មករ​ខ្វះខាត​គឺ​ដាច់បាយ​ហូប​។ ចំណែក​និយោជក​ខ្វះខាត គឺ​គ្រាន់​ជាការ​ខាត​ផលចំណេញ​ពី​ជំនួញ​ប៉ុណ្ណោះ ហើយ​កន្លងមក​និយោជក​បាន​ត្រៀម​ប្រាក់​ទុក​រួចហើយ​តាមច្បាប់​ស្ដីពី​ការងារ​សម្រាប់​កម្មករ​»​។ 
 
​ការដាក់​លិខិតស្នើ​ទៅ​ក្រសួង​ការងារ​នេះ ធ្វើឡើង​បន្ទាប់ពី​ក្រសួង​ការងារ​បានប្រកាស​ពន្យា​រ​ពេល​បើកប្រាក់​អតីតភាព​ការងារ នៅ​ឆ្នាំ​២០១៩​និង​ឆ្នាំ​២០២០ ដោយ​ប្តូរ​ទៅ​បើ​កនៅ​ឆ្នាំ​២០២១​វិញ​។ ការសម្រេច​របស់​ក្រសួង​ការងារ គឺ​ដើម្បី​សម្រួល​ដល់​ម្ចាស់​រោងចក្រ និង​ម្ចាស់​សហគ្រាស​។ 

ក្រសួងការងារ បានទទួលលិខិតពីមេសហជីពហើយ ប៉ុន្តែក្រសួងស្នើឱ្យសាធារណៈទាំងអស់ពិនិត្យ និងអនុវត្តតាមសេចក្តីជូនដំណឹងរបស់ក្រសួងកន្លងមកវិញ។  នេះជាការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ។
 
អ្នកនាំពាក្យក្រសួងការងាររូបនេះ បានអះអាងប្រាប់សារព័ត៌មានថ្មីតាមប្រព័ន្ធតេឡេក្រាមថា «បុគ្គលជានិត្តិបុគ្គលឬរូបវ័ន្តបុគ្គលទាំងអស់ មានសិទ្ធិធ្វើញត្តិនិងដាក់ញត្តិ។ យើងបានទទួលហើយសង្ឃឹមថាគ្រប់បុគ្គលទាំងអស់នឹងអានសេចក្តីជូនដំណឹងក្រសួងសារជាថ្មី ហើយរួមគ្នាអនុវត្តតាមសេចក្តីជូនដំណឹងរបស់ក្រសួងដែលមានន័យគ្រប់គ្រាន់ត្រឹមត្រូវ សម្រាប់ជួយរក្សាការងារមនុស្សរាប់លាននាក់ក្នុងកាលៈទេសៈនេះ។ ប្រសិនជារោងចក្រ សហគ្រាសកំពុងមានស្ថានភាពធម្មតា ឬមានលទ្ធភាព នោះប្រហែលជាមិនមានករណីរោងចក្រសហគ្រាសកំពុងព្យួរការងារនោះទេ»។
 
 
​លោក ប៉ាវ ស៊ីណា ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា សង្ឃឹមថា​ភាគី​ក្រសួង​ការងារ​នឹង​ពិចារណា​តាម​សំណើរ​របស់​សហជីព ដែល​ធ្វើឡើង​ដើម្បី​ប្រយោជន៍​កម្មករនិយោជិត​។ បើតាម​លោក ប៉ាវ ស៊ីណា  និយោជក​មានលទ្ធភាព​បើកប្រាក់​ឲ្យ​កម្មករ ព្រោះ​ប្រាក់​អតីតភាព​ការងារ​ក្នុង​ម្នាក់​ប្រមាណ​៨០​ទៅ​១០០​ដុល្លារ​។ 
 
«​និយោជក​មានលទ្ធភាព​ប្រើ​ប្រាក់​ឲ្យ​កម្មករ ព្រោះ​ការរង​ផលប៉ះពាល់​ដោយសារ​កូ​វីដ​-១៩ ទើបតែ​កើតមាន​ ហើយ​និយោជក​ក៏​មិន​ដល់​ថ្នាក់​គ្មាន​លទ្ធភាព​បើកប្រាក់​អតីតភាព​ដល់ក​ម្មករ​ឡើយ​» ។​នេះ​បើតាម​ការអះអាង​របស់​លោក ប៉ាវ ស៊ីណា ដោយ​បន្ថែមទៀតថា បើ​ក្រសួង​មិន​​ដំណោះស្រាយ ក្រុម​សហជីព​នឹង​បន្ត​ដាក់​លិខិត​ទៅ​រដ្ឋាភិបាល​បន្តទៀត​៕ 
 

Tag:
 សហជីព​
  ប្រាក់​អតីតភាព​
© រក្សាសិទ្ធិដោយ thmeythmey.com